ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដាន​ជំរុញ​ឱ្យ​ចាត់​វិធាន​ការ​បន្ថែម លើ​ករណី​​សិស្ស​ប្រើ​ប្រាស់​បារី​អេឡិចត្រូនិច


សិស្សត្រូវបាន​ថតរូប​​កាន់​បំពង់ Vape ​ខ្លួន​នៅ​ក្នុង​សាលា​មួយ​ក្នុង​រាជធានី​ភ្នំពេញប្រទេស​កម្ពុជា។(Facebook/ស្នងការ​នគរបាលរាជធានីភ្នំពេញ)
សិស្សត្រូវបាន​ថតរូប​​កាន់​បំពង់ Vape ​ខ្លួន​នៅ​ក្នុង​សាលា​មួយ​ក្នុង​រាជធានី​ភ្នំពេញប្រទេស​កម្ពុជា។(Facebook/ស្នងការ​នគរបាលរាជធានីភ្នំពេញ)

អ្នក​តាម​ដាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ចាត់វិធាន​ការ​តឹងរ៉ឹង និង​ហ្មត់ចត់​បំផុត​ចំពោះ​ការ​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិច ឬ​ហៅ​ថា​Vape ក្នុង​ចំណោម​សិស្សានុសិស្ស និង​យុវជន ដោយ​បារម្ភ​ថា​វា​អាច​ជះ​ផល​អវិជ្ជមាន​ដល់​ការ​លូតលាស់​នៃ​សុខភាព​និង​ការ​សិក្សា​របស់​ពួកគេ។

ការ​ព្រួយ​បារម្ភ​និង​អំពាវនាវ​ឱ្យមាន​វិធានការ​តឹងរ៉ឹងនេះ ក្រោយ​មាន​ករណី​នគរ​បាល​រាជធានី​ភ្នំពេញ​ចាប់​បាន​សិស្ស​អាយុ​ក្រោម​១៤​ឆ្នាំ​នៅ​សាលារៀន ដែល​បាន​ប្រើប្រាស់​បារី​អេឡិច​ត្រូនិច។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រុម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​១៥ ខែ​មិថុនា អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ទួល​គោក​បាន​សហការ​ជាមួយ​ថ្នាក់​ដឹកនាំ​សាលា​បឋម​សិក្សា​អនុវត្ត និង​សង្កាត់​ទឹកល្អក់៣ ដោយ​បាន​ប្រមូល​សិស្ស​រៀន​ក្នុង​សាលា​សរុប​៥១​នាក់ មាន​ស្រី​៧​នាក់ ដែល​សង្ស័យ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិច។ បន្ទាប់​ពី​ការ​សាកសួរ សមត្ថកិច្ច​បាន​រក​ឃើញ​សិស្ស​ចំនួន​៨​នាក់ ស្រី​១នាក់​ដែល​មាន​អាយុ​ក្រោម​១៤​ឆ្នាំ មាន​ឧបករណ៍​បារី​អេឡិច​ត្រូនិច។

នគរ​បាលបញ្ជាក់​ថា៖ «កម្លាំង​សមត្ថកិច្ច​យើង​ក៏​បាន​ធ្វើការ​ដក​ហូតឧបករណ៍​បារី​អេឡិចត្រូនិច​ចំនួន​៩ដើម និង​បាន​ធ្វើការ​អប់រំ​ពី​ផល​ប៉ះពាល់​ចំពោះ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក៏​ដូចជា​ការ​ជក់​បារី​អេឡិច​ត្រូនិច​ ដោយ​បាន​ឱ្យ​អាណាព្យាបាល​សិស្ស​ទាំង​នោះ​ចូលរួម​ស្តាប់​ផងដែរ»។

រូបភាព​នៃ​ការ​ឃាត់​សិស្សានុសិស្ស​នេះ​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​បន្ត​បន្ទាប់។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​អនាគត​យុវជន​កម្ពុជា​ដែល​ប្រើប្រាស់​បារី​អេឡិចត្រូនិចនេះ​។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ ​លោក ​សេក សុជាតិ យល់​ឃើញ​ថា ចំណាត់​ការ​ចុះ​ទៅ​ណែនាំ និង​ត្រួត​ពិនិត្យ​ចំពោះ​សិស្សា​នុសិស្ស​ដែល​ប្រើប្រាស់​បារី​អេឡិចត្រូនិច​ជា​រឿង​ល្អ​និង​ត្រូវ​តែ​បន្ត​យក​ចិត្ត​ទុក​បន្ថែម ពីព្រោះ​វា​ជា​បញ្ហា​ប្រឈម​ពាក់​ព័ន្ធ​នឹង​សុខភាព​របស់​សិស្សា​នុសិស្ស។ បើតាម​លោក សេក សុជាតិ មូលហេតុ​ដែល​បណ្តាល ឬ​នាំ​ឱ្យ​យុវជន​មក​ប្រើប្រាស់​បារី​អេឡិច​ត្រូនិច ដោយសារ​តែ​កង្វះ​នៃ​ការ​រៀបចំ​របស់​សាលា​រៀន និង​ការ​មិន​យកចិត្ត​ទុក​ពី​សំណាក់​អាណា​ព្យាបាល​មកលើ​កូនៗ​របស់​ពួកគេ។ លោក​បន្ថែម​ថា​កម្សោយ​នៃ​ការ​គ្រប់​គ្រង​ការ​នាំ​ចូល​ផលិត​ផល​បារី​អេឡិចត្រូនិច និង​ការ​ជះ​ឥទ្ធិពល​ពី​យុវជន​គ្នា​ឯង នាំ​ឱ្យ​ពួកគេ​សម្រេច​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិច​នេះ។

លោក​ប្រាប់​វីអូអេ​ថា៖ «ប្រសិន​ជា​យើង​មើល​ពី​បរិបទ​សង្គម​គឺ​ដោយ​សារ​សង្គម​របស់​យើង​មាន​កន្លែង​ផ្គត់​ផ្គង់ និង​ចែក​ចាយ​នូវ​បារី​អេឡិច​ត្រូនិច​ហ្នឹង​វា​ពាស​វាល​ពាស​កាល​ពេក ដែល​បញ្ហា​ទាំង​អស់​ហ្នឹង​វា​បង្ហាញ​អំពី​កម្សោយ​នៅ​ក្នុង​ការ​គ្រប់​សន្តិសុខ ហើយ​និង​ការ​គ្រប់​គ្រង​ការ​នាំ​ចូល​បារី​អេឡិច​ត្រូនិច​ទាំង​អស់​ហ្នឹង»។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ​រូប​នេះ​ក៏​ជំរុញ​ដល់​រដ្ឋាភិបាល​ឱ្យ​មាន​ការ​បង្កើត​គោល​នយោបាយ​ច្បាស់​លាស់​មួយ​ក្នុង​ការ​គ្រប់គ្រង​ការ​នាំ​ចូល​បារី​អេឡិច​ត្រូនិច​ទាំង​អស់​នោះ។ លោក​ក៏​ស្នើ​ឱ្យ​មាន​ការ​រឹត​បន្តឹង​លើ​ការ​អប់រំ វិន័យ និង​សីលធម៌​ទៅ​ដល់​សិស្សានុសិស្ស​ទាំង​អស់​នៅ​តាម​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ហ្មត់​ចត់​បំផុត។

លោក​ថ្លែង​ថា៖ «រដ្ឋាភិបាល​ត្រូវ​ចេញ​គោល​នយោ​បាយ​ត្រូវ​ចេញ​គោលនយោបាយ​ឱ្យ​បាន​ច្បាស់​លាស់ ហើយ​មន្រ្តី​មាន​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ឱ្យ​បាន​តឹង​រ៉ឹង ហើយ​ខាង​គយ​ដែល​នាំ​ចូល​ក៏​ត្រូវ​ចាត់​វិធាន​ការ​ឱ្យ​បាន​ហ្មត់ចត់ ជា​ពិសេស​អាជ្ញាធរ និង​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ត្រូវ​ទប់​ស្កាត់ និង​រក​មុខ​អ្នក​នាំចូល​ Vape បារី​អេឡិចត្រូនិច​ហ្នឹង និង​ដាក់​ទោស​ពួក​គាត់​ធ្ងន់​ធរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ​លោក​ យង់ គិមអេង លើក​ឡើង​ថា​ការ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិច​ផ្តល់​ផល​អវិជ្ជមាន​ជាច្រើន​ចំពោះ​សុខភាព​ក្មេង​ជំទង់។ លោក​បន្ថែម​ថា​ចំណាត់​ការ​ចុះ​បង្រ្កាប​ និង​ណែនាំ​របស់​សមត្ថកិច្ច​នៅ​តាម​សាលា​រៀន​នេះ​ជា​រឿង​ដែល​ត្រឹមត្រូវ ប៉ុន្តែ​លោក​ថា​សមត្ថកិច្ច​ក៏​គួរ​តែ​ចុះ​ទៅ​កន្លែង​ដែល​លក់​បារី​អេឡិចត្រូនិច​នោះ​ផង​ដែរ ពីព្រោះ​វា​ជា​កន្លែង​ឬស​គល់​ដែល​នាំ​ឱ្យ​ក្មេង​យក​ថវិកា​ទៅ​ទិញ​បារី​អេឡិច​ត្រូនិច​មក​ប្រើប្រាស់។

