ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​​​នៃ​ប្រទេស​ថៃ​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន


រូបឯកសារ៖ ក្រុម​អ្នកគាំទ្រ​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej កាន់​រូប​របស់​ព្រះអង្គ​និង​ស្លាក​សញ្ញា​ផ្សេងៗ នៅ​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ខួប​ព្រះជន្មាយុ ៨៧​ព្រះវស្សា​របស់​ព្រះអង្គ នៅក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ២០១៤។
រូបឯកសារ៖ ក្រុម​អ្នកគាំទ្រ​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej កាន់​រូប​របស់​ព្រះអង្គ​និង​ស្លាក​សញ្ញា​ផ្សេងៗ នៅ​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ខួប​ព្រះជន្មាយុ ៨៧​ព្រះវស្សា​របស់​ព្រះអង្គ នៅក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ២០១៤។

ព្រះមហាក្សត្រ​ Bhumibol Adulyadej​ នៃ​ប្រទេស​ថៃ​បាន​​យាង​ទៅ​កាន់​ព្រះរាជ​វាំង​របស់​ព្រះអង្គ​ក្នុង​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ច័ន្ទ​ មួយ​ថ្ងៃ​ក្រោយ​ពី​មន្ត្រី​ព្រះរាជ​វាំង​បាន​ប្រកាស​ថា​ ព្រះអង្គ​បាន​ទទួល​ការ​ព្យាបាល​ជំងឺ ​មាន​មេរោគ​ក្នុង​ឈាម​និង​ជំងឺហើម​សួត។

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ បានរាយ​ការណ៍​ថា ​ព្រះមហាក្សត្រ​ Bhumibol Adulyadej​ នៃ​ប្រទេស​ថៃ​បានយាង​ទៅ​កាន់​ព្រះរាជ​វាំង​របស់​ព្រះអង្គ​ក្នុង​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ច័ន្ទ​ មួយ​ថ្ងៃ​ក្រោយ​ពី​មន្ត្រី​ព្រះរាជ​វាំង​បាន​ប្រកាស​ថា​ ព្រះអង្គ​បាន​ទទួល​ការ​ព្យាបាល​ជំងឺ ​មាន​មេរោគ​ក្នុង​ឈាម​និង​ជំងឺហើម​សួត។​

មន្ត្រី​ព្រះរាជ​វាំង​ម្នាក់​ ដែល​សុំមិន​ព្រ​ម​ឱ្យ​គេ​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា​ ​«ព្រះ​មហា​ក្សត្រ​នឹង​យាង​ទៅ​កាន់​ព្រះ​រាជ​វាំង​ Chitralada ​ដើម្បី​ប្តូរ​បរិយាកាស»។

ព្រះ​មហាក្សត្រ​នៃ​ប្រទេស​ថៃ​ដែល​មាន​ព្រះជន្ម​៨៨​ព្រះ​វស្សា​ដែល​ជា​ព្រះរាជា​សោយ​រាជ្យ​សម្បត្តិ​យូរ​ជាង​គេ​ក្នុង​ពិភពលោក​បាន​ផ្ទុំ​ក្នុង​មន្ទីរ​ពេទ្យ​ចាប់តាំង​ពី​ខែ​ឧសភា​មក​ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ​ជាច្រើន។​

សេចក្តី​ថ្លែង​ការណ៍​មួ​យ​ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹងថា​ ព្រះ​មហា​ក្សត្រ​មាន​គ្រុន​ក្តៅកាល​ពីពីរ​សប្តាហ៍​មុន​នេះ ​ហើយ​ពួក​វេជ្ជ​បណ្ឌិត​បាន​ព្យាបាល​ព្រះអង្គ។​ សេចក្តី​ថ្លែង​ការណ៍​នេះ​ ក៏​បាន​និយាយ​ដែរ​ថា ​ការ​ពិនិត្យ​សុខភាព​បានបង្ហាញ​ថា ​មាន​ការរលាក​នៅ​ផ្នែក​ខាង​ក្រោម​នៃ​សួត​ និង​ថា​មាន​មេរោគ​នៅក្នុង​ឈាម​ និង​មាន​រលាក​នៅ​សន្លាក់ជង្គង់​ខាង​ស្តាំ​របស់​ព្រះអង្គ​ផង​ដែរ។​

កង្វល់​អំពី​ព្រះ​សុខភាព​របស់​ព្រះ​អង្គ​បាន​កើន​ខ្លាំង​ឡើងៗ​នៅ​ពេល​ដែល​ព្រះអង្គ​មិន​បាន​បង្ហាញ​ព្រះភ័ក្ត្រ​នៅ​ក្នុង​ព្រះ​រាជ​សវនាការ​ប្រចាំឆ្នាំ​ដើម្បី​កំណត់​ខួប​ថ្ងៃ​ប្រសូតិរបស់​ព្រះអង្គ​កាល​ពី​ថ្ងៃ​ទី​៥​ខែ​ធ្នូ។​ ក៏​ប៉ុន្តែ​កាលពី​ថ្ងៃទី​១៤​ខែ​ធ្នូ​ព្រះអង្គ​បាន​ចេញ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ជាសាធារណៈ​ដែល​មិន​សូវមានធ្វើ។​

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បាន​រាយ​ការណ៍​ថា​ ប្រជារាស្ត្រ​រាប់រយ​នាក់​បាន​ឈរ​តាម​បណ្តោយ​ផ្លូវ​នៅ​ពេល​ដែល​ព្រះមហា​ក្សត្រ​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ Siriraj ​កាល​ពី​ថ្ងៃ​ច័ន្ទ។​

ប្រជារាស្ត្រ​ថៃ​គោរព​ព្រះ​មហា​ក្សត្រ​ Bhumibol ខ្លាំង​ណាស់ ​ហើយ​អាជ្ញាធរ​ព្រះ​រាជវាំង​បាន​ចេញ​ផ្សាយ​កំណត់​ហេតុ​អំពី​ព្រះ​សុខភាព​ព្រះអង្គ​ ហើយ​ដាក់​ឱ្យ​មាន​ការ​ត្រួតត្រា​តឹងរ៉ឹង​លើ​ព័ត៌មាន​អំពី​ព្រះ​រាជវង្ស។​

កាលពី​ចុង​ខែ​មុន​ ប្រធាន​មហា​វិទ្យាល័យ​បសុពេទ្យ​នៃ​សាកល​វិទ្យាល័យ​ Kasetsart​ បាន​និយាយ​ថា​ ឆ្កែ​របស់​ព្រះមហា​ក្សត្រ​ Bhumibol​ ឈ្មោះ​ Tongdaeng ​បាន​ងាប់​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​ធ្នូ​ក្រោយ​ពីមាន​ជំងឺ​ជា​ច្រើន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​

ឆ្កែ​នេះ ​ដែល​ព្រះ​មហា​ក្សត្រ​បាន​ជួយ​សង្គ្រោះ​ពី​ផ្លូវ​ច្រក​មួយ​ជា​បុព្វហេតុ​នៃ​ការ​ចោទ​ប្រកាន់​កម្មករ​រោងចក្រ​ថៃ​ម្នាក់​ពី​បទ​ប្រមាថ​ព្រះ​ចេស្តា​ និង​នាំ​បំបះបំបោរ។

កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែ​នេះ​តុលាការ​យោធា​ថៃ​មួយ​បាន​ចោទ​ប្រកាន់​ឈ្មោះ​

Thanakorn Siripaiboon ​ថា​ បាន​ផ្សព្វផ្សាយ​អត្ថបទ​តាមអ៊ីនធើណិត​ចំអក​ឡកឡឺយទាក់ទិន​នឹង​ឆ្កែ​នេះ។​ តុលាការ​នេះ​មិន​បាន​លាត​ត្រដាង​ឱ្យដឹង​ច្បាស់​លាស់​អំពី​អត្ថបទ​នេះ​និយាយ​បែបណា​ទេ ​ហើយ​បាន​ចោទ​ប្រកាន់​ឈ្មោះ​ Thavorn​ ថា ​បាន​នាំ​បំបះ​បំបោរ​និង​ថា​ បាន​ប្រមាថ​ព្រះមហា​ក្សត្រ។​

ច្បាប់យ៉ាងតឹង​រ៉ឹងប្រទេស​ថៃស្តី​ពី​ការ​នាំ​បំបះ​បំបោរ​ចាត់​ទុក​ការ​ប្រមាថ​រាជាធិបតេយ្យ​ថា ​ជា​ឧក្រិដ្ឋ​កម្ម​មួយ៕​

ប្រែសម្រួលដោយ​លោក​ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG