ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា ត្រៀម​មេធាវី​ការពារ​ក្ដី​ ឲ្យ​ពលករ​ខ្មែរ​ជាប់​ចោទ​នៅ​ប្រទេស​ថៃ


រូបភាពផែនទីប្រទេសថៃ
រូបភាពផែនទីប្រទេសថៃ

មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​កម្ពុជា ​បាន​ជ្រើស​រើស​​មេធាវី​ការពារ​ពលករ​នេសាទ​ជន​ជាតិ​ខ្មែរ​៥​នាក់​ ដែល​ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ ​ហើយ​ជាប់​ចោទ​ពី​បទ​រំលោភ​សេព​សន្ថវៈ​និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ទេសចរ​បារាំង​ពីរ​នាក់​នៅ​លើ​កោះ​គុត​ ប្រទេស​ថៃ​កាល​ពី​យប់​ថ្ងៃ​សៅរ៍។

មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​កម្ពុជា ​បាន​ជ្រើស​រើសមេធាវី​ការពារ​ពលករ​នេសាទ​ជន​ជាតិ​ខ្មែរ​៥​នាក់​ ដែល​ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ ​ហើយ​ជាប់​ចោទ​ពី​បទ​រំលោភ​សេព​សន្ថវៈ​និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ទេសចរ​បារាំង​ពីរ​នាក់​នៅ​លើ​កោះ​គុត​ ប្រទេស​ថៃ​កាល​ពី​យប់​ថ្ងៃ​សៅរ៍។ នេះ​បើ​យោង​តាម​លោក​ជុំ សុន្ធរី ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ដែល​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ។

អ្នក​នាំ​ពាក្យ​រូប​នេះ​ បាន​និយាយ​ថា ​លោកស្រី​ អ៊ីត សុភា ​ឯក​អគ្គ​រាជទូតកម្ពុជាប្រចាំ​នៅ​ប្រទេស​ថៃ​ បាន​ទៅ​ជួប​ជន​សង្ស័យ​ទាំង​៥​នាក់​ជាមួយ​មន្ត្រី​ថៃ​កាលពី​ថ្ងៃ​ច័ន្ទ។

​លោក​និយាយ​ថា​ ពួក​គេ​បាន​សារភាព​ប្រាប់​ឯក​អគ្គ​រាជទូត​កម្ពុជា​ថា​ ពួកគេ​បាន​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ពិតមែន។

«ឯក​អគ្គរាជ​ទូត​យើង ​ឡើង​ទៅ​សួរ​សុខ​ទុក្ខ​ ​គាត់​ក៏​បាន​ឆ្លើយ​សារភាព​ទទួល​ស្គាល់​បញ្ហា​ហ្នឹង​ដែរ។ ​ប៉ុន្តែ​គ្រាន់​តែ​ចំណុច​ដែល​យើង​ចាប់​អារម្មណ៍ ​ដែល​យើង​សម្គាល់​ឃើញ​នោះ​គឺ​ថា​ ការ​ប្រព្រឹត្ត​ហ្នឹង​បាន​កើត​ឡើង​នៅ​ពេល​ដែល​កម្មករ​ទាំង​៥​នាក់​ហ្នឹង​ ឋិត​ក្នុង​ស្ថានភាព​ស្រវឹង​បាទ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ដដែល ​បាន​និយាយ​ថា​ ក្រសួង​ការ​បរទេស​កម្ពុជា​ បារម្ភ​អំពី​សុវត្ថិភាព​របស់​ពលករ​ទាំង​៥​នាក់​នេះ​ដែល​មាន​អាយុ​ក្រោម​២៥​ឆ្នាំ​ ក្រោយ​ពី​មាន​ព័ត៌មាន​ថា ​មាន​ពលរដ្ឋ​ថៃ​ព្យាយាមប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ជន​សង្ស័យ​ទាំង​នេះ។

ប៉ុន្តែ លោក​បន្ត​ថា អាជ្ញាធរ​បាន​ការពារ​ពលករ​ទាំង​៥នាក់​នេះ នៅ​ពេល​ប៉ូលិស​នាំ​ខ្លួន​ពួក​គេទៅ​ធ្វើ​ត្រាប់​សកម្មភាព​ពួកគេឡើង​វិញ​នោះ។

«ខាង​អាជ្ញាធរ​ថៃ​គេ​បាន​ការពារ។​ គេ​បាន​ការពារ​ជាប់​ ហើយ​ក្នុង​ហ្នឹង​មានតែ​មនុស្ស​ម្នាក់​ទេ ​វ៉ៃ​បាន​មួយ​ដៃ ​បើ​តាម​សារ​ព័ត៌មាន​របស់​បាងកក​ប៉ុស្តិ៍»។

លោក ជុំ សុន្ធរី ​បាន​មាន​ប្រសាសន៍​ថា ​បញ្ហា​នេះ​គឺជា​ករណី​លេច​ធ្លោ​បំផុត​ទាក់ទង​នឹង​បទល្មើស​រំលោភ​ជន​បរទេស។​

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ថ្ងៃ​អង្គារ​នេះ​ ​ លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ណែនាំ​ឯក​អគ្គ​រាជទូត​កម្ពុជាប្រចាំ​នៅ​ប្រទេស​ថៃ​ថា«ទោះ​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ ​ត្រូវ​រិះ​រក​វិធី​ជួយ​ដល់​កម្មករ​ទាំង​៥​នាក់​នេះ ​និង​ផ្ដល់​មេធាវី​ការពារ​ពួក​គេ ​ពេល​ឡើង​តុលាការ»។

ជន​សង្ស័យ​ទាំង៥នាក់​ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​អ្នក​ទេសចរ​ជនជាតិ​បារាំង​ពីរ​នាក់​ ម្តាយ​និង​កូន​ និង​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ទេសចរ​បុរស​ពីរ​នាក់​ទៀត​ដែល​ព្យាយាម​ជួយ​ជន​រងគ្រោះ។

កាសែត​បាងកក​ប៉ុស្តិ៍ ​បាន​ឲ្យ​ដឹង​ថា ​លោក ​ស៊ូរ៉ាប៉ន ថេពសេន ​វរសេនីយ៍ទោ​ប៉ូលិស​ថៃ ​និង​ជា​អធិការ​រង​ប៉ូលិស​កោះ​គុត​ បាន​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​៣​នាក់ ​ត្រូវ​ចាប់​ខ្លួន​នៅ​លើកោះ​នោះ ​រីឯ​ពីរ​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​នៅ​ស្រុក​ខ្លងយ៉ៃ ​ខេត្ត​ត្រាត ​នៅ​ពេល​ពួកគេ ​ព្យាយាម​គេច​ខ្លួន​មក​ប្រទេស​កម្ពុជា។

លោក ​មឿន តុលា​ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព ​ការងារ​និង​សិទ្ធិ​មនុស្ស បាន​និយាយ​ថា ​អង្គការ​របស់​លោក ​កំពុង​ទាក់ទង​ជា​មួយ​អង្គការ​ដៃគូ​នៅ​ប្រទេសថៃ​ ដើម្បី​សិក្សា​ថា ​តើ​ចម្លើយ​សារភាព​របស់​ពួក​គាត់ ​រង​ការ​បង្ខិត​បង្ខំ​ ឬ​យ៉ាង​ណា។

«អញ្ចឹង​ចម្លើយ​របស់​គាត់​កន្លង​មក​ នៅ​ជា​មតិ​សង្ស័យ​ នៅ​ជា​ការ​សង្ស័យ​របស់​ពួក​ខ្ញុំ​នៅ​ឡើយថា ​តើ​ចម្លើយ​សារភាព​នោះ​ វា​ជា​ចម្លើយ​ពិត​ប្រាកដ ​ឬក៏​ជា​ចម្លើយ​មួយ​ដែល​គាត់​ឋិត​ក្នុង​សម្ពាធ​របស់​គេ»។

លោក​ មឿន តុលា ​ពន្យល់​ថា ​ចម្លើយ​សារភាព​នេះ​ មិន​ទាន់​យក​ជា​ការ​បាន​ទេ ​ព្រោះ​ពួក​គេ​ឆ្លើយ​នៅ​ពេល​ពួក​គេ​មិន​ទាន់​មាន​មេធាវី​ការពារ។

ដោយ​ឡែក ​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ​ ​លោក​ ជុំ សុន្ធរី ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ម៉ាឡេស៊ី​ បាន​ជួយ​សង្គ្រោះ​អ្នក​បម្រើ​តាម​ផ្ទះ​៤​នាក់​ និង​កុមារ​ម្នាក់​ ដែល​ជាប់​ឃុំឃាំង​នៅ​ជំរំ ​Balantik​ ប្រទេស​ម៉ាឡេស៊ី។

ពលរដ្ឋ​ខ្មែរ​ទាំង​៥​រូប​នេះ គ្រោង​នឹង​មក​ដល់​អាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ៕

XS
SM
MD
LG