ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ចាត់​វិធានការ​ទប់ទល់​នឹង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​មេរោគ​កូរ៉ូណា


មន្ត្រីសុខាភិបាលថៃម្នាក់កំពុងពិនិត្យសីតុណ្ហភាពភ្ញៀវទេសចរ ខណៈដែលពួកគេមកដល់អកាសយានដ្ឋាន Suvarnabhumi ទីក្រុងបាងកក ថៃ កាលពីថ្ងៃ៤ ខែមីនា ឆ្នាំ២០២០។
មន្ត្រីសុខាភិបាលថៃម្នាក់កំពុងពិនិត្យសីតុណ្ហភាពភ្ញៀវទេសចរ ខណៈដែលពួកគេមកដល់អកាសយានដ្ឋាន Suvarnabhumi ទីក្រុងបាងកក ថៃ កាលពីថ្ងៃ៤ ខែមីនា ឆ្នាំ២០២០។

កាល​ពី​ខែ​កុម្ភៈ ប្រទេស​សិង្ហបុរី​បាន​ជួប​ប្រទះ​នូវ​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ការឆ្លងមេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន។ ចំណែកនៅ​ក្នុង​ប្រទេស​ថៃ​និង​ប្រទេស​ម៉ាឡេស៊ី​ ទេសចរ​ចិន​ដែល​ទៅ​កម្សាន្ត​នៅ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​ដែល​កាន់​តែតិច​ទៅៗ ក្រោយ​ពី​ជនជាតិ​ត្រូវ​បាន​គេ​ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ។ រោងចក្រនៅ​ក្នុង​ប្រទេស​ចិន​ដែល​បាន​ផ្អាក ​ឬ​បន្ថយ​ដំណើរ​ការ​របស់​ខ្លួន​ ដោយ​សារ​កម្មករ​ត្រូវឲ្យ​នៅ​ផ្ទះ បាន​កាត់​បន្ថយ​តម្រូវការ​វត្ថុធាតុ​ដើម​ពី​ប្រទេស​ឥណ្ឌូណេស៊ី។​

យ៉ាង​នេះ​ក្តី អ្នក​វិភាគ​នៅ​អាស៊ី​អាគ្នេយ៍​រំពឹង​ថា ​សេដ្ឋកិច្ច​នៃ​តំបន់​ដែល​មាន​ប្រជាជន​ ៦៥៤​លាន​នាក់​នេះ នឹង​អាច​ឆ្លង​ផុត​ពី​វិបត្តិ​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា​នេះ។ ការ​ជម្នះ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ពី​ការ​រាត​ត្បាត​នៃ​មេរោគ​ Covid-19 នេះ គឺជា​រឿង​ចាំបាច់​សម្រាប់​តំបន់​នេះ​ ដោយ​សារ​នៅតំបន់​អាស៊ី​អាគ្នេយ៍​ ការ​ហូរ​ចូល​នៃ​អ្នក​ទេសចរ​ មូលធន​វិនិយោគ​និង​វត្ថុ​ធាតុ​ដើម​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ គឺ​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​ជាង​តំបន់​ដទៃ​ណា​ទាំង​អស់។

ប្រទេស​វៀតណាម​និង​ហ្វីលីពីន​កំពុង​រំពឹង​ទទួល​បាន​មូលធន​វិនិយោគ​ពី​អ្នក​វិនិយោគ​បរទេស​ ដែល​លែង​ហ៊ានវិនិយោគ​ដោយ​ប្រថុយប្រថាន​នៅ​ក្នុង​ប្រទេស​ចិន​ទៀត។ រដ្ឋាភិបាល​នានា​របស់​អាស៊ីអាគ្នេយ៍​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​និង​អនុម័តគម្រោង​ថវិកា​ជួយ​ជំរុញ​សេដ្ឋកិច្ច​ដោយ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុមហ៊ុន​នានា​ដែល​ត្រូវ​បាត់បង់​អាជីវកម្ម​របស់​ខ្លួន។ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​សមាជិក​ ១០​ប្រទេស កំពុង​ធ្វើ​ការ​ចរចា​ដើម្បី​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ជាមួយ​ប្រទេស​ចិន​និង​ជប៉ុន​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម។

