ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយចំនួន ១១ ​គាំទ្រ​ការ​ដំឡើង​ពន្ធ​ស្រាបៀ​និង​ជំរុញ​ឱ្យ​​ពន្លឿន​ច្បាប់​គ្រប់​គ្រង​គ្រឿង​ស្រវឹង


អាជ្ញាធរ​បាន​ដាក់​បម្រាម​ការ​ជួញ​សុរា ​និង​សេវា​កម្ម​កម្សាន្ត​អំឡុង​ពេល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នា​ដើម​ខែ​មិថុនា ​ឆ្នាំ២០១៧។ ​(អូន ឆេងប៉រ/VOA)​
អាជ្ញាធរ​បាន​ដាក់​បម្រាម​ការ​ជួញ​សុរា ​និង​សេវា​កម្ម​កម្សាន្ត​អំឡុង​ពេល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នា​ដើម​ខែ​មិថុនា ​ឆ្នាំ២០១៧។ ​(អូន ឆេងប៉រ/VOA)​

គណបក្ស​នយោបាយ​ចំនួន​ ១១ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចុះ​ហត្ថ​លេខា​លើ​ញត្តិ​មួយ ដែល​បង្ហាញ​ការ​គាំទ្រ​លើ​ការ​ដំឡើង​ពន្ធ​ស្រាបៀ និង​សុរា ហើយ​ជំរុញ​ឱ្យរដ្ឋាភិបាល​ពន្លឿន​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ផលិតផល​គ្រឿង​ស្រវឹង ដែល​ជាប់​គាំង​រាប់​ឆ្នាំ​មក​ហើយ។

ញត្តិ​ដែល​គណបក្ស​នយោបាយ​ចុះ​ហត្ថលេខា​គាំទ្រ​នោះ គឺ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព (PDP-Center) ដែល​អង្គការ​នេះ​កំពុង​ធ្វើ​យុទ្ធនាការ​ជំរុញ​ឱ្យ​មាន​គោល​នយោបាយដំឡើងពន្ធ​អាករ​ពិសេស​លើស្រា​បៀ និង​សុរា ព្រមទាំង​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តី​ពី​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង។

ក្នុង​ពិធី​ជួបជុំ​មួយ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ គណបក្ស​ចំនួន​ ១១ ​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​នោះ រួម​មាន​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​យុវជន​កម្ពុជា​ គណបក្ស​ស្រ្តី​ដើម្បី​ស្រ្តី គណបក្ស​បំណង​ពលរដ្ឋ​ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​អភិរក្ស​ គណបក្សខ្មែរ​រួប​រួម​ជាតិ​ គណបក្ស​ធម្មា​ធិបតេយ្យ​ គណបក្ស​ជន​ជាតិ​ដើម​ភាគ​តិច និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភ្លើង​ទៀន​មិន​មាន​វត្តមាន ដើម្បី​ចុះ​ហត្ថលេខា​លើ​ញត្តិ​នោះ​ឡើយ បើ​ទោះ​ត្រូវ​បាន​អញ្ជើញ​ឱ្យចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​ក្តី។

នាយក​ប្រតិបត្តិ​អង្គការ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ លោក យង់ គិមអេង ថ្លែង​ថា​ គ្រឿង​ស្រវឹង​ជា​ភេសជ្ជៈ​ដ៏​គ្រោះថ្នាក់ ប៉ុន្តែ​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​ច្បាប់​សម្រាប់​ត្រួត​ពិនិត្យ និង​មាន​វិធាន​ការ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ស្កាត់​ផល​ប៉ះពាល់​ឡើយ។ លោក​ចាត់​ទុក​ការ​ដំឡើង​ពន្ធអាករ​នេះ ជា​យុទ្ធសាស្រ្ត​មួយ​ដែល​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ដែល​កើត​ឡើង​ដោយ​ការ​សេព​គ្រឿង​ស្រវឹង។

លោក​ថ្លែង​ថា៖« ការ​ប្រើ​ពន្ធ​សម្រាប់​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ បើ​ធៀប​នឹង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់។ ឧទាហរណ៍​ជាក់​ស្តែង​ នៅ​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ ​គឺ​មាន​ត្រឹម​តែ​ ៣០% សម្រាប់​ស្រាបៀ ហើយ​និង​ ៣៥%​សម្រាប់​សុរា។ បើ​ធៀប​នឹង​ប្រទេស​ថៃ​ គឺ​ថៃ​ ទាំង​ស្រា​ ទាំង​ស្រាបៀហ្នឹង គឺ​មាន​រហូត​ដល់​ ៦០%។ បញ្ហា​ពន្ធ​ត្រូវ​បាន​កំណត់​ដូច​គ្នា​ចំពោះ​ស្រាបៀ និង​សុរា»។

បើ​តាម​ញត្តិ​បេ្តជ្ញា​ចិត្ត​ដែល​គណបក្ស​ចុះ​ហត្ថលេខា​គាំទ្រ គ្រឿង​ស្រវឹង​បង្ក​ឱ្យ​មាន​ជំងឺ​ ២០០ ​មុខ ដូច​ជា​ជំងឺ​ថ្លើម​ ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​មហារីក​ លើស​សម្ពាធ​ឈាម ជា​ពិសេស​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល​ជា​ដើម។ បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សុខ​ភាព​ពិភពលោក គ្រឿង​ស្រវឹង​បង្ក​ឱ្យ​មនុស្ស​ប្រមាណ ​៣ លាន​នាក់​នៅ​លើ​ពិភព​លោក ស្លាប់​ជារៀង​រាល់​ឆ្នាំ ជា​រួម​ក្នុង​ ១០ វិនាទី មាន​មនុស្ស​ម្នាក់​ស្លាប់។

រូបឯកសារ៖ សមាជិក​រដ្ឋសភាដែលមកពីគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចប្រជុំមួយ នៅរដ្ឋសភាជាតិកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ (AFP/រដ្ឋសភាជាតិកម្ពុជា)
រូបឯកសារ៖ សមាជិក​រដ្ឋសភាដែលមកពីគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចប្រជុំមួយ នៅរដ្ឋសភាជាតិកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១។ (AFP/រដ្ឋសភាជាតិកម្ពុជា)

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ លើក​ឡើង​ថា ​គ្រោះថ្នាក់​ដោយ​សា​រគ្រឿង​ស្រវឹង ពិតជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​កម្ពុជា។ លោក​បន្ថែម​ថា​ ការ​ដំឡើង​ពន្ធ​អាករ​ជា​វិធាន​ការ​ដែល​អាច​ចូល​រួម​ចំណែក​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង។

លោក យ៉េង វីរៈ ដែល​ចូលរួម​ពិធី​នោះ​ដែរ ថ្លែង​បន្ត​ថា ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាននា​ពេល​នេះ ដោយ​សារ​ជា​គណបក្ស​គ្រប់​គ្រង​រដ្ឋសភា។

លោក​បញ្ជាក់​ថា៖ ««​សូម​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​យើង​ជា​ពិសេស​គឺ​ថា​ ធ្វើ​មេ៉ច​ឱ្យ​ចូល​រួម​ជួយ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​យើង​ផង​បាទ បើ​សិន​ជាដំណើរ​ការ​បោះ​ឆ្នោត​យើង​ហ្នឹង​ពួក​យើង​គ្មាន​ឱកាស​ទទួល​បាន​សំឡេង​ឬ​អាសនៈ​ទេ​ ការ​ស៊ី​ញ៉េ​ក្នុង​ថ្ងៃនេះ​ក៏​អត់​ប្រយោជន៍​ដែរ​ គឺ​ទល់​តែ​មាន​សំឡេង ​បាន​យើង​អាច​ជំរុញ​ទៅ​សភា​បាន។ សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចង់​បាន​ឱ្យ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​សភា​គឺ​រស់​រវើក​ឡើង​»។

អគ្គ​លេខា​ធិការ​រង​របស់​គណបក្ស​ខែ្មរ​រួប​រួម​ជាតិ លោក ទិប ទាវ ដែល​ចូលរួម​ក្នុង​ពិធី​នោះ ថ្លែង​ថា ​គណបក្ស​របស់​លោក​ប្តេជ្ញា​ចិត្ត​លុប​បំបាត់​បញ្ហា​គ្រឿង​ស្រវឹង និង​មិន​គាំ​ទ្រ​លើ​ការ​ផ្សព្វ​ផ្សាយ​ស្រាបៀ​ឡើយ។ លោក​បន្ថែម​ថា​ គោល​នយោបាយ​របស់​គណបក្ស​លោក ក៏​មាន​ចំណុច​លើក​ឡើង​អំពី​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន​ផង​ដែរ។

លោក​ថ្លែង​ថា​៖ «សព្វ​ថ្ងៃ​នេះ​ យក​មុខ​មាត់​តែ​រឿង​ស្រា​តាម​ដង​ផ្លូវ​ព្រោង​ព្រាត មិន​ថា​Banner​ [បដា] តូច​ Bannerធំ​...ហាក់​បី​ដូច​ប្រព័ន្ធ​ព័ត៌មាន​លើក​កម្ពស់​ឱ្យ​មាន​ផ្សព្វផ្សាយ»។

លោក​បន្ថែម​ថា ​លោក​មិន​គាំទ្រ​ចំពោះ​ការ​ដាក់​រង្វាន់​សម្រាប់​គ្រឿង​ស្រវឹង​ឡើយ។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន​ ប្រាប់​វីអូអេ​តាម​ទូរសព្ទ​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ​ថា​ មូល​ហេតុ​ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ចូលរួម​ពិធី​នោះ ដោយ​សារ​តែ​គណ​បក្ស​ប្រជាជន​កម្ពុជា​យល់​ថា​ នេះ​ជា​កាតព្វ​កិច្ច​របស់​រដ្ឋ​សភា និងរដ្ឋា​ភិបាល​ដែល​ជា​អ្នក​ដឹក​នាំ​ប្រទេស មិន​មែន​អង្គការ​សង្គម​ស៊ីវិល​ឡើយ។ លោក​បន្ថែម​ថា ​អង្គ​ការ​សង្គម​ស៊ីវិល​គួរ​តែ​ធ្វើ​លិខិត​ស្នើ​សុំ​ទៅ​ក្រុម​ប្រឹក្សា​ច្បាប់​របស់​រដ្ឋាភិបាលដើម្បី​ត្រួត​ពិនិត្យ ជា​ជាង​យក​ស្នាម​មេ​ដៃ​របស់​គណ​បក្ស​នយោបាយ​ផ្សេងៗ។

លោក​ប្រាប់​វីអូអេ​ថា៖ «គួរ​តែ​អស់​លោក​សង្គម​ស៊ីវិល​ហ្នឹង ធ្វើ​លិខិត​ទៅ​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​របស់​រាជ​រដ្ឋាភិបាល​ ដើម្បី​ឱ្យ​លើក​បញ្ហា​នេះ​ឡើង ​ក៏​ប៉ុន្តែ​មិន​ត្រូវ​យក​ស្នាម​មេ​ដៃ​គណបក្ស​ផ្សេងៗ​យក​ទៅ ​ដើម្បី​ធ្វើ​ជា​ទ្រនាប់​មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​ទេ​បាទ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី ​អ្នកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ឆ្នាំ​ ២០១៥ ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុន​ហេង ធ្លាប់​ឱ្យ​ដឹង​ថា​ក្រសួង​នឹង​បញ្ជូន​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​គ្រឿង​ស្រវឹង​ទៅ​រដ្ឋា​ភិបាល​ ដើម្បី​អនុម័ត​ឱ្យ​បាន​ឆាប់។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​ហេតុ​អ្វី​មិន​ទាន់​មាន​ការ​អនុម័ត​ច្បាប់​នេះ​រហូត​មក​ដល់​ពេល​នេះ។

លោក យង់ គិម​អេង អះអាង​ថា​ អាច​មាន​ការ​បញ្ចុះ​បញ្ចូល​រដ្ឋា​ភិបាល​មិន​ទាន់​ឱ្យ​អនុម័ត​ច្បាប់​នេះ​ពី​សំណាក់​ម្ចាស់​ក្រុម​ហ៊ុន​ផលិត​ស្រាបៀ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG