ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ថា​រដ្ឋាភិបាល​ប្តេជ្ញា​គោរព​សិទ្ធិ​មនុស្ស​និង​អនុវត្ត​លទ្ធិប្រជាធិប​តេយ្យ​សេរី​ពហុបក្ស


លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើរថយន្ត ពិនិត្យមន្ត្រីរាជការក្នុងជួររដ្ឋាភិបាល ក្នុងឱកាសបុណ្យឯករាជ្យជាតិលើកទី៧០ នៅរាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើរថយន្ត ពិនិត្យមន្ត្រីរាជការក្នុងជួររដ្ឋាភិបាល ក្នុងឱកាសបុណ្យឯករាជ្យជាតិលើកទី៧០ នៅរាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​ប្តេជ្ញា​ការពារ​សន្តិភាព ឯករាជ្យជាតិ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ប្រកប​ដោយ​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក​នាយក​រដ្ឋមន្រ្តី​ថ្លែង​បែប​នេះ​ក្នុង​ទិវា​ខួប​លើក​ទី​៧០​នៃ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ដែល​កម្ពុជា​ទទួល​បាន​ពី​បារាំង​កាល​ពី​ឆ្នាំ​១៩៥៣។

នៅ​ចំពោះ​មុខ​ព្រះភ័ក្រ្ត​របស់​ព្រះមហាក្សត្រ​ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​កម្ពុជា​នឹង​«រួម​គ្នា​ជា​ធ្លុង​មួយ» ដើម្បី​បន្ត​ការពារ​ឯករាជ្យ​ភាព អធិប​តេយ្យភាព ទឹកដី សន្តិភាព ព្រះ​មហាក្សត្រ និង​រដ្ឋធម្មនុញ្ញ។ លោក​បន្ថែម​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​បន្ត​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «ទីមួយ​ការពារ​សន្តិភាព ការពារ​ឯក​រាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​ការពារ​រាល់​សមិទ្ធផល​នៃ​សង្គម​ជាតិ​ឱ្យបាន​គង់​វង្សស្ថិតស្ថិរ។ ទីពីរ​កសាង​ព្រះ​រាជាណាចក្រ​កម្ពុជាជា​រដ្ឋ​ប្រជាធិបតេយ្យ សេរីពហុបក្ស​ដ៏​ជឿន​លឿន និង​រឹងមាំ ដោយ​ផ្អែក​លើ​ច្បាប់ មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ប្រកប​ដោយ​ចីរភាព និង​សមធម៌ ប្រជាជន​មានជីវភាព​សម្បូរ​សប្បាយ រស់​នៅ​សុខ​ដុម​រមនា ប្រកប​ដោយ​កិត្តិយស សេចក្តី​ថ្លៃ​ថ្នូរ និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស»។

លោក ហ៊ុន ម៉ាណែត ក៏​បាន​អះអាង​ថា​រដ្ឋាភិបាល​របស់​លោក​នឹងបន្ត​អនុវត្ត​នយោបាយ​ការ​បរទេស​ឯករាជ្យ ផ្អែក​លើ​ច្បាប់។

ព្រះមហាក្សត្រ​ព្រះ​បាទ​នរោត្តម​សីហមុនី​ក៏​មាន​ព្រះរាជ​បន្ទូល​ក្នុង​ពិធី​នោះ​ថា​កម្ពុជា​រួបរួម​ជា​ធ្លុង​មួយ​ដែល​ស្ថិត​ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​រដ្ឋ​ ដើម្បី​ចូល​រូម​ចំណែក​ការពារ និង​កសាង​មាតុ​ភូមិ​លើ​គ្រប់​វិស័យ។

ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា៖ «រយៈ​ពេល​កន្លង​មក​នេះ មាតុ​ភូមិ​កម្ពុជា និង​ប្រជា​ពលរដ្ឋ​យើង​ មាន​ការ​ប្រែ​ប្រួល​មុខ​មាត់​ថ្មី​គួរ​ឱ្យ​កោត​សរសើរ។ សម្តេច​មហា​បវរ​ធីបតី ហ៊ុន ម៉ាណែត ជា​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​ដ៏​ឆ្លាត​វៃ បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី១ និង​គោល​នយោបាយ​ដ៏​ត្រឹម​ត្រូវ ក្នុង​ការ​ប្រតិបត្តិ​តាម​មាគ៌ា​ដ៏​ល្អ​ប្រពៃ និង​មរតក​នយោបាយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​មហា​សនាបតី​តេជោ ហ៊ុន សែន បាន​នាំ​មក​នូវ​សុខ​សន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ មាន​កិត្យា​នុ​ភាព​ជាតិ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរ​ជាតិ ។ យើង​កំពុង​តែ​សប្បាយ​រីករាយ និង​ទទួល​ផល​ជា​វិជ្ជ​មាន​ដែល​ផ្តើម​ចេញ​ពី​កម្លាំង​កសាង និង​ការពារ​ជាតិ មាតុ​ភូមិ ប្រកប​ដោយ​សុខ​ដុម​រមនា​របស់​ជន​រួម​ជាតិ​យើង»។

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​៣​ទៀត​ដែល​ជា​សម្ពន្ធភាព​របស់​ខ្លួន គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែ​ទម្រង់​កម្ពុជា ក៏​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ការ​ទាមទារ​និង​ការ​ថែ​រក្សា​ការពារ​ឯករាជ្យ​ជាតិ​ពិត​ប្រាកដ​ទៅ​បាន គឺ​«អាស្រ័យ​លើ​ស្មារតី​នៃ​ការ​រួបរួម និង​ឯកភាព​ជាតិ»។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន​ លោក គឹមសួរ ភីរិទ្ធ ប្រាប់​វីអូអេ​ថា លោក​គាំទ្រ​ចំពោះ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ចំពោះ​ការ​បេ្តជ្ញា​ចិត្ត​រក្សា​សន្តិភាព និង​ការ​គោរព​លទ្ធិ​ប្រជា​ធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក​ថា​រដ្ឋា​ភិបាល​គួរ​មាន​ការ​ផ្តល់​សន្តិភាព​មួយ​ដែល​មាន​យុត្តិធម៌ និង​មិន​រើស​អើង​ដល់​ប្រជា​ពលរដ្ឋ នោះ​ទើប​ជា​សន្តិភាព​ប្រាកដ និង​ពេញ​លេញ។

លោក​ថ្លែង​ថា៖ «ក៏​ប៉ុន្តែ​ខ្ញុំ​មាន​សំណូម​ពរ​បន្ថែម​ថា​សូម​ឱ្យ​សម្តេច​មេត្តា​ផ្តល់​នូវ​ភាព​យុត្តិធម៌​ស្មើ​ភាព​គ្នា​នៅ​ក្នុង​សង្គម​ ដើម្បី​ធានា​បាន​ថា​សន្តិភាព​ហ្នឹង​ជា​សន្តិភាព​មួយ​ដែល​ពេញ​លេញ​ សន្តិភាព​ដែល​ប្រកប​ទៅ​ដោយ​ភាព​យុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ​ដោយ​មិន​មាន​ការ​រើស​អើង»។

បើ​តាម​លោក គឹម​សួរ ភីរិទ្ធ លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សេរី​ពហុ​បក្ស​នៅ​កម្ពុជា​ហាក់​មិន​ទាន់​មាន​ភាព​ពេញ​លេញ​នៅ​ឡើយ ដោយ​សារ​តែ​មាន​ការ​រាំង​ខ្ទប់​គណ​បក្ស​ជំទាស់​ដែល​មាន​សក្តានុពល​មួយ​គឺ​គណ​បក្ស​ភ្លើង​ទៀន មិន​ឱ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពីខែ​កក្កដា ឆ្នាំ២០២៣។ លោក​បញ្ជាក់​ថា​ការណ៍​នេះ​បាន​បង្ហាញ​ពី​ការ​រើស​អើង និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​នយោ​បាយ​ដែល​មាន​ស្រប​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ ស៊ឹង សែនករុណា យល់​ថា​ការ​បេ្តជ្ញា​ចិត្ត​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស និង​គោល​ការណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​ជា​រឿង​ដែល​ល្អ​ប្រសើរ​ ដោយ​សារ​តែ​កន្លង​មក​ស្ថាន​ភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​តែង​កើត​មាន​ជា​រឿយៗ និង​មាន​ការ​ច្រាន​ចោល​ពី​រដ្ឋាភិបាល បើ​ទោះ​បី​ជា​មាន​ការ​រក​ឃើញ​ពី​អង្គការ​សហ​ប្រជា​ជាតិ និង​អង្គការ​អន្តរ​ជាតិ​ដទៃ​ទៀត​ក្តី។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ចំពោះ​ចំណាត់​ការ​ដោះ​ស្រាយ​ពាក់​ព័ន្ធ​នឹង​ស្ថាន​ភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ស្ថាន​ភាព​លទ្ធិ​ប្រជា​ធិបតេយ្យ​នា​ពេល​កន្លង​មក​ ជាពិសេស​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ​គឺ​យើង​ឃើញ​ហើយ​មាន​ការ​រឹត​ត្បិត​ទៅ​លើ​ទៅ​គណ​បក្ស​នយោបាយ​ដែល​ប្រកួត​ប្រជែង ទៅ​លើ​សកម្ម​ជន​នយោបាយ​ មាន​ការ​ចោទ​ប្រកាន់​ចាប់​ចង​តាម​ផ្លូវ​តុលាការ​ មាន​ការ​ប្រើ​ប្រាស់​នូវ​អំពើ​ហិង្សា មាន​ការ​គំរាម​កំហែង រហូត​ដល់​អ្នក​ខ្លះ​គាត់​មិន​អាច​នៅ​ក្នុង​ប្រទេស​បាន​អី​ជាដើម»។

លោក ស៊ឹង សែន​កុរណា បន្ថែម​ទៀត​ថាប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ក្នុង​ប្រទេស​មែន គួរ​តែ​មាន​ការ​បើក​លំហ និង​សេរី​ភាព​ពេញ​លេញ​ ក៏​ដូច​ជា​ការ​កែ​តម្រូវ​ប្រព័ន្ធ​បោះ​ឆ្នោត ដើម្បី​ឱ្យ​មាន​ការ​ទុក​ចិត្ត​ពី​សំណាក់​ប្រជា​ពលរដ្ឋ៕

XS
SM
MD
LG