ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ជា​ប្រធានាធិបតី​ស.រ.អា.​ទី​១​ដែល​​​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​ Hiroshima


រូបឯកសារ៖ រូបថត​ពី​ឆ្នាំ​១៩៤៥ បង្ហាញ​ពី​រូបថត​អ្នក​យក​ព័ត៌មាន​ឈរ​នៅ​ពី​មុខ​អាគារ​ដែល​ធ្លាប់​ជា​រោងកុន​នៅ​ទីក្រុង Hiroshima ប៉ុន្មាន​ខែ​ក្រោយ​ពេល​គ្រាប់​បែក​បរមាណូ​ត្រូវ​បាន​ទម្លាក់​លើ​ក្រុង​នេះ កាល​ពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ១៩៤៥។
រូបឯកសារ៖ រូបថត​ពី​ឆ្នាំ​១៩៤៥ បង្ហាញ​ពី​រូបថត​អ្នក​យក​ព័ត៌មាន​ឈរ​នៅ​ពី​មុខ​អាគារ​ដែល​ធ្លាប់​ជា​រោងកុន​នៅ​ទីក្រុង Hiroshima ប៉ុន្មាន​ខែ​ក្រោយ​ពេល​គ្រាប់​បែក​បរមាណូ​ត្រូវ​បាន​ទម្លាក់​លើ​ក្រុង​នេះ កាល​ពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ១៩៤៥។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​អញ្ជើញ​ទៅ​ទស្សនា​ក្រុង​ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេស​ជប៉ុន​ នៅចុង​ខែ​នេះ​ហើយ​លោក​នឹង​ក្លាយ​ទៅជា​មេដឹកនាំ​អាមេរិកាំង​ទី​មួយ​ដែល​អញ្ជើញ​ទៅ​កាន់​ក្រុង​នេះ​ ដែល​នៅ​ទី​នោះ​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​មួយ​គ្រឿង​បាន​ទម្លាក់​គ្រាប់​បែក​បរមាណូ​ទី​មួយ​របស់​ពិភពលោក​កាល​ពី​ឆ្នាំ​១៩៤៥​ នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ។

ក្នុង​រយៈ​ពេល​៧ទសវត្សរ៍​មក​ហើយ​ ​ប្រធានាធិបតី​អាមេរិកាំង​បាន​ចៀស​វៀង​មិន​អញ្ជើញ​ទៅ​ទស្សនា​ក្រុង​ Hiroshima​ និង​ក្រុង​ Nagasaki ទេ​ដែល​នៅ​ទីនោះ​គ្រាប់​បែក​បរមាណូ​ទីពីរ​បាន​ត្រូវ​ទម្លាក់​នៅ​ពេល​បី​ថ្ងៃ​បន្ទាប់​មក។ ការ​មិន​ទៅ​ទស្សនា​ទី​នោះ​គឺចៀស​វៀង​មិន​ឱ្យ​មាន​អារម្មណ៍​ថា ​ទស្សនកិច្ច​មួយ​បែប​នេះ​អាច​ត្រូវ​យល់​ឃើញ​ថា​ ជា​ការ​សុំ​អភ័យ​ទោស​អំពី​មហន្តរាយ​ដែល​បណ្តាល​មក​ពី​អាវុធ​ទាំង​នេះ។​

សេតវិមាន​បាន​និយាយ​ថា​ លោក​ អូបាម៉ា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ក្រុង​ Hiroshima​ ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​Shinzo Abe ​នៅ​ទី​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ពី​ថ្ងៃ​ទី២១​ដល់​ថ្ងៃ​ទី​២៨ខែ​ឧសភា​ នៅ​ក្នុង​ប្រទេស​វៀតណាម​និង​ប្រទេស​ជប៉ុន។

លោក Ben Rhodes ដែល​ជា​ទី​ប្រឹក្សា​របស់​លោក​អូបាម៉ា​បាន​បដិសេធ​អំពី​លទ្ធភាព​ដែល​ថា​លោក​អូបាម៉ា​នឹង​សុំ​អភ័យទោស​អំពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​នៅ​ក្នុង​ក្រុង​ Hiroshima និង​ក្រុង​ Nagasaki។

លោក Rhodes បាន​និយាយថា​ លោក​ប្រធានាធិបតី​«នឹង​មិន​ពិនិត្យ​មើល​ជាថ្មី​អំពី​សេចក្តី​សម្រេច​ចិត្ត​ក្នុង​ការ​ប្រើប្រាស់​គ្រាប់​បែក​បរមាណូ​នៅ​ទី​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ​ទេ។ លោក​នឹង​ផ្តល់​ទស្សនៈ​វិស័យ​សម្រាប់​ពេល​អនាគត​ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អនាគត​រួមគ្នា​របស់​យើង»​ជាមួយ​ប្រទេស​ជប៉ុន៕

XS
SM
MD
LG