ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ កម្ពុជា​អាច​ធ្លាក់​ចូល​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង បើ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន


រូបភាពដកស្រង់ចេញពីវីដេអូបង្ហាញនាវាឆ្មាំសមុទ្រចិននិងហ្វីលីពីនប៉ះទង្គិចគ្នា នៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។ (Philippine Coast Guard (PCG) / AFP)
រូបភាពដកស្រង់ចេញពីវីដេអូបង្ហាញនាវាឆ្មាំសមុទ្រចិននិងហ្វីលីពីនប៉ះទង្គិចគ្នា នៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។ (Philippine Coast Guard (PCG) / AFP)

ក្រោយ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុ​ង​ប៉ុន្មាន​សប្តាហ៍ចុង​ក្រោយ​នេះ​ អ្នក​វិភាគ​លើក​ឡើង​ថា​ កម្ពុជា​អាច​រអិល​ខ្លួន​ធ្លាក់ចូល​ទៅ​ក្នុង​ជម្លោះ​តំបន់​មួយ​នេះ ប្រសិន​បើ​កម្ពុជា​ពឹង​ផ្អែក​ការ​អភិវឌ្ឍ​របស់​ខ្លួន​ខ្លាំងទៅ​លើ​ប្រទេស​ណា​មួយ​ដែល​ជាភាគី​ក្នុង​ជម្លោះ​នោះ។​

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ ប្រធាន​អង្គការ​តាក់តែង​គោល​នយោបាយ​កម្ពុជា ​Future Forum ​លោក ​អ៊ូ វីរៈ ថ្លែង​ថា៖​ «ចង់​ មិន​ចង់​ យើង​នឹង​ត្រូវ​ជា​ភាគី​តូច​មួយ ​ដែល​ត្រូវ​បាន​ទាញ​ចូល​ ទោះ​បី​យើង​មិន​មែន​ជា​ភាគី​ជម្លោះ​ដោយ​ផ្ទាល់​ក៏​ដោយ​ ឬ​ប្រយោលក៏​ដោយ​ កម្ពុជា​នឹង​ត្រូវ​បាន​ទាញ​ចូល​ទៅ​ក្នុង​ស្ថានភាព​ជម្លោះ។​ អ្វី​ដែល​យើង​ទាយ​មិន​ដឹង​ថា ​តើ​ភាព​តាន​តឹង​វា​ឈាន​ដល់​ជម្លោះ​ប៉ុណ្ណា?»​

បើ​តាម​អ្នក​ជំនាញ​រូប​នេះ​ កម្ពុជា​អាច​មាន​ជម្រើស​នៅ​ក្នុង​ការ​ចៀស​ចេញ​ពី​ជម្លោះ​ដោយការ​ពង្រឹង​ឯករាជ្យ​ភាព​ខាង​ហិរញ្ញ​វត្ថុ​ឱ្យ​បាន​ច្រើន​ជាង​មុន​នៅក្នុង​ការ​ជំរុញ​ដំណើរ​ការអភិវឌ្ឍ​ប្រទេស​ ហើយ​កាត់​បន្ថយ​ការ​ផ្តេក​ផ្តួល​លើ​កម្ចី​នៃ​ប្រទេស​ដែល​កំពុង​ត​ទល់​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ដូច​ជា​ប្រទេស​ចិន​ជា​ដើម។​

លោក​បញ្ជាក់​ថា៖​ «យើង​ត្រូវ​ជ្រើស​រើស​យក​នៃ​ការ​អភិវឌ្ឍ​ដោយ​មិន​មែន​ការ​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​មួយ​ណា​ ឬក៏​របស់​មួយ​ចំនួន​របស់​ភាគី​ហ្នឹង​ បាន​ន័យ​ថា យើង​អាច​មាន​ការ​សហការ​ឬ​ក៏​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ ឧទាហរណ៍​ប្រទេស​ចិន ​ក៏​ប៉ុន្តែ​មិន​ត្រូវ​ក្លាយ​ជា​កូន​អុក​របស់​ប្រទេស​ចិន​ មិន​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រទេស​ចិន​ ឩទាហរណ៍។​ ទី​ ២​ ការ​អភិឌ្ឍ​របស់​យើង​គឺ​មិន​អាច​ពឹង​ផ្អែក​ទៅ​លើ​កម្ចី​នៃ​បរទេស​ ជា​ពិសេស​កម្ចី​ប្រទេស​ដែល​ជា​ប្រទេស ​ដែល​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ជម្លោះ​ហ្នឹង​ដោយ​ផ្ទាល់»។

អ្នក​វិភាគ​គោល​នយោបាយ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​លោក ​ស៊ឺន សម ​ប្រាប់​វីអូអេ​ថា ជំហរ​របស់​កម្ពុជា​កន្លង​មក​គឺ​ការ​ឱ្យ​ភាគី​ជម្លោះ​ដោះ​ស្រាយ​គ្នា​ជា​លក្ខណៈ​ទ្វេភាគី​ ខណៈ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ដែល​មាន​ជម្លោះ​ចង់​ទាញ​សមាជិក​អាស៊ាន​ទាំង​មូល​ឱ្យចូល​ទៅ​ក្នុង​ជម្លោះ​នោះ​ដែរ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ទេ​ សរុប​មក​វិញ​គឺ​ប្រទេស​កម្ពុជា​តែងតែ​បាន​លើក​ទឹក​ចិត្ត​ប្រទេស​សមាជិក​អាស៊ាន​ដែល​ពាក់ព័ន្ធ​នោះ ​ឱ្យ​ធ្វើការ​ចរចា​ដោយ​ទ្វេភាគី​ជាមួយ​នឹង​ប្រទេស​ចិន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ពីព្រោះ​តាម​ការ​សង្កេត​ពិនិត្យ​របស់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ ហាក់​ដូច​ជា​អត់​មាន​យន្តការ​អ្វី​ល្អ​ជាង​ការ​ចរចា​ទ្វេភាគី​ជាមួយ​នឹង​ចិន​ទេ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ»។​

បើ​តាម​លោក ​ស៊ឺន សម ​ការ​ដោះស្រាយ​ជម្លោះបែប​ទ្វេភាគី​នាំ​ឱ្យ​កម្ពុជា​អាច​រក្សា​បាន​នូវ​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន ​និង​សមាជិក​អាស៊ាន​ ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ។

រូបភាពនៃយន្តហោះយោធាចិន Y-9 ហោះលើអាកាស កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ (Japan's Ministry of Defense via AP)
រូបភាពនៃយន្តហោះយោធាចិន Y-9 ហោះលើអាកាស កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ (Japan's Ministry of Defense via AP)

អ្នក​វិភាគ​និយាយ​ថា​ ការ​ប្រឈម​មុខ​ដាក់គ្នា​សារ​ជាថ្មី​ទៀត​នៅ​ពេល​ថ្មីៗ​នេះ​រវាង​នាវា​ឆ្មាំ​សមុទ្រ​ចិន​និង​ហ្វីលីពីន​ជិត​តំបន់​ថ្ម​ប៉ះប្រះ​ទឹក​មាន​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បន្ទន់​គោល​ជំហរ​របស់​ខ្លួន។ ​ពួកគេ​បន្ត​ថា​ ការណ៍​នេះ​បាន​ចោទ​ជា​សំណួរ​ថា តើ​ភាគី​ទាំង​ពីរ​អាច​រក្សា​ភាព​ស្ងប់​ស្ងាត់​កម្រិត​ណា​ បើ​ទោះ​បី​ជា​បាន​ឈាន​ដល់​ការ​សម្រេច​កិច្ច​ព្រមព្រៀង​បណ្តោះ​អាសន្ន​ដើម្បី​បញ្ចប់​ការ​ប៉ះទង្គិច​គ្នា​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ក៏​ដោយ។​

ក្រសួង​ការ​បរទេស​ជប៉ុន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ កាល​ពី​ថ្ងៃ​ទី ​២៧ ​ខែ​សីហា ​ឆ្នាំ​ ២០២៤​ ដោយ​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្ម​ភាព​ដដែលៗ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​ដែល​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​និង​ជំរុញ​ឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង។​
បើ​តាម​ក្រសួង​ការ​បរទេស​ជប៉ុន​ ​បញ្ហា​ដែល​កំពុង​កើត​ឡើង​គឺ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់ ​ហើយ​ជា​កង្វល់​ស្រប​ច្បាប់​របស់​សហគមន៍​អន្តរ​ជាតិ ​ហេតុដូច្នេះ​ហើយ​ជប៉ុន​ប្រឆាំង​នឹង​ការ​ប៉ុន​ប៉ង​ជា​ឯកតោ​ភាគី​ណាមួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​ដោយ​កម្លាំង ​ក៏​ដូច​ជា​សកម្ម​ភាព​ណា​មួយ​ដែល​បង្កើន​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​រួម​ទាំង​ការ​ធ្វើ​ឱ្យរាំង​ស្ទះ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ ​និង​ការ​ហោះហើរ​ហួស​ព្រំដែន។​

ក្រសួង​ការ​បរទេស​ជប៉ុន​បញ្ជាក់​ថា៖​ «ជប៉ុន​ក៏​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប្រើ​ប្រាស់​នាវា​របស់​ឆ្មាំ​សមុទ្រ ​និង​កង​ជីវពល​តាម​សមុទ្រ​ ព្រម​ទាំង​យន្តហោះ​ដ៏​គ្រោះ​ថ្នាក់ ​និង​ដោយ​បង្ខំ។​ ប្រទេស​ជប៉ុន​បាន​តស៊ូ​មតិ​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ការ​គោរព​ច្បាប់​នៅ​សមុទ្រ ​ហើយ​នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​សហគមន៍​អន្តរជាតិ ​រួមទាំង​ប្រទេស​សមាជិក​អាស៊ាន ​និង​សហ​រដ្ឋ​អាមេរិក ​ដើម្បី​ការ​ពារ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ ដែល​សេរី ​និង​បើក​ចំហ​ដោយ​ផ្អែក​លើ​នីតិរដ្ឋ»។​

ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានលោក Jake Sullivan និង​លោក Wang Yi មន្ត្រីការបរទេសជាន់ខ្ពស់របស់ចិន ចាំដៃស្វាគមន៍គ្នាក្នុងជំនួបមួយ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានលោក Jake Sullivan និង​លោក Wang Yi មន្ត្រីការបរទេសជាន់ខ្ពស់របស់ចិន ចាំដៃស្វាគមន៍គ្នាក្នុងជំនួបមួយ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហ​រដ្ឋ​អាមេរិក​លោក​ Jake Sullivan​ និង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi ​ថ្មីៗ​នេះ​ក៏​បាន​ពិភាក្សា​អំពី​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ លោក ​Wang Yi​ បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អំពី​ការ​គាំទ្រ​ប្រទេស​ហ្វីលីពីន។​

ទូរទស្សន៍ ​CCTV ​បាន​រាយ​ការណ៍​ថា​៖ «សហ​រដ្ឋ​អាមេរិក​មិន​ត្រូវ​ប្រើប្រាស់​សន្ធិ​សញ្ញា​ទ្វេភាគី​ជា​លេស​ដើម្បី​ធ្វើ​ឱ្យ​អន្តរាយ​ដល់​បូរណ​ភាព​ទឹកដី​របស់​ចិន ​ហើយ​ក៏​មិន​ត្រូវ​គាំទ្រ​សកម្ម​ភាព​រំលោភ​របស់​ហ្វីលីពីន​ដែរ»។​

សេចក្ដី​ថ្លែង​ការណ៍​របស់​សេតវិមាន​បាន​បញ្ជាក់​ថា ​លោក ​Sullivan​ បាន​សម្ដែង​នូវ​«ការ​ព្រួយ​បារម្ភ​អំពី​សកម្ម​ភាព​នៃ​ការ​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ដោយ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ប្រឆាំង​នឹង​កិច្ច​ប្រតិបត្តិ​ការ​នាវា​ស្រប​ច្បាប់​របស់​ហ្វីលីពីន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»។​

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​លោក ​ជុំ សុន្ទរី ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ តែ​គ្មាន​ការ​ឆ្លើយ​តប។

គួរ​រំឭក​ថា​ ចិន​បាន​ទាមទារ​សឹង​តែ​ទាំងអស់​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​ជា​ផ្លូវ​ពាណិជ្ជ​កម្ម​អន្តរជាតិ​សំខាន់ ​រួម​ទាំង​ផ្នែក​ជុំវិញ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ Sabina ​ផង​ដែរ។ ​ការ​អះ​អាង​ទាម​ទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​បើ​ទោះ​បី​ជា​មាន​សេចក្តី​សម្រេច​កាល​ពី​ឆ្នាំ​ ២០១៦ ​ពី​សំណាក់​តុលាការ​អចិន្ត្រៃយ៍​ក្រុង​ឡាអេ​ដែល​ថា​ ការ​ទាមទារ​របស់​ចិន​មិន​មាន​មូលដ្ឋាន​នៅ​ក្នុង​ច្បាប់​អន្តរជាតិ​នោះ​ទេ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG