ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករ​​និង​ក្រុម​កីឡា​ល្បីៗ​របស់​អាមេរិក​សម្តែង​ការ​គាំទ្រ​ចំពោះ​​ក្រុម​បាតុករ​អាមេរិក


លោក Michael Jordan អតីត​កីឡាករ​បាល់​បោះ NBA យំ​ នៅ​ពេល​ថ្លែង​នៅ​ក្នុង​ការ​ប្រារព្ធ​កម្មវិធី​មួយ​សម្រាប់​លោក Kobe Bryant និង​កូនស្រី​របស់​លោក នៅ​ក្នុង​ក្រុង​ Los Angeles កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុម​កីឡា​និង​កីឡាករ​ល្បីៗ នៅ​សហរដ្ឋ​អាមេរិក ក៏​ដូច​នៅ​ជុំវិញ​ពិភពលោក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ទាក់ទង​នឹង​ការ​ស្លាប់​របស់បុរស​ស្បែក​ខ្មៅ​លោក George Floyd ក្នុង​សមត្ថកិច្ច​ប៉ូលិស កាល​ពី​សប្តាហ៍​មុន​ដែល​បាន​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​បាតុកម្ម​នៅទូទាំង​សហរដ្ឋ​អាមេរិក។

សេចក្តី​ថ្លែង​ការណ៍ដែល​ទំនង​ខ្លាំង​ជាង​គេ​បំផុត​មួយ​បាន​ចេញ​ពី​ក្រុម​កីឡា Washington Wizards ដែល​ជា​ក្រុម​បាល់បោះ​ជាតិ​ NBA ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែលបាន​សរសេរ​នៅ​លើ​គណនី​ Twitter របស់​ក្រុម​នេះអំពី​សារ​រួម​របស់​កីឡាករ​ខ្លួន​ថា៖ «យើង​នឹង​លែង​ទ្រាំទ្រ​នឹង​ការ​សម្លាប់​ជន​មិន​មែន​ស្បែក​ស​នៅ​ក្នុង​ប្រទេស​នេះ​ទៀត​ហើយ។ យើង​នឹង​លែង​ទទួល​យកបាន​នូវ​ការ​រំលោភ​អំណាច​ពី​សំណាក់​មន្ត្រី​ពង្រឹង​ច្បាប់​ទៀត​ហើយ។ យើង​នឹង​លែង​ទទួល​យក​បាន​នូវ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ដែល​គ្មាន​ប្រសិទ្ធភាព​និង​មិន​អើពើ​ចំពោះ​បញ្ហា​នេះ ដែល​ខ្វះ​ការ​អាណិត​អាសូរ​ ឬ​ការ​គោរព​ចំពោះ​សហគមន៍​ពលរដ្ឋ​មិនមែន​ស្បែក​ស។ យើង​លែង​បិទ​មាត់​ដូច​មុន​ទៀត​ហើយ»។​

ក្រុម​កីឡា​ផ្សេង​ទៀត​ជា​ច្រើន​ដូច​ជា​ក្រុម​បាល់បោះ NBA Dallas Mavericks នៃ​ក្រុង​ Dallas រដ្ឋ​តិកសាស់ សមាគម​ក្រុម​កីឡា​បាល់​ឱប​អាមេរិកាំង​ NFL ហើយ​នៅ​ក្រៅប្រទេស​មាន​ក្រុម​កីឡា​បាល់​ទាត់ FC Barcelona នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ជា​ដើម បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្រដៀង​គ្នា​នេះ​ដែរ។​

វរជន​មួយរូប​នៃ​កីឡា​បាល់​បោះ​អាមេរិក​គឺ​លោក Michael Jordan ដែល​កន្លង​មក​ជៀស​វាង​មិន​ប្រកាន់​ជំហរ​នយោបាយ​ខ្លាំង​ក្លា​នោះ ក៏​បាន​សរសេរ​តាម Twitter ថា «ខ្ញុំ​គាំទ្រ​ជំហរ​របស់​អ្នក​ទាំង​ឡាយ​ដែល​ចង្អុល​បង្ហាញ​អំពីការ​ប្រកាន់​ពូជសាសន៍​ដ៏​ចាក់​ឫស​ក្នុង​សង្គម​និង​អំពើ​ហិង្សា​ចំពោះ​ជន​មិន​មែន​ស្បែក​ស​នៅ​ក្នុង​ប្រទេស​យើង»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG