ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ៊ុយក្រែន​ថា​ មាន​ការ​ប្រយុទ្ធគ្នា​ដ៏​ខ្លាំងក្លា​​ នៅ​ភាគ​ខាងកើត​ប្រទេស​


ទាហាន​អ៊ុយក្រែន​ម្នាក់​បាញ់​កាំភ្លើង​ត្បាល់​​សំដៅ​ទី​តាំង​កងទ័ព​រុស្ស៊ី​នៅ​សមរភូមិ​ជួរ​មុខ​នៅ​ជិត​ក្រុង Bakhmut តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៣។
ទាហាន​អ៊ុយក្រែន​ម្នាក់​បាញ់​កាំភ្លើង​ត្បាល់​​សំដៅ​ទី​តាំង​កងទ័ព​រុស្ស៊ី​នៅ​សមរភូមិ​ជួរ​មុខ​នៅ​ជិត​ក្រុង Bakhmut តំបន់ Donetsk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៣។

អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ កងកម្លាំង​របស់​ខ្លួន​បាន​ដណ្តើម​យក​មក​វិញ​នូវ​ទឹក​ដី​ទំហំ​ ៣៧ ​គីឡូម៉ែត្រ​ការ៉េ ​នៅ​ភាគ​ខាងកើត​ និង​ភាគ​ខាងត្បូង​នៃ​ប្រទេស​អ៊ុយក្រែន​កាលពី​សប្តាហ៍​មុន។

អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោកស្រី​Hanna Maliar ​បាន​និយាយ​នៅ​លើ​បណ្តាញ​ Telegram ​ថា ​ទាហាន​អ៊ុយក្រែន​កំពុង​វាយលុក​នៅ​តំបន់​ Bakhmut​ នៅ​ភាគ​ខាង​កើត​ ខណៈ​ដែល​រុស្ស៊ី​កំពុង​វាយ​ប្រហារ​នៅ​តំបន់​ Lyman, Adviivka ​និង​ Mariinka។

ក្រុម​មន្រ្តីអ៊ុយក្រែនបាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យដែរ​ថា​ កងកម្លាំង​រុស្ស៊ី​បាន​រុល​ទៅ​មុខ​នៅ​ផ្នែក​ខ្លះ​ ក្នុងប្រទេស​អ៊ុយក្រែន​ភាគខាងកើត​ ​ក្នុង​ពេល​ដែលមាន​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា ​ខណៈ​ពេល​ដែល​កងទាហាន​អ៊ុយក្រែន​ មាន​ប្រៀប​និង​រុល​ទៅ​មុខនៅ​ផ្នែក​ខាងត្បូង​ប្រទេស។

លោក​ស្រី​ Hanna Maliar ​បាន​បន្ថែម​ទៀត​ថា៖​ «ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​កំពុង​កើត​មាន​ឡើង​នៅគ្រប់​កន្លែង​ទាំង​អស់។ ​ស្ថានភាព​មាន​ភាព​ស្មុគ្រស្មាញ​ខ្លាំង»។

លោក​ស្រី Maliar និយាយ​ថា​ ​នៅ​ផ្នែក​ខាង​ត្បូង កងទាហាន​អ៊ុយក្រែន​ ​បាន​ប្រឈម​នឹងការ​តស៊ូប្រយុទ្ធយ៉ាង​ខ្លាំង​របស់​គូសត្រូវ​ ​ការ​ដាក់​មីនដោយ​ប្រើ​ឧបករណ៍​ចុច​ពី​ចម្ងាយ និង​ការ​ដាក់​ទាហាន​បម្រុង​រុស្ស៊ី​ឡើងវិញ​ផង​ដែរ»។​ ​

រុស្ស៊ី​បាន​និយាយ​ថា​ កងកម្លាំង​របស់​ខ្លួន​ បាន​បំបែក​ការវាយប្រហាររបស់​អ៊ុយក្រែននៅ​ជិត​ភូមិ​នានា​ ជុំវិញ​ទី​ក្រុង Bakhmut និង​តំបន់​ភាគ​ខាង​ត្បូង​ ​ជា​ពិសេសតំបន់ប្រជុំជន​យុទ្ធសាស្ត្រក្រុង​កូនភ្នំ Vuhlear។

ក្រោយ​ពេល​ស្ងាត់ស្ងៀម​អស់​ពេល​ប្រមាណ​១២​ថ្ងៃ​ ​រុស្ស៊ី​បាន​ធ្វើ​ការ​វាយប្រហារដោយ​ដ្រូន​តាម​អាកាសជា​ថ្មី​ឡើង​វិញ​ កាល​ពី​យប់​ឈាន​ចូលថ្ងៃ​អាទិត្យ នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ដោយ​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​រងរបួស​ក្នុង​តំបន់​កៀវ​ ​ដោយ​សារកម្ទេច​កំទី​ធ្លាក់​ពី​លើ។​ ការវាយប្រហារនោះ​ ត្រូវ​បាន​បំបែកដោយ​ប្រព័ន្ធការពារ​ដែន​អាកាស​អ៊ុយក្រែន។

ក្រុម​មន្ត្រី​អ៊ុយក្រែន​មិន​បាន​ប្រាប់​ពី​ចំនួនដ្រូន​រុស្ស៊ី​ ដែល​បាន​ធ្វើ​ការ​វាយប្រហារ​តាមអាកាស​ទៅ​លើ​ទី​ក្រុង​កៀវ​ និង​តំបន់​ជុំវិញនោះ​ឡើយ​ ប៉ុន្តែ​ខាង​ទ័ព​អាកាស​អ៊ុយក្រែន​និយាយ​ថា​ យន្តហោះ​ដ្រូន​ Shahed ទាំង​៨​ ដែល​ផលិតនៅប្រទេស​អ៊ីរ៉ង់​ និង​មីស៊ីលគ្រូស​ Kalibr ​របស់​រុស្ស៊ី​ទាំង​៣គ្រាប់​ ​ត្រូវ​បាន​បាញ់​ស្ទាក់​ទម្លាក់ ដោយប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​Joe Biden នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​៣ក្នុង​ទ្វីប​អឺរ៉ុប​ ដើម្បី​ពង្រឹងសម្ព័ន្ធភាព​អន្តរជាតិ​ ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ ​ខណៈពេល​ដែល​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ បានបន្ត​ឈាន​ចូល​ដល់​ឆ្នាំ​ទី​២​ហើយ​នោះ។​ ​ ការ​ផ្តោត​របស់ លោក​Biden ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ នៅ​សប្តាហ៍​ក្រោយ​នេះ​ គឺ​ការ​ចូលរួម​ក្នុង​កិច្ចប្រជុំកំពូល​នៃអង្គការ​អូតង់​នៅ​ឆ្នាំ​នេះ ដែល​នឹងត្រូវ​ប្រារព្ធធ្វើ​ឡើងក្នុង​រដ្ឋធានី​វិលនីញូស (Vilnius) ប្រទេស​លីទុយអានី​ ​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១២ ខែ​កក្កដា​ខាង​មុខ​នេះ៕ ​

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង ​Reuters។

XS
SM
MD
LG