ស្របពេលរដ្ឋាភិបាលបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង អ្នកតាមដានស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមផ្ទាំងពាណិជ្ជកម្មប៉ាណូតូចធំនៅតាមទីសាធារណៈ និងតាមដងផ្លូវនានា ក៏ដូចជាតាមកញ្ចក់ទូរទស្សន៍ ដើម្បីកុំឱ្យរូបភាពផលិតផលគ្រឿងស្រវឹងទាំងនោះ ដិតដាមក្នុងអារម្មណ៍របស់យុវជន និងកុមារ។
ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) មានភារកិច្ច ដឹកនាំជាយុទ្ធសាស្ត្រ តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងកំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងការធានាបានកិច្ចការពារអ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត។ នេះបើតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១២ ខែមេសាឆ្នាំ២០២៤។
បើតាមសេចក្តីសម្រេចដដែលនោះ ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) ក៏មានភារកិច្ច រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ថាការបង្កើតក្រុមការងារថ្មីនេះ គឺជាការវិវឌ្ឍមួយផ្នែក នៅក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ។
លោកប្រាប់វីអូអេថា៖ «ការផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូនៅតាមទីសាធារណៈ និងតាមកញ្ចក់ទូរទស្សន៍ផ្សេងៗ ខ្ញុំគិតថា គួរតែមានការហាមឃាត់ មិនគួរឱ្យមានទេ ព្រោះការផ្សាយតាមផ្ទាំងប៉ាណូនេះ វាអាចមានផលប៉ះពាល់ទៅដល់យុវជន ទៅដល់យុវវ័យ កុមារជាច្រើន ដែលកំពុងតែដើរទៅរៀន ដែលកំពុងតែធ្វើដំណើរតាមដងផ្លូវផ្សេងៗ ធ្វើឱ្យគាត់អាចហ្នឹងដិតដាមអារម្មណ៍យកគំរូតាមទៅថ្ងៃអនាគត»។
បើតាមលោក យង់ គិមអេង ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលើផ្ទាំងប៉ាណូនៅតាមដងផ្លូវ ផ្ដល់ផលប៉ះពាល់ដល់សង្គម ជាពិសេសក្នុងចំណោមយុវជន ព្រោះរូបភាពទាំងនោះ ជាការជំរុញលើកទឹកចិត្តយុវជនឱ្យប្រើប្រាស់គ្រឿងស្រវឹង ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ និងឧបទ្ទវហេតុផ្សេងៗទៀត។
លោកទទូចឱ្យរដ្ឋាភិបាលពន្លឿនការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី «ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង» ឱ្យចេញជារូបរាងឱ្យបានបានឆាប់ និងគួរបង្កើនការយកពន្ធបន្ថែមលើគ្រឿងស្រវឹងពី១០ទៅ១៥% ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងដែលកំពុងក្លាយជាវិបត្តិមួយក្នុងសង្គមកម្ពុជា។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី យល់ថាការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ជាកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការយកចិត្តទុក្ខដាក់លើសុខភាពប្រជាពលរដ្ឋ និងការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនៅទូទាំងប្រទេស។
លោកបន្ថែមថា៖ «ក្នុងមួយពេលត្រូវការផឹកប៉ុន្មានដង ផឹកប៉ុន្មានកែវ? អ៊ីចឹងត្រូវមានការកំណត់កន្លែងហ្នឹងទៀត។ ខ្ញុំឃើញថាបងប្អូនយើង អត់យល់ ឱ្យតែស្រាឆ្ងាញ់ គាត់លែង១ដបម្នាក់ឯងអី អាហ្នឹងហើយងាប់»។
ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលទើបតែត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលអាណត្តិទី៧នេះ មានរដ្ឋមន្ត្រីក្រសួងព័ត៌មានគឺលោក នេត្រ ភក្ត្រា ជាប្រធាន និងរដ្ឋមន្ត្រី៣រូបផ្សេងទៀតជាអនុប្រធាន ដូចជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវតន៍។ ក្រុមការងារនេះក៏មានសមាសភាពរដ្ឋលេខាធិការមកពីក្រសួងស្ថាប័នពាក់ព័ន្ធចំនួនទៀត ជាសមាជិក។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ ប្រាប់វីអូអេថា កិច្ចការងារសំខាន់ៗរបស់ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងមានច្រើន ដូចជាការពិនិត្យមើលលើវឌ្ឍនភាពការងារកន្លងមកដែលពាក់ព័ន្ធនឹងការអនុវត្តសារាចរណែនាំ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀតទាក់ទងនឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងបន្តពង្រឹងការផ្សព្វផ្សាយអំពីការគ្រោះថ្នាក់ដែលអាចកើតចេញពីការសេពគ្រឿងស្រវឹងឱ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះក៏អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការ ដើម្បីធ្វើឱ្យការអនុវត្តការងារពាក់ព័ន្ធនឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងមានប្រសិទ្ធភាពផងដែរ។
លោកថ្លែងថា៖ «ក្រសួងព័ត៌មានសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមសហការប្រកបដោយប្រសិទ្ធភាពដើម្បីជំរុញការអនុវត្តរាល់សារាចរ ក៏ដូចជាសេចក្តីណែនាំផ្សេងៗដែលក្រសួងព័ត៌មានដាក់ចេញនាពេលកន្លងទៅ។ ហើយធ្វើយ៉ាងណាចូលរួមចំណែកក្នុងការផ្សព្វផ្សាយអំពីផលវិបាកដែលអាចកើតមានឡើងចេញពីការសេពគ្រឿងស្រវឹង និងភាពចាំបាច់ក្នុងការទប់ស្កាត់ ក៏ដូចជាការកាត់បន្ថយផលវិបាកដែលអាចកើតមានឡើង។ ហើយត្រូវបង្កើនកិច្ចសហការនៅក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងឱ្យមានប្រសិទ្ធភាពតាមរយៈទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ សាទរចំពោះការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ព្រោះក្រុមការងារនេះនឹងរួមចំណែកដល់ការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើការផ្សព្វផ្សាយពាណិជ្ជកម្មអំពីគ្រឿងស្រវឹង និងការកំណត់ទីតាំងដែលអាចដាក់ផ្ទាំងប៉ាណូដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងតាមបណ្តាខេត្តរបស់ប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ទីតាំងដែលមានទីប្រជុំជនច្រើន ហើយយើងឃើញមានស្លាកសញ្ញាច្រើន គឺវាអាចហ្នឹងបង្ហាញថាប្រទេសយើងពោរពេញទៅដោយការប្រើប្រាស់គ្រឿងស្រវឹង ដូច្នេះខ្ញុំជឿថាគណៈកម្មការនេះ នឹងរួមចំណែកនៅក្នុងសង្គមយើង ក្នុងការកាត់បន្ថយនូវ ឬក៏ឈានទៅលុបបំបាត់ទាំងស្រុងនូវការផ្សព្វផ្សាយដែលមិនបានល្អ»។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីតំណាងក្រុមហ៊ុនស្រាបៀរមួយចំនួនដូចជាក្រុមហ៊ុនស្រាបៀរ Ganzberg ក្រុមហ៊ុនខ្មែរ ប៊ែវឺរីជីស (Khmer Beverages) ដែលផលិតស្រាបៀរកម្ពុជា ក្រុមហ៊ុនវឌ្ឍនៈដែលផលិតស្រាបៀរវឌ្ឍនៈនិងគ្រុឌ និងក្រុមហ៊ុនផលិតស្រាបៀរហនុមាន ប៉ុន្តែមិនទាន់អាចទាក់ទងបាននៅឡើយទេ។ អ្នកលើកទូរសព្ទម្នាក់នៅក្រុមហ៊ុនស្រាបៀរGanzbergនៅកម្ពុជាបដិសេធមិនផ្តល់ការអត្ថាធិប្បាយភ្លាមៗនៅថ្ងៃអង្គារនេះ។
កាលពីចុងឆ្នាំ២០២៣ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បានបង្ហាញការស្រាវជ្រាវរបស់ខ្លួនមួយ ដោយបញ្ជាក់ថា ប្រជាពលរដ្ឋ៩៨,៧% ដែលឆ្លើយក្នុងការស្ទង់មតិមួយបានបង្ហាញការមិនពេញចិត្តចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូលើដងផ្លូវ និងតាមបណ្ដាញសង្គម និងស្នើឱ្យមានការលុបបំបាត់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង៕
វេទិកាបញ្ចេញមតិ