ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារក្តី​លោក​ កឹម សុខា​ គ្រោង​អញ្ជើញ​សាក្សី​ពាក់ព័ន្ធ​នឹង​បទ​ចោទ​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋបរទេស


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែល​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាជំនួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោក រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា​មួយ​រូប​ក្នុង​ចំណោម​មេធាវី​បួន​រូប​គឺ​លោក​អាង ឧត្តមថ្លែង​ថា​ សវនាការ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​មិន​មាន​ភាព​ចម្រើន​ទៅ​មុខ​ទេ​ ហើយ​ខាង​ភាគី​មេធាវី​គ្រោង​នឹង​អញ្ជើញ​សាក្សី​មក​ឆ្លើយ​បំភ្លឺ​សំណុំ​រឿង​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស​ នៅ​ក្នុង​សវនាការ​ពេល​ក្រោយ។​

លោក ​កឹម សុខា​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ឬ​តាម​អ្វី​ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថាការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។​កន្លង​មក​ទាំង​លោក​កឹម សុខា​និង​សហ​រដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស​នេះ។​

ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃពុធ​នេះ​ លោក​មេធាវី​អាង ឧត្តម ​លើក​ឡើង​ថា​ កិច្ច​ការ​កោះ​ហៅ​សាក្សី​ជា​បន្ទុក​ របស់​ចៅក្រម។ ប៉ុន្តែ​លោក​ថា​ បើចៅក្រម​មិន​ចង់​កោះ​ហៅ​សាក្សី​ទេ​ ក្រុម​មេធាវី​ជន​ជាប់​ចោទ​នឹង​លើក​ជា​សំណើ​ឱ្យ​អញ្ជើញ​សាក្សី​ ដែល​លោក​អះអាង​ថា​ មាន​ប្រទេស​ជា​ច្រើន​ ក្រៅ​ពី​សហ​រដ្ឋ​អាមេរិក។​

លោក ​អាង ឧត្តម​ មេធាវីការពារក្តី​លោក​កឹម សុខា និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ថ្ងៃទី​២០ ខែមេសា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី​/វីអូអេ)
លោក ​អាង ឧត្តម​ មេធាវីការពារក្តី​លោក​កឹម សុខា និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ថ្ងៃទី​២០ ខែមេសា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី​/វីអូអេ)

លោក​ប្រាប់​ក្រុម​អ្នក​កាសែត​យ៉ាង​ដូច្នេះ៖​ «មាន​ នៅ​ក្នុង​នោះ​មាន​សហគមន៍​អឺរ៉ុប​ …​មាន​ក្រៅ​ពី​ហ្នឹង​ទៀត។​ ពេល​ហ្នឹង​យើង​នឹង​ស្នើ​សុំ​ឱ្យ​តុលាការ​ធ្វើ​សវនាការ​មួយ​ដើម្បី​សម្រេច​ថា​ ត្រូវ​កោះហៅ​អ្នក​អស់​ហ្នឹង​ ឬ​អត់។ ​ យើង​ដឹង​តម្រុយ​តុលាការ​ហើយ​នឹង​មិន​ធ្វើ​តាម​យើង។ ​ ប៉ុន្តែ​មិន​ធ្វើ​តាម​ ​ យើង​ត្រូវ​តែ​ធ្វើ!​ គាត់​មិន​ឆ្លើយ​តប​ គាត់​មិន​ធ្វើ​តាម​សំណើ​របស់​មេធាវី​ អាហ្នឹង​រឿង​តុលាការ​ផ្សេង»។​

លោក​ផ្តល់​សេចក្តី​ពន្យល់​បន្ថែម​ថា​ ក្រុម​មេធាវី​ត្រៀម​ដាក់​ពាក្យ​នៅ​ចុង​ខែ​មេសា​ ឬ​ក៏​ដើម​ខែ​ឧសភា​ ឆ្នាំ​២០២២​នេះ​ ដើម្បី​អញ្ជើញ​សាក្សី​ដែល​ជា​រដ្ឋ​បរទេស​ និង​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លោក ​កឹម សុខា បើ​ទោះ​បី​តុលាការ​ថា​ មិន​អាច​ធ្វើ​បាន​ទេ​ យោង​ទៅ​តាម​អនុសញ្ញា​ទីក្រុង​វីយេន​(Vienna )។​

«តុលាការ​បាន​កំណត់​មិន​ហៅ​ទេ​ ដោយសារ​គាត់​ថា​ អនុសញ្ញា​ទីក្រុង​វីយេន​ហ្នឹង​មិន​អនុញ្ញាត​ តែ​គាត់​តុលាការ​បក​ស្រាយ​ខុស។ ពួក​យើង​នឹង​ពិភាក្សា​គ្នា​ក្នុង​ការ​ដាក់​ពាក្យ​សំណើ​សុំ​ជា​ផ្លូវ​ការ​ ឱ្យ​តុលាការ​កោះហៅ​អ្នក​ទាំង​អស់​ហ្នឹង»។​

បើ​តាម​លោក​មេធាវី​អាង ឧត្តម​ ក្នុង​សវនាការ​លើក​ទី​៣៧​នេះ​ ភាគី​តំណាង​អយ្យការ​បន្ត​សួរ​សំណួរ​ច្រំដែល ​ទាក់​ទិន​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

តំណាង​អយ្យការ​លោក​ប្លង់ សុផល​ មិន​ឆ្លើយ​សំណួរ​ដែល​បាន​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ នៅ​ថ្ងៃ​ពុធ​នេះ​ទេ។​

អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​លោក​ស៊ឹង​ សែនករុណា​កត់​សម្គាល់​ថា ​សំណុំ​រឿង​លោក​ កឹម សុខា​ បាន​អូសបន្លាយ​ពេល​មក​ជាង​៤​ឆ្នាំ​ទៅ​ហើយ​ គិត​ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​លោក​ កឹម សុខា​ កាលពី​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ប៉ុន្តែ​តុលាការ​ មិន​ទាន់​បាន​បង្ហាញ​ភស្តុតាង​ជា​ដុំ​កំភួន​ដែល​អាច​គាំទ្រ​ដល់​បទ​ចោទ​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស​ដែល​លោក​កឹម សុខា​កំពុង​ត​ទល់​នោះ​ទេ។​

«ក្នុង​ការ​សាក​សួរ​នេះ​ ​ខ្ញុំ​នៅ​តែ​មិន​ទាន់​ឃើញ​ថា​ ​តើ​អ្វី​ដែល​ជា​ការ​សាកសួរ​ហ្នឹង ​ វា​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់​លោក​កឹម សុខា​ អំពី​បទ​សន្ទិដិ្ឋភាព​ជា​មួយ​រដ្ឋ​បរទេស​ដោយ​របៀប​ណា​នៅ​ឡើយ​ទេ។​ ហើយ​មិន​ទាន់​ឃើញ​ថា ​ ភស្តុតាង​អ្វី​ដែល​ច្បាស់​លាស់​ក្នុង​ការ​យក​មក​បញ្ជាក់​នោះ​ទេ។​ វាគ្រាន់​តែ​ជា​ការ​សាកសួរ​ព័ត៌មាន​បំភ្លឺ​ពី​ត្រឹម​ពី​លោក​កឹម សុខា​តែ​ប៉ុណ្ណឹង​… ជា​ព័ត៌មាន​ត្រឹម​ប៉ុណ្ណឹង​ឆ្លើយ​ឆ្លង​អំពី​ការ​ មុន​រឿង​រ៉ាវ​មុន​បោះឆ្នោត​តែ​ប៉ុណ្ណឹង»។​

សវនាការ​ដែល​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២២​នេះ​ គឺ​ជា​សវនាការ​លើក​ទី​៣៧។​ តុលាការ​នឹង​បន្ត​សវនាការ​នៅថ្ងៃ​ទី​២៧​ ខែ​មេសា​ខាង​មុខ​នេះ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​សវនាការ​មុនៗ​ ​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ បាន​ដាក់​បង្ហាញ​ភស្តុតាង​ជាច្រើន​ដែល​រួម​មាន​ឃ្លីប​វីដេអូ ​រូប​ថត​ ឯកសារ​ព័ត៌មាន​ជា​វីដេអូ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ភស្តុតាង​ទាំង​នោះ ​មាន​ខ្លះ​បង្ហាញ​ពី​សកម្ម​ភាព​នៃ​ការ​ចាប់​ផ្តើម​រៀបចំ​បង្កើត​គណបក្ស​សង្គ្រោះជាតិ​កាលពី​ឆ្នាំ​២០១២​ ​សកម្ម​ភាព​ដឹកនាំ​បាតុកម្ម​របស់​លោក​កឹម សុខា​និង​សហស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប​ទៀត​គឺ​លោក​សម រង្ស៊ី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

ប៉ុន្តែ​ភស្តុតាង​សំខាន់​មួយ​ដែល​តំណាង​អយ្យការ​យក​មក​ចោទ​ប្រកាន់​លោក​កឹម សុខា​ គឺ​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក​នៅ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ អំពី​ការ​ទទួល​បាន​យុទ្ធសាស្ត្រ​នយោបាយ​ពី​សំណាក់​សាស្ត្រាចារ្យ​នៅ​ប្រទេស​លោក​សេរី ​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា។ នេះ​ជា​ភស្តុតាង​មួយ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ប្រើ​ប្រាស់​ផង​ដែរ​ ដើម្បី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧៕

XS
SM
MD
LG