អ្នកតាមដានមួយចំនួនបានរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការផ្អាកសកម្មភាពសាលារៀននៅទូទាំងរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍រថយន្តរបស់គណៈប្រតិភូ ដែលនឹងមកកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
ការផ្អាកសកម្មភាពសាលារៀនទាំងរដ្ឋ និងឯកជនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូល ដែលមានថ្នាក់ដឹកនាំពិភពលោកចូលរួមផងដែរ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ លោក បណ្ឌិត ប៉ា ច័ន្ទរឿន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោកមិនសាទរចំពោះចំណាត់ការរបស់ក្រសួងអប់រំឡើយ ហើយថា ចំណាត់ការនេះហាក់ធ្វើឡើង ដែលអាចប៉ះពាល់ដល់ការសិក្សារបស់សិស្សនិស្សិត។ ប្រធានវិទ្យាស្ថានរូបនេះបានផ្តល់ជាដំណោះស្រាយ៣ចំណុច ដែលទីមួយ បិទតែសាលារៀនណាដែលនៅជិត ឬជាប់ផ្លូវកន្លែងកម្មវិធីប្រជុំ។ ទីពីរ សាលារៀននៅទីតាំងឆ្ងាយពីកិច្ចប្រជុំអាចដំណើរការធម្មតា និងទីបី សិស្សនៅសាលាដែលនៅជិត/ជាប់កន្លែងប្រជុំអាចរៀនតាមអនឡាញ។
លោកថ្លែងថា៖ «បើសិនជាយើងអាចធ្វើតាមវិធីទាំង៣នេះបាន ខ្ញុំគិតថា អាចកាន់តែជួយសម្រួលដល់ដំណើរការនៃការធ្វើដំណើរ ការរៀបចំ ការប្រារព្ធពិធីប្រជុំកំពូលហ្នឹង ហើយក៏មិនធ្វើឱ្យប៉ះពាល់ដល់សិស្សនិស្សិតរបស់យើង ខាតការសិក្សារៀនសូត្រច្រើនផង»។
លោក ប៉ា ច័ន្ទរឿន បន្ថែមថា ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញកើតឡើងជារៀងរាល់ថ្ងៃ ដែលបណ្តាលមកពីផ្លូវតូច ចំនួនប្រជាជនកើនឡើង និងការមិនសូវគោរពច្បាប់ចរាចរណ៍។ លោកជំរុញឱ្យរដ្ឋាភិបាលសិក្សាឱ្យបានលម្អិតពាក់ព័ន្ធជាមួយបញ្ហានេះ ដូចជាកត្តាមនុស្ស កត្តាផ្លូវថ្នល់ កត្តាវិស្វកម្មនៅក្នុងការរៀបចំផ្លូវ ក៏ដូចជាចរាចរណ៍ដើម្បីបញ្ចៀសការកកស្ទះ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេថា រដ្ឋាភិបាលគួរតែថ្លឹងថ្លែងថា តើវាមានភាពចាំបាច់ខ្លាំងប៉ុនណា ដែលត្រូវផ្អាកសាលានៅទូទាំងរាជធានីភ្នំពេញ ខណៈស្ថាប័នដទៃទៀតមិនមានការផ្អាក។ អ្នកស្រីបន្តថា ក្រសួងអប់រំគួរតែផ្អាកសាលារៀន ក៏ដូចជាកន្លែងណាមួយដែលនៅជិតកន្លែងកម្មវិធីប្រជុំ ជាជាងផ្អាកសាលារៀនទាំងអស់។
អ្នកស្រីថ្លែងថា៖«ខ្ញុំគិតថា មិនគួរយើងត្រូវឱ្យកុមារ ត្រូវឱ្យសិស្សទាំងឡាយត្រូវខាតបង់គ្រាន់តែដើម្បីឱ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មានឱកាសនៅក្នុងការប្រជុំ»។
នាយិការូបនេះបន្ថែមថា ការផ្អាកសាលារៀនដើម្បីសម្រួលដល់គណៈប្រតិភូគ្រាន់តែជាមធ្យោបាយដោះទ័លមួយពេលប៉ុណ្ណោះ ខណៈការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញកើតមានឡើងជារៀងរាល់ថ្ងៃ។ អ្នកស្រីអះអាងថា ការកកស្ទះនេះធ្វើឱ្យប៉ះពាល់ច្រើនដល់ប្រជាពលរដ្ឋ មិនថា ទាំងផ្នែកសេដ្ឋកិច្ច និងទាំងផ្នែកសុខភាពផ្លូវចិត្តរបស់បុគ្គលទេ។
អ្នកស្រីបានថ្លែងថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ថា រដ្ឋាភិបាលត្រូវគិតគូរឱ្យលើសពីវិធានការបណ្តោះអាសន្ននេះថែមបានឆ្លើយតបនឹងបញ្ហាការកកស្ទះចរាចរណ៍ហ្នឹង ថាតើយើងនឹងមានដំណោះស្រាយបែបណាដើម្បីដោះស្រាយបញ្ហាហ្នឹង»។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានបដិសេធមិនអត្ថាធិប្បាយ ដោយប្រាប់អ្នកយកព័ត៌មានវីអូអេឲ្យយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងអប់រំបានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងអប់រំបានបញ្ជាក់ថា ការផ្អាកនេះដើម្បីសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។
ក្រៅពីនេះ រដ្ឋាភិបាលក៏បានសម្រេចផ្អាករៀបចំពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ ព្រមទាំងលើកពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគ្រោងធ្វើឡើងនៅក្នុងខែវិច្ឆិកា ទៅធ្វើនៅក្នុងខែធ្នូវិញ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១២ នៅពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេននៃសមាគមអាស៊ាន រដ្ឋាភិបាលក៏បានផ្អាកសាលារៀនផងដែរ ដែលកាលនោះ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏បានធ្វើដំណើរមករាជធានីភ្នំពេញមកចូលរួមកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ជាប់ទីស្តីការគណៈរដ្ឋមន្រ្តី៕