មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយប្រទេសនានា ដោយផ្តោតសំខាន់លើការទូតសេដ្ឋកិច្ច ដែលជាសមិទ្ធផលសំខាន់មួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀតរបស់ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន ម៉ាណែតអស់រយៈពេល១ឆ្នាំ។
ប៉ុន្តែអ្នកវិភាគយល់ឃើញថា បើទោះបីជាមេដឹកនាំកម្ពុជាបានខិតខំបង្កើនកិច្ចការទូតដើម្បីទាក់ទាញការវិនិយោគ និងជំរុញដំណើរការអភិវឌ្ឍប្រទេសយ៉ាងណាក្តី ក៏ស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋនៅមិនទាន់ល្អប្រសើរនៅឡើយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីសមិទ្ធផលរយៈពេល១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ប្រាប់អ្នកកាសែតថា កម្ពុជាបានបន្តរក្សាមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីក្នុងចំណងការទូតរបស់ខ្លួន ដោយបានផ្តោតជាសំខាន់លើការទូតសេដ្ឋកិច្ចដើម្បីផ្តល់ជាប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រថ្លែងថា៖ «យ៉ាងណាក៏ដោយ យើងអាចសំយោគកិច្ចការ និងលទ្ធផលនៃនយោបាយការបរទេសកម្ពុជាក្នុងរយៈពេល១២ខែចុងក្រោយនេះ ដោយអះអាងថា ការទូតកម្ពុជាមានមុខព្រួញពីរសំខាន់ទីមួយគឺពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី និងទីពីរគឺពង្រឹងជំហរកម្ពុជានៅលើឆាកអន្តរជាតិ បន្តជំរុញសហគមន៍អាស៊ានឱ្យគោរពកម្ពុជាជារដ្ឋអធិបតេយ្យពេញលក្ខណៈ រីឯមុខព្រួញសំខាន់គឺការទូតសេដ្ឋកិច្ច»។
ថ្ងៃទី២២ ខែសីហាខាងមុខនេះ គឺជារយៈពេលមួយឆ្នាំនៃការឡើងកាន់តំណែងរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ហើយគណៈរដ្ឋមន្ត្រីរបស់លោកគឺភាគច្រើនជាកូនចៅសាច់ញាតិរបស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចាស់។ ក្នុងពេលកាន់តំណែង លោកហ៊ុន ម៉ាណែត ទទួលបានការរាប់អានរាក់ទាក់ពីបណ្តាមេដឹកនាំទាំងក្នុងប្លុកសេរី និងកុម្មុយនិស្ត តែលោកទទួលបានទទួលការរិះគន់ពីបស្ចិមប្រទេស និងក្រុមអ្នកការពារសិទ្ធិមនុស្សពាក់ព័ន្ធបញ្ហាក្នុងស្រុកដូចជាការរឹតត្បិតលើសំឡេងក្រុមជំទាស់។
ទោះជាយ៉ាងណាក្តី បើតាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ នៅក្នុងរយៈពេលបីខែដំបូងនៃការកាន់តំណែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លោកបានជួបជាមួយថ្នាក់ដឹកនាំកំពូលមកពីបណ្តាប្រទេសផ្សេងៗទៀត និងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។ លោកថា កម្ពុជាតែងតែគិតគូរពីឧត្តមប្រយោជន៍ជាតិជាធំ។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិលោកសេង វណ្ណលី ប្រាប់វីអូអេថា នៅក្នុងកិច្ចការការទូត និងទំនាក់ទំនងអន្តរជាតិរបស់រដ្ឋាភិបាលអាណត្តិទី៧អស់រយៈពេលមួយឆ្នាំ លោកមើលឃើញថា ប្រមុខរដ្ឋាភិបាលបានធ្វើដំណើរទស្សនកិច្ចច្រើននៅក្រៅប្រទេស ប៉ុន្តែបេសកកម្មការទូតទាំងនោះមិនទាន់ត្រូវបានគេមើលឃើញថា នឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក លើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែងកម្រិតណានោះទេ ខណៈរដ្ឋាភិបាលបានត្រឹមចេញរបាយការណ៍បង្ហាញឱ្យឃើញពីលំហូនៃវិនិយោគិនពីបរទេសចូលមកវិនិយោគនៅកម្ពុជាទាំងគម្រោងតូច មធម្យ និងខ្នាតធំ។
លោកថ្លែងថា៖ «ដោយសារតែយើងទទួលស្គាល់ថា ដំណើរទស្សនកិច្ចរបស់ថា្នក់ដឹកនាំ ក្រោយអំពីដំណើរទស្សនកិច្ចឃើញមានការវិនិយោគ លំហូនៃវិនិយោគិនពីបរទេសចូលមកវិនិយោគនៅកម្ពុជាទាំងគម្រោងតូច មធម្យ និងខ្នាតធំ ដូចក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចែករំលែក បានបង្ហាញជូន។ ក៏ប៉ុន្តែគ្រាន់ថា ក្នុងរយៈពេលវែង យើងមិនដឹងថា វាមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ឬក៏លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឬក៏ជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងប្រកបដោយបរិយាប័ន្នយ៉ាងណានោះទេ»។
ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-អាមេរិក អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិរូបនេះលើកឡើងថា ទំនាក់ទំនងប្រទេសទាំងពីរហាក់ដូចជាបានស្តារឡើងវិញ ក្រោយមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកមកកាន់កម្ពុជា និងការចុះចតយន្តហោះរបស់កងកម្លាំងសហរដ្ឋអាមេរិក។
