ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន៖ កម្ពុជា​ត្រូវ​ប្រើ​ថវិកា​ធនាគារ​ពិភពលោក​ឱ្យមាន​ប្រសិទ្ធភាព​លើ​ការ​ពង្រឹង​គុណភាព​អប់រំ


រូបឯកសារ៖ យុវសិស្ស​វិទ្យាល័យ​ចូល​មើល​ស្តង់​វិទ្យាសាស្ត្រ​នៅ​ក្នុង​មហោស្រពជាតិ​ស្តី​ពីវិទ្យាសាស្រ្ត​និង​​វិស្វកម្ម​លើកទី​៥​ឆ្នាំ​២០១៩ ​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅពហុ​កីឡដ្ឋាន​អូឡាំពិក​ រាជធានីភ្នំពេញ។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ យុវសិស្ស​វិទ្យាល័យ​ចូល​មើល​ស្តង់​វិទ្យាសាស្ត្រ​នៅ​ក្នុង​មហោស្រពជាតិ​ស្តី​ពីវិទ្យាសាស្រ្ត​និង​​វិស្វកម្ម​លើកទី​៥​ឆ្នាំ​២០១៩ ​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅពហុ​កីឡដ្ឋាន​អូឡាំពិក​ រាជធានីភ្នំពេញ។ (ទុំ ម្លិះ/VOA)

ធនាគារ​ពិភពលោក​ (World Bank) ​នាពេល​ថ្មីៗ​នេះ ​បាន​អនុម័ត​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​ ៨០​ លាន​ដុល្លារ​អាមេរិក ​ដើម្បី​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​គុណភាព​នៃ​ការ​អប់រំ ​និង​ការ​ស្រាវជ្រាវ​ក្នុង​កម្ម​វិធី​អប់រំ​កម្រិត​ឧត្តម​សិក្សា​នៅ​កម្ពុជា​រយៈ​ពេល ​៦ ​ឆ្នាំ។ ​អ្នក​តាម​ដាន​ការ​វិវឌ្ឍ​សង្គម​ជំរុញ​ឱ្យ​កម្ពុជា​ប្រើប្រាស់​ថវិកា​នេះ​ឱ្យ​ចំ​គោល​ដៅ ​និង​ដោយ​តម្លាភាព។​

មូលនិធិ​នេះ​ត្រូវ​បាន​ផ្តល់​ជូន​កម្ពុជា​តាម​រយៈ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​ (IDA)​ ដែល​ជា​អង្គភាព​ផ្តល់​ប្រាក់​កម្ចី​សម្បទាន​របស់​ធនាគារ​ពិភព​លោក​ សម្រាប់​បណ្តា​ប្រទេស​មាន​ចំណូល​ទាប។ ​មូលនិធិ​ដដែល​នេះ​ជា​ការ​រួម​ចំណែក​មួយ​ផ្នែក​ផង​ដែរ​ ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។​ ​

ទីប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ និង​ជា​អតីត​ទីប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ លោក ​រ៉ុង ឈុន ​សាទរ​ការ​យក​ចិត្ត​ទុកដាក់​របស់​ធនាគារ​ពិភពលោក ​លើ​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​នៅ​កម្ពុជា។​ ប៉ុន្តែ​លោក​ថា​ កម្ពុជា​ត្រូវ​ប្រើប្រាស់​ថវិកា​ទាំង​អស់​នោះ​ឱ្យ​ចំ​គោល​ដៅ​ដើម្បី​ធានា​បាន​នូវ​គុណភាព​នៃ​ការ​អប់រំ​ និង​ការ​ស្រាវ​ជ្រាវ ​ហើយ​ត្រូវ​មាន​វិធាន​ការ​លុប​បំបាត់​រាល់​អំពើ​ពុករលួយ​ក្នុង​ការ​ប្រើប្រាស់​ថវិកា​ទាំង​នោះ​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ជា​វិជ្ជមាន​សម្រាប់​ប្រទេស។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​ «សំខាន់​ការ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ​ សំខាន់​វា​ត្រូវ​មាន​តម្លាភាព​ មាន​ការ​ចូល​រួម​ពី​សំណាក់​គ្រូ​បង្រៀន​ ពី​មាតា បិតា​ បើក​ទូលាយ​ឱ្យ​ដឹង​ទាំង​អស់​គ្នា ​ត្រូវ​មាន​វិធាន​ការ​ទប់​ស្កាត់​បញ្ហា​ពុករលួយ​ក្តី​ ត្រូវ​តែ​មាន​វិធានការ។ ​បើគ្រាន់​តែ​លុយ​ ហើយ​ប្រើប្រាស់​មិន​ចំ​គោល​ដៅ​ គ្មាន​តម្លាភាព​ មាន​តែ​ភាព​លាក់​បាំង​ និង​ភាព​ពុករលួយ​បង្កប់​ក្នុង​ហ្នឹង​ ពេល​ហ្នឹង​ក៏​មិន​ទទួល​បាន​ផល​ដែរ។ ​វា​បាន​ដែរ​ តែ​បាន​តិច»។​

លោក​សង្កេត​ឃើញ​ថា ​ការ​អប់រំ​នៅ​កម្ពុជា​នៅ​តែ​មាន​ភាព​ខ្វះខាត​នៅ​ឡើយ ​និង​ថា​ រាល់​ការ​ផ្តល់​ជំនួយ​ពីក្រៅ​ប្រទេស​គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​កម្ពុជា​ បើ​កាល​ណា​ជំនួយ​ទាំង​អស់​ត្រូវ​បាន​ប្រើ​ឱ្យ​ចំ​គោល​ដៅ​ពិត​ប្រាកដ។​

ស្រដៀង​គ្នា​នេះ​ដែរ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​លោក​ ប៉ិច ពិសី ​យល់​ថា​ រដ្ឋាភិបាល​គួរ​គ្រប់​គ្រង​ការ​ប្រើប្រាស់​ថវិកា​ដែល​ទទួល​បាន​ប្រកប​ដោយ​គណនេយ្យ​ភាព​ខ្ពស់ ​ក្នុង​ការ​ធានា​មិន​ឱ្យ​មាន​ការ​បាត់បង់​ក្នុង​ពេល​អនុវត្ត​គម្រោង​ដែល​មាន​ភាព​ចាំបាច់​សម្រាប់​ពង្រឹង​គុណភាព​អប់រំ​នៅ​ថ្នាក់​ឧត្តម​សិក្សា។​

លោក​បន្ថែម​ថា៖​ «ធម្មតា​ ធនាគារ​ពិភពលោក ​និង​រដ្ឋាភិបាល​មាន​យន្តការ​ត្រួត​ពិនិត្យ​តាម​ដាន​ជាក់លាក់​ហើយ​ក្នុង​ការ​គ្រប់​គ្រង​ថវិកា​ហ្នឹង។ ​ជា​ការ​សំខាន់​គឺ​យើង​ជា​សាមី​ភាគី​នៃ​ការ​អនុវត្ត​គម្រោង​ត្រូវ​ធានា​ការ​ប្រើ​ប្រាស់​ថវិកា​ជំនួយ​ហ្នឹង​មិន​មាន​ការ​បាត់បង់ ​ហើយ​ធានា​នូវ​តម្លាភាព​ សុចរិត​ភាព​ និង​ការ​គ្រប់​គ្រង​ថវិកា​ឱ្យ​ត្រឹមត្រូវ​ មិន​ឱ្យ​មាន​ការ​បាត់​បង់​ តាម​រយៈ​អំពើ​ពុក​រលួយ»។​

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ អ្នកស្រី ​ឃួន វិច្ឆិកា​ ប្រាប់​វីអូអេ​ថា​ កន្លង​ទៅ​ក្រសួង​អប់រំ​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ធនាគារ​ពិភព​លោក​ ​ក៏​ដូច​ជា​ដៃ​គូ​អភិវឌ្ឍន៍​នានា​ចំនួន​គម្រោង​ចំនួន​២​រួច​មក​ហើយ​ ក្នុង​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​អប់រំ​នៅ​កម្ពុជា។​

អ្នកស្រី​បន្ថែម​ថា​ ការ​ផ្តល់​ហិរញ្ញ​ប្បទាន​ចំនួន​៨០​លាន​ដុល្លារ​អាមេរិក​ថ្មីៗ​នេះ​គឺ​ជា​ «គម្រោង​កែលម្អ​អប់រំ​កម្រិត​ឧត្តម​សិក្សា​ (HEIP)» ​ដែល​ជា​គម្រោង​ទី​៣​ ក្នុង​ការ​លើក​កម្ពស់​គុណភាព​នៃ​ការ​អប់រំ​ដែល​ផ្តោត​លើ​មុខ​វិជ្ជា​ STEM។​

