ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ ការពារ​​​​រដ្ឋមន្រ្តី​កសិកម្ម​ថ្មី ​ក្រោយ​មាន​ការ​រិះគន់​ថា ​មិន​មាន​ជំនាញ​កសិកម្ម


រូបឯកសារ៖ លោក ​ឌិត ទីណា ​​រដ្ឋ​មន្ត្រី​ថ្មី​នៃ​​​ក្រសួង​​កសិ​កម្ម​ ញញឹម​ទៅ​កាន់​រដ្ឋ​មន្ត្រី​​​ក្រសួង​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ពិធី​ផ្ទេរ​តំណែង​ដល់​រូប​លោក​​​​នៅ​​ទីស្តី​ការ​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២២​។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក ​ឌិត ទីណា ​​រដ្ឋ​មន្ត្រី​ថ្មី​នៃ​​​ក្រសួង​​កសិ​កម្ម​ ញញឹម​ទៅ​កាន់​រដ្ឋ​មន្ត្រី​​​ក្រសួង​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ពិធី​ផ្ទេរ​តំណែង​ដល់​រូប​លោក​​​​នៅ​​ទីស្តី​ការ​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២២​។ (លាស់ លីបលីប/វីអូអេ)

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ការ​ពារ​សមត្ថ​ភាព​របស់​រដ្ឋមន្រ្តី​ថ្មី​នៃក្រសួង​កសិកម្ម ​លោក ​ឌិត ទីណា ​ជា​ប្រតិកម្ម​តប​នឹង​ការ​រិះ​គន់​ថា​ រដ្ឋមន្រ្តី​វ័យ​ជាង​៤០​ឆ្នាំ​រូប​នោះ​មិន​មាន​ជំនាញ​កសិកម្ម។​

នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​នា​ថ្ងៃ​អង្គារ​នេះ ​លោក​ ហ៊ុន សែន ​ថ្លែង​ថា ​ភាព​ជា​អ្នក​ដឹកនាំ ​អ្វី​ដែល​សំខាន់ ​គឺ​ចេះ​ដាក់​ចេញ​គោល​នយោបាយ ​និង​ដឹកនាំ​ឱ្យ​បាន​ត្រឹ​ម​ត្រូវ ​ហើយ​វា​មិន​ចំាំបាច់​ថា​ មាន​ជំនាញ​កសិកម្ម​ឡើយ។​

លោក ​ហ៊ុន សែន​ ថ្លែង​ថា៖​ «ភាព​ជា​អ្នក​ដឹកនាំ​អ្វី​ដែល​សំខាន់​ គឺចេះ​ប្រើ​ប្រាស់​មន្ត្រី ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​ឱ្យ​ធ្វើការ។​ បញ្ហា​វា​នៅ​កន្លែង​ហ្នឹង ​ដាក់​ចេញនូវ​គោល​នយោបាយ​ និង​ដឹកនាំ​ឱ្យ​វា​បាន​ត្រឹម​ត្រូវ ​តែ​ប៉ុណ្ណឹង​ទេ។ ​ខ្ញុំ​មិន​ប្រដៅ​ចំពោះ​អ្នក​វិភាគ​ ឬ​អ្នក​ដែល​លើក​ឡើង​នោះ​ទេ​ ក៏​ប៉ុន្តែ​ខ្ញុំ​គួរ​តែ​រំឭក​ថា​ កុំ​វាយ​តម្លៃ​រហ័ស​ពេក ​ហើយ​ក៏​កុំ​គិត​ថា ​វា​ទាល់​តែ​អញ​ជា​ជំនាញ​កសិកម្ម​ ទើប​សម​រម្យ»។​

លោក ​ឌិត ទីណា​ ដែល​ទទួល​ការ​អប់រំ​នៅ​ប្រទេស​បារាំង​ជំនាញ​ផ្នែក​រ៉ែ ​គឺ​ជា​អតីត​រដ្ឋ​លេខា​ធិការ​ក្រសួង​រ៉ែ ​និង​ថាមពល។​ លោក​ជា​កូនប្រុស​របស់​លោក ​ឌិត មុន្ទី ​ដែល​ជា​ប្រធាន​តុលាការ​កំពូល ​និង​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ ​លោក​ ឌិត ទីណា ​ជា​រដ្ឋ​មន្រ្តី​ក្មេង ​វ័យ​ជាង​៤០​ឆ្នាំ ​ក្នុង​ចំណោម​រដ្ឋមន្រ្តីក្មេងៗ​ផ្សេង​ទៀត ​និង​បាន​ចូល​កាន់​តំណែងជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​កាលពី​ថ្ងៃទី​១៧​ខែ​តុលា ​ឆ្នាំ​២០​២២ ​ក្រោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ដក​តំណែង​រដ្ឋមន្រ្តី​ចាស់ ​គឺ​លោក ​វេង សាខុន។​

លោក ​ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ លោក​មិន​មាន​ការ​ឆ្លើយ​តប​អ្វី​បន្ថែម​ចំពោះ​ការ​រិះគន់​ថា​ លោក​មាន​សែ​ស្រឡាយ​ឪពុក​របស់​លោក​ជា​ប្រធាន​តុលាការ​កំពូល ​និង​ថា ​លោកមិន​មានជំនាញ​កសិកម្ម ​ តែ​បែ​រជា​មក​គ្រប់​គ្រង​ក្រសួង​កសិកម្ម។ ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​ អ្វី​ដែល​សំខាន់​គឺ​ការ​ពិនិត្យ​មើល​លើ​សកម្ម​ភាព​ជាក់​ស្តែង​របស់​លោក។​

លោក​ ឌិត ទីណា ​ថ្លែង​ថា៖ ​«ខ្ញុំ​បាន​បញ្ជាក់​អស់​ហើយ​នៅ​ក្នុង​សន្និ​សីទ​កាសែត ​ ហើយ​ក្រៅ​ពី​នេះ​ទៀត ​ទុក​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​គាត់​ពិនិត្យ​បន្ត​ទៅ»។​

កាល​ពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២២ ​ លោក​ ឌិត ទីណា ​បញ្ជាក់​ក្នុង​សន្និសីទ​ព័ត៌​មានថា ​បើ​ទោះ​បី​ជា​លោកខ្វះ​ជំនាញ​កសិ​កម្ម ​ ប៉ុន្តែ​លោក​មាន​សុទិដ្ឋិ​និយម​ថា​ បទ​ពិសោធន៍​របស់​លោក ​ដែល​ធ្លាប់​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​រ៉ែ ​និង​ថាម​ពល​ និង​នៅក្រសួង​ពាណិ​ជ្ជ​កម្ម​បូក​រួមការ​ស្វែង​យល់​បន្ថែម​ទៀត​ទាក់​ទ​ង​ចំណេះ​ដឹង​កសិកម្ម​ នឹងធ្វើ​ឱ្យ​លោក​អាច​កាន់​ចង្កូត​ដឹក​នាំ​វិស័យ​កសិកម្ម​នេះ​រីក​ចម្រើន​ទៅ​មុខ​បាន។​

ក្នុង​សន្និសីទ​ព័ត៌​មាន​នោះ ​ លោក​ ឌិត ទីណា ​បញ្ជាក់ថា ​វិស័យ​កសិកម្ម​នឹង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ជាង​មុន​ ប្រសិន​បើ​មាន​កិច្ច​សហ​ការ​ល្អ​រវាង​ស្ថាប័ន​រដ្ឋ​ និង​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​នេះ ​លើ​កិច្ច​ការ​សំខាន់ៗ​មួយ​ចំនួន​ ដែល​រួម​មាន​ការ​ស្វែង​យល់​ពី​ទីផ្សារ​កសិ​កម្ម ​និង​តម្រូវ​ការ​សម្រាប់​ផលិត​ផល​កសិ​កម្ម​ជា​ដើម។

លោក ​យ៉ង សាំងកុមារ ​អ្នក​ជំនាញ​ផ្នែក​កសិ​កម្ម​ និង​បច្ចុ​ប្បន្នជា​អ្នក​នយោ​បាយមក​ពី​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​បាន​លើក​ឡើង​ថា ​វិស័យ​កសិ​កម្ម​នៅ​តែ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ច្រើន ​ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ភាព​ក្រីក្រ​របស់​កសិករ​ ដែល​ត្រូវ​ការ​អ្នក​ដឹកនាំដើម្បី​ធ្វើ​ឱ្យវិស័យ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​កន្លង​មក។ ​លោក​បន្ត​ថា​ បើ​រដ្ឋាភិបាល​តែង​តាំង​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​កសិ​កម្ម​ដែល​មាន​ជំនាញ​ស្រាប់​ឱ្យ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​គឺ​អាច​ធ្វើ​កិច្ច​ការងារ​បាន​លឿន​ជាង ​ព្រោះ​វា​មិន​ត្រូវ​ការចំណាយ​ពេល​វេលា​ក្នុង​ការ​ស្វែង​យល់។ ​ប៉ុន្តែ​លោក​យល់​ថា​ បើរដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួងកសិកម្ម​អាច​រៀន​សូត្រ​ពី​វិស័យ​នេះ​បាន​លឿន ​នោះ​ការ​គ្រប់គ្រង​ក្រសួង ​និង​ការ​ធ្វើ​ឱ្យ​វិស័យ​នេះ​ឈាន​ទៅ​មុខ​គឺអាច​ទៅ​រួច។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​នៅ​ក្នុង​ក្រសួង​កសិកម្ម​ ក៏​មាន​មន្ត្រីជាន់​ខ្ពស់​ ថ្នាក់​រដ្ឋ​លេខា​ធិការ​ ​អនុ​រដ្ឋ​លេខា​ធិការ​ ដែល​អាច​ឡើង​ជំនួស​បាន។ ​ហើយ​បើ​សិន​ជា​យក​អ្នក​មាន​បទ​ពិសោធន៍ ​មាន​ចំណេះ​ដឹង​ មាន​ការ​យល់​ដឹង​ ជា​ពិសេស​នៅ​ក្នុង​ក្រសួងស្រាប់​មក [ដឹកនាំ​ក្រសួង​កសិកម្ម] ​ប្រហែល​ជា​អាច​ធ្វើ​កិច្ច​ការ​[លើ​វិស័យ​កសិ​កម្ម]​នេះ​បាន​លឿន​ជាង។ ​ប៉ុន្តែ​យ​ក​ពី​អ្នក​ខាង​ក្រៅ ​ ហើយ​អត់​ធា្លប់​មាន​បទ​ពិសោធន៍​ទាក់​ទង​ការងារ​កសិកម្ម​ហ្នឹង ​ត្រូវ​ការ​ពេល​វេលា​យូរ ​ព្រោះ​ត្រូវ​កា​រសិក្សា​ស្វែង​យល់​ការងារ​នៅ​ក្នុង​ក្រសួង»។​

លោក ​ថេង សាវឿន ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​កត់​សម្គាល់​ថា ​មន្រ្តី​ក្រសួង​កសិកម្ម​ជា​ច្រើន​មាន​សមត្ថ​ភាព ​ប៉ុន្តែ​ហាក់​បី​បាត់​បង់​ឱកាស ​ដោយ​សារ​មិន​មាន​សែ​ស្រឡាយ​ជា​មន្រ្តី​ជាន់​ខ្ពស់ និង​មិន​មាន​ទ្រព្យ​សម្បត្តិ​ជាដើម។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​មើល​ឃើញ​ថា ​មាន​អ្នក​ជំនាញ ​ឬ​ក៏អ្នក​កាន់​ការងារ​នៅ​នាយក​ដ្ឋាន​កសិកម្ម​ច្រើន ​គាត់​អាច​មាន​បទ​ពិសោធន៍​ធ្វើកិច្ច​ការងារ​ហ្នឹង ​ប៉ុន្តែ​ពេល​ខ្លះ​មើ​ល​ទៅ​លើ​លក្ខ​ខណ្ឌ​នយោ​បាយ​ ទៅ​លើ​បរិយា​កាស​នយោ​បាយ ​ទៅ​លើ​ការ​សម្រេច​ចិត្ត មើល​ទៅលើ​កិច្ច​ការងារ ​ស្មោះ​ស្ម័គ្រ​ ធ្វើ​ការ​ងារ​ជាមួយ​គណបក្ស​នយោ​បាយ​ដែរ។ ​អ៊ី​ចឹង​ខ្ញុំ​គិត​ថា​ ​អ្វី​ដែល​លើក​ឡើង ​និងរៀប​ចំ​ឡើង ​គឺ​ប្រហែល​ជា​ឈរ​លើ​គុណ​វិវឌ្ឍន៍ ​លើ​ការ​ចូល​រួម​នយោបាយ ​ឬ​គណបក្ស​នយោបាយដែរ ​ឬ​ក៏​មាន​ខ្សែ​មាន​អី​ដែរ។​ អ៊ីចឹង​វា​ធ្វើ​ឱ្យ​បាត់​បង់​ឱកាស​អ្នក​ផ្សេងៗ​ទៀត​ ដែល​គាត់​មាន​សមត្ថភាព​ ប៉ុន្តែ​គាត់​គ្មាន​ខ្សែ​ គ្មាន​ទ្រព្យ​សម្បត្តិ ​គ្មាន​អ្នក​ធំៗ»។​

ក្រោយ​កាន់​តំណែង​ជា​រដ្ឋមន្រ្តី ​លោក ​ឌិត ទីណា ​បាន​ចុះ​ទៅ​ជួប​កសិករ​នៅ​តាម​បណ្តា​ខេត្ត ​ហើយ​គេ​ឃើញ​លោក​ចុះ​បញ្ជា​គោ​យន្ត​ភ្ជួរ​ដី​នៅ​តាម​វាលស្រែ​ផង​ដែរ។ ​លោក​ក៏​បាន​ធ្វើ​ដំណើរ​អម​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ដើម្បី​ចែក​ស្រូវ​ពូជ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​លិច​ស្រែ​របស់​ពួក​គេ។​

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ​សែន ​ធ្លាប់​បាន​បញ្ជាក់​ថា​ ថ្នាក់​ដឹក​នាំគណៈ​រដ្ឋមន្រ្តី​ថ្មី​ត្រូវ​តែ​មនុស្ស​ជំនាន់​ថ្មី ​ដែល​មាន​វ័យ​មិន​លើស​ពី​លោក ​ហ៊ុន ម៉ាណែត ​កូន​ប្រុស​ច្បង​របស់​លោក ​ដែល​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្រ្តី​បន្ទាប់​ពី​លោក ​ហ៊ុន ​សែន៕

XS
SM
MD
LG