ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​នានា​ផ្ញើ​សារ​គាំទ្រ​ការ​តវ៉ា​នៅ​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd


ប៉ូលិស​រដ្ឋ Minnesota ការពារ​ផ្សារ​ទំនើប​ Target ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្រុង St. Paul ខណៈ​ដែលមាន​ការ​តវ៉ា​ប្រឆាំង​អំពី​ករណី​ស្លាប់​របស់​លោក George Floyd។
ប៉ូលិស​រដ្ឋ Minnesota ការពារ​ផ្សារ​ទំនើប​ Target ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្រុង St. Paul ខណៈ​ដែលមាន​ការ​តវ៉ា​ប្រឆាំង​អំពី​ករណី​ស្លាប់​របស់​លោក George Floyd។

ក្រុមហ៊ុន​នានា​របស់​សហរដ្ឋ​អាមេរិក ជា​ធម្មតា​រក្សា​ភាពស្ងៀមស្ងាត់​ក្នុង​ពេល​មាន​ការតវ៉ា។ ក៏ប៉ុន្តែ នៅ​លើក​នេះ ក្នុងពេល​ដែល​កំពុងតែ​មាន​កាតវ៉ា​នៅ​ទូទាំង​ប្រទេស ពួកគេ​មិន​នៅ​ស្ងៀម​ទេ។

ក្រុមហ៊ុន​បច្ចេកវិទ្យា ធនាគារ ហាង​លក់​សម្លៀក​បំពាក់ និង​ក្រុមហ៊ុន​ផលិត​កម្មវិធី​កំសាន្ត​នានា បាន​ចេញ​សារ​គាំទ្រ​ដល់​អ្នក​ដែល​បាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ទង្វើ​របស់​ប៉ូលិស​ចំពោះ​ពលរដ្ឋ​ដែល​មាន​ដើមកំណើត​អាហ្វ្រិក។

អ្នកស្រី Kellie McElhaney ជា​សាស្ត្រាចារ្យ​នៅ​មហា​វិទ្យាល័យ​ពាណិជ្ជសាស្ត្រ Haas នៃ​សាកល​វិទ្យាល័យ UC Berkeley និង​ជា​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​សម្រាប់​សមភាព យេនឌ័រ និង​ភាព​ជា​អ្នក​ដឹកនាំ។

អ្នកស្រី​បាន​ថ្លែង​ក្នុងសម្តី​ដើម​ថា៖ «ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ចំនួន​នាយក​ប្រតិបត្តិ ដែល​បាន​ចេញ​មក​និយាយ​អំពី​ការតវ៉ា ដែល​នេះជា​លើក​ដំបូង​ហើយ»។

អ្នកស្រី Kellie McElhaney បាន​ថ្លែង​បន្ត​ថា អ្វី​ដែល​ជំរុញ​ឲ្យ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ល្បីៗ​ទាំងនេះ ចេញ​មក​និយាយ គឺ​ដោយសារ​ភាពសាហាវ​ឃោរឃៅ ដែល​គេ​អាច​មើល​ឃើញ​នៅក្នុង​វីដេអូ ដែល​បង្ហាញ​ពី​មន្ត្រី​ប៉ូលិស​នៅ​ក្នុង​ទីក្រុង Minneapolis សង្កត់​ជង្គង់​របស់​លោក​នៅ​ពី​លើ​ក​របស់​លោក George Floyd។

អ្នកស្រី​បាន​និយាយ​ទៀត​ថា ក្រុមហ៊ុន​ទាំងអស់​គឺ «គ្រប់គ្រង​ដោយ​មនុស្ស»។ នៅក្នុង​ក្រុមហ៊ុន​របស់​ពួកគេ មាន​និយោជិក នាយក​ប្រតិបត្តិ និង​អតិថិជន ដែល​មាន​គ្រប់​ជាតិសាសន៍ និង​ពណ៌សម្បុរ។ ការណ៍​ដែល​ពួកគេ​ចេញ​មក​និយាយ​គាំទ្រ​ការតវ៉ា​ដូច្នេះ អាច​មាន​ហានិភ័យ ក៏ប៉ុន្តែ ផលចំណេញ​មានច្រើន​ជាង​ហានិភ័យ​ឆ្ងាយ​ណាស់។

ក្រុមហ៊ុន Netflix Google និង ធនាគារ Citibank បាន​បញ្ចេញ​សារ​គាំទ្រ

ក្រុមហ៊ុន Netflix បាន​សរសេរ​សារ​លើ​ទំព័រTwitterថា «ការណ៍​នៅ​ស្ងៀម គឺ​មាន​ន័យ​ថា​ចូលរួម​នៅ​ក្នុង​ប្រព្រឹត្តិ​ខុស​ដែរ។ យើង​ចាំបាច់ត្រូវ​តែ​បញ្ចេញមតិ​ចំពោះ​រឿង​នេះ សម្រាប់​ពលរដ្ឋ​ស្បែក​ខ្មៅ​ទាំង​អស់​ដែល​ជា​សមាជិក និយោជិក អ្នកច្នៃប្រឌិត និង​អ្នក​ដែល​ប្រកប​ដោយ​ទេពកោសល្យ​របស់​យើង»។

ក្រុមហ៊ុន Googleបាន​ដាក់​សារ​នៅ​លើ​ទំព័រ​ស្វែង​រក​ដែល​ជា​ទំព័រ​ដើម​របស់​ខ្លួន​ថា «យើង​គាំទ្រ​ដល់​សមភាព​សម្រាប់​គ្រប់​ជាតិ​សាសន៍ និង​អ្នកទាំងឡាយណា​ដែល​ស្វែងរក​សមភាព​នេះ»។

Twitter បាន​ផ្លាស់ប្តូរ​គណនី Twitter របស់​ខ្លួន​ទៅ​ជា #BlackLivesMatter ដែល​មាន​ន័យ​ថា ជីវិត​ពលរដ្ឋ​ស្បែកខ្មៅ​មាន​តម្លៃ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft លោក Satya Nadella បាន​ប្រាប់​និយោជិក​ក្នុង​សម្តី​ដើម​ថា៖ «សូម​ចូលរួម​ជាមួយ​ខ្ញុំ និង​សមាជិក​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំង​អស់​នៅ​ក្នុង​ការ​តស៊ូមតិ ដើម្បី​ការ​ផ្លាស់ប្តូរ​ក្នុង​ក្រុមហ៊ុន​របស់​យើង នៅ​ក្នុង​សហគមន៍​របស់​យើង និង​នៅ​ក្នុង​សង្គម​ទាំងមូល»។

ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ធនាគារ Citibank លោក Mark Mason ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក បាន​សរសេរ​លើ​ទំព័រ​ប្លុក​មួយ​ថា៖ «ការប្រកាន់​ជាតិសាសន៍​ពណ៌សម្បុរ នៅតែ​បន្ត​ជា​ឫសគល់​នៃ​ការឈឺចាប់ និង​អំពើ​អាក្រក់​នៅក្នុង​សង្គម​របស់​យើង។ ដរាបណា​ការប្រកាន់​ជាតិសាសន៍​ពណ៌សម្បុរ​នៅតែ​មាន នោះ​គំនិត​ដែល​ចង់​ឲ្យ​សេរីភាព និង​សមភាព​ដើរទៅ​ទន្ទឹម​គ្នា នឹង​មិន​អាច​សម្រេច​បាន​ទេ»។

ក្រុមហ៊ុន​លក់​រាយ​មួយ​ចំនួន​ដូចជា Target ជា​ដើម ដែល​ត្រូវបាន​គេ​ចូល​លួច​ទំនិញ​នៅក្នុង​ហាង និង​បំផ្លាញ​នៅ​ទូទាំង​ប្រទេស ក៏​បាន​បញ្ចេញ​មតិ​ផងដែរ។ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Target ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្នុង​ទីក្រុង Minneapolis បាន​និយាយ​ថា ការស្លាប់​របស់​បុរស​ស្បែកខ្មៅ​ម្នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ស្បែកស បាន​បង្ហាញ​នូវ «ការឈឺចាប់​ដែល​បាន​លាក់ទុក​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ»។

ហានិភ័យ​នៃ​ការបញ្ចេញ​មតិ និង​ការរក្សាភាព​ស្ងៀមស្ងាត់

អ្នកស្រី Kellie McElhaneyបាន​ថ្លែង​ថា តាមរយៈ​ការបញ្ចេញ​គោលជំហរ​គាំទ្រ​ការតវ៉ា ក្រុមហ៊ុន​អាច​ប្រឈម​នឹង​ការបាត់បង់​អតិថិជន ដៃគូ អ្នកផ្គត់ផ្គង់ និង​និយោជិក​ដែល​មិន​យល់ស្រប​នឹង​ជំហរ​របស់​ក្រុមហ៊ុន​នោះ។ ពួកគេ ក៏​អាច​ប្រឈម​នឹង​ការចោទ​ប្រកាន់​ថា បាន​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​ផ្សព្វផ្សាយ​ម៉ាក​របស់​ខ្លួន ពីព្រោះ​អ្នកខ្លះ​អាច​មើលឃើញ​ថា សេចក្តី​ថ្លែងការណ៍​គាំទ្រ​ដល់​ការតវ៉ា​របស់​ក្រុមហ៊ុន​នានា មិន​មាន​ភាពស្មោះត្រង់។

អ្នកស្រី Kellie McElhaneyបាន​ថ្លែង​ទៀត​ថា ក៏ប៉ុន្តែ បើ​សិនជា​ក្រុមហ៊ុន​មិន​បញ្ចេញ​មតិ​អ្វី​សោះ ក៏​ពួកគេ​នឹង​ប្រឈមនឹង​ហានិភ័យ​ដែរ។ នយោជិក​វ័យក្មេង ចង់​ឲ្យ​ថ្នាក់​ដឹកនាំ​ក្នុង​ក្រុមហ៊ុន​បញ្ចេញ​មតិ។

អ្នកស្រី Kellie McElhaneyបាន​ថ្លែង​បន្ត​ក្នុងសម្តី​ដើម​ថា៖ «ខ្ញុំ​ជឿ​ថា មនុស្ស​បញ្ចេញ​មតិ ពីព្រោះ​ពួកគេ​មិនមាន​ជម្រើស​អ្វី​ផ្សេង​ទៀត​នោះ​ទេ។ និយោជិក​ម្នាក់ៗ ចង់​ឲ្យ​អ្នកដឹកនាំ​របស់​ពួកគេ​បញ្ចេញ​មតិ ជាពិសេស​គឺ​និយោជិក​ស្បែកខ្មៅ និង Hispanic»។

នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន Nike បាន​ផ្សាយពាណិជ្ជកម្ម​មួយ​គាំទ្រ​លោក Colin Kaepernick អតីត​កីឡាករ​បាល់ឱប​អាមេរិកាំង ដែល​បាន​តវ៉ា​ប្រឆាំងនឹង​ទង្វើ​របស់​ប៉ូលិស​ដែល​ធ្វើ​ទៅ​លើ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក។ អ្នក​ខ្លះ​ពេញចិត្ត​នឹង​ការផ្សាយ​ពាណិជ្ជកម្ម​នោះ។ អ្នក​ខ្លះ​បាន​ដុត​របស់របរ​ដែល​មាន​ម៉ាក Nikeរបស់​ខ្លួន​ចោល។ ការផ្សាយ​ពាណិជ្ជកម្ម ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​នោះ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ក្រុមហ៊ុន Nike នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​នានា។

នៅ​ពេល​ការតវ៉ា​បាន​រីក​រាលដាល​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក បន្ទាប់ពី​មរណភាព​របស់​លោក George Floyd មក ក្រុមហ៊ុន Nike បាន​ចេញ​វីដេអូ​មួយ​គាំទ្រ​សារ​របស់​អ្នក​តវ៉ា ដែល​មាន​សេចក្តី​ដើម​យ៉ាងដូច្នេះ​ថា៖ «សូម​កុំ​ព្រងើយ​កន្ដើយ​នឹង​ការប្រកាន់​ពូជសាសន៍​ឲ្យ​សោះ។ សូម​កុំ​ព្រម​ទទួល​យក​ការផ្តាច់​ជីវិត​ជន​ដែល​គ្មាន​ទោស​ឲ្យ​សោះ។ សូម​កុំ​បង្កើត​លេស​ទៀត​ឲ្យ​សោះ»។

ក្រុមហ៊ុន Adidas ដែល​ជា​ក្រុមហ៊ុន​គូប្រជែង​របស់​ក្រុមហ៊ុន Nike បាន​បង្ហោះ​វីដេអូ​របស់​ក្រុមហ៊ុន Nikeនោះ នៅ​លើ​ទំព័រ Twitter របស់​ខ្លួន៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វីដេអូថ្មីៗបំផុត

XS
SM
MD
LG