ក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) របស់ក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការបង្ក្រាបមនុស្សប្រុសស្រីជនជាតិខ្មែរ និងបរទេសប្រមាណជិត៥០០នាក់ ទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងខេត្តព្រះសីហនុរយៈពេលពីរថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី៩ដល់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។
ការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) របស់ក្រសួងមហាផ្ទៃ ធ្វើឡើងតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបនៅទីតាំងចំនួនបីក្នុងនោះអតីតកាស៊ីណូ ភែរឺដាយ អាយលែន (Paradise Island) ហើយបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដូចជាចិន ថៃ វៀតណាម មីយ៉ាន់ម៉ា និងពលរដ្ឋកម្ពុជា។ ក្នុងចំណោមជនសង្ស័យដែលឃាត់ខ្លួនបាន នៅក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនោះ គឺភាគច្រើនជាជនជាតិវៀតណាម។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សុខ ផល ដែលដឹកនាំប្រតិបត្តិការបង្រ្កាបនេះ ថ្លែងនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១០ ខែមីនាថា ការចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ ធ្វើឡើងទៅតាមការណែនាំរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែលបានធ្វើឡើងកាលពីចុងខែកុម្ភៈ។
លោកបន្ថែមថា៖ «ទន្ទឹមនឹងនេះ ក៏អំពាវនាវអ្នកដែលប្រកបល្បែងស៊ីសងខុសច្បាប់បាទ ខ្ញុំសូមបញ្ជាក់គឺល្បែងស៊ីសងខុសច្បាប់ យើងមានល្បែងដែលត្រូវច្បាប់អាហ្នឹងអត់អីទេ។ Scammed Onlineនេះគឺថា សុំឱ្យស្វ័យប្រវិត្តបិទដោយខ្លួនឯង ដើម្បីរកឱកាសប្រកបរបរអីដែលបានសមស្របទាំងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅពេលខាងមុខ»។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុក៏បានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១០ មីនា ដែរថា បន្ទាប់ពីបង្ក្រាបបានករណីនេះរួច អាជ្ញាធរ និងភាគីពាក់ព័ន្ធ នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបល្បែងអនឡាញខុសច្បាប់ ឬបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះថែមទៀត។
លោកស្នើឱ្យសាធារណជនទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីផ្តល់ជាដំណឹង ប្រសិនបើមានករណីបើកទីតាំងល្បែងខុសច្បាប់ដូចដែលត្រូវបានបង្ក្រាបកាលពីពេលថ្មីៗនេះ។
ចំណែកស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា បច្ចុប្បន្នសមត្ថកិច្ចខេត្តព្រះសីហនុកំពុងចាត់វិធានការទៅលើអ្នកដែលល្មើសទាំងនោះតាមនីតិវិធីច្បាប់ ចំណែកជនបរទេសវិញកំពុងបន្តនីតិវិធីបណ្ដេញចេញពីកម្ពុជា។
លោក ស រដ្ឋា ថ្លែងថា៖ «ចំពោះជនបរទេសយើងធ្វើនីតិវិធីដើម្បីបណ្ដេញចេញ។ ជនជាតិខ្មែរអ្នកដែលពាក់ព័ន្ធជាក្បាលម៉ាស៊ីនក៏យើងផ្តទ្ទាទោសតាមហ្នឹងដែរ»។
លោកបន្ថែមថា ករណីឆបោកតាមអនឡាញ និងល្បែងស៊ីសងខុសច្បាប់នៅតែបន្តកើតមាននៅកម្ពុជា និងនៅតាមតំបន់អាស៊ី ដោយសារតែជនខិលខូចមួយចំនួនតែងធ្វើសកម្មភាពល្មើសលួចលាក់នៅតាមបន្ទប់ស្នាក់នៅរបស់ខ្លួន។
ជាផ្នែកមួយនៃការទប់ស្កាត់មិនឱ្យមានអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ អាជ្ញាធរកម្ពុជាធ្លាប់បានចុះបង្រ្កាបករណីឆបោក ទៅតាមទីតាំង និងអគារដែលជួល នៅក្នុងខេត្តព្រះសីហនុ និងតាមតំបន់ព្រំដែនមួយចំនួន។ នគរបាលកម្ពុជាក៏បើកឱ្យពលរដ្ឋអាចដាក់ពាក្យបណ្តឹងប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយការដាក់ពាក្យបណ្តឹងនោះធ្វើទៅតាមបណ្តាញអ៊ីនធឺណិត។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ថា ការបង្ក្រាបចុងក្រោយនេះបានរួមចំណែកដល់ការលុបបំបាត់បទល្មើសតាមប្រព័ន្ធបចេ្ចកវិទ្យា។ លោកថា អាជ្ញាធរមានសមត្ថកិច្ចត្រូវបង្កើនការខិតខំថែមទៀត ដើម្បីឱ្យប្រទេសកម្ពុជាលែងក្លាយជាទីតាំងនៃការធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
លោក យង់ គិមអេង ថ្លែងថា៖ «ការបង្រ្កាបរបស់អាជ្ញាធរនេះគឺវាមានសារៈសំខាន់ ហើយប្រសិនបើអាជ្ញាធរបង្រ្កាបអត់បានទេ ហើយយើងមិនអាចទប់ស្កាត់ល្បែងអនឡាញទេ គឺនឹងធ្វើឱ្យមានការប៉ះពាល់ទៅដល់កិត្តិយសរបស់កម្ពុជា ជាពិសេសឱកាសវិនិយោគកម្ពុជាយើងដែរ»។
លោកបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោក ព្រមទាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ហើយអាជ្ញាធរគួរតែផ្សព្វផ្សាយ អប់រំដល់ពលរដ្ឋឱ្យបានទូលំទូលាយចៀសវាងចាញ់បោកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
វេទិកាបញ្ចេញមតិ