លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ា នឹងធ្វើដំណើរទៅកាន់ប្រទេសអេត្យូពី នៅខែក្រោយហើយលោកនឹងក្លាយជាប្រធានាធិបតីអាមេរិកាំងកំពុងកាន់តំណែងទីមួយ ដែលទៅទស្សនាប្រទេសនេះក្នុងទ្វីបអាហ្វ្រិក។
សេតវិមានបាននិយាយថា ទស្សនកិច្ចក្នុងក្រុង Addis Ababa នឹងធ្វើឡើងនៅក្រោយដំណើរទស្សនកិច្ចមួយទៅកាន់ប្រទេសកេនយ៉ា ដែលបានត្រូវប្រកាសកាលពីពេលមុន។
នៅពេលលោកឋិតនៅក្នុងប្រទេសអេត្យូពី លោកប្រធានាធិបតីអូបាម៉ានឹងជួបជាមួយពួកមន្ត្រីរដ្ឋាភិបាលនិងធ្វើការចរចាដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំនៃសហភាពអាហ្វ្រិក។
ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា នៅក្នុងប្រទេសកេនយ៉ា ដែលជាប្រទេសកំណើតរបស់ឪពុកលោក ក៏ជាទស្សនកិច្ចលើកទីមួយរបស់លោកក្នុងឋានៈជាប្រធានាធិបតីដែរ។
លោកប្រធានាធិបតីគ្រោងនឹងចូលរួមក្នុងសន្និសីទកំពូលសាកលនៃភាពជាសហគ្រិនឆ្នាំ២០១៥ ដែលភាសាអង់គ្លេសហៅថា 2015 Global Entrepreneurship Summit ដែលជាសន្និសីទមួយប្រមូលផ្តុំពួកសហគ្រិន អ្នកបណ្តាក់ទុន រដ្ឋាភិបាលនិងអង្គការឯទៀតៗដើម្បីជួយជ្រោមជ្រែងកម្រិតជីវភាពនៅទូទាំងពិភពលោក។
លោក Josh Earnest អ្នកនាំពាក្យសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅនៃដំណើរទស្សនកិច្ចនេះគឺដើម្បី«ពន្លឿនការលូតលាស់សេដ្ឋកិច្ច ពង្រឹងស្ថាប័នប្រជាធិបតេយ្យនិងកែលម្អសន្តិសុខ»នៅក្នុងទ្វីបអាហ្វ្រិក៕