ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេជ្ជបណ្ឌិត​អាហ្វ្រិក​ខាងត្បូង ស្នើ​ឱ្យ​ពិភពលោក​រក្សា​ភាពស្ងៀមស្ងាត់ កុំ​ស្លន់ស្លោ​ចំពោះ​វីរុស​អូមីក្រុង


ក្មេង​ប្រុស​ម្នាក់ ឈរ​ជាមួយ​សមាជិក​គ្រួសារ​នៅ​ក្នុង​កន្លែង​ចាក់​វ៉ាក់សាំង Discovery ខណៈ​ដែល​ខ្លួន​រង់ចាំ​ចាក់​វ៉ាក់សាំង Pfizer/BioNTech ដូស​ដំបូង​នៅ​តំបន់ Sandton នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ប្រធាន​សមាគម​វេជ្ជសាស្ត្រ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និយាយ​ថា មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​រវាង​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​អូមីក្រុង​ (Omicron) និង​វីរុស​ដែលតា​ (Delta) ហើយ​បាន​ព្រមាន​ពួក​អ្នក​នយោបាយអំពី​ការឃោសនា​បំផ្លើស​ពី​ការគំរាម​កំហែង​ពី​មេរោគ​ថ្មី​នេះ។

លោក​ស្រី​វេជ្ជបណ្ឌិត Angelique Coetzee បាន​រិះគន់​កាល​ពី​ថ្ងៃ​អង្គារ​អំពី​អ្វី​ដែល​លោក​ស្រី​បាន​ពណ៌នា​ថា ​ជា​«ប្រតិកម្ម​ជ្រុល»​ចំពោះ​វីរុស​បំប្លែង​ខ្លួន​ឆ្លង​ខ្លាំង​អូមីក្រុង​ដោយ​រដ្ឋាភិបាល​អឺរ៉ុប​ខ្លះ​ ដោយ​លោកស្រី​បាន​និយាយ​សំដៅ​ដល់​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson ដែល​លោក​ស្រី បាន​ចោទប្រកាន់​ថា បាន​បង្កើត​«ការ​រំជើបរំជួល»​អំពី​វីរុស​ថ្មី​នេះ។

កាលពី​ថ្ងៃ​អង្គារ សភា​ជាន់​ទាប​អង់គ្លេស បាន​អនុម័ត​វិធានការ​រឹតត្បិត​នានា​ទាក់ទង​ជំងឺ​កូវីដ១៩ ​ឡើង​វិញ ហើយ​បាន​ដាក់ចេញ​នូវ​ការ​រឹតត្បិត​ថ្មី​ខ្លះ ពីព្រោះតែ​ការកើន​ឡើង​នូវ​ករណី​ឆ្លង​នៃ​វីរុស​អូមីក្រុង ថ្វីបើ​លោក Johnson បាន​ប្រឈម​ការតវ៉ា​ប្រឆាំង​ដ៏​ខ្លាំង​ដោយ​សមាជិក​សភា​១ ភាគ៣​ នៅ​ក្នុង​គណបក្ស​របស់​លោក​ក៏ដោយ​ ហើយ​ពឹងផ្អែក​លើ​គណបក្ស​ប្រឆាំង​សម្រាប់​ការបោះឆ្នោត​នេះ។

លោកស្រី Coetzee ជា​វេជ្ជបណ្ឌិត​លើក​ដំបូង​ម្នាក់​នៅ​ក្នុង​ពិភពលោក​ដែល​បានប្រកាស​អាសន្នអំពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​នេះ​ ដែល​គេ​រក​ឃើញ​ដំបូង​នៅបណ្តា​ប្រទេស​ភាគ​ខាង​ត្បូង​នៃទ្វីប​អាហ្វ្រិក។

លោកស្រី Coetzee បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ Sky News របស់​ចក្រភព​អង់គ្លេស​ថា វីរុស​ដែលតា​ធ្ងន់ធ្ងរ​ជាង​ ហើយ​លោកស្រី​អាណិត​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​វីរុស​ដែលតា​ ដោយ​បាន​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ខ្លាំង។ ក៏ប៉ុន្តែ​ ចំពោះ​វីរុស​អូមីក្រុង​វិញ រយៈពេល​ជិត​មួយ​ខែដែល​វា​រាតត្បាតនៅប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មក លោក​ស្រី​ថា​ មិន​បាន​ឃើញ​ទិដ្ឋភាព​រន្ធត់​ប្រហាក់​ប្រហែល​គ្នា​នោះ​ទេ ហើយ​ថា អ្នក​ជំងឺ​អូមីក្រុង​របស់​លោក​ស្រី ​ចេញ​រោគសញ្ញា​ស្រាល​ជាង។

ទីប្រឹក្សា​វេជ្ជសាស្ត្រ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស កំពុង​ទស្សន៍ទាយ​ថា នឹង​មាន​ការឆ្លង​វីរុស​អូមីក្រុង​ចំនួន​១លាន​ករណី​ត្រឹម​ចុង​ខែធ្នូ​នេះ ហើយ​ថ្វីបើអាហ្វ្រិក​ខាង​ត្បូង កំពុង​ឃើញ​ករណី​ឆ្លង​ថ្មី​រាប់​ម៉ឺនករណី​ជារៀងរាល់​ថ្ងៃ​ក៏ដោយ ក៏​លោក​ស្រី Coetzee បាន​អំពាវនាវ​ឲ្យ​រក្សា​ភាពស្ងៀមស្ងាត់ ដោយ​និយាយ​ថា ចក្រភព​អង់គ្លេស​និង​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប បាន​ចាក់វ៉ាក់សាំង​កម្រិតប្រសើរ​ជាង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​ហើយ​ស្ថិត​នៅ​ក្នុង​ស្ថានភាពប្រសើជាង​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​រីរុស​នេះ។

ប៉ុន្តែ ​មាន​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ មិន​យល់​ស្រប​នឹង​ការ​វិនិច្ឆ័យ​របស់​លោកស្រី​ Coetzee ទេ ដោយ​ពួក​គេ​ថា ​វីរុស​អូមីក្រុង​នេះ​ គ្រោះថ្នាក់​ជាង​វីរុស​កូវីដ១៩​មុនៗ៕

XS
SM
MD
LG