ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​កូវីដ១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ត្រូវ​បាន​រក​ឃើញ​ជា​លើក​ដំបូង​នៅ​កម្ពុជា


រូបឯកសារ៖ ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ច្បារអំពៅ បាន​មក​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ ដូស​ទី ៣ នៅ​មន្ទីរពេទ្យ​បង្អែក​ច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

ប្រទេស​កម្ពុជា​បាន​រក​ឃើញ​វីរុស​កូវីដ១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​(Omicron)​លើ​ស្រ្តីខ្មែរ​ម្នាក់​អាយុ​២៣​ឆ្នាំ​ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​អាហ្រ្វិក​ខាងលិច​ហើយ​បាន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃ​អាទិត្យ។

នេះ​ជា​ការ​រក​ឃើញ​លើក​ដំបូង​នៃ​វីរុស​អូមីក្រុង​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​គិត​ចាប់​តាំង​ពី​ពេល​បញ្ចប់​ពិធី​បុណ្យ​អុំទូក​កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​នេះ។

បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ចុះ​ថ្ងៃ​អង្គារ​ទី​១៤​ខែធ្នូ​ ​ ស្ត្រីខ្មែរ​ដែល​រក​ឃើញ​ថា​មាន​វីរុស​អូមីក្រុង​រូប​នោះ​មាន​អាសយដ្ឋាន​នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​និង​មាន​ផ្ទៃ​ពោះ​ចំនួន​១៥​សប្តាហ៍។​

សេចក្តី​ប្រកាស​របស់​ក្រសួង​បាន​លើក​ឡើង​ថាស្ត្រី​ខ្មែរ​ដែល​មាន​ផ្ទៃ​ពោះ​១៥​សប្តាហ៍​រូប​នោះ​បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ចេញ​ពី​ប្រទេស​ហ្គាណា​ឆ្លង​កាត់​តាម​ឌូបៃ​រួច​បន្ត​ជើង​យន្តហោះ​នៅ​ព្រលាន​យន្ត​ហោះ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ជាទី​ដែល​ស្រ្តី​រូប​នោះ​ត្រូវរង់​ចាំ​ជើង​យន្តហោះ​ចំនួន​១៤​ម៉ោង​ទើប​បន្ត​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១២​ខែ​ធ្នូ​ឆ្នាំ​២០២១។​

ពីរថ្ងៃ​ក្រោយ​ពេល​មក​ដល់​កម្ពុជា​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រក​ឃើញ​ថា​ គាត់​មាន​វីរុស​បម្លែង​ថ្មី​ប្រភេទ​អូមីក្រុង​បន្ទាប់​ពី​ការ​ពិនិត្យ​សំណាក។​នេះ​បើ​តាម​ក្រសួង​សុខាភិបាល។​

សេចក្តី​ប្រកាស​ដដែល​របស់​ក្រសួង​សុខាភិបាល​លើក​ឡើង​ថា៖​«បច្ចុប្បន្ន​អ្នក​ជំងឺ​ខាង​លើ​កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគ​របេង​និង​ហង់សិន​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ»។​

អង្គការ​សុខភាព​ពិភពលោក​(WHO)​និង​សហ​រដ្ឋ​អាមេរិក​ធ្លាប់​បាន​បញ្ជាក់​ថា​វីរុស​កូវីដ១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ហាក់​ដូច​ជា​មិន​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​វីរុស​កូវីដ១៩​ប្រភេទ​ផ្សេង​ទៀត​នោះ​ទេ​ ហើយ​ថា​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​លើ​វីរុស​នេះ​គឺ​ចាំបាច់​ដើម្បី​វាយ​តម្លៃ​អំពី​គ្រោះថ្នាក់​ដែល​វា​អាច​បង្ក​ឡើង។​ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AFP។

ក៏​ប៉ុន្តែ​ក្រសួង​សុខាភិបាល​កម្ពុជា​បន្ត​ក្រើន​រំឭក​ឲ្យ​ប្រជា​ពលរដ្ឋ​បន្ត​វិធានការ​ការពារ​ខ្លួន​ឲ្យបាន​ហ្មត់​ចត់​និង​ចាក់​វ៉ាក់​សាំង​កូវីដ១៩​នៅ​ពេល​ដល់​វេន​ដែល​ត្រូវ​ចាក់​ថ្នាំបង្ការ​នេះ។​

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​សណ្ឋាគារ​ប្រណីត​មួយ​គឺ​សណ្ឋាគារ​ហាយ៉ាត់​រីជិនស៊ី​ភ្នំពេញ​(Hyatt Regency Phnom Penh)​នា​ថ្ងៃពុធ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​លោក​ហ៊ុន សែន​លើក​ឡើង​ថា​ប្រជា​ពលរដ្ឋ​គួរ​កុំមាន​ការ​ភ័យ​ស្លន់ស្លោ​នឹង​វីរុស​អូមីក្រុង​នេះទេព្រោះ​មិន​ទាន់​មាន​ករណី​ស្លាប់​បង្ក​ឡើង​ដោយវីរុសនេះ​នៅ​ឡើយ​ទេ​នៅ​ក្នុង​ប្រទេស​លើកលែង​តែ​ករណី​ស្លាប់​លើក​ទី​មួយ​នៅ​ចក្រភព​អង់គ្លេស។​

«ប្រទេស​យើង​អត់​មាន​ធ្វើ​ចត្តាឡីស័ក​គឺ​ជា​ប្រទេស​ដែល​ងាយ​ស្រួល​អ៊ីចឹង​បាន​ជា​ខ្ញុំ​អន់​ចិត្ត​....​អន់​ចិត្ត​ថា​ចុះ​អា​[អូ]មីក្រុង​នោះ​មិន​ទាន់​ងាប់​នរណា​មួយ​ផង​នាំ​គ្នា​ប្រកាច់​ភ័យ​ម៉េសៗ»។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​មេរោគ​បំប្លែង​ថ្មី​នេះ ស្រប​ពេល​ប្រទេស​កំពុង​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ។​ លោក​ក៏​បាន​ប្រកាស​ថា​ កុមារ​និង​យុវវ័យ​អាយុ​ចាប់​ពី​១២​ឆ្នាំ​ទៅ​១៨​ឆ្នាំ​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដូស​ទី​៣​ឬ​ដូស​ជំរុញ ​ហើយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​នេះ​នឹង​ធ្វើ​ឡើង​នៅ​ខែ​មករា​ឆ្នាំ​២០២២​ដោយ​អនុវត្ត​តាម​វិធី​សាស្ត្រ​ផ្ការីក​។

«ខ្ញុំ​ទើប​នឹង​អនុម័ត​ពី​ម្សិលមិញ​ឲ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​សម្រាប់​កុមារ​និង​យុវវ័យ​ចាប់​ពីអាយុ​១២​ឆ្នាំ​ទៅ​អាយុ​១៨​ឆ្នាំ។​ ចាប់​ពី​ខែ​មករា​នេះ​ទៅ​ត្រូវ​ចាប់​ផ្តើម​ចាក់​ហើយ​អនុវត្ត​តាម​វិធីសាស្ត្រ​ផ្ការីក​ដូច​មនុស្ស​ចាស់​ដែរ។​មនុស្ស​ចាស់​មក​ដល់​ពេល​នេះ​ចាក់​បាន​ប្រមាណ​៣​លាន​នាក់ៗ​ទៅ​ហើយ»។​

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល គិតត្រឹម​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០២១​នេះ​ ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​មាន​ចំនួន​៨​ករណី​ ហើយ​ករណី​ជាថ្មី​មាន​ចំនួន​១២​ករណី​នាំ​ឲ្យ​ករណី​ជា​សះស្បើយ​សរុប​មាន​ចំនួន​១១៦.៧៤៦​ករណី​និង​ករណី​ស្លាប់​ថ្មី​៣​នាក់​នាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​សរុប​ឡើង​ដល់​២.៩៩៥នាក់៕

XS
SM
MD
LG