ជនជាតិឥណ្ឌាជាង ៥ពាន់នាក់ កំពុងជាប់នៅក្នុងប្រទេសកម្ពុជា ទីដែលពួកគេត្រូវបានឃុំខ្លួន និងបង្ខំឱ្យបោកបញ្ឆោតតាមអ៊ីនធឺណិតក្នុងឧក្រិដ្ឋកម្ម Cyberscam លើប្រជាជនដែលនៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមសារព័ត៌មាន The Indian Express ដែលបានយោងតាមក្រសួងទទួលបន្ទុកកិច្ចការផ្ទៃក្នុងរបស់ឥណ្ឌា។
បើតាម The Indian Express រដ្ឋាភិបាលឥណ្ឌាប៉ាន់ប្រមាណថា ជនឆបោកបានបោកលុយប្រជាពលរដ្ឋរបស់ខ្លួនក្នុងប្រទេសឥណ្ឌាសរុបប្រមាណ ១លាន ២សែនដុល្លារអាមេរិក ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។
កាលពីដើមខែនេះ ក្រសួងទទួលបន្ទុកកិច្ចការផ្ទៃក្នុងឥណ្ឌាបានបើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រជួយសង្គ្រោះជនជាតិឥណ្ឌាដែលជាប់ក្នុងប្រទេសកម្ពុជា។ នេះបើតាមអត្ថបទចុះផ្សាយនៅលើគេហទំព័រ The Indian Express ចេញផ្សាយនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ នេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាតាមសារអ៊ីម៉ែលបាននៅឡើយទេ។
កាលពីខែកុម្ភៈ ប្រេសិតស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាក៏បានជួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា ដោយមានការពិភាក្សាអំពីការបង្រ្កាបអំពើបោកបញ្ឆោតតាមអ៊ីនធឺណិតផងដែរ។
អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់វីអូអេនាថ្ងៃសុក្រនេះថាអាជ្ញាធរកំពុងតែត្រួតពិនិត្យទៅលើទិន្នន័យដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងករណីជនជាតិឥណ្ឌា ខណៈថាកន្លងទៅមិនមែនគ្រប់ករណីសុទ្ធតែជាករណីរងគ្រោះឡើយ។
ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ខ្លាំងក្លា ប្រទេសកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឱ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជនដែលភាគច្រើនជាជនបរទេស បានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ។ ក្រោយមក អាជ្ញាធរកម្ពុជាបានចុះបង្រ្កាបជាបន្តបន្ទាប់ និងបានជួយសង្រ្គោះជនរងគ្រោះបរទេស និងចាប់បានជនប្រព្រឹត្តមួយចំនួន។
កាលពីដើមឆ្នាំ ២០២៤ ស្ថានទូតថៃប្រចាំនៅកម្ពុជាក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ននៅក្នុងការមកធ្វើការនៅប្រទេសកម្ពុជា ខណៈមានជនរងគ្រោះជាជនជាតិថៃជាច្រើនត្រូវបានបង្ខំឱ្យធ្វើការនៅកន្លែងជើងកាងប្រើប្រាស់ទូរស័ព្ទ ដើម្បីបោកបញ្ឆោត ឬហៅថា Call-centre gangs។
កាលពីឆ្នាំមុន អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ក្នុងរបាយការណ៍របស់ខ្លួនលើវិស័យជួញដូរមនុស្សឱ្យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដែលបានរីកដុះដាលពាសពេញតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយប៉ាន់ប្រមាណថាសកម្មភាពឧក្រិដ្ឋកម្មជួញដូរមនុស្សនេះបានបណ្តាលឱ្យមានជនរងគ្រោះរហូតដល់ប្រមាណ ១០ម៉ឺននាក់ គ្រាន់តែនៅកម្ពុជាមួយ។
របាយការណ៍អង្គការសហប្រជាជាតិបញ្ជាក់ថា៖ «មនុស្សដែលត្រូវបានជួញដូរឱ្យប្រព្រឹត្តបទល្មើសតាមអ៊ីនធឺណិតប្រឈមនឹងការគំរាមកំហែងសិទ្ធិរស់រាន សេរីភាព និងសន្តិសុខបុគ្គល។ ពួកគេត្រូវរងការធ្វើទារុណកម្ម និងការប្រព្រឹត្តដាក់យ៉ាងឃោរឃៅ ហិង្សា និងអមនុស្សធម៌ ការឃុំខ្លួនដោយបំពាន អំពើហិង្សាផ្លូវភេទ ការបង្ខំឱ្យធ្វើការ និងការកេងប្រវ័ញ្ចពលកម្ម ក៏ដូចជាការរំលោភបំពានសិទ្ធិមនុស្សក្នុងទម្រង់ដទៃទៀត»៕
វេទិកាបញ្ចេញមតិ