ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិ៖ ចិន​នឹង​ផ្តល់​នាវា​ធ្វើថ្មី​ពិសេស​មក​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ


រូបឯកសារ៖ នាវាចម្បាំងរបស់ចិនប្រភេទ 054 ដែលភ្ជាប់ជាមួយប្រព័ន្ធបាញ់មីស៊ីល សំចតនៅកំពង់ផែ Manila ខាងត្បូង ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ នាវាចម្បាំងរបស់ចិនប្រភេទ 054 ដែលភ្ជាប់ជាមួយប្រព័ន្ធបាញ់មីស៊ីល សំចតនៅកំពង់ផែ Manila ខាងត្បូង ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា​ ចិន​នឹង​ផ្តល់​ «នាវា​ធ្វើ​ថ្មី​ពិសេស» ​ពីរ​គ្រឿង​មក​កម្ពុជា​ ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​ការពារ ​និង​លទ្ធភាព​របស់​កម្ពុជា​នៅ​ក្នុង​វិស័យ​ការពារ​របស់​កងទ័ព​ជើង​ទឹក។

អ្នកស្រី ​ម៉ាលី​ សុជាតា ​អ្នក​នាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ ​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ពុធ​ថា ​ការ​ផ្តល់​នាវា​ពី​សំណាក់​ប្រទេស​ចិន​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា ​ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​សមត្ថ​ភាព និង​លទ្ធភាព​របស់​កម្ពុជា ​ក្នុង​ការ​ការពារ​ និង​រក្សា​សន្តិភាព​ ស្ថិរភាព ​និង​សន្តិសុខ​ ក៏​ដូច​ជា​ការ​គាំទ្រ​ទៅ​ដល់​ប្រតិបត្តិ​ការ​ស្វែង​រក ​និង​ការ​សង្គ្រោះ ​ព្រម​ទាំង​សកម្ម​ភាព​មនុស្ស​ធម៌​ដទៃ​ទៀត​នៅ​លើ​លម្ហ​សមុទ្រ។​ អ្នកស្រី​បន្ថែម​ថា​ កម្ពុជា​ក៏​ធ្លាប់​បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ​ជា​ច្រើន​ពី​សំណាក់​ដៃ​គូ​ដទៃ​ទៀត​ផង​ដែរ​ ដូចជា​ការ​ហ្វឹក​ហ្វឺន ​និង​ការ​ផ្ដល់​គ្រឿង​បរិក្ខា​ជា​ដើម។​

អ្នកស្រី​បញ្ជាក់​ថា៖ ​«យើង​តែង​តែ​ស្វាគមន៍​គ្រប់​ភាគី​ទាំង​អស់ ​ដែល​មាន​បំណង​ជួយ​យើង​ដោយ​ស្មោះ​ស្ម័គ្រ​ និង​ពិត​ប្រាកដ»។​

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ​នាវា​ដែល​ចិន​ផ្ដល់​មក​ឱ្យ​កម្ពុជា​មិន​មែន​ជា​នាវា​ដែល​បាន​ចូល​ចត​នា​ពេល​នេះ​ទេ​ ប៉ុន្តែ​ជា​នាវា​ធ្វើ​ថ្មី​ពិសេស​សម្រាប់​កម្ពុជា​ចំនួន​ពីរគ្រឿង ​ប្រភេទ​ 056C ​ដែល​គ្រោង​នឹង​ធ្វើ​រួច​រាល់ និង​ប្រគល់​មក​ឱ្យ​កម្ពុជា​នៅ​ឆ្នាំ​ ២០២៥​ ឬ​យូរ​ជាង​ហ្នឹង។​

បើ​តាម​អ្នក​នាំពាក្យ​រូប​នោះ​ ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​សម្រេច​បាន​ជំហាន​ទីមួយ ​ហើយ​បច្ចុប្បន្ន​កំពុង​បន្ត​ជំហាន​ទីពីរ​ទៀត ​ដោយ​គ្រោង​នឹង​បង្ហើយ​ការងារ​នេះ ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។​

អ្នក​នាំពាក្យ​បញ្ជាក់​បន្ថែម​ថា​ កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​ទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​នោះ​ទេ ​ហើយ​កម្ពុជា​ក៏​មិន​បញ្ជូន​ទ័ព​របស់​ខ្លួន​ឱ្យ​ទៅ​ចូលរួម​នៅ​ក្នុង​ជម្លោះ​នៅ​ក្រៅ​ប្រទេស​ដែរ​ ក្រៅ​តែ​ពី​ការ​ចូល​រួម​ដល់​ការ​រក្សា​សន្តិភាព​ពិភព​លោក​ តាម​រយៈ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ។​

រូបឯកសារ៖ រូបភាពផ្កាយរណបបង្ហាញ​នាវាចម្បាំងពីររបស់ចិនសំចតនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ (Planet Labs PBC via AP)
រូបឯកសារ៖ រូបភាពផ្កាយរណបបង្ហាញ​នាវាចម្បាំងពីររបស់ចិនសំចតនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ (Planet Labs PBC via AP)

អ្នកស្រី​បញ្ជាក់​ថា៖​ «កម្ពុជា​ជា​រដ្ឋ​អធិប​តេយ្យ ​ដែល​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​កសាង ​និង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​ទាំង​អស់ ​ដើម្បី​បម្រើ​ប្រយោជន៍​ឱ្យ​ប្រទេស​ជាតិ​ និង​ប្រជាជន ​ហើយ​កិច្ច​សហ​ប្រតិបត្តិការ​ទាំង​អស់​នោះ​សុទ្ធ​តែ​ស្រប​តាម​គោល​បំណង​ និង​គោល​ការណ៍​នៃ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា ​ជា​ពិសេស​ការ​គោរព ​និង​ការ​ការពារ​អធិប​តេយ្យ​ភាព ​បូរណ​ភាព​ទឹក​ដី ​និង​ឯករាជ្យ​ភាព»។​

កន្លង​ទៅ ​សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ ក្រោម​ជំនួយ​របស់​ចិន។ ​សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​ក្តី​សង្ស័យ​ថា​ ចិន​នឹង​ប្រើ​ប្រាស់​មូលដ្ឋាន​ទ័ពរាម​នេះ ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ ឯម​ សុវណ្ណារ៉ា ​ថ្លែង​ថា​ កម្ពុជា​គួរ​តែ​ជជែក​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ជាមួយ​សហ​រដ្ឋ​អាមេរិក ​ដើម្បី​បំបាត់​ការ​សង្ស័យ​របស់​អាមេរិក​ឲ្យ​បាន​អស់​លើ​ការ​ប្រើប្រាស់​មូលដ្ឋាន​រាម ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ចិន។​

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ ​លោក​ សេង វណ្ណលី ​ធ្លាប់​ប្រាប់​វីអូអេ​ថា​ កម្ពុជា​អាច​រង​ហានិភ័យ​នៃ​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​នាវា​របស់​ចិន​នេះ។​

លោក​ថ្លែង​ថា៖​ «ក៏​ប៉ុន្តែ​បើ​សិន​ជា​ព័ត៌មាន​ហ្នឹង​វា​ពិត​ប្រាកដ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​រង​ហានិភ័យ​នៃ​ការ​រិះគន់ ​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ដែល​កម្ពុជា​តែង​តែ​ទទួល​បាន​ពី​សារ​ព័ត៌មាន​តំបន់​ និង​បស្ចិម​ប្រទេស ​ហើយ​ជា​ពិសេស​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ថា​ ​កម្ពុជា​បាន​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​ផ្តាច់​មុខ​ ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ធ្វើ​ទំនើប​កម្ម​ជើង​ទឹក​រាម​ឱ្យ​ចិន​ឈរ​ជើង»។​

បើ​តាម​លោក​ សេង វណ្ណលី​ កម្ពុជា​ក៏​នឹង​រង​ការ​រិះគន់​ខ្លាំង​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ ជា​ពិសេស​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG