ក្រុមអ្នកតាមដានមួយចំនួន លើកឡើងថា ការបដិសេធរបស់សាលាក្រុងភ្នំពេញដោយឱ្យគណបក្សកម្លាំងជាតិ លើកពេលនៃការធ្វើសមាជរបស់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនាយកបន្ថែមនោះគឺជាការរឹតត្បិតសេរីភាពគណបក្សនយោបាយ។
គណបក្សកម្លាំងជាតិគ្រោងធ្វើសមាជវិសាមញ្ញនៅថ្ងៃអាទិត្យទី២៥ ខែសីហាខាងមុខនេះ ខណៈប្រធានគណបក្សជំទាស់មួយនេះគឺលោក ស៊ុន ចន្ធី និងមន្ត្រីបក្សមួយចំនួនទៀតកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងពន្ធនាគារ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សសម្រេចលើកពេលធ្វើសមាជទៅតាមការទាមទាររបស់សាលាក្រុង ហើយគ្រោងនឹងរៀបចំឡើងវិញនៅខែកញ្ញាខាងមុខ។ លោកចាត់ទុកថា ការបដិសេធរបស់សាលាក្រុងភ្នំពេញមិនឱ្យគណបក្សធ្វើសមាជនាពេលនេះ គឺជាការគាបសង្កត់សិទ្ធិនយោបាយ។
លោកថ្លែងថា៖ «បើយើងពិនិត្យមើលទៅ វាជា ការរឹតត្បិតបន្តឹងទៅដល់សេរីភាព ហើយការដែលអាជ្ញាធរភ្នំពេញលើកឡើងអំណះអំណាង ដែលយើងមើលទៅវាមិនដល់ថ្នាក់ដែលថា បិទមិនឱ្យធ្វើការជួបប្រជុំដូច្នេះទេបាទ»។
បើតាមកំណត់ហេតុមួយរបស់សាលាក្រុងភ្នំពេញ ការរៀបចំសមាជរបស់គណបក្សកម្លាំងជាតិ នៅខែសីហានេះជាពេលវេលាមិនសក្តិសម ខណៈទីក្រុងភ្នំពេញកំពុងប្រឈមនឹងចលនាប្រមូលផ្តុំចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
បន្ថែមលើនោះ សាលាក្រុងបានព្រមានគណបក្សកម្លាំងជាតិឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីគណបក្សនៅតែប្រកាន់ជំហរធ្វើសមាជវិសាមញ្ញនេះ នៅថ្ងៃអាទិត្យទី២៥ ខែសីហា ខាងមុខនេះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ឃើញថា ការហាមប្រាមនេះបង្ហាញឱ្យសាធារណជនឃើញថា ជាការបិទសិទ្ធិសេរីភាពរបស់គណបក្សនយោបាយ និងថា ការធ្វើសមាជរបស់គណបក្សកម្លាំងជាតិនេះក៏មិនជាប់ពាក់ព័ន្ធនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាម CLV-DTAដែរ។
លោកថ្លែងថា៖«ដូចខ្ញុំបានលើកឡើងថា ទស្សនៈនៃការហាមប្រាម ការរឹតត្បិតហ្នឹង វាត្រូវបានយើងមើលឃើញថា ជាការរឹតត្បិតសិទ្ធិសេរីភាពរបស់អ្នកនយោបាយ ដែលមានចែងនៅក្នុងច្បាប់ដែលរដ្ឋធម្មនុញ្ញផ្តល់ឱ្យ។ នៅក្រសួងមហាផ្ទៃក៏បានអនុញ្ញាតគោលការណ៍ច្បាប់ឱ្យគណបក្សកម្លាំងជាតិធ្វើកិច្ចការនយោបាយ។ នេះគ្រាន់តែជាសមាជក្នុងផ្ទៃក្នុងបក្ស»។
