ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​ផ្តល់​ថវិកា​ជាង​៧៩លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ពង្រឹង​គុណភាព​អប់រំ


រូបឯកសារ៖ សិស្សានុសិស្សដើរចូលក្នុងបរិវេណសាលារៀនមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ សិស្សានុសិស្សដើរចូលក្នុងបរិវេណសាលារៀនមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

ធនាគារ​ពិភពលោក​ (World Bank) បាន​អនុម័ត​ថវិកា​បន្ថែម​ចំនួន ៧៩.៥ លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​គុណភាព និង​លើក​កម្ពស់​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ការអនុម័តកញ្ចប់​ថវិកាថ្មី​របស់​ធនាគារ​ពិភពលោក​ដើម្បីរួម​ចំណែក​ដល់​ការ​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​ កើតឡើង​មួយឆ្នាំ​ក្រោយ​មានការ​ធ្វើបទ​បង្ហាញ​របស់​សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​គឺ​លោក​ Faya Hayati ដែល​បានឲ្យ​ដឹងថា​កម្ពុជា​ត្រូវ​ធ្វើការ​កែទម្រង់​ក្នុង​វិស័យ​អប់រំ​ដល់​ពលរដ្ឋ​ និង​បណ្តុះ​បណ្តាល​ជំនាញ​ដល់​កម្លាំង​ពលកម្ម​របស់​ខ្លួន​ ដើម្បី​បង្កើន​ផលិត​ភាព​ការងារ​ និង​ការ​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​។

បើតាម​បទ​បង្ហាញ​របស់​សេដ្ឋវិទូ​ជាន់ខ្ពស់​រូបនោះ​ ការចុះ​ឈ្មោះ​ចូលរៀន​នៅ​អនុវិទ្យាល័យក្នុងប្រទេស​កម្ពុជាមាន​អត្រា​ទាប​ ដោយសារ​បញ្ហា​ជីវភាព​ដែល​តម្រូវ​ឲ្យកុមារ​ជួយ​រក​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ។ ​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី​ ៣១ ខែ​ឧសភា​ ឆ្នាំ ២០២៤​ ធនាគារ​ពិភពលោក​បានបញ្ជាក់​ឲ្យ​ដឹង​ថា មូល​និធិថ្មី​ក្នុង​ការ​ពង្រឹង​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា​នេះ​ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​នៅ​តាម​សាលារៀន​ជិត​ ១.៦០០ ក្នុង​នោះ​មាន​បឋម​សិក្សា​ចំនួន​ ១.០០០ ​អនុវិទ្យាល័យ​ចំនួន ៥០០ និង​មត្តេយ្យ​សិក្សា​ចំនួន ​៩០​។ សកម្មភាព​នានា​ក្នុង​គម្រោង​ហរិញ្ញប្បទាន​រួម​មាន​ ការ​ផ្តល់​ឱកាស​បណ្តុះ​បណ្តាល និង​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ថែមសម្រាប់​គ្រូបង្រៀន សាងសង់ និង​ជួសជុស​ថ្នាក់​រៀន បន្ទប់​ពិសោធន៍​ និង​អាគារ​សិក្សា​បន្ថែម ការ​ដាក់​សាក​ល្បង​ឲ្យ​ប្រើ​បច្ចេកវិទ្យា​អប់រំ និង​ការ​ធ្វើ​ទំនើបកម្ម​សៀវភៅ​សិក្សា​ជា​ដើម​។

ធនាគារ​ពិភពលោក​បាន​លើកឡើងក្នុង​ន័យ​ដើមថា៖ «គម្រោងនេះ​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​នៃ​ការ​បង្ក​ភាព​ងាយ​ស្រួល​ដល់​កុមារ​មក​ពី​ក្រុម​ជួបការ​លំបាក គ្រួសារ​ក្រីក្រ ឬសហគមន៍​ជនជាតិ​ដើម​ភាគតិច រួម​ទាំង​អ្នក​ដែល​នៅ​តំបន់​ដាច់​ស្រយាល ឬរ​ស់នៅ​ក្នុង​ពិការភាព ដើម្បី​បាន​ទៅ​សាលារៀន និង​ទទួល​បាន​ឱកាស​សិក្សា​ប្រកប​ដោយ​គុណភាព»។

ធនាគារ​ពិភព​លោក​បន្ថែម​ទៀត​ថា មូលនិធិថ្មី​នេះ​ត្រូវ​បាន​អនុម័ត​ដំបូង​កាល​ពី​ខែ​មករា ឆ្នាំ​២០២២ ជាមួយ​កញ្ចប់​ហិរញ្ញប្បទាន​ចំនួន ៦៩,២៥ លាន​ដុល្លារ​អាមេរិក ក្នុង​ការ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ពង្រីក​គម្រោង​កែលម្អ​ការ​អប់រំ​ទូទៅ​នៅ​កម្ពុជា។ កញ្ចប់​ហិរញ្ញប្បទាន​បន្ថែម​នេះ​មាន​ឥណទាន​ចំនួន ៦០ លាន​ដុល្លារ​អាមេរិក​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​ (IDA) ដែល​ជា​មូលនិធិ​របស់​ធនាគារ​ពិភព​លោក​សម្រាប់​ជួយ​ជន​ខ្វះខាត​បំផុត និង​ជំនួយ​ចំនួន ១៩,៥ លាន​ដុល្លារ​ផ្សេង​ទៀត​ពី​អង្គការ​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ (GPE)។

អ្នកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ លើក​ឡើង​ថា ប្រទេស​កម្ពុជា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ប៉ុន្តែ​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស​នៅ​មាន​កម្រិត​ទាប និង​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ក៏​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​ផងដែរ​។

អ្នកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ការ​ផ្តល់​ហរិញ្ញ​ប្ប​ទាន​បន្ថែម​នេះ​គឺ​ដើម្បី​ពង្រឹង​ថែម​ទៀត​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ដោះស្រាយ​ភាព​ក្រីក្រ​ក្នុង​ការ​សិក្សា និង​កសាង​មូលធន​មនុស្ស​ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា»។

កាល​ពីឆ្នាំ ​២០២៣ ​សេដ្ឋវិទូ​ជាន់ខ្ពស់​ធនាគារ​ពិភពលោក​លោក​ Faya Hayati បាន​ឲ្យ​ដឹង​តាម​រយៈ​បទបង្ហាញ​មួយ​ថា​ ក្នុងចំណោម​កុមារ​កម្ពុជា ​ដែល​មាន​អាយុ ​១៥ ​ឆ្នាំ​ មាន​កុមារ​តែ ​៣ ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​កម្រិត​មូលដ្ឋាន​លើ​មុខ​វិជ្ជា​គណិត​វិទ្យា ហើយក្នុង​ចំណោម​កុមារ​កម្ពុជា​ដែល​មាន​អាយុ​ ១៥ ​ឆ្នាំ​ មាន​កុមារ​តែ ​២ ភាគរយ​ប៉ុណ្ណោះ​ ដែលមាន​សមត្ថភាព​កម្រិត​មូលដ្ឋាន​លើ​មុខ​វិជ្ជា​អំណាន។ ជាងនេះ​ទៅទៀត​ ក្នុង​ចំណោម​កុមារ​កម្ពុជា​ដែល​មាន​អាយុ​ ១៥ ​ឆ្នាំ​ មាន​កុមារ​តែ ​១ ភាគ​រយ​ប៉ុណ្ណោះ​ ដែល​មាន​សមត្ថភាព​កម្រិត​មូលដ្ឋាន​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​អ្នកស្រី​ អ៊ុក ឆាយ៉ាវី​ យល់ឃើញ​ថា ការ​ផ្តល់​កម្ចី​បន្ថែម​របស់​ធនាគារ​ពិភពលោក​មក​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា គឺ​ប្រៀប​បាន​នឹង​ការ​ដាក់​បន្ទុក​បន្ថែម​មក​លើ​គ្រូបង្រៀន ដោយ​អ្នកស្រី​អះអាង​ថា កម្ចី​ដែល​បាន​មក​នេះ​គឺ​មិន​បាន​យក​មក​ពង្រីក​ និង​ដោះស្រាយ​ក្នុង​ប្រព័ន្ធ​អប់រំ​ឡើយ។

