ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​រក​ឃើញ​ករណី​ក្នុង​ស្រុក​ដំបូង​នៃ​វីរុស​អូមីក្រុង ហើយ​ពិចារណា​ដាក់​ឲ្យ​មាន​ចត្តាឡីស័ក​ឡើងវិញ


រូបឯកសារ៖ អ្នកដំណើរ​ម្នាក់ ដើរ​នៅក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​សុវណ្ណភូមិ (Suvarnabhumi) ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​២០២១។

ប្រទេស​ថៃ​ កំពុង​ពិចារណា​ការ​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​ចត្តាឡីស័ក​ឡើង​វិញ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស ដោយ​សារ​ការព្រួយ​កង្វល់​អំពី​ការ​រាលដាលនៃ​វីរុស​ជំងឺ​កូវីដ១៩​បំប្លែង​ថ្មីអូមីក្រុង (Omicron) ខណៈ​ដែល​ក្រសួង​សុខាភិបាល​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មាន​ករណី​នៃ​ការ​ឆ្លង​ក្នុង​ស្រុក​ដំបូងនៃ​វីរុស​អូមីក្រុង។ នេះ​ បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារព័ត៌មាន Reuters។

ករណី​ឆ្លង​ក្នុង​ស្រុក​លើក​ដំបូង​នេះ បាន​ត្រូវ​គេ​រកឃើញ​នៅ​ក្នុងស្ត្រីថៃ​ម្នាក់ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមានមានវីរុស​អូមីក្រុង​ ក្រោយពី​បាន​ឆ្លង​វីរុស​នោះ​ពី​ស្វាមី​របស់​អ្នក​ស្រីជា​ជនជាតិ​កូឡុំប៊ី​ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​នីហ្សេរីយ៉ា​មក​កាន់​ប្រទេស​ថៃ​វិញ​ កាល​ពី​ចុង​ខែ​វិច្ឆិកា។ នេះ​ បើ​តាម​មន្ត្រី​សុខាភិបាល​ម្នាក់​ដែល​បាន​ប្រាប់​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ។

លោក Chakrarat Pittayawonganon ជា​មន្ត្រីមក​ពី​នាយកដ្ឋាន​ជំងឺ​ឆ្លង​និយាយ​ថា ទាំង​ស្វាមី​និង​ភរិយា​ បាន​ចាក់​វ៉ាក់សាំង AstraZeneca ២​ដូស។

លោក​រដ្ឋមន្ត្រី Anutin Chamvirakul បាន​និយាយ​ថា ក្រសួង​សុខាភិបាល​សាធារណៈ​ថៃ នឹង​ស្នើ​ឲ្យ​បោះបង់​ការ​លើកលែងចត្តាឡីស័កសម្រាប់​ភ្ញៀវ​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ និង​ត្រឡប់​ទៅ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​ឡើង​វិញ​ និង​សាកល្បងអនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​តែ​នៅ​ទីកន្លែង​ជាក់លាក់​មួយ​ចំនួន។ ​

សំណើ​នេះ​ បណ្តាល​មកពី​ការព្រួយ​បារម្ភ​អំពី​ការរាលដាល​នៃ​វីរុស​អូមីក្រុង។ លោក Anutin បាន​ប្រាប់​កម្មវិធី​ទូរទស្សន៍ Inside Thailand ថា រដ្ឋាភិបាល​នឹង​ធ្វើ​សំណើ​នេះ​ទៅ​កាន់ក្រុម​ការងារ​កូវីដ​១៩​របស់​ថៃ«នៅពេល​ឆាប់ៗ​នេះ»។

លោក Anutin បាន​និយាយ​ទៀត​ថា រហូត​មកទល់​ពេល​នេះ ថៃ​បាន​រកឃើញ​មនុស្ស​៦៣​នាក់​ដែល​បាន​ឆ្លង​វីរុសបំប្លែង​ខ្លួន​អូមីក្រុង ដោយ​មាន​ករណី​ឆ្លង​នៅ​ក្នុង​ស្រុកមួយ​ករណី​ ហើយ​ករណី​ផ្សេង​ទៀតជា​អ្នក​ធ្វើ​ដំណើរ​ពី​បរទេស។

ការ​លើកឡើង​របស់​លោក​រដ្ឋមន្ត្រី​ កើតមាន​ឡើង​បន្ទាប់ពី​ប្រទេស​ថៃ​ បាន​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេសចូល​ក្នុង​ប្រទេស​ឡើង​វិញ​កាល​ពី​ខែ​វិច្ឆិកា​ ដោយបញ្ចប់​គោលនយោបាយ​រឹតត្បិតការ​ចូល​ប្រទេស​ជិត​១៨​ខែ​ ដែលនេះ​បាន​ធ្វើ​ឲ្យ​ដួល​រលំ​វិស័យ​ទេសចរណ៍​ថៃ​ដែល​ជា​វិស័យ​ដ៏​សំខាន់​មួយ​ និង​ជា​កម្លាំង​រុញច្រាន​សេដ្ឋកិច្ចដោយទាក់ទាញ​ភ្ញៀវ​ទេសចរ​ចំនួន​៤០លាន​នាក់​នៅ​ក្នុង​ឆ្នាំ២០១៩៕

ពាក្យក្នុងសារព័ត៌មាន៖ outrage
សូម​រង់ចាំ

No media source currently available

0:00 0:01:30 0:00
XS
SM
MD
LG