ប៉ុន្តែលោកថា លោករង់ចាំក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិកថា តើទំនាក់ទំនងរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋាភិបាលវ៉ាស៊ីនតោនមានភាពល្អប្រសើរបានកម្រិតណា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់វីអូអេថា ក្នុងរយៈពេលមួយឆ្នាំមកនេះ កម្ពុជាបានពង្រឹងកិច្ចការការទូត និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងក្នុង និងក្រៅតំបន់ជុំវិញពិភពលោក។ ចំណែកទំនាក់ទំនងការទូតជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកវិញ លោកមើលឃើញថា មានភាពវិជ្ជមានច្រើន ជុំវិញប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP។
លោកថ្លែងថា៖ «ថ្វីបើប្រព័ន្ធអនុគ្រោះ EBA ក៏ដូចជា GSP នៅតែជាបញ្ហាមួយដែលបង្កជាឧបសគ្គខ្លះៗសម្រាប់សក្តានុពលនៃការពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកក្តី ជាមួយនឹងសហភាពអឺរ៉ុបក្តី ក៏ប៉ុន្តែជាជ្រុងដែលកម្ពុជាអាចធ្វើការបានជាមួយសហភាពអឺរ៉ុប និងជាមួយសហរដ្ឋអាមេរិក យើងឃើញថា មានលម្ហច្រើន មានឱកាសច្រើន ដែលភាគីទាំងពីរអាចធ្វើការជាមួយគ្នាដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្របខណ្ឌទ្វេភាគី តំបន់ និងពិភពលោក»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ាប្រាប់វីអូអេថា នយោបាយការបរទេសរបស់កម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីនីតិកាលទី៧អស់រយៈពេលមួយឆ្នាំមានការរីកចម្រើនមួយចំនួនផងដែរ ប៉ុន្តែបញ្ហាទំនាក់ទំនងជាមួយនឹងសហភាពអឺរ៉ុបហាក់មិនមានការប្រែប្រួលនោះទេ។
លោកថ្លែងថា៖ «ដោយឡែកនៅប៉ែកអឺរ៉ុប យើងអត់ទាន់ឃើញមានអ្វីប្រែប្រួលជាដុំកំភួន អត់មានអីទេ។ បើប្រែប្រួល វាពាក់ព័ន្ធនឹង EBA។ វាមានសញ្ញាណវិជ្ជមានអីយ៉ាងម៉េចអត់ឃើញមានការប្រែប្រួលអីយ៉ាងម៉េច»។
អ្នកតាមដាននយោបាយកម្ពុជាដែលវីអូអេបានសម្ភាសលើកឡើងថា ការជំរុញការទូតសេដ្ឋកិច្ចរបស់កម្ពុជានៅមានភាពចម្រើនតិចតួច ដោយសារបញ្ហាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរថយក្រោយ ស្របពេលដែលការគោរពនីតិរដ្ឋក៏ពុំសូវមានភាពល្អប្រសើរផងដែរ។ អ្នកតាមដានថា កម្ពុជាអាចទាក់ទាញពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនបានភាគច្រើនជាមួយនឹងបណ្តាប្រទេស ដែលមិនសូវខ្វល់ខ្វាយពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលនេះខុសពីគោលការណ៍របស់ប្រទេសសេរី និងបស្ចិមលោក។
សម្រាប់លោក គិន ភា ក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលកម្ពុជាបានរៀបចំរបៀបវីរៈសេដ្ឋកិច្ច ក្នុងការសម្រេចចក្ខុវិស័យរបស់ខ្លួនក្នុងឆ្នាំ ២០៣០ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ប៉ុន្តែលោកថា កំណើន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជានៅមានបញ្ហានៅឡើយទាក់ទងនឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ ចំណែកវិស័យទេសចរណ៍វិញ កម្ពុជាហាក់មិនទាន់មានកំណើនភ្ញៀវទេសចរច្រើន ដែលបណ្តាលមកការពីការប៉ះពាល់វិបត្តិសេដ្ឋកិច្ចសកលបន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩ ដែលជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍នៅកម្ពុជា។
បើតាមការព្យាកររបស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនដល់៥,៨ភាគរយ ក្នុងឆ្នាំ ២០២៤ នេះ និង៦,១ ភាគរយ ក្នុងឆ្នាំ ២០២៥ ជាមួយការរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដែលកម្ពុជាមានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
ក្នុងឆមាសទី១នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីសរុបចំនួន១៩០ដែលមានទុនវិនិយោគសរុបប្រមាណ៣ពាន់២រយលានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនជាង១៦ម៉ឺនកន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយកាលពីថ្ងៃទី៥ ខែកក្កដា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ឱ្យដឹងទៀតថា ការអនុម័តគម្រោងនេះមានការកើនឡើងចំនួន៧៧គម្រោង និងកើនទុនវិនិយោគប្រមាណជា២ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
វេទិកាបញ្ចេញមតិ