ការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងអនឡាញខុសច្បាប់តាមបណ្តាញហ្វេសប៊ុក ប្រព័ន្ធតេឡេក្រាមនិងបណ្តាញសង្គមយូធូបនៅតែមានក្នុងប្រទេសកម្ពុជា ខណៈអាជ្ញាធរសមត្ថកិច្ចកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្រ្កាប។ នេះបើតាមសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានបង្ហោះសារកាលពីថ្ងៃ ១១ ខែមីនា អង្គភាពបានពិនិត្យនិងរកឃើញមានការផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញចំនួន ២៣ ដោយភ្ជាប់រូបភាពមកជាមួយ ដែលទាំងនោះជាសកម្មភាពល្មើសច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថា ការផ្សព្វផ្សាយទាំងនេះ«បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថា៖ «ករណីនេះ អាជ្ញាធរមានសមត្ថកិច្ច និងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការការបង្រ្កាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់»។
បើតាមសារបង្ហោះនោះ ការផ្សព្វផ្សាយល្បែងខុសច្បាប់ មានដូចជា Naga VIP02, Fafa855 Kh, Naga KH02, Macau888 Vip002, Cambo88 VIP 01, បាល់ទាត់ ibet789, ផ្សងសំណាងមហាសំណាង និង Lotto4k5Gជាដើម។
គួរបញ្ជាក់ថា កាលពីកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យផ្អាករាល់ការផ្តល់អាជ្ញាបណ្ណក្នុងការបើកល្បែងផ្សងសំណាងនានាក្នុងតំបន់មូលដ្ឋាន ក៏ដូចជាណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជាចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងផ្សេងៗនៅទូទាំងប្រទេស៕
វេទិកាបញ្ចេញមតិ