លោកបន្ថែមថា តាមគោលការណ៍ច្បាប់ គ្រប់ភាគីអនុវត្តច្បាប់ និងអ្នកនយោបាយទាំងអស់គួរតែគោរពតាមគោលការណ៍ច្បាប់ឱ្យបានពេញលេញ រក្សានូវទស្សនៈឬគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដក្នុងនាមកម្ពុជាជាហត្ថលេខីមួយនៅក្នុងអនុសញ្ញា និងកតិការសញ្ញានានារបស់អន្តរជាតិ។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ការហាមឃាត់របស់សាលារាជធានីភ្នំពេញជាការប្រុងប្រយ័ត្ន«ហួសហេតុពេក» ព្រោះការធ្វើសមាជរបស់គណបក្សកម្លាំងជាតិគ្មានគោលដៅផ្តួលរំលំរដ្ឋាភិបាលទេ។
លោកប្រាប់វីអូអេថា៖«ខ្ញុំគិតថា ការវាយតម្លៃរបស់រាជរដ្ឋាភិបាលឬអាជ្ញាធរក្រុងភ្នំពេញហ្នឹងមានការប្រុងប្រយ័ត្នហ្នឹងវាហួសពេក។ ខ្ញុំមិនជឿថា វាមានរឿងអីអាចនឹងកើតឡើងទេ ព្រោះខ្ញុំសង្កេតមើលឃើញថា ដូចជាមិនមានកម្លាំងចលនាអីចង់ទៅផ្តួលរំលំរាជរដ្ឋាភិបាល អីដូចជាមិនមានទេ គ្រាន់តែថា ជាការបញ្ចេញមតិ តស៊ូមតិមិនពេញចិត្តមិនគាំទ្រចំពោះគម្រោងCLV វាមាន។ ប៉ុន្តែរឿងចលនាដើម្បីផ្តួលរំលំហាក់បីមិនមានចលនាអីធំដុំធ្វើឱ្យរាជរដ្ឋាភិបាលឬអាជ្ញាធរក្រុងភ្នំពេញភ័យដល់ថ្នាក់ហ្នឹងទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា បើតាមច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាតិផ្សេងៗ គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃមានការទទួលស្គាល់ត្រឹមត្រូវនោះអាចធ្វើសកម្មភាពរបស់ខ្លួនបានដោយសេរីស្របតាមគោលការណ៍ច្បាប់គណបក្សនយោបាយ។
លោកថ្លែងថា៖«យើងជា អង្គការសង្គមស៊ីវិលនៅតែទទួចថា រឿងនយោបាយសូមឱ្យអ្នកនយោបាយទាំងអស់តម្កល់ឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ ធ្វើម៉េចកុំយកពលរដ្ឋធ្វើជាឧបករណ៍នយោបាយដែលធ្វើឱ្យពលរដ្ឋរងគ្រោះ»។
បើតាមលោក អំ សំអាត ស្ថានភាពបច្ចុប្បន្ននេះ ហាក់ដូចជាមានភាពតានតឹងច្រើនដូចជាការចាប់ខ្លួនសកម្មជនជាបន្តបន្ទាប់ ហើយកងកម្លាំងក៏ប្រកាសប្រយុទ្ធប្រឆាំងជាមួយនិង ក្រុមចង់ផ្តួលរំលំរដ្ឋាភិបាល ដែលទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្នចំពោះការប្រមូលផ្តុំមនុស្ស ដូចការព្យាយាមធ្វើសមាជរបស់គណបក្សកម្លាំងជាតិ។
សមាជវិសាមញ្ញរបស់គណបក្សកម្លាំងជាតិ ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ មានគោលដៅបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនាយកបន្ថែម ខណៈប្រធានគណបក្សលោក ស៊ុន ចន្ធី បន្តជាប់ឃុំ។ នេះបើតាមទីប្រឹក្សាគណបក្សកម្លាំងជាតិ៕
វេទិកាបញ្ចេញមតិ