សាកលវិទ្យាល័យដឺ ម៉ុនហ្វត យូនីវើស៊ីធី (De Montfort University)ដែលមានស្តង់ដារមកពីចក្រភពអង់គ្លេស ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
សាកលវិទ្យាល័យដែលមានអាយុកាលជាង១៥០ឆ្នាំនេះមានវត្តមានក្នុងប្រទេសកម្ពុជាដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ សាកលវិទ្យាល័យនេះមានទីតាំងនៅក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងពិធីបើកសម្ពោធជាផ្លូវការនៃសាកលវិទ្យាល័យ ដឺ ម៉ុនហ្វត លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលចូលរួមធ្វើជាអធិបតីក្នុងពិធីនោះ បានសាទរចំពោះវត្តមាននៃសាកលវិទ្យាល័យមួយនេះ ដែលនាំមកនូវការអប់រំកម្រិតឧត្តមសិក្សាដែលមានស្តង់ដារខ្ពស់មកកាន់ប្រទេសកម្ពុជា។ លោក ហ៊ុន ម៉ាណែត ដែលធ្លាប់ទទួលបានការអប់រំនៅអង់គ្លេស ចាត់ទុកថា សាកលវិទ្យាល័យអង់គ្លេសបោះមូលដ្ឋាននៅកម្ពុជា ដោយសារមើលឃើញការផ្ដល់តម្លៃលើវិស័យអប់រំនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «សាកលវិទ្យាល័យដឺ ម៉ុនហ្វត បានសម្រេចជ្រើសរើសប្រទេសកម្ពុជាជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះបានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំតាំងពីកម្រិតមូលដ្ឋានរហូតដល់កម្រិតឧត្តមសិក្សា។ សាកលវិទ្យាល័យដឺ ម៉ុនហ្វត បានមើលឃើញថា ការអប់រំកំពុងមានឥទ្ធិពលលើការអភិវឌ្ឍនៅប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលនៅតែបន្តឥតឈប់ឈរនូវការពង្រឹងគុណភាព និងការបង្កើនសក្តានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិន័យកម្ម»។
លោក ហ៊ុន ម៉ាណែត បន្តថា រដ្ឋាភិបាលរបស់លោកបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកត្តាមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកលើកទឹកចិត្តឱ្យសាកលវិទ្យាល័យដឺ ម៉ុនហ្វត សហការជិតស្និទ្ធជាមួយបណ្តាធុរៈកិច្ចរបស់ចក្រភពអង់គ្លេស និងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីជំរុញដល់ការផ្សារភ្ជាប់ទីផ្សារការងារ និងទទួលបានការគាំទ្រផ្សេងៗទាក់ទងនឹងការបណ្តុះសហគ្រិនភាព ក្នុងការបង្កើតការងារជាក់ស្តែងនៅកម្ពុជា បន្ទាប់ពីនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដឺ ម៉ុនហ្វត។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «នៅថ្ងៃអនាគត ខ្ញុំចង់ឃើញសាកលវិទ្យាល័យដឺ ម៉ុនហ្វត ក្លាយជាទីប្រមូលផ្តុំ និងដែកឆក់ និងការវិនិយោគមកពីចក្រភពអង់គ្លេសដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និងអនាគតអ្នកដឹកនាំដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារវិនិយោគិន និងឧស្សាហកម្មនាអនាគតរបស់ចក្រភពអង់គ្លេស»។
លោកបន្ថែមថា ការបើកសាកលវិទ្យាល័យដឺ ម៉ុនហ្វត នៅកម្ពុជាក៏ជាការលើកស្ទួយទំនាក់ទំនងរវាងកម្ពុជា និងអង់គ្លេសបន្ថែមទៀតផងដែរ។
សាកលវិទ្យាល័យដឺ ម៉ុនហ្វត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០និងមានប្រវត្តិនៃការបង្រៀនជាង១៥០ឆ្នាំ និងមាននិស្សិតប្រមាណ៣៥.០០០នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងក្រៅប្រទេស។ សាកល វិទ្យាល័យនេះមានសាខានៅចក្រភពអង់គ្លេស មជ្ឈិម បូព៌ា (ឌូបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា)។ សាកលវិទ្យាល័យនេះមានបុគ្គលិក និងនិស្សិតមកពី ប្រទេសជាង១៤០ និងមានកិច្ចព្រមព្រៀងសហការដៃគូ (Progression and Articulation Agreements)ជាមួយនឹងស្ថាប័នជាង១០០នៅទូទាំងពិភពលោក។ នេះបើតាមព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត។
លោក ដូមីនីក វីលៀមស៍(Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាដែលបានចូលរួមក្នុងពិធីសម្ពោធនេះ បានថ្លែងថា លោកអបអរសាទរចំពោះប្រទេសកម្ពុជាដែលទទួលបានការបើកសម្ពោធសាកលវិទ្យាល័យនៃចក្រភពអង់គ្លេសជាលើកដំបូង ដែលបង្ហាញពីការយកចិត្តទុកដាក់លើការអប់រំពីសំណាក់រដ្ឋាភិបាលកម្ពុជា។
លោកថ្លែងជាភាសាខ្មែរថា៖ «ខ្ញុំរំភើបចិត្តដែលចូលរួមបើកសម្ពោធសាកលវិទ្យាល័យអង់គ្លេសដំបូងក្នុងប្រទេសកម្ពុជា [...] ចាប់ផ្តើមពីវិនាទីដំបូង ដែលខ្ញុំទាក់ទងជាមួយឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ហង់ ជួន ណារ៉ុន យើងមានការគាំទ្រពេញលេញពីរាជរដ្ឋាភិបាល។ ការគាំទ្រនេះជួយដល់De Montfort University បង្កើតស្ថាប័ននេះយ៉ាងលឿន។ បទពិសោធន៍របស់ De Montfort University បានបង្ហាញថា រាជរដ្ឋាភិបាលបានផ្តល់អាទិភាពនៅលើវិស័យអប់រំ និងបង្ហាញថា កម្ពុជាមានបរិយាកាសដ៏ល្អដល់ការវិនិយោគបរទេស»។
លោក ដេត សុខឧត្តម ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនParagon Education ប្រាប់វីអូអេថា ការបើកសម្ពោធសាកលវិទ្យាល័យដឺ ម៉ុនហ្វត គឺជាការចូលរួមអភិវឌ្ឍវិស័យអប់រំកម្រិតឧត្តមសិក្សាក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្កើនជម្រើសកាន់តែច្រើន និងងាយស្រួលសម្រាប់និស្សិតដែលចង់បន្តការសិក្សានៅក្រៅប្រទេស។ លោកបន្ថែមថា វត្តមានសាកលវិទ្យាល័យដែលមកពីក្រៅប្រទេសមានតិចតួចក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «តាមពិតទៅ នៅក្នុងប្រទេសកម្ពុជាយើង គឺមានសាកលវិទ្យាល័យច្រើនដែរហើយ តែសាកលវិទ្យាល័យដែលមកពីក្រៅប្រទេសគឺមិនសូវជាមាន។ ដូច្នេះខ្ញុំគិតថា យ៉ាងហោចណាស់វាជាជម្រើសមួយសម្រាប់ឪពុកម្តាយ សិស្សដែលគាត់ចង់ទៅរៀននៅប្រទេសគេ ប៉ុន្តែគាត់អាចកាត់បន្ថយការចំណាយតាមរយៈការសិក្សានៅសាកលវិទ្យាល័យមួយដែលមានកម្រិតស្មើឬប្រហាក់ប្រហែលជាមួយនឹងសាកលវិទ្យាល័យដើមដែលនៅប្រទេសរបស់គេហ្នឹង»។
លោកសង្ឃឹមថា វត្តមាននៃសាកលវិទ្យាល័យដឺ ម៉ុនហ្វតនឹងជំរុញឱ្យមានការប្រកួតប្រជែងកម្រិតគុណភាពនៅក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាកាន់តែខ្លាំង និងអាចឱ្យនិស្សិតដែលបញ្ចប់ការសិក្សាមានសមត្ថភាពប្រឡូកកិច្ចការងារបានទាំងក្នុង និងក្រៅប្រទេស។
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររបស់សាកលវិទ្យាល័យដឺ ម៉ុនហ្វតកម្ពុជា រួមមានពាណិជ្ជកម្ម ព័ត៌មានវិទ្យា និងហិរញ្ញវត្ថុ។ ថ្លៃសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមួយនេះមានតម្លៃ១ម៉ឺនដុល្លារសហរដ្ឋអាមរិកក្នុងមួយឆ្នាំ និងសម្រាប់ថ្នាក់អនុបណ្ឌិតមានតម្លៃ១ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមរិកសម្រាប់រយៈពេល២ឆ្នាំ។ សម្រាប់ការចុះឈ្មោះចូលរៀនត្រូវមានលក្ខខណ្ឌដូចជាលិខិតចំណាប់អារម្មណ៍របស់សិស្ស ព្រឹត្តិបត្រពិន្ទុ ឬវិញ្ញាបនបត្រ និងកម្រិតភាសាអង់គ្លេស (IELTs)ចាប់ពី៥ឡើងទៅសម្រាប់ថ្នាក់បរិញ្ញាបត្រ និង៦ឡើងសម្រាប់ថ្នាក់អនុបណ្ឌិត។ និស្សិតនឹងអាចទទួលបានឱកាសការងារ ធ្វើការងារជាមួយក្រុមហ៊ុនដៃគូ ការចូលរួមកម្មវិធីសិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ ការប្រឹក្សាពីអាជីពការងារ និងទទួលបានទិដ្ឋាការសម្រាប់ធ្វើការងារ២ឆ្នាំនៅចក្រភពអង់គ្លេស បន្ទាប់ពីបញ្ចប់ឆ្នាំទី៤។ នេះបើតាមព័ត៌មានផ្សព្វផ្សាយដោយសាកលវិទ្យាល័យនេះ៕
វេទិកាបញ្ចេញមតិ