ភ្នំពេញ — លោក លី គឿង និងភរិយា បានជម្នះនឹងក្តីព្រួយបារម្ភពីសន្តិសុខនៃស្ថានភាពរស់នៅរបស់កូនស្រីពៅ វ័យ ២០ឆ្នាំរបស់លោក នៅពេលនាងបានសម្រេចចិត្តចាកចេញពីស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ ដើម្បីរកប្រាក់កម្រៃមកជួយផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃក្នុងគ្រួសារ។
ក៏ប៉ុន្តែគ្រួសារលោក លី គឿង បានប្រឈមនឹងសោកនាដកម្មមួយ គ្រាដែលកញ្ញា សាន ផល្លី ដែលជាកូនស្រីពៅរបស់លោក លី គឿង និងមនុស្សបីនាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតកាលពីយប់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ ដោយសារហេតុការណ៍បុករះដែលបង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹង នៅបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ ដែលជារាជធានីសម្បូរទៅដោយភ្លើងពណ៌របស់កម្ពុជា។
«មិនដឹងរកអីធៀបបានទេ កូនយើងទាំងមូល។ ដល់នឹកឃើញដល់កូន ចេះតែស្រក់ទឹកភ្នែក។ យើងស្តាយ វាស្រស់ៗពេក។ ទើបលាចេញបានបីថ្ងៃ ទៅជាអ៊ីចឹងបណ្តោយ»។
កំពុងអង្គុយនៅខាងមុខផ្ទះដែលទើបសាររោងបុណ្យសព ៧ថ្ងៃ កូនស្រីពៅរបស់លោករួច លោក លី គឿង បានលើកឡើងថា គ្រោះថ្នាក់នេះនឹងមិនអាចកើតឡើងបាននោះទេ ប្រសិនបើអ្នកបើកបរមិនស្រវឹងនោះ។
និយាយទាំងមានទឹកភ្នែករលីងរលោងផង លោក លី គឿង ថា៖
«បើអត់ស្រវឹងមាននរណាបុក បើកូនខ្ញុំដើរលើចិញ្ចើមថ្នល់លើ ខាងការ៉ូឡាលើ។ មនុស្សមិនអាចគ្រោះថ្នាក់បានទេ។ ដោយសារគាត់ស្រវឹង គាត់បើកបរស្រវឹងបាត់ស្មារតី ខ្វះការប្រុងប្រយ័ត្ន បានរាលដាលគ្រោះថ្នាក់អ្នកដទៃ។បើគាត់មិនស្រវឹងក៏មិនអាចបង្កហេតុបានទេ»។
នៅកម្ពុជាមានអ្នករងរបួសជិត ១៣,៧០០ នាក់ និងជាង ២,០០០ នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍ដ៏ស៊ីជម្រៅមួយស្តីពី «គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា» របស់អង្គការ UNDP ប្រចាំកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១។
តួលេខនេះបង្ហាញថា ជាមធ្យមមនុស្ស ៥,៤ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ។ របាយការណ៍ដដែលបន្ថែមថា មានកត្តាបួនធំៗដែលទាក់ទងនឹងការបាត់បង់អាយុជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយកត្តាមួយក្នុងនោះ គឺការប្រើប្រាស់គ្រឿងស្រវឹង។
ពាណិជ្ជកម្មគ្រឿងស្រវឹងដ៏ច្រើនឥតឧបមា
កាលពីមុន ប្រជាជនកម្ពុជាភាគច្រើនទទួលទានគ្រឿងស្រវឹងតែក្នុងឱកាសពិសេសៗ ដូចជាបុណ្យចូលឆ្នាំថ្មី ពិធីជប់លៀង ឬពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះ ការពិសារគ្រឿងស្រវឹងបានក្លាយទៅជាទម្លាប់សម្រាប់ការជួបជុំជាមួយមិត្តភក្តិ សាច់ញាតិ និងព្រឹត្តិការណ៍សង្គមផ្សេងៗនិងមួយចំនួនធំជាទម្លាប់ប្រចាំថ្ងៃផងដែរ។ នេះបើរបាយការណ៍នានាដែលស្រាវជ្រាវអំពីផលប៉ះពាល់នៃគ្រឿងស្រវឹងនៅកម្ពុជា។
នៅកម្ពុជា គ្រឿងស្រវឹងត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតតាមកញ្ចក់ទូរទស្សន៍ កាសែត ទស្សនាវដ្តី ផ្ទាំងផ្សាយពាណិជ្ជកម្មធំៗតាមដងផ្លូវ និងតាមទីកន្លែងសាធារណៈនានា នៅទូទាំងប្រទេស។
ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងមួយចំនួនតែងភ្ជាប់ជាមួយនឹងសារដែលជំរុញឱ្យចង់ពិសារ។ សារខ្លះ មានសរសើរពីគុណសម្បត្តិរបស់ស្រា ឬស្រាបៀរ ថាមានរសជាតិឆ្ងាញ់ គេងលក់ស្រួល និងមានសារខ្លះថាជាមោទនភាពជាតិក៏មាន។ បន្ថែមលើនេះ ក្រុមហ៊ុនស្រាបៀរខ្លះមានកម្មវិធីផ្តល់ជារង្វាន់លើកទឹកចិត្តដល់អ្នកទិញ និងអ្នកពិសារ ដូចជាពិសារស្រាបៀរឈ្នះរង្វាន់ម៉ូតូ ឡាន និងការឈ្នះជាសាច់ប្រាក់ ព្រមទាំងរង្វាន់ដែលទទួលបានស្រាបៀរបន្ថែមជាដើម។
ក៏ប៉ុន្តែនៅពីក្រោយការផ្សាយពាណិជ្ជកម្ម និងរង្វាន់ដ៏គគ្រឹកគគ្រេងទាំងនោះ វិបត្តិមួយកំពុងកើតមានឡើងដែលមិនអាចមើលរំលងបាននោះ គឺអត្រាខ្ពស់នៃករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ហើយនិងជំងឺរ៊ាំរ៉ៃធ្ងន់ធ្ងរប្រចាំកាយផ្សេងៗ។ មន្ត្រីសាធារណៈកម្ពុជាបានលើកឡើងថា វាជារឿងពិតដែលថា ការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងអត្រាខ្ពស់នៃការប្រើប្រាស់គ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា។
ហើយកិច្ចប្រឹងប្រែងនានារបស់កម្ពុជាដើម្បីទប់ស្កាត់លើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដ៏លើសលុបក្នុងរយៈពេលជាច្រើនមកនេះ បានផ្តល់លទ្ធផលតិចតួចតែប៉ុណ្ណោះ ទោះបីជាសេចក្តីព្រាងច្បាប់មួយត្រូវបានបង្កើតឡើង មួយផ្នែកក្នុងគោលបំណងចាត់វិធានការមួយចំនួនលើការផ្សាយពាណិជ្ជកម្ម និងការគ្រប់គ្រងការលក់គ្រឿងស្រវឹងក្តី។ សេចក្តីព្រាង «ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង» ដែលមានចំនួន ១៧ ទំព័រ ត្រូវបាននិងកំពុងបន្តពិភាក្សាអស់រយៈពេលជាង ៥ ឆ្នាំមកហើយ។
គួរឲ្យកត់សម្គាល់ផងដែរថា ក្រុមហ៊ុនគ្រឿងស្រវឹងដែលចំណាយទឹកប្រាក់រាប់លានដុល្លារលើយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងរបស់ខ្លួន ភាគច្រើនគ្រប់គ្រងដោយក្រុមឧកញ៉ាដ៏មានឥទ្ធិពលមួយចំនួននៅកម្ពុជា។ នេះបើយោងតាមការកត់សម្គាល់ក្នុងរបាយការណ៍មួយរបស់មូលនិធិអាស៊ី (Asia Foundation) ចេញផ្សាយកាលពីឆ្នាំ ២០១៦។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនគ្រឿងស្រវឹងបានចំណាយថវិការាប់លានដុល្លារទៅលើការផ្សាយពាណិជ្ជកម្ម ដើម្បីទាក់ទាញទីផ្សារ និងជំរុញឲ្យមានការលក់បានកាន់តែច្រើន។
«បើតាមការស្រាវជ្រាវនានារបស់អង្គការសុខភាពពិភពលោក ក៏ដូចជាស្ថាប័នធំៗលើពិភពលោកបានបញ្ជាក់ច្បាស់ថា ការផ្សាយពាណិជ្ជកម្មនេះហើយ គឺជាដើមហេតុដែលនាំឲ្យប្រជាពលរដ្ឋហ្នឹងសេពគ្រឿងស្រវឹង។ ពីព្រោះថាក្នុងមួយឆ្នាំៗ ក្រុមហ៊ុនគ្រឿងស្រវឹងបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់លើការផ្សាយពាណិជ្ជកម្មនេះ។ បើសិនជាមិនមានឥទ្ធិពលខ្លាំងក្លាសម្រាប់ទាក់ទាញឲ្យមានការប្រើប្រាស់ទេនោះ ក្រុមហ៊ុនទាំងនោះនឹងមិនចំណាយលុយច្រើនគគ្រឹងគគ្រេងបែបហ្នឹងទេ»។
លោកវេជ្ជបណ្ឌិតបានថ្លែងបន្ថែមថា កម្មវិធីផ្តល់ជារង្វាន់របស់ក្រុមហ៊ុនគ្រឿងស្រវឹង ក៏ជាយុទ្ធសាស្រ្តទាក់ទាញធ្វើឲ្យប្រជាពលរដ្ឋផឹកកាន់តែច្រើនផងដែរ។
«មិនត្រឹមតែសម្រាប់ការសេពគ្រឿងស្រវឹងទេ ប៉ុន្តែធ្វើឲ្យអ្នកដែលសេពគ្រឿងស្រវឹងហ្នឹង សេពលើសធម្មតា ពីព្រោះដើម្បីតាមរង្វាន់ហ្នឹង។ ឧទាហរណ៍ថា នៅពេលគាស់កំប៉ុងមកត្រូវគ្រឿងស្រវឹងបន្ថែមទៀត អ៊ីចឹងយកទៅណា មិនយកទៅផឹក។ កាលណាផឹកកាន់តែច្រើន គ្រោះថ្នាក់ក៏កាន់តែច្រើននៅពេលនោះ»។
ការខាតបង់សេដ្ឋកិច្ចសុខភាពសាធារណៈនិងសង្គមជាតិ
ការប្រើប្រាស់គ្រឿងស្រវឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមកម្ពុជា និងបណ្តាលឲ្យមានជំងឺធំៗជាង ៦០ ប្រភេទ ក្នុងនោះរួមមានជំងឺសរសៃឈាមបេះដូង ក្រិនថ្លើម ថ្លើម មហារីក និងជំងឺកាមរោគ រួមទាំងមេរោគអេដស៍/ជំងឺអេដស៍ និងការស្លាប់ និងរបួសដោយអចេតនាជាច្រើនករណីជាពិសេសពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមរបាយការណ៍មួយរបស់មូលនិធិអាស៊ី ស្តីពី«ឧស្សាហកម្មគ្រឿងស្រវឹងកម្ពុជា» ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០១៦។
របាយការណ៍របស់មូលនិធិអាស៊ីបានកត់សម្គាល់ថា បុរសកម្ពុជាកំពុងផឹកស្រាដែលមានជាតិអាល់កុលសុទ្ធចំនួន ៩.៧ លីត្រក្នុងមួយឆ្នាំ ដែលចំនួននេះលើសពីកម្រិតមធ្យមនៃការប្រើប្រាស់គ្រឿងស្រវឹងប្រចាំឆ្នាំក្នុងមនុស្សម្នាក់ៗរបស់ពិភពលោកដល់ទៅ ៣.៥ លីត្រ។ ហើយមូលហេតុដែលប្រជាពលរដ្ឋកម្ពុជាពិសារគ្រឿងស្រវឹងច្រើន គឺដោយសារវាមានតម្លៃថោក មិនមានការរឹតត្បិតលើការផ្សាយពាណិជ្ជកម្មនិងមិនមានច្បាប់សម្រាប់គ្រប់គ្រងគ្រឿងស្រវឹងជាដើម។
នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ ថ្លែងថា៖
«បណ្តាលឲ្យប្រជាពលរដ្ឋឈឺ នៅពេលដែលសេពគ្រឿងស្រវឹង។ អ្នកខ្លះទៅត្រូវការរយៈពេលយូរទើបគាត់ចាប់ផ្តើមមានជំងឺ។ អ្នកខ្លះទៅគាត់ផឹកបន្តិចបន្តួច។ គាត់ចាប់ផ្តើមមានជំងឺ ហើយមានជំងឺច្រើនណាស់រហូតដល់ជាង២០០មុខដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង»។
បន្ថែមលើនេះ ការសេពគ្រឿងស្រវឹងហួសកម្រិត ជាពិសេសរហូតដល់ញាណជាតិស្រវឹង ក៏អាចពាក់ព័ន្ធនឹងភាពក្រីក្រផងដែរ។
លោកវេជ្ជបណ្ឌិត មុំ គង់ ថ្លែងថា៖ «គ្រឿងស្រវឹង វាបានរួមចំណែកយ៉ាងខ្លាំងក្នុងភាពក្រីក្រ ពីព្រោះនៅពេលដែលប្រជាពលរដ្ឋគាត់សេពគ្រឿងស្រវឹង គាត់ទិញ។ ប៉ុន្តែការចំណាយថវិកាទិញគ្រឿងស្រវឹង បើធៀបទៅនឹងការចំណាយលើជំងឺ និងការខាតបង់ផ្សេងៗដោយសារគ្រឿងស្រវឹង គឺវានៅទាបណាស់។ អ៊ីចឹងគ្រឿងស្រវឹងមិនត្រឹមតែបណ្តាលឲ្យមានការខាតបង់ដោយសារការចំណាយទៅលើការព្យាបាលជំងឺ ការទិញគ្រឿងស្រវឹងប៉ុណ្ណោះទេ វាថែមទាំងខាតបង់សង្គមយ៉ាងច្រើន ដូចជានាំឲ្យខាតបង់ធនធានមនុស្ស ដែលយើងមិនអាចមានអ្វីយកមកគណនាបានទេ»។
បើតាមលោកវេជ្ជបណ្ឌិត មុំ គង់ ដើម្បីទប់ស្កាត់ការបរិភោគគ្រឿងស្រវឹង រដ្ឋាភិបាលត្រូវតម្លើងពន្ធលើគ្រឿងស្រវឹង ត្រូវមានច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង កំហិតអាយុប្រើប្រាស់ និងទិញគ្រឿងស្រវឹង និងត្រូវកម្រិតម៉ោងនិងទីកន្លែងលក់គ្រឿងស្រវឹង។
សេចក្តីព្រាងច្បាប់ជាប់គាំង
ជាង ៥ ឆ្នាំមកហើយ គិតចាប់តាំងពីខែឧសភា ឆ្នាំ ២០១៥ កម្ពុជាមានបទប្បញ្ញត្តិតិចតួចបំផុតដើម្បីគ្រប់គ្រងគ្រឿងស្រវឹងនៅក្នុងប្រទេស បើធៀបនឹងប្រទេសជិតខាង ដូចជាប្រទេសថៃដែលមានច្បាប់គ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដ៏តឹងរ៉ឹងបំផុត និងវិធានការផ្សេងៗទៀត រួមមានការកម្រិតជាតិអាល់កុលសម្រាប់អ្នកបើកបរ ការហាមឃាត់ម៉ោងផ្សាយពាណិជ្ជកម្មស្រាបៀរតាមកញ្ចក់ទូរទស្សន៍នៅម៉ោងបាយពេលល្ងាច ចាប់ពីម៉ោង ៦ ដល់ម៉ោង ៨ ជាដើម។
សេចក្ដីព្រាង «ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង» ត្រូវបានតាក់តែងឡើងដោយរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការដើម្បីគ្រប់គ្រងគ្រឿងស្រវឹង និង «ក្នុងគោលបំណងការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនិងសង្គម»។ ប៉ុន្តែចាប់តាំងពីកំណែចុងក្រោយដែលបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៥ មក គេមិនឃើញមានការវិវត្តទៅមុខនៃសេចក្តីព្រាងច្បាប់នេះទេ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលលើកឡើងថា កម្ពុជាកំពុងបន្តធ្វើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ប៉ុន្តែលោកមិនបកស្រាយពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះទេ ដោយលោកបានបង្វែរឲ្យទៅសួរលោកស្រី ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP)។
រីឯក្រុមអ្នកតស៊ូមតិបានលើកឡើងថា ការមិនដើរទៅមុខនៃសេចក្តីព្រាងច្បាប់នេះ មួយផ្នែកគឺដោយសារផលប្រយោជន៍នយោបាយដែលរងឥទ្ធិពលពីក្រុមហ៊ុនគ្រឿងស្រវឹងកំពូលៗនៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍មួយរបស់មូលនិធិអាស៊ី ស្តីពី«ឧស្សាហកម្មគ្រឿងស្រវឹងកម្ពុជា» ចេញផ្សាយកាលពីពេលកន្លងទៅ។
ដោយឡែក លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា ក្រសួងតែងតែអប់រំពលរដ្ឋអំពីកម្រិតនៃការពិសារគ្រឿងស្រវឹង។ លោកថា គ្រោះថ្នាក់ខ្លាំងដែលបណ្តាលមកពីគ្រឿងស្រវឹង គឺដោយសារការពិសារស្រាស ដែលមិនត្រូវបានទទួលស្គាល់ពីអ្នកជំនាញ ហើយដែលបានបណ្តាលឲ្យករណីពុលស្រា។
«កន្លងមកនេះ ក្រសួងក៏តែងតែមានការផ្សព្វផ្សាយអប់រំដែរអំពីកម្រិតនៃការសេពគ្រឿងស្រវឹងនេះ។ ហើយក៏កន្លងមកហ្នឹង ក៏ជួបប្រទះចំពោះស្រាដែលមានការទទួលស្គាល់ក្រសួងជំនាញហ្នឹងមិនអីទេ ប៉ុន្តែខ្លាចតែអ្នកផលិតសិប្បកម្មស្រាសនោះ។ ជួនកាលផឹកបង្កឲ្យពុលស្រា មានការស្លាប់ មានការអីអ៊ីចឹង។ អ៊ីចឹងមានតែចូលរួមទាំងអស់គ្នា ទាំងអាជ្ញាធរដែនដីសង្គមស៊ីវិល អ្នកពាក់ព័ន្ធទាំងអស់ ជួយអប់រំ ជួយហាមឃាត់»។
នៅកម្ពុជា ក្រុមហ៊ុនស្រាបៀរធំៗចំនួនបីជាអ្នកផលិតនិងនាំចូលគ្រឿងស្រវឹងមកចែកចាយនៅកម្ពុជាដល់ទៅ ៨០ ភាគរយ នៃគ្រឿងស្រវឹងទាំងអស់។ ឧស្សាហកម្មគ្រឿងស្រវឹងត្រូវបានជំរុញគាំទ្រ ដោយផលប្រយោជន៍របស់អ្នកផលិត និងអ្នកនាំចូលធំៗ ដែលបង្កប់ក្នុងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។
ក្រុមហ៊ុនផលិតស្រាបៀរ និងអ្នកនាំចូលផលិតផលគ្រឿងស្រវឹងធំជាងគេ មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយគណបក្សនយោបាយដ៏ធំ គឺគណបក្សប្រជាជនកម្ពុជា តាមរយៈការកាន់កាប់ភាគហ៊ុន និងទំនាក់ទំនងដ៏មានឥទ្ធិពលនៅថ្នាក់ជួររដ្ឋមន្ត្រី និងជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផងដែរ។ នេះបើយោងតាមការកត់សម្គាល់នៃរបាយការណ៍របស់មូលនិធិអាស៊ី។
របាយការណ៍នេះបានកត់សម្គាល់ថា៖ «នេះមានន័យថា អ្នកផលិតធំៗបានចូលរួមក្នុងអាជីវកម្មផ្សេងៗជាមួយមន្ត្រីរដ្ឋាភិបាល រួមទាំងរដ្ឋមន្ត្រី និងសមាជិកគ្រួសារនៃមន្ត្រីជាន់ខ្ពស់ផងដែរ។ តាមរយៈទំនាក់ទំនងទាំងនេះ អ្នកផលិតធំៗអាចមានឥទ្ធិពលលើច្បាប់ និងបទប្បញ្ញត្តិថ្មី»។
VOA បានព្យាយាមទាក់ទងទៅក្រុមហ៊ុនផលិតនិងនាំចូលស្រាបៀរមួយចំនួនដូចជា ក្រុមហ៊ុន Khmer Beverages ក្រុមហ៊ុន Kingdom Brewery និងក្រុមហ៊ុន Hanuman Beverages តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែល ប៉ុន្តែពួកគេមិនឆ្លើយតប។ ចំណែកលោក អ៊ឹម សុធារិទ្ធ ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Khmer Beverage បដិសេធមិនធ្វើអត្ថាធិប្បាយ។
ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមទូរទស្សន៍ ផ្ទាំងបដា កាសែត ទស្សនាវដ្តី គេក៏ឃើញប្រមុខរដ្ឋាភិបាលតែងចូលរួមសម្ពោធក្រុមហ៊ុនផលិតស្រាបៀរ ដោយមានទាំងការជំរុញឲ្យក្រុមហ៊ុនទាំងនោះខិតខំបង្កើនការនាំចេញទៅកាន់បរទេស ព្រមទាំងជំរុញឲ្យប្រជាពលរដ្ឋពិសារគ្រឿងស្រវឹងទៀតផង។
ជាច្រើនលើកច្រើនសារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធរោងចក្រស្រាបៀរ ដោយជំរុញឱ្យប្រជាជនកម្ពុជាផឹកគ្រឿងស្រវឹង ដោយកត់សម្គាល់ថា ការផឹកស្រាបៀរដែលជាប់ពន្ធនេះ គឺជាការជួយប្រទេសជាតិ។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិតស្រាបៀរមួយ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១២ ថា៖ «កុំភ្លេចណា ផឹកមួយកំប៉ុង ឬមួយដប រដ្ឋត្រូវយកប៉ុន្មាន?»
ឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មជំរុញឲ្យប្រជាពលរដ្ឋពិសារគ្រឿងស្រវឹងកាន់តែច្រើន លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា កម្ពុជាមិនទាន់មានច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅឡើយ។ ប៉ុន្តែលោកថា ក្រសួង រួមជាមួយនឹងអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានណែនាំដល់ក្រុមហ៊ុនគ្រឿងស្រវឹងទាំងអស់ផ្សាយពាណិជ្ជកម្មឲ្យបានត្រឹមត្រូវជៀសវាងការផ្សព្វផ្សាយរំលោភលើសីលធម៌ និងគុណធម៌។
«យើងស្តាប់ព័ត៌មានពី consumer watchdog [អ្នកឃ្លាំមើលអ្នកប្រើប្រាស់] បើសិនជាមានការផ្តល់ព័ត៌មានអំពីបញ្ហាខ្លះទាក់ទងដល់ការរំលោភសិទ្ធិអ្នកប្រើប្រាស់ យើងទទួលយកសំណូមពរហ្នឹងមកដោះស្រាយ។ ហើយយើងក៏តាមដានជាប្រចាំដែរនៅលើស្ពតតាមទូរទស្សន៍ តាមវិទ្យុ រួមទាំងស្ពតដែលចល័តតាមធុកធុកផង ដើម្បីយើងប្រមូលផ្តុំព័ត៌មាន ហើយយើងចាប់ផ្តើមមានវិធានការ»។
លោកបន្ថែមថា ក្រសួងពាក់ព័ន្ធតែងមានការបារម្ភអំពីផលប៉ះពាល់ដែលកើតឡើង ដោយសារការពិសារគ្រឿងស្រវឹង ប៉ុន្តែលោកថា ការបង្កើតច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រឿងស្រវឹង គឺត្រូវការពេលវេលាដើម្បីសិក្សា និងស្វែងយល់អំពីផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច។
«ដោយសារកត្តាសេដ្ឋកិច្ចមួយចំនួនវាទាក់ទាញ ហើយនិងការថ្លឹងថ្លែងចំពោះផលវិបាក និងផលប្រយោជន៍ គឺយើងត្រូវធ្វើការដោយមានការប្រុងប្រយ័ត្នចំពោះកិច្ចការនេះ។ មិនអាចគំហុកបានភ្លាមថាត្រូវបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹង ត្រូវតែបញ្ឈប់ការដាក់លក់ -ល- ជាសាធារណៈអីដូចយើងចង់បានទេ។ ពីព្រោះក្រសួងសុខាភិបាលមានការថ្លឹងថ្លែង ក្រសួងពាណិជ្ជកម្មក៏ចូលរួមកក្នុងគណៈកម្មការតាក់តែងសេចក្តីព្រាងច្បាប់ហ្នឹងដែរ។ប៉ុន្តែយើងត្រូវធ្វើម៉ត់ចត់ជាទីបំផុត»។
ក៏ប៉ុន្តែនៅពេលដែលចំណាត់ការវិធានការច្បាប់ដ៏សំខាន់មួយនេះនៅតែបន្តពន្យារពេល នោះឱកាសដែលអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងកាន់តែកើនឡើង ហើយសោកនាដកម្មដែលបានកើតឡើងលើក្រុមគ្រួសារប្រជាពលរដ្ឋកម្ពុជា ដូចជាលោក លី គ្រឿង ក៏អាចបន្តកើតមានដដែល៕