អ្នកស្រី​ថ្លែង​ថា៖​«ក្រៅ​ពី​ការងារ​គម្រោង​ទាំង​ពីរ​ ក៏​មាន​គម្រោង​មួយ​ទៀត​ដែល​យើង​ហៅ​ថា ​គម្រោង​កែ​លម្អ​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​ដែល​យើង​ហៅ​កាត់​ថា ​HEIP ​ដោយ​ក្នុង​គម្រោង​ក៏​ជា​ការ​គាំទ្រ​នៅ​ក្នុង​ការ​អនុវត្ត​ការ​បណ្តុះ​បណ្តាល​ និង​ការអប់រំ​នៅ​ក្នុង​កម្រិត​ឧត្តម​សិក្សា​ដើម្បី​ឆ្លើយតប​នឹង​សវត្សរ៍​ទី ​២១។ ​ពិសេស​ក្នុង​នោះ​ក៏​មាន​ការ​រៀបចំ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ រៀបចំ​កន្លែង​ស្រាវជ្រាវ​ជា​ដើម​... ​ដើម្បី​ឱ្យ​ក្នុង​សាលារៀន​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​បណ្តុះ​បណ្តាល​ និង​ជំរុញ​ការ​អប់រំ​ STEM»។​

រូបឯកសារ៖ យុវសិស្ស​វិទ្យាល័យ​ចូល​មើល​ស្តង់​វិទ្យាសាស្ត្រ​នៅ​ក្នុង​មហោស្រពជាតិ​ស្តី​ពីវិទ្យាសាស្រ្ត​និងវិស្វកម្ម​លើកទី​៥​ឆ្នាំ​២០១៩​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅពហុ​កីឡដ្ឋាន​អូឡាំពិក​ រាជធានីភ្នំពេញ​។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ យុវសិស្ស​វិទ្យាល័យ​ចូល​មើល​ស្តង់​វិទ្យាសាស្ត្រ​នៅ​ក្នុង​មហោស្រពជាតិ​ស្តី​ពីវិទ្យាសាស្រ្ត​និងវិស្វកម្ម​លើកទី​៥​ឆ្នាំ​២០១៩​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅពហុ​កីឡដ្ឋាន​អូឡាំពិក​ រាជធានីភ្នំពេញ​។ (ទុំ ម្លិះ/VOA)

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​រូប​នេះ​ កាល​ពី​ឆ្នាំ​ ២០១៨ ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​ក៏​បាន​ជំរុញ​ការ​អប់រំ​ STEM​ ដោយ​បាន​ធ្វើការ​កែ​លម្អ​កម្មវិធី​សិក្សា​ ហើយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ជាតិ​ និង​អន្តរជាតិ​ ក្នុង​ការ​ផ្តល់​មតិ​យោបល់​វាយ​តម្លៃ​ដើម្បី​ឱ្យ​កម្មវិធី​សិក្សា​ថ្មី​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​បរិបទ​កម្ពុជា​ ក៏​ដូច​ជា​បរិបទ​នៃ​ការ​អប់រំ​ឌីជីថល​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​ (World Bank)​ ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី ​២៣​ ខែ​កញ្ញា ​ឆ្នាំ​ ២០២៤​ ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ពិភព​លោក​បាន​អនុម័ត​ផ្តល់​ហិរញ្ញ​ប្បទាន​ចំនួន ​៨០ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជួយ​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​គុណភាព​នៃ​ការ​អប់រំ ​និង​ការ​ស្រាវជ្រាវ​នៅ​កម្រិត​ឧត្តម​សិក្សា ​ជា​ពិសេស​ផ្នែក​វិទ្យា​សាស្ត្រ ​បច្ចេក​វិទ្យា ​វិស្វកម្ម ​និង​គណិត​វិទ្យា ​ឬ​ ហៅ​កាត់​ថា​ STEM។​

គម្រោង​នេះ​នឹង​គាំទ្រ​ដល់​កិច្ច​ប្រឹង​ប្រែង​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន​ប្រាំ​បួន​ ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិត​ឱ្យ​រៀនចប់​ប្រកប​ដោយ​សមត្ថ​ភាព ​និង​ក្នុង​ការ​ផលិតការស្រាវជ្រាវ​នានា​ សម្រាប់​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ និង​ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រៀន​សូត្រ​សម្រាប់​និស្សិត​ស្រ្តី​ និង​និស្សិត​មាន​ពិការភាព។​

ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​ អ្នកស្រី ​ថាញ៉ា ម៉ៃយ័រ​ (Tania Meyer) ​លើក​ឡើង​ថា​ ការ​ចូលរួម​ការ​វិនិយោគ​លើ​សុខភាព​ និង​ការ​អប់រំ​មូលដ្ឋាន​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​កសាង​កម្លាំង​ពលកម្ម​ប្រកប​ដោយ​ផលិត​ភាព​ ការ​ពង្រឹង​គុណភាព​អប់រំ​កម្រិត​ឧត្តម​សិក្សា​ និង​ការ​រៀបចំ​បណ្តុះ​បណ្តាល​ឱ្យ​បាន​ច្រើន​នូវ​និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​មាន​ជំនាញ​ខ្ពស់ ​និង​អាច​ជួយ​កម្ពុជា​ក្នុង​ការ​បង្កើន​ភាព​ជឿន​លឿន​នៃ​ធនធាន​មនុស្ស​សម្រាប់​កំណើន​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន។​

ធនាគារ​ពិភពលោក​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​គម្រោង​ពង្រឹង​គុណភាព​លើ​មុខវិជ្ជា​ STEM​ នេះ​ជា​កិច្ច​ការ​បន្ត​ពី​វឌ្ឍន​ភាព​យ៉ាង​ច្រើន​ដែល​ក្រសួង​អប់រំ​សម្រេច​បាន​កន្លង​មក​ ក្នុង​ការ​កសាង​សមត្ថ​ភាព​របស់​ប្រទេស​កម្ពុជា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ទីផ្សារ​ការងារ​ នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​មាន​ការ​វិវឌ្ឍ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស។​ បើ​តាម​ការ​រំពឹង​ទុក ​និស្សិត​ប្រមាណ​ជាង​ ៣​ម៉ឺន ​(៣២.០០០) ​នាក់​ និស្សិត​ស្រ្តី​ប្រមាណ​ជាង​១​ម៉ឺន​ (១៣.០០០)​ នាក់ ​នឹង​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​អនុវត្ត​សកម្មភាព​នានា​របស់​កម្មវិធី។​

ទោះ​ជា​លទ្ធភាព​នៃ​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​បាន​កើន​ឡើង​ជា​បណ្តើរៗ​ក៏​ដោយ ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​គុណភាព​ និង​ភាព​ពាក់ព័ន្ធ​នឹង​ការ​អប់រំ​ និង​ការ​ស្រាវជ្រាវ​គឺ​ជា​កត្តា​ចំបាច់​សម្រាប់​ការ​កសាង​សមត្ថ​ភាព​របស់​ប្រទេស​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ ដែល​កំពុង​រីក​ចម្រើន​នៃ​ទីផ្សារ​ការងារ​នៅ​ក្នុង​បរិយាកាស​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស។​ នេះ​បើ​តាម​ធនាគារ​ពិភពលោក។​

គម្រោង​នេះ​នឹង​កសាង​បន្ថែម​លើ​ភាព​ជោគជ័យ ​និង​មេរៀន​បទ​ពិសោធន៍​របស់​គម្រោង​ដែល​កំពុង​ដំណើរ​ការ​ដែល​បាន​បង្កើន​ឱកាស​សិក្សា​សម្រាប់​និស្សិត​ឧត្តម​សិក្សា​ជាង ​១២៨.០០០ ​នាក់​ នៅ​កម្ពុជា​ ដែល​ក្នុង​ចំណោម​នោះ​ជាង​ពាក់​កណ្តាល​ជា​នារី ​តាម​រយៈ​ការ​បង្កើត​កម្មវិធី​សិក្សា​ចំនួន​ ៦៧ ​ផ្តល់​មូលនិធិ​ទ្រទ្រង់​គម្រោង​ស្រាវ​ជ្រាវ​ចំនួន ​៥៣ ​និង​ការ​បង្កើត​ ឬ​ជួស​ជុល​បន្ទប់​ពិសោធន៍​ចំនួន​ ១៤៧។​

គួរ​រំឭក​ថា​ ធនាគារ​ពិភពលោក​កំពុង​ជួយ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង​១ពាន់​១​រយ​លាន​ដុល្លារ​អាមេរិក។ ​គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ​មាន​នៅ​ក្នុង​វិស័យ​អប់រំ ​និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ផ្សេង​ទៀត៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG