ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Mike Pence​ ​ធ្វើ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​​ទៅ​​អ៊ុយក្រែន


ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy (ឆ្វេង) និង​អតីត​អនុប្រធានាធិបតី​អាមេរិក​ លោក​ Mike Pence ចាប់​ដៃ​គ្នា​នៅ​មុន​កិច្ចប្រជុំ​នៅ​ក្រុង​កៀវ​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣។
ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy (ឆ្វេង) និង​អតីត​អនុប្រធានាធិបតី​អាមេរិក​ លោក​ Mike Pence ចាប់​ដៃ​គ្នា​នៅ​មុន​កិច្ចប្រជុំ​នៅ​ក្រុង​កៀវ​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣។

អតីត​អនុប្រធានាធិបតី​អាមេរិក​ លោក​ Mike Pence បាន​ធ្វើ​ដំណើរ​ទស្សនកិច្ចដ៏​ភ្ញាក់ផ្អើល​មួយ​ទៅ​កាន់ប្រទេស​អ៊ុយក្រែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ និង​បាន​ជួប​ពិភាក្សា​ជា​មួយប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy។

លោក​ Pence គឺ​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិកទី១​ ខាង​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ នៅ​ក្នុង​អំឡុង​ពេល​នៃយុទ្ធនា​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​សហរដ្ឋ​អាមេរិក។

ក្រៅ​ពី​ការ​ជួប​ជាមួយ​លោក​ Zelenskyy​ លោក Pence ក៏​ត្រូវ​បាន​គេ​រាយការណ៍ផង​ដែរ​ថា​ បាន​ធ្វើទស្សនកិច្ចទៅ​កាន់​ភូមិ​ Moshchun ក្នុង​ទីក្រុង​ Bucha និង​ទីក្រុង​ Irpin ដែល​ជា​សហគមន៍​៣​ ដែល​មាន​ការ​បំផ្លាញ​យ៉ាង​ខ្លាំងក្លា​ ដោយ​កងទាហាន​រុស្ស៊ី។

ទស្សនកិច្ច​របស់​លោក ​Pence ទៅ​កាន់​អ៊ុយក្រែន​ កើត​មាន​ឡើង នៅ​ក្រោយ​បន្តិច បន្ទាប់ពី​មាន​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​ដ៏​ប្រល័យ​មួយ​ ទៅ​លើភោជនីយដ្ឋាន​ភីហ្សា​មួយកន្លែង​ ​នៅក្នុង​ទីក្រុង​ Kramatorsk របស់​អ៊ុយក្រែន។​

ក្រុម​ការងារ​ក្នុង​ប្រទេស​អ៊ុយក្រែន​ រក​ឃើញ​សាកសព​ជនរងគ្រោះ​ម្នាក់​ទៀត​ពី​ការ​វាយប្រហារ​នោះកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ការ​វាយប្រហារ​នេះ​ ឡើង​ដល់​១២នាក់។​ ​

ក្រុម​អាជ្ញាធរ​អ៊ុយក្រែននិយាយ​ថា​ អ្នក​ស្លាប់​ទាំង​នោះ​រួម​មាន​កុមារ​៣នាក់​ ហើយ​មាន​មនុស្ស​ប្រមាណ​៦០​នាក់​ បាន​រង​របួស​ផង​ដែរ។​

ទី​ភ្នាក់ងារ​ប្រឆាំង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ុយក្រែន​និយាយ​ថា​ ខ្លួន​បាន​ចាប់​បុរស​ម្នាក់​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ដែល​ត្រូវ​បានទី​ភ្នាក់ងារ​នេះ​ចោទ​ថា​ បាន​ជួយ​រុស្ស៊ី​ក្នុង​ការ​វាយប្រហារ​នេះ។​ ​

លោក ​Zelenskyy​ ថា​ ​អ្នក​ដែល​បាន​ជួយ​រុស្ស៊ី​ ដើម្បី​«បំផ្លាញ​ជីវិត» ​មនុស្ស​ សម​ទទួល​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ។

​ទន្ទឹម​នឹង​នេះ​ដែរ​ នាយករដ្ឋមន្ត្រី​ប្រទេស​អេស្ប៉ាញ​ លោកPedro Sanchez មាន​គម្រោង​នឹង​ទៅ​ជួប​លោក Zelenskyy នៅ​ក្នុង​ទីក្រុង​កៀវ​ផង​ដែរនៅ​ថ្ងៃសៅរ៍​ស្អែក​នេះ​ ខណៈ​ពេល​ដែល​ប្រទេស​អេស្ប៉ាញ​ នឹង​ត្រូវ​ធ្វើ​ជា​ប្រធាន​ប្តូរ​វេនរយៈពេល​៦​ខែ​ របស់​សហភាព​អឺរ៉ុប៕ ​ ​

XS
SM
MD
LG