អ្នក​ស្រី​បញ្ជាក់​ទៀត​ថា បើទោះបីជា​មាន​ការ​ផ្តល់​ថវិកា​បន្ថែម​ពី​ធនាគារ​ពិភពលោក​មក​លើ​វិស័យ​អប់រំ​របស់​កម្ពុជា​ក៏​ពិត​មែន ប៉ុន្តែ​សិស្សានុសិស្ស​នៅ​តែ​ត្រូវ​បង់​ប្រាក់​ដើម្បី​ទទួល​ការ​រៀនសូត្រ ដែល​ផ្ទុយពី​គោល​នយោ​បាយ​របស់រដ្ឋាភិបាល​ដែលបាន​កំណត់​ថា​សិស្សានុសិស្ស​អាច​ចូលរៀន​ដោយ​មិន​ចំណាយ​ប្រាក់កាក់​នោះ​ទេ។ ​អ្នកស្រី​ក៏​បារម្ភអំពីអំពើ​ពុក​រលួយ​ដែលអាច​កើត​ឡើង​ នៅ​ពេលមានការប្រើប្រាស់​ថវិកា​ក្នុង​ជំនួយ​វិស័យ​អប់រំ នេះ​។

អ្នកស្រី​ថ្លែង​ថា៖ «ប្រសិន​បើ​ជា​ការ​ចាយ​វាយ​កម្ចី​របស់​ធនាគារ​ពិភពលោក​នេះ​ដោយ​មិន​មាន​តម្លាភាព​ ដោយ​ពុក​រលួយ​ អ្វី​ដែល​ចាយ​វាយ​ខុស​គោលដៅ ខ្ញុំ​គិត​ថា​ធ្វើ​ឲ្យ​ប្រព័ន្ធ​អប់រំ​ហ្នឹង​កាន់​តែ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ ហើយ​សិស្សានុសិស្ស​ក៏​បោះបង់​ការសិក្សា​កាន់​តែ​ខ្លាំង​ឡើង»។

ស្រដៀងគ្នានេះ​ដែរ​ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ ​លោក ​សេក សុជាតិ ថ្លែង​ថា ការ​ផ្តល់​ហរិញ្ញប្បទាន​បន្ថែម​របស់​ធនាគារ​ពិភពលោក​ក្នុងវិស័យ​អប់​រំ នឹងជួយពង្រឹង​គុណភាព​នៅ​ក្នុង​វិស័យ​សំខាន់​មួយនេះ​។

យ៉ាង​ណាមិញ ​លោក​ចោទ​សួរអំពី​សុចរិតភាព និងតម្លាភាព​របស់​រដ្ឋាភិបាល​ និងក្រសួង​អប់​រំ​ ក្នុងការ​ចាត់ចែង​ថវិកា​ជំនួយនេះ ​ថា​អាច​ប្រើប្រាស់​បាន​ត្រឹមត្រូវ ​ក្នុង​កម្រិត​ប៉ុណ្ណា។ លោកបន្ថែមថា ការ​បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​អប់រំ​ ជាពិសេស​មន្រ្តី​នៅ​ថ្នាក់​ក្រោម​ជាតិ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ពង្រឹង​គុណភាព​អប់រំ និង​ការ​អនុវត្ត​ស្មើភាព​គ្នា​នៅ​តាម​សាលា​រដ្ឋ​នីមួយៗ។

លោក​ថ្លែងថា៖ «អ្វី​ដែល​ជា​ក្តី​ព្រួយ​បារម្ភ​គឺ​នៅ​ត្រង់​ការ​ប្រើប្រាស់​ថវិកា​មិនមាន​តម្លាភាព ហើយ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ត្រូវ​ដល់​គុណភាព​នៅ​ក្នុង​ការ​អប់រំ​នៅ​ពេល​ដែល​ថវិកា​ទាំង​អស់​នោះ​បាត់បង់​ទៅ​លើ​ចំណែក​ណា​មួយ​ខុស​ប្រក្រតី ឬ​មិន​ត្រូវ​នឹង​គោលការណ៍»។

បើតាម​លោក សេក សុជាតិ វិស័យ​អប់រំ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​ហាក់​មាន​ភាព​ប្រសើរ​ជាង​មុន ប៉ុន្តែ​លោក​ក៏​ជំរុញ​ដល់​គ្រូបង្រៀន​ទាំង​អស់​អនុវត្ត​ម៉ោង​បង្រៀន​ឲ្យ​បាន​ពេញលេញ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​សិស្សា​នុសិស្ស ព្រមទាំង​ផ្តល់​ការ​បង្រៀន​ឲ្យ​ស្មើភាព​គ្នា​ដោយ​មិន​មាន​ការ​បែងចែក​សិស្ស​ដែល​រៀន​គួរ​បន្ថែម និង​សិស្ស​ដែល​មិន​រៀន​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃមឹ​ថា​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​នឹង​រៀបចំ​នៅ​ក្នុង​គោលការណ៍​សមភាព​ផ្សេងៗ​ទៀត​ ធ្វើ​ម៉េច​ដើម្បី​ធានា​ថា​ទាំង​សិស្ស​ទាំង​គ្រូ​នៅ​ក្នុង​សាលា​ចំណេះដឹង​ទូទៅ​របស់​រដ្ឋ​ទាំង​អស់​គឺ​មាន​សិទ្ធិ និង​មាន​អ្វីៗ​ប្រសើរ​ដូចៗគ្នា»។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា ប្រាប់​វីអូអេ​ថា គម្រោង​ថវិកា​ចំនួន ៧៩,៥ លាន​ដុល្លារ​ដែល​ជា​ជំនួយ​របស់​ធនាគារ​ពិភព​លោក​នេះ គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​ហៅ​ថា «ការ​កែ​លម្អ​ចំណេះដឹង​ទូទៅ (GEIP)» ដោយ​គម្រោង​នេះ​មាន​ចំនួន​២​លើក​ទៅ​ហើយ និងថាគម្រោង​នេះ​គឺ​នៅ​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ការ​អនុវត្ត​ស្តង់​ដារ​សាលារៀន​គំរូ​ និង​ការ​លើក​កម្ពស់​ការអប់រំ​សម្រេច​ទៅ​បាន​ក្នុង​សាលា​ចំនួន​ជាង​ ៣០០០ ​នៅទូទាំង​ប្រទេស។

អ្នកស្រី​ថ្លែង​ថា៖ «តាមរយៈ​ការ​អនុវត្ត​កម្មវិធី​នេះ​ ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏​សង្ឃឹម​ថា​លទ្ធផល​នៃ​ការ​សិក្សា​នឹង​មាន​ភាព​ប្រសើរ​ឡើង​ ហើយ​កុមារ​និង​ប្អូនៗ​សិស្សានុសិស្ស​ដែល​មក​ពី​គ្រួសារ​ក្រីក្រ តំបន់​ជួប​ការ​លំបាក បងប្អូន​ជនជាតិ​ភាគតិច ក៏​ដូចជា​អ្នក​ដែល​មាន​ពិការភាព​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​ចូល​រៀន​បាន និង​ទទួល​បាន​ឱកាស​ក្នុង​ការ​សិក្សា​ប្រកប​ដោយ​គុណភាព»។

អ្នកស្រី ឃួន វិច្ឆិកា បានបន្ថែមថា​ គម្រោង​នេះ​ក៏​បាន​ផ្តល់​ឱកាស​បណ្តុះ​បណ្តាល​បន្ថែម និង​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​សម្រាប់​គ្រូបង្រៀន ថ្នាក់ដឹកនាំ​សាលា និង​បុគ្គលិក​អប់រំ​ដទៃ​ទៀត​ផង​ដែរ​។

យោង​តាម​ទិន្នន័យ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ​២០២៣ រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​លើ​វិស័យ​អប់រំ​ក្នុង​ឆ្នាំ​ ២០២១ ចំនួន ៨១០ លានដុល្លារ​អាមេរិក និង​ចំនួន ៧៩៧​ លាន​ដុល្លារ​សម្រាប់​ឆ្នាំ ​២០២២ ស្រប​ពេល​ដែល​អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​កម្រិត​បឋម​សិក្សា​មាន​ ៨៦.៨​ភាគរយ​សម្រាប់​ឆ្នាំ​សិក្សា​ ២០២១-២០២២​។

គួររំឭកថា​ ធនាគារ​ពិភពលោក​កំពុង​ជួយ​ដល់​គម្រោង​អភិវឌ្ឍនានា​របស់​កម្ពុជា ដែលមាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង ​១.១ ពាន់លាន​ដុល្លារ​អាមេរិក​។ គម្រោង​អភិវឌ្ឍ​ទាំងនោះ​ មាននៅ​ក្នុងវិស័យ​អប់រំ និង​ការ​កសាង​ហេដ្ឋា​រចនាសម្ពន្ធ​សំខាន់ៗ​ផ្សេង​ទៀត៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG