រដ្ឋសភាកម្ពុជាបានប្រកាសជ្រើសរើសសមាជិកនៃថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប ដែលមានសមាជិកចំនួន៩រូប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការប្រកាសជ្រើសរើសនេះ ក្រោយរដ្ឋសភាមានគណបក្សហ៊្វុនស៊ិនប៉ិច ក្រៅពីគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈ។
សេចក្តីជូនដំណឹងរបស់រដ្ឋសភាបញ្ជាក់ថា៖ «គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧នឹងធ្វើការជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុលោមតាមមាត្រា៥ និងមាត្រា៦នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
កាលបរិច្ឆេទឈប់ទទួលពាក្យរហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើតាមរដ្ឋធម្មនុញ្ញកម្ពុជា គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា គឺជាអ្នកចូលរួមបង្កើតក្បាលម៉ាស៊ីនដឹកនាំស្ថាប័នរៀបចំការបោះឆ្នោត ដែលមាន៩ រូប។ ច្បាប់នេះត្រូវបានកំណត់ កាលពីប្រមាណ១០ ឆ្នាំមុន តាមការឯកភាពរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ។
លោក ញឿន រ៉ាដែន សមាជិករដ្ឋសភា និងជាអ្នកនាំពាក្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រាប់វីអូអេថា គណបក្សបានត្រៀមបេក្ខជនរួចរាល់ហើយ ប៉ុន្តែរង់ចាំការជជែកជាមួយគណបក្សប្រជាជនកម្ពុជា ទៅតាមនីតិវិធីដែលមាន។
ចំពោះសមាសភាព៩រូបនៃ គ.ជ.ប គឺ៤រូប ត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល ដែលបច្ចុប្បន្ន គឺគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះ១២០ អាសនៈ និង៤ រូបត្រូវជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមជាមួយរដ្ឋាភិបាល គឺគណបក្សហ៊្វុនស៊ិនប៉ិច ដែលឈ្នះ៥អាសនៈ និង១រូបទៀតត្រូវជ្រើសរើសដោយការព្រមព្រៀងរវាងគណបក្សទាំងពីរ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៣ ពោលគឺនៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានស្នើឱ្យមានការជ្រើសរើសសមាជិក គ.ជ.ប ថ្មី ដោយជ្រើសរើសអ្នកឯករាជ្យ ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងគោលដៅធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដែលអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ និងពីម្ចាស់ឆ្នោត៕