លោក Ralf Matthaes ស្ថាបនិក​នៃ​ក្រុមហ៊ុន​ប្រឹក្សា​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ហូជីមិញ​ប្រទេស​វៀតណាម ថ្លែង​ដោយ​សំដៅ​លើ​អ្នក​វិនិយោគ​ដែល​មាន​រោងចក្រ​នៅ​ប្រទេស​ចិន ដែល​សង្ឃឹម​ថា​នឹង​ពង្រីក​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេសមួយ​ទៀត​ថា៖ «វា​ប្រាកដ​ណាស់​ថា​នឹង​មាន​ផល​ប៉ះពាល់​ ប៉ុន្តែ​យើង​ក៏​មាន​ក្រុមហ៊ុន​ដែល​មាន​យុទ្ធសាស្ត្រ​ចិន​បូក​១​ដែរ។ មាន​មនុស្ស​ជា​ច្រើន​ ដែល​កំពុង​បាន​ប្តូរ​ទី​តាំង​រោងចក្រ​របស់​ខ្លួន​មក​ប្រទេស​វៀតណាម​នេះ​រួច​មក​ហើយ ដូច្នេះ​ខ្ញុំ​គិតបញ្ហា​មេរោគ​កូរ៉ូណា​នេះ​ គ្រាន់​តែ​សង្កត់​ធ្ងន់​បន្ថែម​ទៅ​លើ​ចំណុច​ថា​អ្នក​ត្រូវ​ពង្រាយ​មូលដ្ឋាន​ផលិតកម្ម​របស់​អ្នក​ឲ្យ​បាន​ច្រើន​កន្លែង»។​

អ្នកស្រី Tham Siew Yean ​សាស្ត្រាចារ្យចូល​និវត្តន៍​នៅ​សាកលវិទ្យាល័យ Universiti Kebangsaan Malaysia ថ្លែង​ថា រោងចក្រ​ផលិតកម្ម​នៅ​អាស៊ី​អាគ្នេយ៍​ក៏​គួរ​បង្កើត​ប្រភព​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ឲ្យ​បាន​ច្រើន​កន្លែង ដោយ​អ្នកស្រី​បញ្ជាក់​ថា៖ «ប៉ុន្តែ​ការណ៍​នេះ​នឹង​មាន​ផល​ប៉ះពាល់​ដល់​សោហ៊ុយ​ចំណាយ ដោយ​សារ​ប្រភព​ផ្គត់ផ្គង់​ផ្សេង បើ​មាន​មាន​តម្លៃ​ថ្លៃ​ជាង»។

ប្រទេស​អាស៊ី​អាគ្នេយ៍​ជា​ច្រើន​សង្ឃឹម​ថា​ ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​មានការ​ផ្តល់​ឥណទាន​វិស័យ​ឯកជន​ច្រើន​ជាង​មុន។

ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​ផ្តល់​វត្ថុ​ធាតុ​ដើម ធ្យូង​ថ្ម ឧស្ម័ន និង​កៅស៊ូ បាន​បន្ថយ​តម្លៃ​ការប្រាក់​មក​នៅ​ត្រឹម ៤.៧៥% កាល​ពី​ខែ​មុន ដោយ​សារ​មានការ​បារម្ភ​អំពីការ​ធ្លាក់​ថ្លៃវត្ថុធាតុ​ដើម។ រោងចក្រ​ផលិតទំនិញ​របស់​ចិន​តែងតែ​ទិញ​វត្ថុធាតុ​ដើម​ទាំង​នេះ​ ប៉ុន្តែ​រាល់​ការ​បញ្ជា​ទិញ​បាន​ថយ​ចុះ​ចាប់​តាំង​ពី​កម្មករ​ជា​ច្រើន​ចាប់​ផ្តើមនៅ​ផ្ទះ​កាល​ពី​ខែ​មុន​ នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។

ប្រទេស​ថៃ​បាន​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ខ្លួន​មក​ត្រឹម​ ១% កាល​ពី​ខែ​កុម្ភៈ ដោយ​សារ​ខ្លួនពឹង​ផ្អែកខ្លាំង​ទៅ​លើ​ទេសចរណ៍ និង​អ្នក​ផលិត​រថយន្ត​របស់​ចិន នេះ​បើក្រុមហ៊ុន​វាយ​តម្លៃ​ឥណទាន​ Moody’s Analytics ដែល​បាន​សរសេរ​នៅ​ក្នុង​កំណត់​ត្រា​ស្រាវជ្រាវ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ។ ប្រទេស​ម៉ាឡេស៊ី​អាច​នឹង​កាត់​បន្ថយអត្រា​ការ​ប្រាក់​ដែរ​ ស្រប​ពេល​ដែល​ការ​លក់​ដូរ​ចុះ​ថយ​ នេះ​បើ​តាមកំណត់​ត្រា​ដដែល​នេះ។

ប្រទេស​សិង្ហបុរីជា​ប្រទេសករណី​ឆ្លង​មេរោគ​កូរ៉ូណា Covid-19 ​ច្រើន​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​បាន​រាយការណ៍​អំពីការ​ឆ្លង ៩៨​ករណី ប៉ុន្តែ​ត្រូវ​បាន​សេចក្តី​រាយការណ៍​ព័ត៌មាន​នានា​សរសើរប្រទេស​កោះ​នេះ​ថា បាន​ចាត់​វិធានការ​ល្អ​ក្នុង​ការ​ទប់ទល់មិន​ឲ្យ​ការ​ឆ្លង​មេរោគ​នេះ​មាន​ផ្ទុះ​ខ្លាំង​បន្ត​ទៀត។ ប្រទេស​សិង្ហបុរី​ក៏​បាន​បង្កើន​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ដល់ ​៧%​ថែម​ទៀត បើ​ទោះ​បី​មានការ​ចាយ​លើល​ថវិកា​កំណត់​ក្តី ដោយ​សារ​បាន​រៀបចំ​កញ្ចប់​ថវិកា​ជួយ​សង្គ្រោះ​ចំនួន​ពីរ​ដែល​មាន​តម្លៃ​សរុប ៤​ពាន់លាន​ដុល្លារ។​

ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី បាន​ត្រៀម​ចំ​កញ្ចប់​ថវិកា​រៀងៗ​ខ្លួន​ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​ពីជំងឺ​ថ្មី​នេះ​ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា Covid-19។

លោក Jonathan Ravelas ប្រធាន​ខាង​យុទ្ធសាស្ត្រ​ទី​ផ្សារ​នៅ​ធនាគារ Banco de Oro UniBank ​ថ្លែង​ថា​ សេដ្ឋកិច្ច​ហ្វីលីពីន​ទំនង​នឹង​មាន​កំណើន​យ៉ាង​តិច​៦​%​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​សារ​មាន​ការ​កាត់​អត្រា​ការ​ប្រាក់​និង​ការ​ចំណាយ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​រហូត​ដល់​ឆ្នាំ​២០២២។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ធ្វើ​ការ​ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​បណ្ដុំ​កោះ​មួយ​នឹង​មាន​កំណើន ៦.២%។

គម្រោង​សាងសង់​ផ្លូវ​ថ្មី អាកាសយានដ្ឋាន និង​រោងចក្រ​អគ្គិសនី ដែល​មាន​តម្លៃ​សរុប​ ១៨០​ពាន់​លាន​ដុល្លារ ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ហ្វីលីពីន​មាន​ភាព​ទាក់ទាញ​ជាង​មុន​សម្រាប់​អ្នក​វិនិយោគ​ផលិតកម្ម។

លោក Jonathan Ravelas ថ្លែង​ថា៖ «ប្រសិន​បើ​យើង​ដើរ​ក្រឡា​សេដ្ឋកិច្ច​ត្រូវ​ដោយ​ចំណាយ​ច្រើន​ជាង​មុន​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​ល្បឿន​នៃ​ការ​ចំណាយ​នេះ យើង​នៅ​តែ​អាច​មាន​កំណើន​សេដ្ឋកិច្ច ៦​ភាគរយ»។

វិធានការ​បែប​នេះ​ បាន​កើត​មាន​ឡើង​នៅ​មុន​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ រវាង​មន្ត្រី​ជាន់​ខ្ពស់​នៃ​បណ្តា​ប្រទេស​អាស៊ាន។ មន្ត្រី​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ានដំបូង​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​ Las Vegas សហរដ្ឋ​អាមេរិក ប៉ុន្តែ​កិច្ច​ប្រជុំ​នោះ​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​មេរោគ​កូរ៉ូណា។​

សមាគម​អាស៊ាន​បាន​និយាយ​កាល​ពី​ឆ្នាំ​២០១៩​ថា ខ្លួន​នឹង​ចុះ​ហត្ថលេខា​លើ កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ឬ RCEP ជាមួយ​នឹង​ប្រទេស​អូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ កូរ៉េ​ខាង​ត្បូង និង​អាច​ឥណ្ឌា​ទៀត នៅ​ក្នុង​ឆ្នាំ​២០២០​នេះ។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​ ដែល​នឹង​លើក​ទឹក​ចិត្ត​ការ​នាំ​ចេញ។

អ្នកស្រី Tham Siew Yean ​សាស្ត្រាចារ្យចូល​និវត្តន៍​នៅ​សាកលវិទ្យាល័យ Universiti Kebangsaan Malaysia ថ្លែង​ថា៖ «កិច្ចព្រមព្រៀង​នេះ​នឹង​ពង្រីក​សមាហរណកម្ម​ ហើយ​ដោយ​សារ​វា​ជា​ការ​ជួប​ប្រជុំ​អន្តរជាតិ​ដ៏​ធំ​បំផុត​មួយ វា​នឹង​ជា​សញ្ញា​ដ៏​ខ្លាំង​ក្លា​ដើម្បី​គាំទ្រ​ពាណិជ្ជកម្ម​អន្តរជាតិ​ ថ្វី​បើពេល​នេះ​កំពុង​មានផល​ប៉ះពាល់​អវិជ្ជមាន​ពី​មេរោគ​ Covid​ ក៏​ដោយ»៕

ប្រែសម្រួលដោយ សឹង សុផាត

XS
SM
MD
LG