ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា ៖ អ៊ីរ៉ាក់​ត្រូវ​ពន្លឿន​ការហ្វឹកហាត់ទ័ព​ដើម្បី​ប្រយុទ្ធ​នឹងក្រុមរដ្ឋអ៊ីស្លាម


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា និយាយ​នៅ​ក្នុង​សនិ្នសីទ​សារព័ត៌មាន​មួយ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G7 ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា និយាយ​នៅ​ក្នុង​សនិ្នសីទ​សារព័ត៌មាន​មួយ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G7 ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​សង្កត់​ធ្ងន់​ពី​សេចក្តី​ត្រូវការ​ហ្វឹក​ហាត់​កងទ័ព​អ៊ីរ៉ាក់​ឲ្យកាន់​តែ​ឆាប់​រហ័ស​ឡើង ​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុមរដ្ឋ​អ៊ីស្លាម។

លោក​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​នាយក​រដ្ឋ​មន្រ្តី​អ៊ីរ៉ាក់ Haider al-Abadi ​បាន​ព្រម​ព្រៀង​ចង់ឲ្យ​កង​កម្លាំង​សន្តិសុខ​កាន់​តែ​ច្រើន​ឡើង​ដែល​មាន «​ការ​ហ្វឹកហាត់​ថ្មី​ៗ បំពាក់​ឧប​ករណ៍ល្អ​និងផ្តោត​យក​ចិត្ត​ទុកដាក់»។

មេដឹកនាំ​ទាំង​២ ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទនៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​នៅ​ក្នុង​កិច្ច​ខំ​ប្រឹង​ប្រែង​កម្រិត​ខ្ពស់នៅ​ពេល​ថ្មី​ៗបំផុត​ ដើម្បី​រៀប​ចំ​យុទ្ធសាស្រ្ត​ប្រឆាំង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ ដែលបាន​កាន់​កាប់​តំបន់​នានា​កាន់​តែ​ធំ​ឡើង​របស់​អ៊ីរ៉ាក់​កាល​ពី​មួយ​ឆ្នាំ​មុន​ហើយ​បាន​តស៊ូ​ប្រយុទ្ធ​នៅ​ក្នុង​ទីក្រុង​ធំៗ​បំផុត​មួយ​ចំនួន​ ថ្វី​បើ​មាន​យុទ្ធនាការ​វាយ​ប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ ​ដើម្បី​គាំទ្រ​កងទ័ព​ថ្មើរ​ជើង​អ៊ីរ៉ាក់។​

លោក​ប្រធានា​ធិបតី អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​មន្ទីរ​បញ្ចកោណ​កំពុង​ធ្វើ​ការ​លើ​ផែន​ការ​ ដើម្បី​ជំរុញ​កិច្ច​ខំ​ប្រឹងប្រែង​ហ្វឹកហាត់ ​ហើយ​ទាហាន​ដែល​បាន​ទទួល​ការ​ហ្វឹកហាត់​ កំពុង​ប្រតិបត្តិការ​មាន​ «ប្រសិទ្ធិ​ភាព»។ ​ក៏​ប៉ុន្តែ​លោក​ប្រធានា​ធិបតី​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ជ្រើសរើស​កងទ័ព​មក​ហ្វឹកហាត់​ត្រូវ​ធ្វើ​ការ​ឲ្យ​អាទិភាព​ ជា​ពិសេស​និកាយ​ស៊ុននី។

លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ទៀត​ថា «​ចំណុច​មួយ​នៃ​ចំណុច​នានា​ដែល​យើង​កំពុង​រក​មើល​នៅ​ក្នុង​អ៊ីរ៉ាក់ គឺ​ជា​ទី​កន្លែង​ដែល​យើង​មាន​ការហ្វឹកហាត់​សមត្ថភាព​កាន់​តែ​ច្រើន​ឡើង​ជាង ទាហាន​ដែល​យើង​បាន​ជ្រើសរើស​»។

លោក​ប្រធានា​ធិបតី​ក៏​បាន​រំឭក​ឡើង​វិញ​ ពី​ការ​ចាំ​បាច់​ដើម្បី​បញ្ឈប់​លំហូរ​របស់​ក្រុម​អ្នក​ប្រយុទ្ធ​បរទេស ​ដោយ​និយាយ​ថា​ក្រុម​ជន​សកម្ម​ប្រយុទ្ធរាប់​ពាន់​នាក់​កំពុង​ចូល​ក្នុង​ប្រទេសស៊ីរី​ហើយ​បន្ត​ទៅ​ប្រទេស​អ៊ីរ៉ាក់៕

XS
SM
MD
LG