ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ទូត​បារាំង​ពិភាក្សា​ជាមួយ​លោក កឹម សុខា អំពី​សំណុំ​រឿង​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស


រូបឯកសារ៖ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ឆ្វេង) ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាកា​រ​កាត់ក្ដី​លោក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

មេ​ដឹកនាំ​នយោបាយ​ជំទាស់​លោក​ កឹម សុខា ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សំណុំ​រឿង​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស​ ដែល​ស្មើ​នឹង​អំពើ​ក្បត់​ជាតិ​ ត្រូវ​បាន​ឯក​អគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​លោក​ Jacques PELLET ​លើក​យក​មក​ពិភាក្សា​ក្នុង​ជំនួប​មួយ​ដែល​ធ្វើ​ឡើង​ក្រោយ​សវនាការ​លើក​ទី​៣៧​របស់​លោក។​

លោក ​កឹម​ សុខា ​អតីត​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាពជាមួយ​រដ្ឋ ​ឬ​តាម​អ្វី​ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ ចូល​ដៃ​ជាមួយ​បរទេស​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ បាន​បន្ត​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​ ឬ​តំណាង​ទូត​នានា​ ក៏​ដូច​ជា​ភ្ញៀវ​បរទេស​ផ្សេង​ទៀត​ គិត​ចាប់​តាំង​ពី​លោក​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​មាន​សិទ្ធិ​ដើរ​ហើរ​នៅ​ក្នុង​ប្រទេស​ តែ​មិន​អាច​ធ្វើ​នយោបាយ​បាន​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។​

យោង​តាម​សារ​អត្ថាធិប្បាយ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នា​ថ្ងៃ​ទី​២២​ ខែ​មេសា​នេះ​ ក្នុង​ជំនួប​មួយ​ដែល​ធ្វើ​ឡើង​នៅ​ស្ថានទូត​បារាំង​ ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក ​កឹម​ សុខា​ លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖​ «ក្នុង​ជំនួប​នេះ​ ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​បាន​សួរ​ខ្ញុំ​ភាគច្រើន​អំពី​ដំណើរ​ការ​សវនាការ​ដែល​គាត់​មើល​ឃើញ​ថា​ មាន​ការ​អូស​បន្លាយ​ និង​ការ​ចោទ​ប្រកាន់​ខ្ញុំ​នោះ ​ពាក់​ព័ន្ធ​ជាមួយ​អង្គការ​ និង​រដ្ឋ​បរទេស​ជាច្រើន​ ដោយ​ឮ​ថា​ មាន​ឈ្មោះ​សហភាព​អឺរ៉ុប​ផង​ ព្រោះ​ប្រទេស​បារាំង​ក៏​ជា​សមាជិក​សហភាព​អឺរ៉ុប​ដែរ»។​

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា​បាន​ឆ្លៀត​យក​ជំនួប​ជាមួយ​លោក​ Jacques PELLET​ អរគុណ​រដ្ឋាភិបាល​ទីក្រុង​ប៉ារីស ​ក៏​ដូច​ជា​សហភាព​អឺរ៉ុប​ជា​មិត្ត​ល្អ​របស់​កម្ពុជា​ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​នាំ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣​ តុលា​ ១៩៩១ ​និង​បន្ត​ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរលើ​វិស័យ​នានា​ ជាពិសេស​នៅ​តែ​ជួយ​ និង​តាម​ឃ្លាំ​មើល​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ក៏ដូច​ជា​បញ្ជូន​អ្នក​ការទូត​តាមដាន​សវនាការ​រឿង​ក្តី​ និង​សិទ្ធិ​សេរីភាព​របស់​លោក។​

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​បារាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ តាម​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល​ តែ​មិនទាន់​មាន​ការ​ឆ្លើយ​តប។​

ក្រោយ​សវនាការ​លើក​ទី​៣៧​របស់​លោក ​កឹម សុខា​ កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នោះ​ សហ​មេធាវី​របស់​មេ​ដឹកនាំ​នយោបាយ​ជំទាស់​រូប​នេះ​គឺ​លោក ​អាង ឧត្តម ​បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​មួយ​ថា​ សហ​មេធាវី​គ្រោង​នឹង​ដាក់​លិខិត​អញ្ជើញ​សាក្សី​មក​បំភ្លឺ​ក្នុង​សំណុំ​រឿង​របស់​លោក​កឹម សុខា​ និង​ថា​ សាក្សី​មាន​ច្រើន​ប្រទេស​ ពោល​គឺ​មាន​សហភាព​អឺរ៉ុប​ ដែល​បារាំង​ជា​សមាជិក​មួយ​ផង​ដែរ។​

សហ​មេធាវី​ការពារ​ក្តី​លោក​កឹម​ សុខា​ មួយ​រូប​ទៀត​ គឺ​អ្នកស្រី​ ម៉េង សុភារី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ បើ​ពិនិត្យ​លើ​ការ​បន្ត​ប្រាស្រ័យ​ទាក់ទង​របស់​លោក ​កឹម សុខា​ ជាមួយ​បណ្តា​អង្គទូត​នានា​នោះ​ ធ្វើ​ឱ្យ​គេ​អាច​វាយ​តម្លៃ​បាន​ថា​ លោក ​កឹម សុខា​ មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​កម្ពុជា​ទេ។​ ក៏​ប៉ុន្តែ​ការ​តតាំង​ក្តី​នឹង​នៅ​បន្ត​ជាមួយ​ការ​ស្នើ​សុំ​របស់​សហ​មេធាវី​ ក្នុង​ការ​អញ្ជើញ​សាក្សី​មក​បំភ្លឺ​ស្វែង​រក​ការណ៍​ពិត​នៅ​តុលាការ។​

អ្នកស្រី​ថ្លែង​ថា៖ ​«ខ្ញុំ​សុំ​ជម្រាប​ថាបទ​សន្ទិដ្ឋិភាព​គឺ​ជាបទ​ល្មើស​ ព្រហ្មទណ្ឌ​ដែល​ស្ថិត​នៅ​ក្នុង​ជំពូក​បទ​ល្មើស​ក្បត់​ជាតិ។​ ហេតុ​នេះ​ហើយ​ បើ​សិន​ជា​មាន​អំពើ​នេះ​កើត​មាន​ឡើង​មែន​ ខ្ញុំ​ជឿ​ជាក់​ថា​ រដ្ឋ​ដែល​ជា​ម្ចាស់​ផ្ទះ​ណា​ក៏​ដោយ​ ក៏​មិន​អាច​បន្ត​ទំនាក់​ទំនង​ការទូត​ ឬ​ក៏​ព្រួយ​បារម្ភ​ថា​ ខ្លាច​មាន​ការ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ការទូត​ជាមួយ​រដ្ឋ​ដែល​ត្រូវ​រ៉ូវ​ ដែល​ខុស​ច្បាប់​ដែរ​ ពីព្រោះ​ថា​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ រដ្ឋ​ដែល​ត្រូវ​រ៉ូវ​នោះ​មាន​ចេតនា​ឈ្លាន​ពាន​មក​លើ​រដ្ឋ​ដែល​ជា​ម្ចាស់​ផ្ទះ»។​

អ្នកស្រី​បន្ថែម​ថា៖ ​«ដោយ​ឡែក​ចំពោះ​ប្រទេស​កម្ពុជា​យើង​ គឺ​នៅ​បន្ត​ទំនាក់​ទំនង​ការទូត​ល្អ​ ជាមួយ​បណ្តា​រដ្ឋ​ដែល​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹងករណី​របស់​ឯកឧត្តម ​កឹម សុខា។​ ហើយ​មិនត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ដែល​បាន​លើក​ឡើង​កាលពី​កន្លង​មក​ថា​ ថែម​ទាំង​មាន​ការ​ខ្លាច​ប៉ះពាល់​ដល់​ចំណង​ការទូត​ជាមួយ​នឹង​រដ្ឋ​ដែល​ពាក់​ព័ន្ធ​ទាំង​អស់នោះ​ទៀត​ផង។ ​នេះ​គឺ​បាន​បង្ហាញ​ថា​ មិន​មាន​អំពើ​សន្ទិដ្ឋិភាព​រវាង​ឯក​ឧត្តម​ កឹម សុខា​ ជាមួយ​នឹង​រដ្ឋ​បរទេស​ទាំង​នោះ​ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ»។​

បើតាម​អ្នក​ស្រី ម៉េង សុភារី ​លិខិត​របស់​មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ ឬ​ភាគី​រដ្ឋាភិបាល​ ចុះ​ថ្ងៃ​ទី​១៤​ ខែ​មករា​ ឆ្នាំ​២០២០​ បង្ហាញ​ថា​ ប្រទេស​ចំនួន​៨​ បូករួម​និង​សហគមន៍​អឺរ៉ុប​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៨ ​និង​បុគ្គល​ដែល​ជា​បរទេស​ចំនួន​៩​នាក់​ ត្រូវ​សង្ស័យ​ថា​ មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​លោក ​កឹម សុខា។

យ៉ាងណាក៏​ដោយ​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន​ ប្រតិកម្ម​ថាលោក​ កឹម​ សុខា​ នឹង​នៅ​បន្ត​ចូលរួម​ការ​កាត់​ក្តី​តាម​នីតិវិធី​ដដែល​ ដើម្បី​លាង​ជម្រះ​បទ​ចោទ​ប្រកាន់​លោក។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​យ៉ាង​ដូច្នេះ៖ ​«ការ​ជួប​នេះ​ ​វាជា​រឿង​ធម្មតា​ទេ។​ គាត់​ចង់​ជួប​អ្នក​ណា​គាត់​ជួប។ ​គាត់​មាន​សេរីភាព​ពេញ​ទី​ ក៏​ប៉ុន្តែ​គ្រាន់​តែ​ថា​ ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​ត្រូវ​ផ្អែក​តាម​ផ្លូវ​ច្បាប់​ ហើយ​ក៏​មិន​មាន​អង្គទូត​ណា​ ស្ថាប័ន​អង្គការ​ណា​អាច​បង្គាប់​បញ្ជា​លូកលាន់​កិច្ចការ​របស់​តុលាការ​បាន​ដែរ។ អ្វីៗ​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ និង​នីតិវិធី​របស់​តុលាការ​ដែល​មាន​ជាធរមាន»។​

ដោយ​ឡែក​ អ្នក​វិភាគ​នយោបាយ​លោក ​សេង សារី​ យល់​ថា​ រដ្ឋាភិបាល​បារាំង​គួរ​តែ​លើក​សំណើ​ទៅ​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ បើ​សិន​បារាំង​មាន​ចេតនា​ចង់​ជួយ​បញ្ចប់​សំណុំ​រឿង​ដែល​មាន​ជាប់​ហេតុផល​នយោបាយ​របស់​លោក ​កឹម សុខា ​នោះ។ លោក​និយាយ​ថា៖ ​«ស្ថានទូត​បារាំង​ត្រូវ​តែ​និយាយ​ ព្រោះ​តំណាង​រដ្ឋាភិបាល​ ត្រូវ​តែ​និយាយ​ជាមួយ​រដ្ឋាភិបាល​ គេ​ហៅ​ថា​ រដ្ឋាភិបាល​ Government to Government។ ​បើ​សិន​ជា​ទៅ​ ជួប​លោក ​កឹម សុខា​ វា​អត់​អាច​ដោះ​ស្រាយ​អី​ចេញ​ទេ។ ខ្ញុំ​មើល​ទៅ​អត់​មាន​ដំណោះ​ស្រាយ​អីកើត​ណា៎​បាទ»។​

សាស្រា្តចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ ឯម សុវណ្ណារ៉ា​ មើល​ឃើញ​ថា​ បដិសណ្ឋារ​កិច្ច​ការទូត​របស់​លោក​ កឹម សុខា​ ជាមួយ​ប្រមុខ​ការទូត​នៅ​កម្ពុជា​ ឬ​មន្ត្រី​ការ​បរទេស​ផ្សេង​ទៀត​នោះជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​អ្នក​ប្រជា​ធិបតេយ្យ​ ដោយ​ថា​ រដ្ឋ​នៅ​ប្លុក​សេរី​យល់​ឃើញ​ថា សកម្ម​ភាព​នយោបាយ​របស់​លោក​ កឹម សុខា​ គឺ​ជា​ទម្រង់​នៃ​ការ​លើក​ស្ទួយប្រជា​ធិបតេយ្យ​ ខណៈ​តុលាការ​កម្ពុជា​មិន​ទាន់​រក​ឃើញ​ភស្តុតាង​ដាក់​បន្ទុក​លើ​លោក ​កឹម​ សុខា ​នៅ​ឡើយ។

បើតាម​លោក​ ឯម សុវណ្ណារ៉ា​ បើ​សិន​ជា​ស្ថានភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​បន្ត​មាន​ភាព​អាប់អួរ​នោះ​ ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​នឹង​ពិបាក​ទាក់ទាញ​បាន​នូវ​ការ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​ពី​លោក​ខាងលិច​ ដូច​ជា​ EBA​ របស់​សហភាព​អឺរ៉ុប​ និង​ GSP របស់​អាមេរិក។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក ​អំ សំអាត​ កត់​សម្គាល់​ថា​សំណុំ​រឿង​លោក​ កឹម​ សុខា​ បាន​អូស​បន្លាយ​ពេល​មក​ជា​ច្រើន​ឆ្នាំ​ហើយ ​ខណៈ​តុលាការ​មិន​ទាន់​អាច​បង្ហាញ​ភស្តុតាង​ជាក់លាក់​គាំទ្រ​ដល់​បទ​ចោទ​លើ​រូប​លោក។ ​លោក​បន្ត​ថា​ បើ​សិន​សំណុំ​រឿង​នេះ​ត្រូវ​តុលាការ​បន្ត​លើក​មក​ជំនុំ​ជម្រះ​ ដោយ​គ្មាន​សាក្សី​ ឬ​ភស្តុតាង​គ្រប់គ្រាន់​នោះ​ លោក​ កឹម សុខា​ នឹង​ត្រូវ​ខាត​ពេលវេលា​ក្នុង​ការ​បន្ត​អាជីព​នយោបាយ​របស់​លោក។

លោក​ កឹម សុខា​ ត្រូវ​ចាប់​ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក ​កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​២​ ឈាន​ចូល​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ ឆ្នាំ​២០១៧ ​ពោល​គឺ​ពីរ​ខែ​មុន​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។​ ការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដិ្ឋភាព​ប្រឆាំង​នឹង​លោក​កឹម សុខា ​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​នយោបាយ​ជំទាស់​រូប​នេះ​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ​ទៅ​៣០​ឆ្នាំ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​លោក​មាន​កំហុស៕

XS
SM
MD
LG