ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្រកាស​បើក​សាលារៀន​ទូទាំង​ប្រទេស ខណៈ​អ្នកជំនាញ​ស្នើឲ្យ​ពង្រឹង​វិធាន​ការការពារ


រូបឯកសារ៖ សិស្សានុសិស្ស​ពាក់ម៉ាស់​ដើរចេញ​ពីថ្នាក់រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅថ្ងៃ​ដំបូងនៃ ការបើក​សាលារៀន​ឡើងវិញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)
រូបឯកសារ៖ សិស្សានុសិស្ស​ពាក់ម៉ាស់​ដើរចេញ​ពីថ្នាក់រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅថ្ងៃ​ដំបូងនៃ ការបើក​សាលារៀន​ឡើងវិញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)

អ្នក​ជំនាញ​ក្នុង​វិស័យ​អប់រំ​ជំរុញ​ការ​ពង្រឹង​វិធានការ​ការពារ និងការ​វាយ​តម្លៃ​ប្រាកដ​ប្រជា​ពី​លទ្ធភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ បន្ទាប់​ពីសាលា​រៀន និង​គ្រឹះស្ថាន​អប់រំ​ទូទាំង​ប្រទេស ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ពេញ​លេញឡើង​វិញ ចាប់​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០​២១។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១ សាលា​រៀន​នៅ​រាជធានី​ភ្នំពេញ​ ចាប់​ពី​ថ្នាក់​ទី​៧ ​ដល់​ថ្នាក់​ទី​១២ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ឡើង​វិញ បន្ទាប់​ពី​បិទ​ទ្វារ​រាប់​ខែ​មក​ហើយ។ ចំណែក​សាលារៀន​នៅ​តាម​បណ្តា​ខេត្ត​ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ផង​ដែរ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រកាស​បើក​ដំណើរ​ការ​គ្រឹះ​ស្ថាន​សិក្សា​ចំណេះ​ដឹង​ទូទៅគ្រប់​កម្រិត​ទាំង​សាធារ​ណៈ និង​ឯកជន​នៅ​ក្នុង​ប្រទេស​ទាំង​ស្រុង​ឡើង​វិញ។ ការ​បើក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​ឡើង​វិញ​នេះ​ គឺ​នឹង​ធ្វើ​ឡើង​ក្រោម​រូបភាព​នៃ​ការ​បង្រៀន​ និង​រៀន​តាម​បណ្តុំ​១៥ ទៅ​២០​នាក់ និង​ឆ្លាស់​វេន ដោយ​តម្រូវ​ឲ្យ​អនុវត្ត​គម្លាត​សុវត្ថិ​ភាព និង​វិធាន​ការ​សុខា​ភិបាល គួប​ផ្សំ​នឹង​ការ​សិក្សា​តាម​បែប​ចម្រុះ​ចំពោះ​ភូមិសាស្រ្ត​ដែល​មាន​ហានិភ័យ​ឆ្លង​ជំងឺ​មធ្យម​ ឬ​ខ្ពស់។ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​ចុះ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២១។

លោក ​ហេង វ៉ាន់ដា​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា ចាត់​ទុក​ចំណាត់​ការ​បើក​សាលា​រៀន​ទាំងអស់ ជា​ជំហាន​ប្រសើរ​មួយ ហើយ​លោក​ជំរុញ​ឲ្យ​ជួយ​ជ្រោម​ជ្រែង​ដល់​ការ​បង្ការ​ការ​ពារ​ជំងឺ​កូវីដ​១៩ ជា​ពិសេសនៅ​ក្នុង​វិស័យ​អប់រំ​ឯកជន។

