ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​ជា​ក្តី​បារម្ភ​របស់​សហគមន៍​អន្តរជាតិ


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់​ អូបាម៉ា ត្រូវ​ស្វាគមន៍​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​មុន​ជំនួប​ទ្វេ​ភាគី​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​​វិច្ឆិកា ឆ្នាំ​២០១៣។
វ៉ាស៊ីនតោន៖ លោក​ប្រធានាធិបតី​សរអា​បារ៉ាក់ អូបាម៉ា​ចង់ឃើញ​ប្រទេសកម្ពុជា​មានការ​កែ ទម្រង់​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ ដោយបាន​លើកក្តី​បារម្ភអំពី​រឿង ទាំងនេះ​ក្នុងជំនួប​ទ្វេរភាគី​កាលពី​ថ្ងៃច័ន្ទ​ជាមួយនឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែលដឹកនាំ​ប្រទេស​បី​ទសវត្សរ៍​ ហើយរងការ​រិះគន់​ជាអន្តរជាតិ​ពីការ រំលោភ​បំពាន​សិទ្ធិមនុស្ស​ និងធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់ចុះ​ក្នុងប្រទេស កម្ពុជា។​

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​បានខិតខំ​ការពារ​រដ្ឋាភិបាល​របស់ លោក​នៅចំពោះមុខ​លោក​អូបាម៉ាថា​ ការគោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ នៅកម្ពុជា​មានលក្ខណៈ​ប្រសើជាង​ប្រទេសជិតខាង។​ ទោះជា​យ៉ាងណា​ក៏ដោយ ក្រុមមន្ត្រី​គណបក្ស​ជំទាស់​និងអ្នកវិភាគវិញ​បានចាត់​ទុកថា​អត្ថាធិប្បាយ​របស់ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ជាលេស​ ហើយអាចនឹង​នាំឲ្យ​ប្រទេសកម្ពុជា ក្លាយជា​ប្រទេស​ប្រឆាំងនឹង​សហគមន៍​អន្តរជាតិ​ដ៏គ្រោះថ្នាក់។

លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បានអះអាងថា​ទោះបីជា​ការជួប រវាង​លោក​ប្រធានាធិបតី​អូបាម៉ា​ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា លក្ខណៈ​ការទូត​មែនក្តី​តែមេដឹកនាំ​ខ្មែរត្រូវតែ​ធ្វើតាមការ​ចង់បាន​របស់​ប្រទេស មហា​អំណាច​សរអា។

«បើសិនណា​ជាគាត់ចង់​ឲ្យទំនាក់ទំនងល្អ​ជាមួយសរអា​គាត់ត្រូវតែ​ឆ្លើយតប ដោយ​ដំណោះស្រាយ​មិនមែន​ឆ្លើយតប​ដូចសព្វថ្ងៃ​ឆ្លើយយក​រួចខ្លួន​ដោះសារ នោះទេ។​ គឺឆ្លើយតប​ដោយមាន​ការដោះសា្រយ​បញ្ហា។​ អាហ្នឹង​ប្រហែល​ជាមាន ទំនាក់ទំនង​ជាមួយ​សរអាល្អ​តទៅទៀត។​ តែបើគាត់​ឆ្លើយដោះសារ​ដែលគេ គ្រប់គ្នាដឹងថា​បញ្ហារំលោភ​សិទ្ធិមានហើយ​បញ្ហាការ​បោះឆ្នោត​អត់​ត្រឹមត្រូវហើយ គាត់គ្រាន់តែ​ដោះសារ​យករួចខ្លួន​ ខ្ញុំជឿថា​វាអត់​រួចខ្លួនទេ​បើ​ប្រធានាធិបតី ប្រទេស​មហាអំណាច​មួយ​គេលើករឿង​ប៉ុណ្ណេះ​ហើយនោះ»។

លោក​ កឹម សុខា​បានរំលឹក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពីភាសា​ការទូត​របស់​ប្រទេស​មហាអំណាច​គឺលោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​មុនពេល​សរអាអាច ចាត់វិធានការ​ជំហ៊ានបន្ទាប់​ចំពោះ​កម្ពុជា។
លោក ​យឹម សុវណ្ណ​អ្នកតំណាងរាស្ត្រ​ និង​ជាអ្នកនាំពាក្យ​គណបក្ស​សម រង្ស៉ី​បាន អះអាងថា​រដ្ឋាភិបាល​ត្រូវតែ​គិតពិចារណា​អំពីកង្វល់​របស់លោក​ប្រធានាធិបតី សរអា​ដែលប្រាថ្នា​ចង់បាន​ការអភិវឌ្ឃ​លើការ​គោរព​សិទ្ធិមនុស្ស ​ប្រជាធិបតេយ្យ នៅកម្ពុជា។ «ហើយឥឡូវនេះ​គឺថា​យើងជួបឧបសគ្គ​ច្រើន​ដោយសារ​ថា​មេដឹកនាំ​រដ្ឋាភិបាល ហាក់​ដូចជា​មើលស្រាល​ចំពោះ​អនុសាសន៍​របស់អសប​ក៏ដូចជា​សរអា។​ដូច្នេះ បើយើង​ទៅធ្វើអ្វីមួយ​ដែលមាន​ចរន្តផ្ទុយ​ពីចរន្ត​របស់​សហគមន៍​អន្តរជាតិ​ ផ្ទុយពី ចរន្ត​របស់ប្រទេស​មហាអំណាច​ហើយនិង​អសបនោះៗ​ប្រទេសកម្ពុជា​យើងនឹង ជួបឧបសគ្គ​ទាំងសេដ្ឋកិច្ច​នឹងនយោបាយ​នៅពេល​ខាងមុខ»។

រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រីហ៊ុន​ សែន​កំពុងស្ថិតនៅ​ក្រោមសម្ពាធ​ពី ប្រទេស​សរអា​ អសប​ សហគមន៍​អឺរ៉ុប​ ប្រទេស​អូស្ត្រាលី​និង​ប្រទេស​អាស៊ីខ្លះ ដើម្បី​ឲ្យកែ​ទំរង់ការ​រំលោភ​សិទ្ធិមនុស្ស ​ប្រជាធិបតេយ្យ ​ដោះលែង​អ្នកទោស នយោបាយ​ដូចជា​លោក​ម៉ម សូណង់ដូ​ ប្រធាន​ស្ថានីយវិទ្យុ​សំបុកឃ្មុំ ​អនុញ្ញាតិ​ឲ្យ លោក​ សម រង្ស៉ី​ចូលរួមការ​បោះឆ្នោត​ កែទម្រង់​ប្រព័ន្ធបោះឆ្នោត​ឲ្យសេរី​ និង យុត្តិធម៌ ​បញ្ឈប់ការ​បណ្តេញចេញ​ពលរដ្ឋ​ ពីលំនៅដ្នាន​ និង ផ្តល់​ដំណោះ ស្រាយ​ឲ្យបាន​សមរម្យ​ជាដើម។​ រឿងទាំងនោះ​ ត្រូវលោក​ប្រធានាធិបតី​សរអា លើកជាក្តី​បារម្ភ​របស់លោក​យកមក​ជជែក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ជាសំខាន់​ក្នុងជំនួប​កាលពី​ថ្ងៃច័ន្ទនោះ។​ នេះបើតាមការ​អះអាង​របស់ លោក ​Ben Rhodes ​ទីប្រឹក្សារងផ្នែក​សន្តិសុខ​នៃសេតវិមាន។

ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានការពារ​រដ្ឋាភិបាល​របស់លោក​ហើយ​ចាត់ទុក​របាយការណ៍​និងការ​ចោទប្រកាន់​នានា​ជាការ​មួលបង្កាច់​រដ្ឋាភិបាល​លោកផង។​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៍បាន​ព្យាយាម​ពន្យល់​លោក អូបាម៉ា ​អំពីកម្ពុជាថា​គ្មាន​អ្នកទោស​នយោបាយ​គឺមានតែ​អ្នកនយោបាយមាន ទោស​ ហើយនិង​ជំរះការ​ភ័នច្រឡំ​ខ្លះថា​ស្ថានីយ​វិទ្យុសំបុក​ឃ្មុំត្រូវ​បិតទ្វារ។ នេះបើតាម​ការអះអាង​របស់លោក​ ប្រាក់ សុខុន​ រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​និងជា​អ្នកនាំពាក្យ​នៃកិច្ចប្រជុំ​រវាង​លោកអូបាម៉ា​និងលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។

«ឧទាហរណ៍​ចំពោះ​ឯកឧត្តម​សម រង្ស៉ី​ គាត់ចេញទៅ​ក៏គ្មាន​នរណាបង្ខំ ​ឲ្យគាត់ ចេញ​ទៅដែរ ​គាត់ចង់​អញ្ជើញ​មកវិញ​ក៏យើង​អត់ឃាត់​គាត់មកវិញ​ដែរ។​ ប៉ុន្តែបើ គាត់​មានបញ្ហា​ជាមួយនឹង​ផ្លូវច្បាប់​គាត់ត្រូវ​ដោះសា្រយ​ជាមួយ​ផ្លូវច្បាប់។​ អញ្ចឹង យើងមិនអាច​និយាយ​ឡូកឡំគ្នាថា ​អូ!សិទ្ធិមនុស្ស​ ហើយបំភ្លេច​ច្បាប់នោះ​បាន ទេ​ដល់អញ្ចឹង​គេថា​ស្រុកយើង​អត់ច្បាប់​ទៀត»។

ទោះជាយ៉ាងណា​ក៍ដោយ​លោក​ ហ៊្វីល រ៉ប៊ឺតសុន​នាយករង​តំបន់អាស៊ី​នៃអង្គការ សិទ្ធិមនុស្ស​ Human Rights Watch​ បានអះអាងថា​លោក ម៉ម​ សូណង់ដូ​គួរត្រូវ ទទួលការ​លើកលែង​ទោស​និងដោះលែង​ ហើយលោក​សម រង្ស៉ី​គួរត្រូវ​លើក លែងទោស​ហើយអនុញ្ញាតិ​ឲ្យវិលមក​កម្ពុជាវិញ​ដើម្បីចូលរួម​ការបោះឆ្នោត ដោយសារ​ករណី​ទាំងពីរនេះ​ជាករណី​នយោបាយ​សុទ្ធសាធ។​ លោកបាន​ចំអក ដល់រដ្ឋាភិបាល​ប្រទេស​កម្ពុជា​និង​អ្នកនាំពាក្យ​ដែលនិយាយ​ពីច្បាប់​នៅពេល ដែល​តុលាការ​កម្ពុជា​ស្ថិតនៅក្រោម​ការបញ្ជា​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។

«លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​និងមន្ត្រី​កម្ពុជា​អាចបញ្ជា​តុលាការ​ឲ្យវិនិច្ឆ័យ ទោស​តាមវិធី​ដែលពួកគេ​ចង់បាន​ ហើយជារឿយៗ​គេធ្វើដូច្នោះ។​ ជាការពិត​ខ្ញុំ មានទរ្ហ្យីករណ៍​ថាតុលាការ​កម្ពុជា​ប្រហែល​ជាស្ថិតក្នុង​លំដាប់​ដូចគ្នានឹង​តុលាការ ប្រទេស​វៀតណាម​ដែលបញ្ជា​យ៉ាងច្បាស់លាស់​ដោយ​គណបក្ស​កុំម្មុយនីស វៀតណាម​ក្នុងការ​វិនិច្ឆ័យក្តី​តាមការ​កំណត់​របស់​គណបក្ស»។

លោក​ រ៉បប៊ឺតសុន​បានអះអាងថា​ការលើកឡើង​ពីរឿង​សិទ្ធិមនុស្ស​របស់លោក ប្រធានាធិបតី​ អូបាម៉ា​ជារឿង​សំខាន់​ណាស់។ ​ដោយបញ្ជាក់​ថាកម្ពុជា​នឹងមាន ការប៉ះទង្កិចខ្លាំង​ជាមួយ​សហគមន៍​អន្តរជាតិ​ នៅពេល​កម្ពុជា​មិនកែទំរង់​បញ្ហា សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នោះ៖

«ដូច្នេះ​នឹងមាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះរឿង​សិទ្ធិមនុស្ស​ក្នុងប្រទេស កម្ពុជា​នៅឆ្នាំ​ខាងមុខ។​ហើយតាមខ្ញុំ​គិតសរអា​ពិតជា​យកចិត្ត​ទុកដាក់​និងបន្តរ ដើរតួសំខាន់​ក្នុងការ​ចង្អុលបង្ហាញ​អំពីបញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​ហើយ ទាមទារ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប ​ហើយដោះស្រាយ​បញ្ហា​ទាំងឡាយ នេះ»។

លោក​ រ៉ប៊ឺតសុន​បានថ្លែង​បន្ថែមថា​កម្ពុជា ​ត្រូវសហគមន៍​អន្តរជាតិ​មើលឃើញ​ថា បានធ្លាក់ចុះ​ហើយប្រកួត​ប្រជែង​នឹង​ប្រទេស​ភូមា​ដែល​ប្រហែលជា​ប្រទេស​រំលោ ភ​សិទ្ធិមនុស្ស​ខ្លាំងជាងគេ​ក្នុងតំបន់​អាស៊ាន។​ លោកក៏បាន​អះអាង​ដែរថា​ការ វិលត្រឡប់​មកវិញ​ពីការ​ភាសខ្លួន​របស់​លោក​សម រង្ស៉ី​នឹងធ្វើឲ្យ​លទ្ធផល​នៃការ បោះឆ្នោត​មានភាព​ស្របច្បាប់។

ក៏ដូចគ្នាដែរ​លោក ​គល់ បញ្ញា​នាយក​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅកម្ពុជា ហៅថា​ ខុមហ្វ្រែល​បានអះអាងថា​ការកែ​ទម្រង់​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ នៅពេល​លោក​ប្រធានាធិបតី​សរអា ​បារ៉ាក់ អូបាម៉ា​បានយក​ចិត្តទុកដាក់​មក លើស្ថានការណ៍​ប្រទេស​កម្ពុជាខ្លាំង​ដូចនេះ ​នឹងជួយ​ដល់ប្រទេស​កម្ពុជា។

«ជួយបាន​ទាំងអស់គ្នា​ហ្នឹង។​ ជួយទាំង​ប្រជាពល​រដ្ឋកម្ពុជា​ ទាំង​រដ្ឋាភិបាល ទាំងអង្គការ​សង្គមស៊ីវិល​ ទាំងគណបក្ស​នានា​ទាំងអស់​ដែលយើងអាច​រៀបចំ ប្រទេស​យើងមួយ​ដែលយើង​អាចធ្វើឲ្យ​ប្រជាធិបតេយ្យ​ ការគោរព​សិទ្ធិមនុស្ស ត្រឹមត្រូវ​ហើយបូក​ជាមួយនឹង​ការវិវិត្តរ៍​សេដ្ឋកិច្ច​សង្គមហ្នឹង​បានល្អ​ត្រឹមត្រូវ​ហើយ ទៅរកភាព​រុងរឿង​ទាំងអស់គ្នា​ហ្នឹង។​ ហើយខ្ញុំ​គិតថា​សរអា​គាត់ឲ្យ​យោបល់ហ្នឹង​ក៏ក្នុងន័យ​ធ្វើឲ្យយើង​យកចិត្ត​ទុកដាក់​ដើម្បីឲ្យបាន​រុងរឿង ​ព្រោះ​ប្រទេស អាមេរិក​គេមាន​ពិសោតន៍​ធ្វើឲ្យប្រទេស​គេរុងរឿង​ទាំង​ប្រជាធិបតេយ្យ​ ការគោរព សិទ្ធិមនុស្ស​និងសេដ្ឋកិច្ច​រាប់រយឆ្នាំ​មកហើយ»។

លោកបញ្ញា​បានអះអាង​ទៀតថា​ជារឿង​ដ៏សមរម្យ​ដែលសរអា ​និង​សហគមន៍ អន្តរជាតិ​ដែលផ្តល់​ជំនួយដល់​កម្ពុជា​ជាហូរហែរ ​ឲ្យយោបល់​ដល់កម្ពុជា​និង ឃ្លាំមើល​ស្ថានការណ៍​រយៈពេល​ជាង២០ឆ្នាំ​កន្លងមកនេះ​ក្រោយពេល​ដែល សរអា​និង​សហគមន៍​អន្តរជាតិ​មានប្រទេស​ចំនួន១៨​បានចុះ​ហត្ថលេខា​រួមគ្នា កាលពីថ្ងៃ​១៨ តុលា​ឆ្នាំ១៩៩១​ ថានឹង​ធ្វើឲ្យ​ប្រទេសកម្ពុជា​មានភាព​ប្រសើរឡើង​ផ្នែកការ​គោរព​សិទ្ធិមនុស្ស​ លទ្ធិប្រជាធិបតេយ្យ ​និងការអភិវឌ្ឃ​លើវិស័យ​នានា​នៅក្នុង​ប្រទេស​នេះ។
ចំណែក​លោក ​សួន ប៊ុនស័ក្តិ​នាយក​លេខាធិការដ្ឋាន​នៃអង្គការ​ប្រព្រឹត្តិកម្ម​ដែល មានអង្គការ​សមាគម​២០ជា​សមាជិក​បានអះអាង​ដែរថា​ទោះជា​ជំនួប​រវាងលោក ប្រធានាធិបតីយ​អូបាម៉ា​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ហាក់​ដូចជា​មិនសូវ មានផ្លែផ្កា​ភ្លាមៗ​មែន​តែការ​ដោះលែង​លោក​ ម៉ម សូណង់ដូ​ និងការ​អនុញ្ញាតិឲ្យ​លោក សម រង្ស៉ី​មេដឹកនាំ​គណបក្ស​ជំទាស់​ដ៏ធំ​ក្នុងប្រទេស​កម្ពុជា​វិលត្រឡប់​មកកម្ពុជា​វិញ​ នោះជារឿង​ល្អណាស់​សម្រាប់​សេរីភាព​បញ្ចេញមតិ​និងប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា។
XS
SM
MD
LG