នាពេលថ្មីៗនេះ កម្ពុជាទទួលបានសព្វាវុធយោធាពីរដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ ម៉ឺនដុល្លារអាមេរិក ដោយក្នុងនោះរួមមាន កាំភ្លើងខ្លី កំាំភ្លើងវែង និងគ្រាប់រំសេវជាដើម។ ជំនួយឥតសំណងដែលឥណ្ឌូណេស៊ីផ្តល់ឱ្យកម្ពុជា កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ រួមមានកាំភ្លើងចំនួន ១៥០ ដើម កាំភ្លើងខ្លីប្រភេទ G2 Elite ចំនួន ២០ ដើម គ្រាប់កាំភ្លើង M16 ចំនួន ៥០ ម៉ឺនគ្រាប់ និងគ្រាប់កាំភ្លើងខ្លីចំនួន ៥០ម៉ឺ នគ្រាប់។
អាវុធយោធាទាំងនេះ ផលិតដោយក្រុមហ៊ុនផលិតអាវុធរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលមានឈ្មោះថា PT Pindad។ នេះបើយោងតាមគេហទំព័ររបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា និងសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា។
អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា ជំនួយបែបនេះ គឺជារូបភាពល្អដែលអាចបង្កើតទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងការធ្វើទំនើបកម្មក្នុងវិស័យយោធាកម្ពុជា ព្រមទាំងកាត់បន្ថយការរិះគន់ពីបស្ចិមប្រទេស ដែលថា កម្ពុជាមានទំនោរទៅចិន។ ក្រៅពីនេះ អ្នកតាមដានយល់ថា វាក៏ជាយុទ្ធសាស្ត្រការទូតយោធារបស់ឥណ្ឌូណេស៊ី ដែលជាសមាជិកនៃប្លុកអាស៊ាន ដែលចង់បង្ហាញថា ខ្លួនក៏មានឥទ្ធិពលយោធាក្នុងតំបន់ដែរ។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ ប្រាប់វីអូអេថា ការផ្តល់ជំនួយផ្នែកបច្ចេកទេស និងសព្វាវុធថ្មីៗរបស់ឥណ្ឌូណេស៊ីមកឱ្យកម្ពុជានេះ គឺបានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅជាងមុន ជាពិសេសបរិក្ខារទាំងនោះបានឆ្លើយតបទៅនឹងតម្រូវជាក់ស្តែងរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មក្នុងវិស័យយោធា។
លោកយល់ថា ការពង្រីក និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងយោធាជាមួយសមាជិកក្នុងតំបន់ គឺបានសម្រាលការរិះគន់របស់បស្ចិមប្រទេសមកលើកម្ពុជា ដែលថា កម្ពុជាពឹងផ្អែកតែលើប្រទេសចិន ជាពិសេសពាក់ព័ន្ធទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលចិនផ្តល់ជំនួយ។
លោកថ្លែងថា៖ «កម្ពុជា តាមពិតទៅព្យាយាម ធ្វើពិពិធកម្មទំនាក់ទំនងសន្តិសុខ និងយោធារវាងប្រទេសក្នុងតំបន់ ក៏ដូចជាបរទេស ជាពិសេសប្រទេសដែលមានទំនាក់ទំនងជិតដិតជាមួយប្រទេសបស្ចិមលោក ដើម្បីបង្ហាញឱ្យឃើញថា កម្ពុជាមិនពឹងផ្អែកតែលើកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខជាមួយចិនតែម្យ៉ាងទេ។
ការជំរុញកិច្ចសហប្រតិបត្តិការ ការពង្រីក និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងយោធាជាមួយសមាជិកក្នុងតំបន់ វានឹងជួយឱ្យរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន សម្រាលពីការរិះគន់ពីបស្ចិមលោក ដែលតែងតែលើកឡើងថា កម្ពុជាពឹងផ្អែកទៅលើសន្តិសុខយោធាទៅលើចិន»។
បន្ថែមពីនេះ លោក សេង វណ្ណលី កត់សម្គាល់ថា ការបង្កើនជំនួយសព្វាវុធនេះក៏ជាយុទ្ធសាស្ត្រការទូតយោធារបស់ឥណ្ឌូណេស៊ី ដែលឥណ្ឌូណេស៊ីចង់បង្ហាញខ្លួនជា «បងធំដែលមានឥទ្ធិពលយោធាក្នុងតំបន់» ក្នុងពេលដែលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង។
លោកបន្ថែមថា៖ «ការធ្វើទំនើបកម្ម ឬការពង្រឹងពង្រីកវិស័យសន្តិសុខយោធារបស់ឥណ្ឌូណេស៊ី គឺចង់បង្ហាញឱ្យប្រទេសក្នុងតំបន់ ជាពិសេសចិនតែម្តង [ឃើញ]ថា ឥណ្ឌូណេស៊ី គឺជាប៉ូលមួយដែលអព្យាក្រឹត ហើយជាប៉ូលឯករាជ្យ ហើយជាប៉ូលមួយដែលចង់រក្សាតុល្យភាពរបស់អាស៊ានក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយចិន និងអាមេរិក។ ហើយឥណ្ឌូណេស៊ីគឺជាប្រទេសដែលនឹងមិនចុះញ៉មទៅនឹងការវាតទីលើភូមិសាស្ត្រនយោបាយ ជាពិសេសតំបន់សមុទ្រចិនខាងត្បូង ក៏ដូចជាទីតាំងដែលឥណ្ឌូណេស៊ីមានជម្លោះដោយប្រយោល»។
អ្នកវិភាគនយោបាយ និងសង្គម លោក មាស នី យល់ថា ការផ្តល់ជំនួយយោធារបស់ឥណ្ឌូណេស៊ីមកកម្ពុជានេះ គឺជាកាយវិការល្អមួយ។ ប៉ុន្តែលោកចោទសួរថា តើកម្ពុជានឹងប្រើប្រាស់បរិក្ខារទាំងនោះក្នុងគោលបំណងអ្វី?
លោកប្រាប់វីអូអេថា៖ «គិតថាល្អ ក៏ប៉ុន្តែសំខាន់ត្រង់ថា តើកម្ពុជានឹងយកគ្រឿងឧបករណ៍យោធាមកប្រើក្នុងបំណងអ្វី ព្រោះសព្វថ្ងៃ កំពុងតែមានការប្រទាញប្រទង់រិះគន់ទៅលើការប្រើកម្លាំងប្រដាប់អាវុធដើម្បីត្រៀមលក្ខណៈបង្ក្រាបលើបាតុកម្ម រឿងអ្វី[ផ្សេង]»។
ការប្រគល់បរិក្ខារយោធាដល់កម្ពុជានេះ ធ្វើឡើងនៅព្រលានយន្តហោះរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ក្រោមវត្តមានឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា លោក Santo Darmosumarto និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ហើយចំថ្ងៃគម្រប់ខួបលើកទី ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
បើតាមគេហទំព័ររបស់ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ជំនួយយោធាទាំងនេះផលិតដោយក្រុមហ៊ុនផលិតឧបករណ៍យោធារបស់ប្រទេសឥណ្ឌូណេស៊ី គឺក្រុមហ៊ុន PT PINDAD។ ស្ថានទូតឥណ្ឌូណេស៊ីបានស្រង់សម្តីរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា លោក Santo Darmosumarto យ៉ាងដូច្នេះថា វាជារឿងសំខាន់ដែលឥណ្ឌូណេស៊ី និងកម្ពុជា ក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកនៃសមាគមអាស៊ាន គាំទ្រកិច្ចខិតខំប្រឹងប្រែងបង្កើនសមត្ថភាពយោធារវាងគ្នាទៅវិញទៅមក ក្នុងបរិយាកាសសន្តិសុខសកលដែលមិនអាចទាយទុកមុនបាន។
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខទ្វេភាគី នឹងរួមចំណែកជាវិជ្ជមាន មិនត្រឹមតែឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែរបស់តំបន់ទាំងមូលផងដែរ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីអ្នកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ និងលោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបាននៅឡើយទេ។
នៅមុនថ្ងៃប្រគល់បរិក្ខារយោធាទាំងនោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបានមកបំពេញទស្សកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២១ ខែសីហា។
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឥណ្ឌូណេស៊ី បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ។ រដ្ឋមន្ត្រីទាំងពីរក៏បានប្តេជ្ញាធ្វើឱ្យល្អប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស ដោយត្រូវអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវលិខិតតុបករណ៍ពាក់ព័ន្ធ ក្រោមក្របខណ្ឌទ្វេភាគី និងអាស៊ាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយកាលពីកន្លងទៅ។
បន្ថែមពីនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងនូវមជ្ឈភាព ឬភាពនៅកណ្តាល និងឯកភាពអាស៊ាននៅក្នុងការប្រាស្រ័យទាក់ទងជាមួយដៃគូនានា តាមយន្តការអាស៊ាន ព្រមទាំងប្តេជ្ញាចំពោះទស្សនៈវិស័យ ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាមគ្គទេសក៍ សម្រាប់ការចូលរួមរបស់អាស៊ាននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌាផងដែរ៕
វេទិកាបញ្ចេញមតិ