លោកថ្លែង​ថា៖ «ខ្ញុំ​រាល់​ថ្ងៃ​ និយាយ​ឲ្យ​ចំ​ទៅ​សាលា​ឯក​ជន​មិន​មាន​ជា​បទ​ពិសោធន៍​អី​ច្រើន​ដូច​រាជ​រដ្ឋាភិបាល​ និង​រដ្ឋ​អំណាច​នានា​ដែល​លោក​ចុះ​ទៅ​អនុវត្ត​ជាក់​ស្តែង។ គ្រប់គ្រង​កូវីដ​ម៉េច អី​ម៉េច​ យើង​អត់​មាន​បទ​ពិសោធន៍​ទេ ម្ល៉េះ​ហើយ​ ឲ្យ​តែ​លោក​មាន​វិធាន​ការ​ម៉េច​មក​ យើង​ធ្វើ​តាម​ហ្នឹង។ ហើយ​វិធានការ​ហ្នឹង​ បើ​យើង​មើល​ទៅ​វា​ល្អ។ យើង​គ្រប់គ្រង​កូវីដ​បាន​ មាន​ន័យ​ថា យើង​បើក​តាម​ផ្លូវ​ក្នុង​នាម​ជា​តៃកុង​ឡាន​ បើក​ក្នុង​កម្រិត​ល្បឿន​មួយ​ដែល​យើង​អាច​គ្រប់គ្រង​បាន»។

អ្នកស្រី​ អ៊ុក ឆាយាវី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ លើក​ឡើង​ថា ​អ្នកស្រី​ មិន​គាំទ្រការ​បើក​សាលា​រៀន​ពេញ​លេញ​នោះ​ទេ ដោយ​អ្នកស្រី​សង្កេត​ឃើញ​ថា មាន​គ្រូ​បង្រៀន និង​សិស្ស​មួយ​ចំនួន​ឆ្លង​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​រួច​ហើយ។ អ្នកស្រី​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​បើក​ដំណើរ​ការគ្រឹះ​ស្ថាន​សិក្សា​ទាំង​ស្រុង​ ស្រប​ពេល​ករណី​ឆ្លង​និង​ស្លាប់​ ដោយ​សារ​ជំងឺ​កូវីដ១៩ នៅ​តែ​បន្ត​មាន។

អ្នកស្រីថ្លែង​ថា៖ « អ៊ីចឹង​គួរ​តែ​អ្វី​ដែល​យើង​រួម​បី​ការពារ​ហ្នឹង​ បី​កុំ​បី​ការពារ​ គួរ​តែ​យើង​កុំ​ទាន់​ទៀត​ ព្រោះ​ការ​ដែល​ចូល​រៀន​នៅ​ពេល​ហ្នឹង ​គឺពេល​ដែល​បញ្ហា​កូវីដ​ អត់​ទាន់​ចាក​ចេញ។ ហើយ​យើង​ឃើញ​ថា ការ​ស្លាប់​ ការ​កើត ​នៅ​តែ​មាន​។ លុះ​ត្រា​ថា​ រក​តែ​ម្នាក់​គ្មាន​ ទើប​បើក​សាលា​រៀន​ទៅ​ទទួល​បាន​ជោគ​ជ័យ»។

សេចក្តី​ណែនាំ​ពី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ក៏​បាន​បញ្ជាក់​ថា ក្នុង​ករណី​រក​ឃើញ​មាន​ការ​ឆ្លង​នៅ​ក្នុង​ក្រុម​សិស្ស ឬ​ថ្នាក់​រៀន​ មន្ទីរ​អប់រំ ​យុវជន​ និង​កីឡា ​ត្រូវ​ផ្អាក​ដំណើរការ​តែ​ក្រុម​សិស្ស​ ឬ​ថ្នាក់​រៀន​នោះ​តែ​ប៉ុណ្ណោះ​ ហើយ​ត្រូវ​ចាត់​ចែង​យក​អ្នកវិជ្ជមាន​ និង​អ្នក​ពាក់ព័ន្ធ​ទៅ​ព្យាបាល​ និង​ធ្វើ​ចត្តា​ឡីស័ក​ ១៤​ថ្ងៃ។ ដោយ​ឡែក​គ្រឹះស្ថាន​សិក្សា​ទាំងមូល ឬ​ក្រុម​សិស្ស ​ឬ​ថ្នាក់រៀន​ដទៃ​ទៀត​ នៅ​បន្ត​ដំណើរការ​ធម្មតា។

កញ្ញា​ បូ អ៊ីគីម​ សិស្ស​ថ្នាក់​ទី​១២ ​នៅ​វិទ្យាល័យ​ ជា ស៊ីម​ សន្ធរ​មុខ ប្រាប់​វីអូអេ​ថា ​កញ្ញា​បាន​ចូល​រៀន​នៅ​ថ្នាក់​រៀន​ឡើង​វិញ​កាល​ពី​ខែ​កញ្ញា ​ប៉ុន្តែ​កញ្ញា​ត្រូវ​រៀន​ជា​ក្រុម​ឆ្លាស់​វេន​គ្នា​ ដោយ​មួយ​ក្រុម មាន​សិស្ស​១៥​នាក់​។ យ៉ាង​ណាក្តី​ កញ្ញានៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភពី​ជំងឺ​កូវីដ​១៩ បើ​ទោះ​បី​ជា​មាន​ការ​តម្រូវ​ឲ្យ​អនុវត្ត​វិធាន​ការ​ការពារ​ក៏​ដោយ។

