លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ក្រុមចម្រុះដឹកនាំដោយស.រ.អា.ដែលប្រយុទ្ធប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម «ខ្វះយុទ្ធសាស្ត្រពេញលេញ»មួយដោយលោកបានបន្ទោសអំពីអ្វីដែលលោកបានហៅថា ជាការជ្រើសរើសកងកម្លាំងសន្តិសុខអ៊ីរ៉ាក់មិនបានគ្រប់គ្រាន់ដែលនាំឱ្យមានការមិនស៊ីសង្វាក់គ្នារវាងអ្វីដែលបណ្តាប្រទេសខាងក្រៅចង់ជួយនិងអ្វីដែលអាជ្ញាធរអ៊ីរ៉ាក់អាចអនុវត្ត។
កិច្ចចរចាគ្នារវាងលោកប្រធានាធិបតីអូបាម៉ានិងលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសអាល្លឺម៉ង់ធ្វើឡើងក្នុងរយៈពេលតិចជាងមួយសប្តាហ៍ក្រោយពីលោក Abadi បានអំពាវនាវឱ្យមានជំនួយថែមទៀតពីបណ្តាសមាជិកនៃក្រុមចម្រុះដឹកនាំដោយស.រ.អា.ដែលបានធ្វើការវាយប្រហារតាមអាកាសជិតមួយឆ្នាំមកហើយដើម្បីជួយក្រុមយោធារដ្ឋាភិបាល អ៊ីរ៉ាក់។
ក្រុមមន្ត្រីស.រ.អា.និងបារាំងបានផ្តល់ឱ្យប្រទេសអ៊ីរ៉ាក់នូវការបោះឆ្នោតទុកចិត្តមួយនៅក្រោយកិច្ចចរចាទាំងនោះ ដោយបាននិយាយថា មានការចំណេញខាងដែនដីពិតប្រាកដហើយ ក៏ប៉ុន្តែបាននិយាយដែរថា គេត្រូវការគ្រឿងឧបករណ៍និងការហ្វឹកហ្វឺនច្រើនថែមទៀតដើម្បីបន្ថែមកម្លាំងវាយលុកដោយកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់សម្រាប់វាយយកមកវិញនូវដែនដីដែលពួកជនសកម្មប្រយុទ្ធបានវាយយកបានពីពេលមុន។
លោកអូបាម៉ាបានមានប្រសាសន៍ថា លោកក៏បានពិភាក្សាជាមួយលោក Abadi ដែរ អំពីការជ្រើសរើសទាហានឱ្យបានច្រើនជាងមុនចេញពីពួកកុលសម្ព័ន្ធ សុន្នី ជាពិសេសនៅក្នុងខេត្ត Anbar ដែលនៅទីនោះពួករដ្ឋអ៊ីស្លាមបានវាយយកបានទីរួមខេត្ត Ramadi នៃខេត្ត Anbar កាលពីខែឧសភា៕