ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ជប៉ុន​ប្រារព្ធ​​ខួប៧០​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ


នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ Shinzo Abe ថ្លែង​សុន្ទរកថា នៅ​អំឡុងពេលពិធី​ប្រារព្ធ​ខួប​៧០ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​នៅសួន​សន្តិភាព​ Peace Memorial Park​ នៅ​ថ្ងៃ​ទី០៦ ខែ​សីហា ឆ្នាំ២០១៥។​
នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ Shinzo Abe ថ្លែង​សុន្ទរកថា នៅ​អំឡុងពេលពិធី​ប្រារព្ធ​ខួប​៧០ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​នៅសួន​សន្តិភាព​ Peace Memorial Park​ នៅ​ថ្ងៃ​ទី០៦ ខែ​សីហា ឆ្នាំ២០១៥។​

ប្រទេស​ជប៉ុន​ប្រារព្ធខួប៧០​ឆ្នាំនៃការ​ទម្លាក់គ្រាប់បែក​បរមាណូ​ដោយ​ស.រ.អា​នៅទី​ក្រុង ​Hiroshima​ ដែល​នាំឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​លោក​លើកទី២។​ មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់បាន​ចូលរួម​ពិធីស្មឹងស្មាធ​មួយនាទី​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​នៅពេល​ជួង​ជាច្រើនបាន​បន្លឺឡើង​នៅសួន​សន្តិភាព​ Peace Memorial Park​ ជិត​ចំណុល​កណ្តាល​ ដែល​គ្រាប់បែក​បរមាណូ​បាន​ផ្ទុះ។ ​លោក Kazumi Matsui ​អភិបាលក្រុង​ Hiroshima បាន​អំពាវនាវ​ឲ្យ​មានការ​ប្រឹងប្រែង​ថ្មី​ក្នុង​ការលុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​អស់​នៅ​ក្នុង​ពិភពលោក​ ដែល​លោក​ហៅថា​ បិសាច​ចង្រៃ​សុទ្ធ​សាធ។​

លោក​ Matsuiនិយាយ​ថា​ ដើម្បីឲ្យ​យើងអាច​រស់នៅ​បានសុខ​ទាំង​អស់​គ្នា ​យើងត្រូវ​បញ្ចប់​ការប្រើប្រាស់​អាវុធនុយក្លេអ៊ែរ ដែល​ជាអំពើ​អមនុស្សធម៌ ​និង​ជាបិសាច​ចង្រៃ​សុទ្ធសាធ។ ​លោក​និយាយ​ថា​ ឥឡូវ​នេះ​ដល់​ពេល​បញ្ចប់​វា​ហើយ។ ​

លោក ​Shinzo Abe ​នាយករដ្ឋមន្ត្រី​ជប៉ុន​និយាយ​ថា ​ប្រទេស​ជប៉ុន​ដែល​ជា​ប្រទេសតែ​មួយ​គត់​ដែល​ធ្លាប់​រងការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​បរមាណូ​គឺជា ​ប្រទេស​មាន​ការទទួល​ខុសត្រូវ​ និង​មាន​លក្ខណៈ​ពិសេស​ក្នុង​ការជំរុញ​មិន​ឲ្យ​ពិភពលោក​មាន​អាវុធ​នុយក្លេអ៊ែរ។ លោក ​Abe​ ប្តេជ្ញាថា ​នៅ​រដូវស្លឹក​ឈើជ្រុះ​ ជប៉ុន​នឹងស្នើ​សេចក្តី​សម្រេច​ចិត្ត​ថ្មីមួយ​នៅអ.ស.ប​ឲ្យលុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ។ ​

គ្រាប់បែក​បរមាណូ​នៅទីក្រុង ​Hiroshima បាន​សម្លាប់មនុស្ស​១៤០.០០០​នាក់ភ្លាមៗ​ដោយ​ចំហេះ​វិទ្យុសកម្ម។ ​គ្រាប់បែក​មួយ​ទៀត​ដែល​ទម្លាក់​នៅ​ Nagasaki ​ក្នុង​ពេលបី​ថ្ងៃក្រោយ​មក ​បាន​សម្លាប់​មនុស្ស​៧០.០០០​នាក់។ ស.រ.អា.​អះអាងថា ​ការវាយប្រហារ​នោះជា​ការចាំបាច់​ដើម្បី​បញ្ចប់​សង្គ្រាម​លោក​លើកទី២។​ ៦ថ្ងៃក្រោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​បរមាណូ​នៅ​ Nagasaki នោះ​ ​ ប្រទេស​ជប៉ុន​បាន​ចុះចាញ់ ហើយ​សង្គ្រាម​បាន​បញ្ចប់៕

XS
SM
MD
LG