លោក​ថ្លែង​ថា៖ «តាម​យោបល់​ខ្ញុំ ខ្ញុំ​យល់​ថា​គួរ​តែ​មាន​ការ​បិទ​កុំ​ឱ្យ​មាន​ការ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​កន្លង​មក​យើង​ឃើញ​មាន​ការ​បង្ហាញ​ផល​ប៉ះពាល់​ហ្នឹង​ច្រើន​ជុំវិញ​បញ្ហា​នេះ។ ខ្ញុំ​យល់​ថា​ការ​ទៅ​បង្ក្រាប​ក្មេង​អត់​ជោគ​ជ័យ​ទេ ជា​សកម្មភាព​មួយ​ដូច​វែក​ចក​ហ្នឹង ដល់​ពេល​សមត្ថកិច្ច​មក​វិញ​ទៅ​វិញ​ដដែល​ទៀត ព្រោះ​អាកន្លែង​ហ្នឹង​វា​នៅ​ជិត​សាលា វា​ងាយ​នឹង​ទៅ អ៊ីចឹង​វា​អត់​សូវ​បាន​ផល​ទេ​ ផល​ដែល​មាន​ប្រសិទ្ធ​ភាព​គឺ​បិទ​កន្លែង​បារី​អេឡិច​ត្រូនិច​ហ្នឹង​ចោល»។

លោក យង់ គិមអេង ក៏​ជំរុញ​ឱ្យ​អាណា​ព្យាបាល​គួរ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​តាម​ដានសកម្មភាព​របស់​កូន ក៏​ដូច​ជា​បង្កើន​ទំនាក់​ទំនង​ជាមួយ​សាលា​ក្នុង​ការ​ត្រួត​ពិនិត្យ​សកម្មភាព​នៃ​ការ​សិក្សា​របស់​កូនៗ​របស់​ពួកគេ​ផង​ដែរ។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)

នៅ​តាម​ហាង​កាហ្វេ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​ដង​ផ្លូវតូចៗ និង​កន្លែង​លេង​កីឡា​បាល់ទះ បាល់​ដក់ គេ​សង្កេត​ឃើញ​ក្មេង​ៗ​សិស្សសាលា​ជក់​បារី​ជា​បន្ត​បន្ទាប់។

អ្នកនាំពាក្យ​របស់​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់​វីអូអេ​ថា​ពាក់​ព័ន្ធ​នឹង​ការ​ឃាត់ និង​អប់រំ​ណែនាំ​សិស្ស​នៅ​តាម​សាលា​រៀន​ដែល​ប្រើប្រាស់​បារី​អេឡិច​ត្រូនិច​ គឺ​កម្លាំង​នគរ​បាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​នាយក​សាលា​ក្នុង​ការ​ត្រួត​ពិនិត្យ និង​ទប់ស្កាត់​បញ្ហា​ក្មេង​ទំនើង និង​ការ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិច​ទាំង​នៅ​ក្រៅ និង​ក្នុង​បរិវេណ​សាលា។

លោក សំ វិច្ឆិកា បន្ត​ថា​នៅពេល​ដែល​រក​ឃើញ​មាន​សិស្ស​ប្រើប្រាស់​បារី​អេឡិចត្រូនិច សមត្ថកិច្ច​នឹង​អប់រំ​ណែនាំ​ពី​ផល​ប៉ះពាល់ និង​ហៅ​អាណា​ព្យាបាល​របស់​សិស្ស​ទាំងនោះ​មក​ទទួល និង​ធ្វើ​កិច្ច​សន្យា។ លោក​បញ្ជាក់​ថា​កម្លាំង​សមត្ថកិច្ច​ក៏​ចុះ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នានា​ពី​ការ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិច​ទាំង​តាម​សាលា​រៀន និង​សហគមន៍​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​សព្វថ្ងៃ​នេះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់​នៅ​តាម​បណ្តា​សាលារៀន ក៏​ដូចជា​តាម​បណ្តា​សហ​គមន៍​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទី​១ លុប​បំបាត់​បញ្ហា​ក្មេង​ទំនើង ទី​២​បញ្ហា​សិស្ស​សាលា​ដែល​គេច​ពី​ការ​សិក្សា​ទៅ​ប្រមូល​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​ហើយ​ជក់​បារី​អេឡិចត្រូនិច ឬ​លួច​ប្រើ​ប្រាស់​នៅ​ក្នុង​សាលា​គឺ​យើង​ធ្វើការ​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព»។

ជុំវិញ​បញ្ហា​ការ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិច​របស់​សិស្សានុសិស្ស​នេះ នាយក​វិទ្យាល័យ​បាក់ទូក លោក តូច កន្តាល់ ប្រាប់​វីអូអេ​ថា​លោក​តែង​តែ​ណែនាំ​ទៅ​កាន់​សិស្ស​គ្រប់​រូប​នៅ​ក្នុង​សាលា​រៀន​ពី​ផល​ប៉ះពាល់​របស់​បារី​អេឡិច​ត្រូនិច​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព និង​ការ​សិក្សា​របស់​ពួកគេ។

លោក​ថ្លែង​ថា៖ «យើង​ផ្សព្វផ្សាយ​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ គឺ​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​បារី​អេឡិច​ត្រូនិច និង​ការ​ប្រើប្រាស់​ដែល​ធ្វើ​ឱ្យ​រំខាន​ដល់​ការ​សិក្សា ជាពិសេស​បញ្ហា​សុខភាព»។

នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជ​បណ្ឌិត មុំ គង់ លើក​ឡើង​ថា​ការ​ប្រើ​ប្រាស់​បារី​អេឡិចត្រូនិក​បង្ក​ផលប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ក្រុម​យុវជន​ដែល​សិ្ថត​នៅ​ក្នុង​វ័យ​កំពុង​លូត​លាស់។ លោក​ថា​ការ​ប្រើ​ប្រាស់​បារី​អេឡិចត្រូនិក​នេះ​អាច​ធ្វើ​ឱ្យ​ការ​សិក្សា​របស់​សិស្ស​អន់​ថយ និង​បង្ក​ឱ្យ​មាន​ជំងឺ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គេ។

លោក​ប្រាប់​វីអូអេ​ថា៖ «វា​ប៉ះ​ពាល់​ទៅ​ដល់​សួត​ ទៅ​ដល់​បេះ​ដូង​របស់​កុមារ​ អ៊ីចឹង​ធ្វើ​ឱ្យ​កុមារ​ ហើយ​និង​យុវជន​ដែល​កំពុង​ជា​វ័យ​ដែល​លូត​លាស់​ហ្នឹង ​គាត់​ត្រូវ​បង្អាក់​ ឬ​កាត់​បន្ថយ​ការ​លូត​លាស់​ដោយ​សារ​ផលិត​ផល​អ៊ីចឹងៗ​»។

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២ ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ប្រាស់​បារី​អេឡិចត្រូនិក​ដែល​បង្ក​ឱ្យ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ដូចជា​បង្ក​ជំងឺ​មហារីក ​បង្កើន​ហានិភ័យ​ជំងឺ​បេះ​ដូង ជំងឺ​សួត​ ធ្វើ​ឱ្យ​ខួរ​ក្បាល​មាន​ដំណើរ​ការ​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​ប្រើ​ប្រាស់​ និង​ប៉ះ​ពាល់​យូរ​អង្វែង​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​របស់​កុមារ ​និង​យុវវ័យ ​ហើយ​ក្រសួង​ណែនាំ​ឱ្យ​ឈប់​ប្រើ​បារី​អេឡិច​ត្រូនិក និង​ផលិត​ផល​ថ្នាំ​ជក់​ផ្សេងៗ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG