អ្នកតាមដានមួយចំនួន ជំរុញឱ្យមន្ត្រីផ្លូវការរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងនៅមូលដ្ឋានពង្រឹងវិធានការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបន្ថែមទៀត ក្នុងការស្វែងរកជនស្ថិតនៅពីក្រោយអំពើឆបោកតាមប្រព័ន្ធអនឡាញ ខណៈជនជាតិវៀតណាមប្រុសស្រីចំនួន ២៣១ នាក់ត្រូវបានបណ្តេញចេញពីខេត្តព្រះសីហនុ តាមច្រកព្រំដែនអន្តរជាតិព្រែកចាក ក្រោយពួកគេត្រូវបានមន្ត្រីអន្តោប្រវេសន៍កម្ពុជារកឃើញថា បានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
ប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាញដែលនាំដល់ការបណ្តេញចេញពលរដ្ឋវៀតណាមនោះ ធ្វើឡើងចំនួន៣លើកគឺចាប់ពីថ្ងៃទី ១២ និង ២៧ ខែមីនា ហើយចុងក្រោយគឺនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៅចំណុចថ្មយក្ស ស្ថិតនៅក្រុម១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មុនការបណ្តេញចេញ ពលរដ្ឋវៀតណាមទាំង ២៣១ នាក់ ដែលក្នុងនោះមានស្ត្រី ៥១ នាក់នោះ បានស្នាក់នៅក្នុងទីតាំងផ្សេងៗគ្នាក្នុងខេត្តព្រះសីហនុ គឺនៅចំណុចអតីតកាសីណូ ភែរីដល អាយលែន សណ្ឋាគារធាន អី ហ៊ូ អ៊ីនធើណេមិន ឯ.ក និងនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
អ្នកសម្របសម្រួលខាងសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អំពើឆបោកតាមប្រព័ន្ធអនឡាញនេះមិនមែនជារឿងថ្មីទេសម្រាប់ប្រទេសកម្ពុជា។
អ្នកស្រីបន្ថែមថា ដើម្បីបង្ហាញពីភាពស្អាតស្អំចំពោះប្រទេសជាតិ អាជ្ញាធរពាក់ព័ន្ធគួរតែពង្រឹងវិធានការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងដាក់ទោសអ្នកដែលប្រព្រឹត្តបទល្មើសឱ្យបានធ្ងន់ធ្ងរ ដើម្បីទប់ស្កាត់កុំឱ្យករណីនេះបន្តកើតឡើងទៀត។
អ្នកស្រីថ្លែងថា៖ «យើងក៏ចង់ដឹងដែរ! យើងមិនចង់ដឹងតែរឿងការដែលជួយរំដោះជនរងគ្រោះចេញមកទេ ហើយបញ្ជូនទៅប្រទេសកំណើតរបស់គាត់ទេ។ យើងក៏ចង់ដឹងលទ្ធផលដែលការចុះប្រតិបត្តិការចុះបង្រ្កាបបទល្មើសហ្នឹង តើជនពាក់ព័ន្ធប៉ុន្មាននាក់ អ្នកណាខ្លះ គាត់ត្រូវបានទទួលទោសតាមច្បាប់កម្ពុជាដែរឬក៏អត់? យើងចង់ឱ្យប្រទេសយើងស្តារមុខមាត់ឡើងវិញតាមរយៈការចុះអនុវត្តពង្រឹងការអនុវត្តច្បាប់ហ្នឹងដាក់ទោសទៅលើជនប្រព្រឹត្តបទល្មើស នេះជាអ្វីដែលយើងចង់បាន»។
ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់មិនឱ្យមានអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ អាជ្ញាធរកម្ពុជាធ្លាប់បានចុះបង្រ្កាបករណីឆបោកទៅតាមទីតាំង និងអគារដែលជួល នៅក្នុងខេត្តព្រះសីហនុ និងតាមតំបន់ព្រំដែនមួយចំនួន។ នគរបាលកម្ពុជាក៏បើកឱ្យពលរដ្ឋអាចដាក់ពាក្យបណ្តឹងប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយការដាក់ពាក្យបណ្តឹងនោះធ្វើទៅតាមបណ្តាញអ៊ីនធឺណិត។
ប្រធានមជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ថា ការចាប់បញ្ជូនជនជាតិវៀតណាមទាំងអស់នោះគឺជាវិធានការចាំបាច់ ប៉ុន្តែលោកថា រដ្ឋាភិបាល និងអាជ្ញាធរក៏ត្រូវតែ ស្វែងរកមន្រ្តីខិលខូចមួយចំនួនដែលពាក់ព័ន្ធក្នុងករណីនេះផងដែរ ទើបធ្វើឱ្យការបង្រ្កាបនោះកាន់តែមានប្រសិទ្ធិភាព។
លោកថ្លែងថា៖ «ចង់ឱ្យបានស្អាតទល់តែ រកមន្រ្តីណាដែលពាក់ព័ន្ធ មន្រ្តីណាធ្វើឱ្យកើតមានបញ្ហា ដែលអាចចូលដៃចូលជើងជាមួយនឹងពួកក្រុមឆបោកតាមអនឡាញ ឬក៏ជួយការពារជួយសម្រួលអីហ្នឹង គួរតែចាត់វិធានការស្របគ្នាផងដែរបាទ! មិនមែនយើងចាត់វិធានការតែពួកក្រុមជនជាតិបរទេសទាំងអស់ហ្នឹងទេបាទ»។
បើតាមលោក យង់ គិមអេង បញ្ហាឆបោកតាមប្រព័ន្ធអនឡាញគឺជា រឿងមួយគួរឱ្យព្រួយបារម្ភដែលវាបង្កជាការលំបាកច្រើនមកលើប្រទេសកម្ពុជា បើសិនជារឿងនេះនៅតែបន្តកើតមាន។
ស្នងការនគរបាលខេត្តព្រះសីហនុលោកស រដ្ឋា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនេះ មិនមែនកើតមានតែក្នុងប្រទេសកម្ពុជាតែមួយទេ ពោលគឺវាបានកើតមានឡើងស៊ឹងតែនៅគ្រប់ប្រទេសទាំងអស់។
ជុំវិញការបណ្តេញចេញពលរដ្ឋវៀតណាមចេញពីកម្ពុជានាពេលថ្មីៗនេះ លោកថា ជនជាតិវៀតណាមទាំងនោះ មានខ្លះជាជនរងគ្រោះ ហើយខ្លះទៀតគឺជា ជនប្រព្រឹត្តបទល្មើស ហើយលោកថា សមត្ថកិច្ចនឹងបន្តស្រាវជ្រាវទីតាំងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីលុបបំបាត់អំពើឆបោកតាមប្រព័ន្ធអនឡាញនេះ។
លោកថ្លែងថា៖ «ពាក់ព័ន្ធជាមួយនឹងការបណ្តញចេញនេះ ពីស្នងការបញ្ជូនទៅអន្តោប្រវេសន៍ ហើយអន្តោប្រវេសន៍គេបន្តនីតិវិធី អ៊ីចឹងក្នុងករណីនេះខ្ញុំអត់អាចបានឆ្លើយ ដោយសារវាមិនមែនក្រោមការដឹកនាំរបស់ខ្ញុំ...យើងនៅតែបន្តស្រាវជ្រាវកន្លែងណាដែលវាមានករណីនេះកើតឡើង យើងនឹងបន្តស្រាវជ្រាវ និងបន្តនីតិវិធីដើម្បីធ្វើម៉េច កុំឱ្យមានករណីនេះ កើតឡើងនៅក្នុងប្រទេសយើងបាទ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពី លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាននៅឡើយទេ។
គួរបញ្ជាក់ថា កាលពីកន្លងទៅក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) របស់ក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការបង្ក្រាបមនុស្សប្រុសស្រីជនជាតិខ្មែរ និងបរទេសប្រមាណជិត ៥០០ នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងខេត្តព្រះសីហនុរយៈពេលពីរថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី៩ដល់ ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤៕
វេទិកាបញ្ចេញមតិ