ក្រុមអង្គការសមាគមជាង២០ស្ថាប័ន បានជំរុញរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីកុំដើរតាមគន្លងការងាររបស់រដ្ឋមន្ត្រីពីមុនៗ និងរំពឹងថារដ្ឋមន្ត្រីថ្មីនឹងយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាព្រៃឈើ បញ្ហាជលផល ការជួញដូរសត្វព្រៃជាដើម ប្រកបដោយប្រសិទ្ធភាពខ្ពស់។
នេះបើតាមលិខិតចំហចុះថ្ងៃទី២៨ ខែវិច្ឆិកា របស់ក្រុមអង្គការសង្គមស៊ីវិលចំនួន២៤ស្ថាប័ន រួមមានសមាគមបណ្តាញយុវជនកម្ពុជា CYN សមាគម សម្ព័ន្ធសហគមន៍កសិករកម្ពុជា បណ្តាញសហគមន៍ព្រៃឡង់ និងក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀត។
នៅក្នុងលិខិតចំហកម្រាស់៤ទំព័រនោះ អង្គការសមាគមទាំងនេះបានបញ្ជាក់ថា រដ្ឋមន្រ្តីថ្មីជាបញ្ញវ័ន្តក្មេង និងមានកម្រិតសិក្សាខ្ពស់ ដូច្នេះទើបពួកគេមានក្តីសង្ឃឹមថា រដ្ឋមន្ត្រីវ័យក្មេងរូបនេះនឹងមានឆន្ទៈដោះស្រាយបញ្ហារ៉ាំរ៉ៃដែលប្រឈមកន្លងមក។
លិខិតចំហបញ្ជាក់ថា៖ «ដោយបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យព្រៃឈើ វិស័យជលផល និងដីសម្បទានសេដ្ឋកិច្ចបានបន្តកើតមានបញ្ហារ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ ដូច្នេះសមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព សហគមន៍មូលដ្ឋាន និងក្រុមយុវជន សង្ឃឹមថានៅវេលាដែលឯកឧត្តមដែលជាមន្ត្រីវ័យក្មេង ដែលបានបំពេញតួនាទី ជារដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពេលនេះ នឹងកំណត់ជាអាទិភាពក្នុងការយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្វើអធិការកិច្ចមន្ត្រីជំនាញ ការដាក់ចេញនូវយន្តការអនុវត្តកម្មវិធីព្រៃឈើជាតិ និងជំរុញវិស័យទាំងឡាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកបដោយប្រសិទ្ធភាព»។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) ថ្លែងថារដ្ឋមន្ត្រីកសិកម្មថ្មីដែលទើបចូលកាន់តំណែងបានជាងមួយខែនេះ គួរបង្កើតសកម្មភាពការងារថ្មីឱ្យមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្មនេះ និងកុំដើរតាមគន្លងសកម្មភាពការងាររបស់រដ្ឋមន្រ្តីមុនៗ ដែលលោកថា បន្សល់ទុកបញ្ហារ៉ាំរ៉ៃ និងធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿចិត្ត។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «អ្វីដែលយើងចង់ឃើញរដ្ឋមន្ត្រីនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ថ្មីរូបនេះ បំពេញការងាររបស់ខ្លួននោះគឺអាចពាំនាំនូវចំណេះ ដែលខ្លួនបានសិក្សានៅក្រៅប្រទេស ឬក៏អាចបង្កើតវប្បធម៌ថ្មី នៅក្នុងការប្រតិបត្តិការងារនៅក្នុងគណៈរដ្ឋមន្ត្រី ឬក៏ក្នុងប្រទេសកម្ពុជា ជាជាងអនុវត្តការងារចាស់ៗ ដូចពីមុនមកបែបប្រពៃណី ឬពេលខ្លះធ្វើឱ្យបញ្ហារ៉ាំរ៉ៃ នៅបន្តកើតមានដោយអត់មានឆន្ទៈដោះស្រាយ»។
លោក គឹមហុង សង្ឃឹមថារដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា នឹងព្យាយាមដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានកន្លងមក និងផ្តល់កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការបើកយុគ្គសម័យថ្មីធ្វើការងាររួមគ្នា ការពារធនធានធម្មជាតិព្រៃឈើ ជលផល និងដោះស្រាយបញ្ហារ៉ាំរ៉ៃដីសម្បទានសេដ្ឋកិច្ច។
លោកបន្ថែមថា៖«ហើយបើសិនជា រដ្ឋមន្ត្រីរូបនេះ បានធ្វើការងារខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដែលកើតមានឡើងមករាប់ឆ្នាំហ្នឹងបានជោគជ័យ នោះនឹងធ្វើឱ្យពលរដ្ឋសប្បាយចិត្តជាមួយនឹងអ្វីដែលពួកគេបានធ្វើ។ ហើយក៏ជារឿងមួយដែលល្អប្រសើរ និងគំរូភាពទៅដល់មេដឹកនាំដទៃទៀតដែរ ពីព្រោះ កុំឱ្យថាឡើងមកហើយនៅតែដដែលៗ អត់មានការដោះស្រាយ ទើបពលរដ្ឋអត់សប្បាយចិត្ត»។
ក្រុមអង្គការសង្គមស៊ីវិលទាំង២៤នោះបានផ្តល់អនុសាសន៍រួមគ្នាចំនួន៦ចំណុចឱ្យរដ្ឋមន្ត្រីថ្មី លោក ឌិត ទីណា ជួយដោះស្រាយបញ្ហាប្រឈមកន្លងមក ដោយពួកគេស្នើឱ្យក្រសួងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់លើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀត ក្រសួងត្រូវពិនិត្យលើទីផ្សារ ឬភោជនីយដ្ឋានដែលពាក់ព័ន្ធនឹងការជួញដូរឬដាក់លក់សាច់សត្វព្រៃខុសច្បាប់។
ក្រសួងគួរស៊ើបអង្កេត និងផ្សព្វផ្សាយជាសាធារណៈចំពោះករណីអាជ្ញាធរអាមេរិកឃាត់ខ្លួនមន្ត្រីកសិកម្ម ពាក់ព័ន្ធការនាំសត្វស្វាក្តាមទៅអាមេរិក ដោយខុសច្បាប់។ ពួកគេជំរុញឱ្យក្រសួងត្រូវស៊ើបអង្កេត និងផ្សព្វផ្សាយជាសាធារណៈចំពោះអ្នកពាក់ព័ន្ធនៃការរត់ពន្ធខុសច្បាប់ ដែលអាជ្ញាធរហុងកុងបានរកឃើញឈើកម្រចំនួន២១១តោន កាលពីឆ្នាំ២០២១។
បន្ថែមពីនេះ ក្រុមអង្គការសង្គមស៊ីវិលក៏ទាមទារឱ្យក្រសួងបង្កើនកិច្ចគាំទ្រ និងលើកទឹកចិត្តដល់ការអនុវត្តសិទ្ធិសហគមន៍លើសកម្មភាពការពារធនធានធម្មជាតិ។ ក្រសួងត្រូវត្រួតពិនិត្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដោយត្រូវដកហូត ឬបញ្ឈប់កិច្ចព្រមព្រៀង ឬអាជ្ញាបណ្ណ នៅពេលដែលក្រសួងរកឃើញក្រុមហ៊ុនណាបំពានលក្ខខណ្ឌកំណត់របស់រដ្ឋ។ នេះបើតាមលិខិតចំហរបស់ក្រុមអង្គការសង្គមស៊ីវិល។
លោក ឌិត ទីណា ជាកូនប្រុសប្រធានតុលាការកំពូល លោក ឌិត មុន្ទី បានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
លោកមិនទាន់មានបទពិសោធន៍ក្នុងវិស័យកសិកម្មនោះទេ ប៉ុន្តែក្នុងថ្ងៃចូលកាន់តំណែង លោកមានសុទិដ្ឋិនិយមថា បទពិសោធន៍របស់លោក ដែលធ្លាប់ធ្វើការនៅក្រសួងមុនៗនៅក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល បូករួមការស្វែងយល់បន្ថែមទៀតទាក់ទងចំណេះដឹងកសិកម្មនឹងធ្វើឱ្យលោកអាចកាន់ចង្កូតដឹកនាំវិស័យកសិកម្មនេះរីកចម្រើនទៅមុខបាន។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ក្រសួងបានពិនិត្យមើលលិខិតរបស់ក្រុមអង្គការសង្គមស៊ីវិលនោះរួចហើយ ហើយរាល់ការព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល គឺក្រសួងកសិកម្មតែងតែដោះស្រាយ ដោយការទទួលខុសត្រូវខ្ពស់។
កញ្ញាថ្លែងថា៖ «កន្លងមករដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់ បទបញ្ញត្តិ ក៏ដូចជាក្រមការងារអន្តរក្រសួងជាច្រើន ដើម្បីការពារ អភិរក្ស និងដោះស្រាយបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងព្រៃឈើ ធនធានជលផល ហើយជីវចម្រុះនៅកម្ពុជា។ ការងារដែលត្រូវធ្វើបន្ទាប់ចំពោះវិស័យនេះគឺការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញត្តិដែលមានជាធរមាន ដោយសហការជាមួយក្រុមការងារពាក់ព័ន្ធទាំងអស់នៅក្នុងចំណោមស្ថាប័នរដ្ឋ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលដែលមានចេតនាចង់ចូលរួមដោះស្រាយបញ្ហាទាំងអស់នេះ ជាមួយក្រសួងពាក់ព័ន្ធផងដែរ»។
បើតាមលិខិតចំហរបស់ក្រុមអង្គការសង្គមស៊ីវិល ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ គម្របព្រៃឈើនៅកម្ពុជា ប្រមាណ១១,៧៤% បានបាត់បង់យ៉ាងគំហុក ហើយបានធ្លាក់ចុះពី៥៨,៦%នៅឆ្នាំ១៩៩៦ មកត្រឹម៤៦,៨៦%នៅឆ្នាំ២០១៨ ដែលនេះជាសញ្ញាព្រួយបារម្ភនូវការខកខានការប្តេជ្ញាចិត្តក្នុងកម្មវិធីព្រៃឈើជាតិ ដែលចង់រក្សាគម្របព្រៃឈើឱ្យបាន៦០%នៃផ្ទៃដី នៅឆ្នាំ២០២៩។
បើតាមក្រុមអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋានក៏បានរកឃើញថា ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចមួយចំនួន មានជាប់ពាក់ព័ន្ធជាមួយសកម្មភាពកាប់បំផ្លាញ និងធ្វើអាជីវកម្មឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃ ក្នុងព្រៃឡង់ និងក្នុងព្រៃព្រះរកា។
ក្រុមអង្គការបន្ថែមថាបទល្មើសនេសាទ ការកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានយកដីខុសច្បាប់ជុំវិញបឹងទន្លេសាប និងទន្លេមេគង្គក៏បានបង្កជាការព្រួយបារម្ភខ្លាំងដល់និរន្តភាពធនធានធម្មជាតិនៅកម្ពុជាផងដែរ៕