ជាងមួយខែនៃការស្ថិតក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ដែលត្រូវបានគេស្គាល់ថា ជារដ្ឋមន្ត្រីវ័យក្មេងមួយរូប បានសស្រាក់សស្រាំបំពេញតួនាទីរបស់លោក ក្រោយលោកឡើងជំនួសអតីតរដ្ឋមន្រ្តីលោក វេង សាខុន ដែលត្រូវបានបញ្ចប់តំណែង។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ លោកក៏រងនូវពាក្យរិះគន់ជាច្រើនផងដែរ ដោយសារការប្រើប្រាស់ពាក្យពេចន៍របស់លោក។
វិស័យកសិកម្មរបស់កម្ពុជារងការរិះគន់ជាបន្តបន្ទាប់ ដោយសារកសិករខ្មែរជួបការលំបាក មិនមានទីផ្សារកសិផល ហើយពួកគេដាំដុះមិនចំណេញ ខណៈជីវិតរបស់ពួកគេជាប់ជំពាក់នឹងបញ្ហាបំណុល។
នៅគ្រាដែលលោក ឌិត ទីណា ដែលទទួលការអប់រំនៅប្រទេសបារាំងជំនាញផ្នែករ៉ែ និងជាអតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឡើងកាន់តំណែងជារដ្ឋមន្រ្តី អ្នកតាមដានបានបង្ហាញភាពស្ទាក់ស្ទើរថា តើរដ្ឋមន្រ្តីថ្មីនឹងអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យវិស័យកសិកម្មមានភាពល្អប្រសើរ។
រដ្ឋមន្ត្រីវ័យ៤០ឆ្នាំរូបនេះត្រូវបានគេរិះគន់ថា លោកទទួលបានតំណែងតាមរយៈសែស្រឡាយ មិនមែនតាមរយៈសមត្ថភាពរបស់លោកឡើយ ខណៈលោកក៏មិនមានជំនាញផ្នែកកសិកម្មផងដែរ។ លោកជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល ដែលជាមន្រ្តីជាន់ខ្ពស់ម្នាក់របស់គណបក្សប្រជាជនកម្ពុជា។
ថ្មីៗនេះ លោក ឌិត ទីណា រងការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធនឹងការលើកឡើងថា ប្រជាពលរដ្ឋធ្វើកសិកម្មត្រូវមើលទីផ្សារជាមុនសិន។
ទោះជាយ៉ាងណា កាលពីកន្លងទៅ រដ្ឋមន្ត្រីរូបនេះធ្លាប់បានឆ្លើយតបទៅនឹងអ្នករិះគន់ថា ការរិះគន់ទាំងឡាយគួរតែធ្វើឡើងដោយពិនិត្យនូវសកម្មភាព និងលទ្ធផលរបស់លោក និងថា បើទោះបីជាលោកខ្វះជំនាញកសិកម្ម ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា បទពិសោធន៍របស់លោក ដែលធ្លាប់ជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងនៅក្រសួងពាណិជ្ជកម្ម បូករួមការស្វែងយល់បន្ថែមទៀតទាក់ទងចំណេះដឹងកសិកម្ម នឹងធ្វើឱ្យលោកអាចកាន់ចង្កូតដឹកនាំវិស័យកសិកម្មនេះរីកចម្រើនទៅមុខបាន។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) កត់សម្គាល់ថា ការធ្វើការរបស់រដ្ឋមន្ត្រីថ្មីគឺឈរទៅលើគោលការណ៍ជាក់ស្តែង ហើយថា លោកមានភាពសកម្មភាពនៅក្នុងការឆ្លើយតបកង្វល់នានា បើទោះជាការឆ្លើយតបនោះមានលក្ខណៈវិជ្ជមាន ឬក៏អវិជ្ជមានក្តី។
លោកបន្ថែមថា លោក ឌិត ទីណា កំពុងតែប្រមែប្រមូលអ្នកជំនាញផ្នែកកសិកម្មមកនៅក្បែរលោក ដើម្បីដោះស្រាយបញ្ហាកំពុងប្រឈម។
លោកនិយាយថា៖ «អ្វីដែលយើងចង់ឃើញទៀតនោះគឺថា សូមឱ្យរដ្ឋមន្ត្រីថ្មីអាចចេះធ្វើការស្តាប់នូវអនុសាសន៍ និងយុទ្ធសាស្ត្រ ហើយពិសេសភ្ជាប់ក្នុងការធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយបញ្ហាដែលកំពុងកើតមានឡើង»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ក្រោយការចូលកាន់តំណែងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី មានការចាប់ខ្លួនមន្ត្រីកម្ពុជាដែលបាននាំសត្វស្វាទៅលក់នៅក្រៅប្រទេស និងថា តម្លៃស្រូវក៏បានធ្លាក់ចុះ ប៉ុន្តែមិនទាន់ឃើញមានអន្តរាគមន៍ណាមួយឡើយ។ លោកបន្តថា ការថ្លែងរបស់រដ្ឋមន្ត្រីកន្លងមកពាក់ព័ន្ធជាមួយទីផ្សារសម្រាប់ប្រជាកសិករហាក់បង្ហាញពីការមិនយកចិត្តទុកដាក់របស់មន្ត្រីទទួលបន្ទុក ហើយឱ្យប្រជាពលរដ្ឋគិតពីទីផ្សារខ្លួនឯង។
បើតាមលោក ឯម សុវណ្ណារ៉ា ពាក់ព័ន្ធជាមួយការតែងតាំងមន្ត្រីថ្មី ជាពិសេសលោក យ៉ង សាំងកុមារ និង លោក ឡឹក សុធារ ដែលមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហាក់មិនមានសង្ឃឹមដោះស្រាយបញ្ហាស្រូវចុះថោកឡើយ ខណៈបញ្ហាកំពុងប្រឈមនេះគឺជាបញ្ហារាំរ៉ៃ។
លោកថ្លែងថា៖ «ឈ្មួញកណ្តាលមានតែបក្សពួករបស់ក្រុមអ្នកមានអំណាច។ វាធ្វើឱ្យតម្លៃស្រូវចង់កំណត់តម្លៃប៉ុន្មានក៏បានដែរ។ វាចុះថោកជាងកន្ទក់ទៅទៀត។ អាហ្នឹងជាបញ្ហាមួយដែលកើតមានតាំងពីយូរមកហើយ។ យើងដោះស្រាយអត់បានទេ»។
លោកបន្ថែមថា៖ «អ៊ីចឹង ខ្ញុំមិនសង្ឃឹមថា លោកបណ្ឌិតទៅនៅក្នុងក្របខណ្ឌពីររូបហ្នឹងអាចដោះស្រាយបញ្ហានេះបានទេ ហើយគណបក្សកាន់អំណាចដឹងរឿងនេះហើយ ក៏ប៉ុន្តែគ្រាន់តែជាការដោះស្រាយបង្វិលបញ្ហាមួយពេលៗទេ អត់មានយន្តការអីជានិរន្តរភាពសម្រាប់ប្រជាកសិករយើងទុកចិត្តបានទេ»។
សាស្ត្រាចារ្យរូបនេះរំពឹងថា រដ្ឋមន្ត្រីថ្មីនឹងធ្វើអ្វីដែលខុសពីរដ្ឋមន្ត្រីមុន តាមរយៈការធានាបាននូវទីផ្សារប្រកបដោយចីរភាព មានវិធីសាស្ត្រក្នុងការថែរក្សាពូជ ផ្គត់ផ្គង់ការធ្វើកសិកម្មផ្សេងៗ និងជំរុញឱ្យមានការច្នៃផលិតផលដើម្បីលក់ចេញទៅ ទទួលបានផលច្រើន។
ក្រោយកាន់តំណែងជារដ្ឋមន្រ្តី លោក ឌិត ទីណា បានចុះទៅជួបកសិករនៅតាមបណ្តាខេត្ត ហើយគេឃើញលោកចុះបញ្ជាគោយន្តភ្ជួរដីនៅតាមវាលស្រែផងដែរ។ លោកក៏បានធ្វើដំណើរអមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីចែកស្រូវពូជដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់លិចស្រែរបស់ពួកគេ។
រដ្ឋមន្ត្រីវ័យជាង៤០ឆ្នាំរូបនេះធ្លាប់បានលើកឡើងថា ដើម្បីធ្វើឱ្យកសិកម្មរីកចម្រើនទៅមុខបាន គឺទាំងអ្នកផលិត អ្នកលក់ អ្នកទិញ និងអ្នកផ្គត់ផ្គង់ បូករួមមន្ត្រីកសិកម្ម និងមន្ត្រីខេត្តនីមួយៗ ត្រូវចេះសហការគ្នាទៅវិញទៅមក ដោយត្រូវចូលរួមរៀបចំគម្រោង និងសិក្សាស្រាវជ្រាវពីទីផ្សារជាមុន ហើយចាំធ្វើ ឬផលិតអ្វីមួយតាមក្រោយ។
បន្ថែមពីនេះ លោក ឌីត ទីណា ក៏បានតែងតាំងយុវជនមួយចំនួនជាមន្រ្តីរបស់លោក ដូចជាកញ្ញា អ៊ឹម រចនា អតីតអ្នកសារព័ត៌មានរបស់វិទ្យុបារាំង ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលបន្ទុកជាអ្នកនាំពាក្យរបស់ក្រសួងកសិកម្មផងដែរ៕