មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង Kramatorsk នៃប្រទេសអ៊ុយក្រែនបានធ្វើឱ្យមនុស្សយ៉ាងតិច ៩ នាក់ស្លាប់ និងជាង ៥០ នាក់ទៀតរងរបួស។
ទីភ្នាក់ងារសង្គ្រោះបន្ទាន់បានបង្ហោះរូបភាពនៃក្រុមជួយសង្គ្រោះរុករកតាមគំនរបាក់បែកនៃអគារនានានៅកន្លែងកើតហេតុ ដែលក្នុងនោះរួមមានទាំងភោជនីយដ្ឋានមួយកន្លែងផងដែរ។
ទីក្រុង Kramatorsk ស្ថិតនៅភាគខាងលិចនៃខ្សែត្រៀមជួរមុខ ដែលនៅទីនោះការប្រយុទ្ធគ្នាបានកើតឡើងនៅក្នុងខេត្ត Donetsk នៅភាគខាងកើតអ៊ុយក្រែន។
ការវាយប្រហាររបស់រុស្ស៊ីលើស្ថានីយរថភ្លើងក្នុងទីក្រុង Kramatorsk កាលពីខែមេសាឆ្នាំមុនបានសម្លាប់មនុស្ស ៦៣ នាក់។
អ៊ុយក្រែនក៏បានរាយការណ៍ផងដែរអំពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Kremenchuk ដែលបានកើតឡើងក្នុងពេលមួយឆ្នាំក្រោយមកបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីនៅទីនោះបានសម្លាប់មនុស្សយ៉ាងតិច ២០ នាក់នៅឯផ្សារទំនើបមួយកន្លែង។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃអង្គារថា៖ «ការបង្ហាញឡើងនីមួយៗនូវអំពីភេរវកម្មដូចនេះបានបញ្ជាក់ឱ្យយើងនិងពិភពលោកទាំងមូលឃើញម្ដងហើយម្ដងទៀតថា រុស្ស៊ីសក្ដិសមនឹងទទួលបាននូវរឿងមួយតែប៉ុណ្ណោះដោយសារតែអ្វីៗទាំងអស់ដែលខ្លួនបានធ្វើ ដែលនោះគឺការបរាជ័យនិងការកាត់ទោសដែលមានសវនាការដោយយុត្តិធម៌និងស្របច្បាប់កាត់ទោសលើឃាតករនិងភេរវកររុស្ស៊ីទាំងអស់»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។
មនុស្សយ៉ាងតិច ៩ នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Kramatorsk ប្រទេសអ៊ុយក្រែន
![រូបថតផ្តល់ឱ្យដោយអាជ្ញាធរប៉ូលិសអ៊ុយក្រែននេះបង្ហាញ មន្ត្រីប៉ូលិសម្នាក់និងអ្នកជួយសង្គ្រោះបន្ទាន់ម្នាក់ដើរពីមុខភោជនីយដ្ឋានមួយកន្លែងដែលរងការខូចខាតពីការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុង Kramatorsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។](https://gdb.voanews.com/c5b77b54-7609-41ce-a384-63b776341426_cx0_cy10_cw0_w250_r1_s.jpg)