វ៉ាស៊ីនតោន —
ដំណើរទស្សកិច្ចលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ទៅកាន់តំបន់អាស៊ីអាគ្នេយ៍កាលពីចុងឆ្នាំ២០១២ ជាចំណុចកំពូលមួយនៃការឲ្យតម្លៃចំពោះតំបន់អាស៊ីអាគ្នេយ៍ក្នុងនយោបាយការបរទេសអាមេរិក។ ប៉ុន្តែបន្ទាប់ពីនោះមកទស្សនកិច្ចការទូតថ្នាក់កំពូលទៅកាន់តំបន់នេះ កម្រិតនេះបានធ្លាក់ចុះ។
ហើយនៅក្នុងការថ្លែងសុន្ទរកថាប្រចាំឆ្នាំ State of the Union Address កាលពីចុងខែមករា លោកប្រធានាធិបតីអូបាម៉ា បាននិយាយយោងតិចតួចចំពោះទ្វីបអាស៊ី ដែលធ្វើឲ្យអ្នកវិភាគខ្លះបារម្ភថា សហរដ្ឋអាមេរិកមិនអាចបន្តគោលនយោបាយ«ងាកទៅរកអាស៊ី» ឬ Pivot to Asia។
នៅក្នុងពេលមួយចំនួនដែលលោកនិយាយយោងទៅទ្វីបអាស៊ី លោកបានថ្លែងថា៖ «យើងនឹងបន្តផ្តោតទៅលើតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនៅទីនោះយើងគាំទ្រប្រទេសសម្ព័ន្ធមិត្តរបស់យើង កសាងអនាគតមួយដែលពោរពេញទៅដោយសន្តិសុខនិងវិបុលភាពប្រសើរជាងមុខ ហើយនិងហុចដៃជួយដល់ប្រទេសដែលត្រូវខ្ទេចខ្ទាំដោយគ្រោះមហន្តរាយ ដូចអ្វីដែលយើងបានធ្វើនៅក្នុងប្រទេសហ្វីលីពីន។»
ការនិយាយអំពីទ្វីបអាស៊ីនេះមានតិចពេក នេះបើតាមប្រសាសន៍របស់លោក Ernie Bower ទីប្រឹក្សាជាន់ខ្ពស់និងជាប្រធានខាងការសិក្សាអំពីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ CSIS នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោកថ្លែងប្រាប់ VOA ថា៖ «លោកប្រធានាធិបតីខកខានមិនបានពន្យល់ដល់ពលរដ្ឋអាមេរិកអំពីសារៈសំខាន់របស់ទ្វីបអាស៊ីចំពោះយើងចំពោះការរីកចម្រើនរបស់សេដ្ឋកិច្ចអាមេរិក ចំពោះការងាររបស់យើង ចំពោះសមត្ថភាពរបស់យើងក្នុងការច្នៃប្រឌិតនិងដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចពិភពលោក និងរហូតដល់បញ្ហាសន្តិសុខទៀត។»
ចាប់តាំងពីលោកប្រធានាធិបតីអូបាម៉ាចូលកាន់តំណែងកាលពីខែមករាឆ្នាំ២០០៩ លោកបានចាប់ផ្តើមគោលនយោបាយ «ងាកទៅរកអាស៊ី» ឬ Pivot ដែលជាទូទៅត្រូវគេយល់ថា ជានយោបាយយុទ្ធសាស្ត្រផ្តោតទៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិននៅតំបន់នោះ។
ទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ីអាគ្នយ៍ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន ក៏មានរួមបញ្ចូលទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសភូមានិងកម្ពុជាផងដែរ។ ទស្សនកិច្ចនេះជាលើកដំបូងបំផុតដែលប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចតែនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះ។
ប៉ុន្តែលោកប្រធានាធិបតីត្រូវបង្ខំលុបចោលទស្សនកិច្ចទៅអាស៊ីអាគ្នេយ៍កាលពីខែតុលាឆ្នាំមុនដោយសារមានបញ្ហាការបិទរដ្ឋាភិបាលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្នុងខណៈដើមឆ្នាំនេះដែរ ប្រទេសភូមាចាប់ផ្តើមធ្វើជាប្រធានរបស់សមាគមអាស៊ានជាលើកដំបូងបំផុត ក្នុងពេលដែលប្រទេសថៃជាប់ព្រំដែននោះ កំពុងជួបវិបត្តិនយោបាយ ប្រទេសឥណ្ឌូនេស៊ីមានការបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំ ហើយប្រទេសកម្ពុជាកំពុងមានការជាប់គាំងនយោបាយក្រោយការបោះឆ្នោត។ ព្រមពេលនេះដែរប្រទេសចិនត្រូវគេរាយការណ៍មកថាកំពុងពិចារណាពង្រីកតំបន់ដែនអាកាសការពារជាតិរបស់ខ្លួនទៅលើសមុទ្រចិនខាងត្បូងដ៏មានជម្លោះថែមទៀត។
លោក Bower ថ្លែងថា ការលុបចោលទស្សនកិច្ចកាលពីខែតុលាឆ្នាំមុន ព្រមទាំងការបន្ថយវោហាសាសន៍របស់លោកប្រធានាធិបតីអំពីទ្វីបអាស៊ី មិនបានធ្វើឲ្យបណ្តាប្រទេសអាស៊ីជាដៃគូរបស់សហរដ្ឋអាមេរិកមានភាពកក់ក្តៅទេ។
«ខ្ញុំមានការបារម្ភថា ប្រសិនបើយើង (សហរដ្ឋអាមេរិក) មិនបន្តបង្ហាញសកម្មភាពទំនាន់ទំនងថ្នាក់ខ្ពស់ដូច្នេះទេ យើងនឹងបាត់បង់ការមានប្រៀបក្នុងការប្រកួតប្រជែង(ក្នុងតំបន់អាស៊ី)។ យើងនឹងបាត់បង់អំណាចការទូត ហើយរឿងនេះនឹងធ្វើឲ្យខាតបង់ដល់ផលប្រយោជន៍អាមេរិកទៅអនាគត។»
លោក Aaron Connelly អ្នកវិភាគឲ្យក្រុមហ៊ុន Albright Stonebridge Group នៅរដ្ឋធានីវ៉ាស៊ីនតោននិយាយថា ក្នុងទស្សនកិច្ចញឹកញាប់ទៅអាស៊ីអាគ្នេយ៍កន្លងមក លោកប្រធានាធិតបីអូបាម៉ា ទំនងបានបង្កើនសេចក្តីរំពឹងខ្លាំងពេកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលក្រោយមកលោកត្រូវជាប់រវល់ខ្លាំងនឹងនយោបាយក្នុងស្រុករបស់អាមេរិកទៅវិញ។ ប៉ុន្តែលោក Connelly ថ្លែងប្រាប់ VOA ថា បើទោះជាមេដឹកនាំអាមេរិកមិនមានវត្តមានច្រើនដូចមុន ក៏សកម្មភាពទំនាក់ទំនងរបស់អាមេរិកនៅតំបន់នេះតាមពិតទៅមានការកើនឡើងក្នុងកម្រិតថ្នាក់ក្រោម ដូចជាទំនាក់ទំនងថ្នាក់ស្ថាប័នជាតិនិងថ្នាក់មូលដ្ឋាន។
លោក Aaron Connelly ថ្លែងថា៖ «អ្វីដែលខុសប្លែកនៅពេលនេះ គឺយើងឃើញមានការផ្តោតសកម្មភាពទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍ទូលំទូលាយជាងមុននិងជ្រាលជ្រៅជាងមុន ក្នុងពេលតែមួយ។ ហើយរឿងនេះគឺមិនដែលធ្លាប់មានពីមុនមកទេ។»
ថ្លែងនៅឯក្លឹបអ្នកកាសែតជាតិក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារសប្តាហ៍មុន លោក Daniel Russel ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ថ្លែងថា សហរដ្ឋអាមេរិកប្តេជ្ញាបន្តវត្តមានសកម្មនៅតំបន់អាស៊ី ដោយមិនផ្តោតតែលើផលប្រយោជន៍សន្តិសុខប៉ុណ្ណោះទេ។
លោកឧបការីរដ្ឋមន្ត្រីការបរទេសថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «តាមការជឿជាក់របស់ខ្ញុំ និងតាមបទពិសោធន៍របស់ខ្ញុំ គឺថា យុទ្ធសាស្ត្រធ្វើឲ្យមានតុល្យភាពអំណាច Rebalance ដែលបានចាប់ផ្តើមតាំងពីខែមករាឆ្នាំ២០០៩មក មានលក្ខណៈទូលំទូលាយនិងជ្រាលជ្រៅ ហើយរួមបញ្ចូលមិនត្រឹមតែកិច្ចការសន្តិសុខតំបន់បុណ្ណោះទេ តែដូចដែលខ្ញុំបានលើកឡើងហើយ គឺក៏ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចនិងទំនាក់ទំនងរវាងពលរដ្ឋផងដែរ។»
ទំនាក់ទំនងពលរដ្ឋនេះរួមមានឧទាហរណ៍ថ្មីមួយ គឺកម្មវិធីគំនិតផ្តួចផ្តើមមេដឹកនាំជាយុវជនរបស់អាស៊ីអាគ្នេយ៍ ដែលប្រជាជនប្រមាណ៦៥ភាគរយនៃតំបន់នេះមានអាយុក្រោម៣៥ឆ្នាំ។
កម្មវិធីដែលមានលក្ខណៈបែបនេះទំនងទទួលការស្វាគមន៍នៅក្នុងប្រទេសកម្ពុជាផងដែរ បើតាមលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយ VOA នៅក្រោយសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិតបតីសហរដ្ឋអាមេរិក លោក អ៊ូ វីរៈ បានសម្តែងការបារម្ភថា ប្រសិនបើអាមេរិកមិនផ្តោតខ្លាំងលើអាស៊ីអាគ្នេយ៍នៅពេលនេះ អាមេរិកអាចខកខានឱកាសទទួលផលប្រយោជន៍ពេញលេញពីការប្រែប្រួលប្រជាសាស្ត្រនៅក្នុងតំបន់នេះ ដោយរួមទាំងនៅកម្ពុជាផងដែរ ដែលលោកថា កំពុងមានឱកាសជាប្រវត្តិសាស្ត្រក្នុងការធ្វើអន្តរកាលទៅរករបបប្រជាធិបតេយ្យជាគំរូមួយសម្រាប់តំបន់ទាំងមូល។
លោក អ៊ូ វីរៈ ពន្យល់ថា៖ «ព្រោះនៅក្នុងតំបន់ទាំងមូល មានតែប្រទេសកម្ពុជាទេដែលកំពុងតែនៅក្នុងគេហៅផ្លូវបំបែកធំមែនទែននៅក្នុងពេលបច្ចុប្បន្ននេះ ហើយកំពុងតែមានឱកាសដ៏ធំមួយដើម្បីពង្រឹងនូវរបបប្រជាធិបតេយ្យ។ អញ្ចឹងសហរដ្ឋអាមេរិកគួរតែយកចិត្តទុក្ខដាក់មែនទែនជាមួយប្រទេស។»
លោក អូ វីរៈ បារម្ភថា ឥទ្ធិពលកើនឡើងកាន់តែខ្លាំងរបស់ប្រទេសចិននឹងអាចនាំឲ្យមាននិន្នាការទៅរករបបផ្តាច់ការកាន់តែខ្លាំងឡើងក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍នៅប៉ុន្មានឆ្នាំខាងមុខ។
ដូច្នេះលោកសង្ឃឹមថា លោកប្រធានាធិបតីសហរដ្ឋអាមេរិកនឹងចាប់អារម្មណ៍ចំពោះសក្តានុពលខាងប្រជាធិបតេយ្យរបស់កម្ពុជា។
អ្នកវិភាគ Aaron Connelly និយាយដោយសុទិដ្ឋិនិយមថា នៅក្រោយរយៈពេលមួយឆ្នាំដែលប្រធានាធិបតីអាមេរិកមិនបានធ្វើដំណើរទៅអាស៊ី នៅក្នុងឆ្នាំនេះ លោក អូបាម៉ា ទំនងនឹងមិនខកខានកិច្ចប្រជុំអាស៊ាននៅភូមានៅចុងឆ្នាំនេះទេ។
សេតវិមានបានបញ្ជាក់រួចហើយថានឹងមានទស្សនកិច្ចប្រធានាធិបតីទៅអាស៊ីយ៉ាងហោចណាស់ម្តងក្នុងឆ្នាំនេះ ដែលនឹងកើតឡើងនៅខែមេសាខាងមុខ៕