យុវតី​អាយុ​១៧​ឆ្នាំ​រូប​នេះ​ បាន​និយាយ​ថា៖ «រឿង​ហ្នឹង​ដូច​ថា ​ព្រួយ​បារម្ភ​ខ្លះ​ដែរ ប៉ុន្តែ​នៅ​ក្នុង​ថ្នាក់​យើង​ យើង​រក្សា​គម្លាត ​បាញ់​អាកុល​ញឹក​ញាប់ ពាក់​ម៉ាស​ខ្ជាប់​ខ្ជួន​អញ្ចឹង​ទៅ ដូចថា ​ការ​ភ័យ​ហ្នឹង​តែ៣០%​។ ទៅ​សាលា​ទៅ​គេ​វាស់កម្តៅ​ វាស់អី​ផង​ អ៊ីចឹង​ទៅ​វា​អត់​មាន​ហានិ​ភ័យ​ក្នុង​ការ​ឆ្លង»។

កញ្ញា​ អ៊ឹង ស៊ូយ៉េង ​សិស្ស​ថ្នាក់​ទី១១​ នៅ​វិទ្យាល័យ​ព្រះ​យុគន្ធរ ​ចាត់​ទុក​ការ​បើក​សាលារៀន​ទាំង​ស្រុងឡើង​វិញ​ជា​រឿង​ប្រសើរ​មួយ​ ធៀប​នឹង​ការ​រៀន​តាម​ប្រព័ន្ធ​អនឡាញ ដោយ​លើក​ឡើង​ថា​ ការ​សិក្សា​នៅ​សាលា​រៀន​ផ្ទាល់ ​នឹង​ជួយ​ជំរុញ​ការ​សិក្សា​របស់​សិស្ស​ឡើង​វិញ ខណៈ​ការ​សិក្សា​របស់​កញ្ញា​ បានធ្លាក់​ចុះ​អំឡុង​ពេល​រៀន​តាម​ប្រព័ន្ធ​អនឡាញ។

បើ​ទោះ​ជា​មាន​ការ​រៀបចំ​ជា​វិធាន​ការ​បង្ការ​ផ្សេងៗ​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​ យុវតី​អាយុ​១៧ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹងថា​ មិត្តភក្តិ​រួម​ថ្នាក់​ខ្លះ ​នៅ​តែ​មិន​ទាន់​មក​រៀន​នៅ​ក្នុង​ថ្នាក់ ដោយ​សារ​ការ​ភ័យ​ខ្លាច​ពី​ជំងឺ​កូវីដ​១៩។

គួរ​បញ្ជាក់​ថា​ សាលា​រៀន​នៅ​កម្ពុជា ​ត្រូវ​បាន​បិទ​មួយ​រយៈ ហើយ​បើក​ឡើង​វិញ អាស្រ័យ​លើ​ស្ថាន​ភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​មក កម្ពុជា​ បាន​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​មាន​ការ​បិទ​សាលា​រៀន​ទាំង​រដ្ឋ និង​ឯក​ជន​នៅ​ទូទាំង​ប្រទេស​ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ប្រមាណ​៣​លាន ​២​សែន​នាក់។

កាល​ពី​ដើម​ខែ​មិថុនា អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន រួម​មាន​អង្គការ​លីកាដូ​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​កុមារ​ដែល​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ ឬ​រៀន​នៅ​សាលា​រៀន​ដែល​មាន​ធន​ធាន​តិច​តួច និង​កុមារ​ដែល​រ​ស់​នៅតាម​ជនបទ​ ត្រូវ​បាន​មើល​រំលង​ ដោយ​ពួក​គេ​មិន​មាន​មធ្យោបាយ​សម​ស្រប​ និង​គ្រប់​គ្រាន់ ​ដើម្បី​ទទួល​បាន​ការ​អប់រំ​នោះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG