មន្ទីរការងារដែលទទួលបន្ទុកចុះស៊ើបអង្កេតករណីស្លាប់កម្មករធ្វើការនៅចម្ការចេកមួយ ក្នុងខេត្តរតនគិរី បានឲ្យដឹងថា មនុស្ស១០នាក់ រួមមានកម្មករ៥នាក់ បានស្លាប់ ដោយសារពុលស្រា។
នេះជាករណីពុលស្រា ដែលមានកម្មករជាជនរងគ្រោះស្លាប់៥នាក់ ដែលធ្វើការនៅក្រុមហ៊ុនដាំចេកឈ្មោះហ័ង អាញ អណ្តូងមាស មានទីតាំងស្ថិតក្នុងឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី។
មន្ទីរការងារបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃចន្ទនេះថា កាលពីថ្ងៃទី២៨ ខែមិថុនា មន្រ្តីជំនាញបានចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវរកមូលហេតុ ដោយសហការជាមួយសមត្ថកិច្ច និងមន្ត្រីសុខាភិបាល។
មន្ទីរការងារបញ្ជាក់ថា៖ «យោងតាមលទ្ធផលជាផ្លូវការ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានបញ្ជាក់ដោយអង្គភាពជំនាញសុខាភិបាលថា ករណីដែលបានកើតឡើងជាបន្តបន្ទាប់ខាងលើ គឺជាករណីពុលស្រា ដែលត្រូវបានដាក់លក់នៅទីតាំងក្បែរក្រុមហ៊ុន»។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៣ មានករណីពុលស្រាសក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបណ្តាលឲ្យអ្នកភូមិម្នាក់ស្លាប់ និង២៧នាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