ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​នឹងជម្រះ​រឿង​លោក ស៊ុន ចន្ធី នា​ថ្ងៃស្អែក​ចំពេល​លេចឭ​ថាមាន​លិខិត​សុំទោស


រូបឯកសារ៖ លោក ស៊ុន ចន្ធី ប្រធានគណបក្ស​កម្លាំង​ជាតិ​ ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​បក្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Facebook/Nation Power Party)
រូបឯកសារ៖ លោក ស៊ុន ចន្ធី ប្រធានគណបក្ស​កម្លាំង​ជាតិ​ ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​បក្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Facebook/Nation Power Party)

សាលា​ឧទ្ធរណ៍​ភ្នំពេញ​នឹង​បើក​សវនាការ​លើ​បណ្តឹង​ប្តឹង​ទាស់​សាលក្រាម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​របស់​មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ពាក់ព័ន្ធ​ដីកា​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាស្នន នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ជូន​លោក ស៊ុន ចន្ធី ប្រាប់​វីអូអេ​ថា នៅ​ថ្ងៃ​អង្គារថា​ស្អែក​នេះ សាលា​ឧទ្ធរណ៍​នឹង​មាន​ការ​បើក​សវនាការ​បណ្តឹង​ទាស់​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​លោក ស៊ុន ចន្ធី ឱ្យ​ដោះ​លែង​មាន​សេរីភាព​វិញ។

លោក​ប្រាប់​វីអូអេ​ថា៖ «ប៉ុន្តែ​ខ្ញុំ​ជា​មេធាវី​ កាល​ដែល​ប្តឹង​ឧទ្ធរណ៍​នេះ ប្តឹង​តាំង​ពី​ថ្ងៃ​១០ [ឧសភា] ពេល​ដែល​សម្រេច​ឃុំ​ខ្លួន​គាត់​ភា្លមៗ​ ប្តឹង​ភា្លមៗ​ហ្នឹង​។ អ៊ីចឹង​គោល​បំណង​នៃ​ការ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​ហ្នឹង​គឺ​ទាមទារ​ឱ្យ​ដោះលែង​វិញ»។

រូបឯកសារ៖ លោក រ៉ុង ឈុន អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន ថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការបក្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក រ៉ុង ឈុន អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន ថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការបក្ស នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣។

បើតាម​ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក រ៉ុង ឈុន ប្រាប់​វីអូអេ​ថា សមាជិក​បក្ស​នឹង​នាំ​គ្នា​ទៅ​គាំទ្រ និង​លើក​ទឹក​ចិត្ត​លោក ស៊ុន ចន្ធី ក្នុង​សវនាការ​ប្តឹង​ជំទាស់​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ឯ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​នា​ថ្ងៃ​ស្អែក​នេះ។ លោក​បន្ថែម​ថា គណបក្ស​កម្លាំង​ជាតិ​ក៏​នឹង​ត្រៀម​ជួបជុំ​សម្តែង​មតិ​នៅ​ទី​ស្នាក់ការ​បក្ស នាថ្ងៃទី​១៦ ខែ​មិថុនា ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី និង​សកម្មជន​ដទៃ​ទៀត​ឱ្យ​មាន​សេរីភាព​វិញ។

មេដឹក​នាំ​គណ​បក្ស​កម្លាំង​ជាតិ លោក​ ស៊ុន ចន្ធី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ កាល​ពីថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២៤ វេលាម៉ោង​៩​ព្រឹក នៅ​ពេល​លោក​ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​វិញ ទី​ដែល​លោក​បាន​ជួប​សំណេះ​សំណាល​ជាមួយ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស។ បច្ចុប្បន្ន​លោក​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធធនាគារ​ខេត្ត​ពោធិ៍សាត់​ពីបទ ដែល​គេ​គិតថា​និយាយ​ប៉ះពាល់​ដល់​ថ្នាក់​ដឹកនាំ​ប្រទេស​និង​រដ្ឋាភិបាល។

ស្របពេល​ដែលមាន​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​ឲ្យមាន​ការ​ដោះលែង​នេះ ​អង្គភាព​សារព័ត៌មាន​ Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​៨ ខែ​មិថុនា​នេះ បាន​ផ្សព្វផ្សាយ​លិខិត​សុំទោស​របស់​លោក ស៊ុន ចន្ទី ត្រូវ​បាន​ធ្វើ​ចេញ​ពី​ពន្ធធនាគារ​ដោយ​មិន​បាន​ចុះ​ថ្ងៃ​ខែ​នៅ​ឡើយ​ទេ។

លិខិត​សុំទោស​របស់​លោក ស៊ុន ចន្ធី សរសេរ​ថា៖ «ខ្ញុំ​បាទ​ពិតជា​មាន​ការ​សោកស្តាយ និង​សូមទោស​ដោយ​សុចរិត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា រួម​ទាំង​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល​ទាំង​មូល​នូវ​មតិ​លើក​ឡើង​ខុស​ឆ្គង​ដោយ​អចេតនា​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា»។

លិខិត​សុំទោស​ដែល​អង្គភាព​សារព័ត៌មាន​ Fresh News បាន​ផ្សព្វផ្សាយ​នោះ​ក៏បញ្ជាក់​ថា លោក ស៊ុន ចន្ទី ប្រធាន​គណបក្ស​កម្លាំង​ជាតិ ពិតជា​មាន​ការ​សោក​ស្តាយ​ចំពោះ​មតិ​ដែល​បាន​លើកឡើង​ក្នុង​កម្មវិធី​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​២០​នាក់ នៅ​ខេត្ត​អ៊ីបារ៉ាគិ ក្នុង​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក ជូង ជូងី មេធាវីការពារក្តីឲ្យកញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយតុលាការបញ្ចប់ការប្រកាសសាលក្រម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ជូង ជូងី មេធាវីការពារក្តីឲ្យកញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយតុលាការបញ្ចប់ការប្រកាសសាលក្រម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ជូន​លោក ស៊ុន ចន្ធី ប្រាប់​វីអូអេ​ថាលោក​មិនបាន​ដឹង​ពី​លិខិត​សុំ​ទោស​នោះ​ទេ។ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​វីអូអេ​ថា គណបក្ស​កម្លាំង​ជាតិ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ថា​លិខិត​សុំទោស​ដែល​មាន​ស្នាម​មេដៃ និង​រូបថត​របស់​លោក ស៊ុន ចន្ធី នោះ​ជា​លិខិត​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​សារ​តែ​លិខិត​នោះ​មិន​បាន​ចុះ​កាល​បរិច្ឆេទ​ច្បាស់លាស់ ហើយ​គណបក្ស​ក៏​មិន​ទាន់​បាន​ជួប​សាច់​ញាតិ​របស់​លោក ស៊ុន ចន្ធី ផង​ដែរ។

លោក​បញ្ជាក់​ទៀត​ថា បើសិន​ជា​លិខិត​នោះ​ជា​លិខិត​ពិតប្រាកដ​មែន នោះ​វា​គ្រាន់​តែ​ជា​ការ​សម្តែង​មតិ និង​សេរីភាព​របស់​បុគ្គល​ប៉ុណ្ណោះ ហើយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជំហរ​នយោបាយ​របស់​គណបក្ស​កម្លាំង​ជាតិ​ឡើយ។

លោក​ថ្លែង​ថា៖ «ជំហរ​គណបក្ស​គឺ​នៅ​តែ​រឹងមាំ​ ហើយ​យើង​នឹង​ធ្វើការងារ​ទៅ​តាម​ផែនការ​របស់​យើង​ឆ្ពោះទៅ​ឆ្នាំ​២០២៧ ២០២៨ [ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​សកល]»។

អ្នកនាំពាក្យ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា មិន​បាន​បញ្ជាក់​ឱ្យ​ចំៗ​ថា លិខិត​សុំទោស​របស់​លោក ស៊ុន ចន្ធី ដែល​ត្រូវ​បាន​បង្ហោះ​ជា​សាធារណៈ​ក្នុង​បណ្តាញ​សង្គម​នោះ​ជា​លិខិត​ពិត​ ឬ​យ៉ាង​ណា​នោះទេ ដោយ​លោក​ថា បើ​លិខិត​នោះ​មាន​ស្នាម​មេដៃ​របស់​បុគ្គល ដូច្នេះ​វា​ជា​លិខិត​ពិត​ប្រាកដ។

មេដឹកនាំ​រដ្ឋាភិបាល​ឬ​នាយក​រដ្ឋមន្ត្រី​ជាធម្មតាត្រូវ​ស្នើឲ្យ​មានការ​លើកលែង​ទោស​ក្រោយ​ពេល​ដំណើរការ​នីតិវិធី​តុលាការ​ត្រូវ​បញ្ចប់​ ប្រសិន​បើ​ទទួល​យក​ការ​សុំ​ទោស។

ឆ្លើយតប​ទៅ​នឹង​លិខិត​សុំទោស​របស់​លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បញ្ជាក់​ឱ្យ​ដឹង​ថា នៅពេល​មាន​ការ​សម្រេច​យ៉ាង​ណា​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹង​មាន​ការ​ជូន​ដំណឹង​តាម​ក្រោយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG