សៀមរាប៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក លីអន ភែនណាតា នៅថ្ងៃសុក្រទី១៦ ខែវិច្ឆិកានេះ បានជួបប្រជុំជាមួយបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាននៅកម្ពុជា ដើម្បីរឹតចំណង ទាក់ទងផ្នែកយោធារវាងសហរដ្ឋអាមេរិកជាមួយតំបន់នេះ ក្នុងការធានាឲ្យបានស្ថិរភាព និង ភាពរីកចម្រើននៅក្នុងតំបន់ទៅពេលអនាគត។ នេះជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ីអាគ្នេយ៍ក្នុងខែនេះ ដែលត្រូវបានបញ្ចប់ត្រឹមប្រទេសកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានក្រោយកិច្ចប្រជុំជាមួយបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានធ្វើឡើងនៅខេត្តសៀមរាប លោក លីអន ភែនណាតា បានឲ្យដឹងថា នេះគឺជាសករាជថ្មីនៃទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយតំបន់នេះ។
«ចំពោះសាររបស់ខ្ញុំនៅពេលនេះគឺចង់បញ្ជាក់ថា ចំពោះការកែប្រែកម្លាំងតុល្យភាពរបស់សហរដ្ឋអាមេរិកមកអាស៊ីអាគ្នេយ៍នៅពេលនេះ គឺមានភាពច្បាស់លាស់មាននិរន្តរភាពហើយនៅមានការបន្តទៅអនាគតខាងមុខទៀត»។
លោករដ្ឋមន្ត្រីការពារជាតិអាមេរិកបានមានប្រសាសន៍ថា ទាហានអាមេរិកបានធ្វើការជាមួយមិត្តភក្តិ ជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងអាស៊ីអាគ្នេយ៍នេះតាំងពី៧០ឆ្នាំមកហើយ។ សហរដ្ឋអាមេរិកបានប្រយុទ្ធហើយបានពលីនៅក្នុងសង្គ្រាមក្នុងតំបន់នេះ ប៉ុន្តែគោលដៅសំខាន់របស់អាមេរិកគឺការរក្សាសន្តិភាព និងភាពចម្រើនក្នុងតំបន់។ លោក ភែនណាតា បានបញ្ជាក់ថា អ្វីដែលសហរដ្ឋអាមេរិកចង់ធ្វើនៅទីនេះគឺការបង្កើតលក្ខណៈ នានាដែលមានសារៈសំខាន់ក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចឲ្យមានអភិបាលកិច្ចល្អ និងធ្វើឲ្យមនុស្សរាប់លាននាក់ចាកចេញពីភាពក្រីក្រ ដើម្បីបង្កើតជាអនាគតមួយសម្រាប់ជំនាន់ក្រោយៗទៀត។
«ចំពោះការបង្កើនកម្លាំងយោធារបស់យើងក្នុងតំបន់នេះ មិនមែនជាផ្នែកតែមួយនៃការដែលសហរដ្ឋអាមេរិកធ្វើឲ្យមានតុល្យភាពឡើងវិញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទេ ប៉ុន្តែយើងក៏បានពង្រឹងទំនាក់ទំនងផ្នែកការទូត សេដ្ឋកិច្ច វប្បធម៌ក្នុងប្រទេសនានានៅក្នុងតំបន់នេះដែរ។ ហើយខ្ញុំគិតថាលោក ប្រធានាធិបតីបារ៉ាក់ អូបាម៉ា ក៏នឹងពិភាក្សាលើចំណុចទាំងអស់នេះនៅពេលមកចូលរួមប្រជុំកំពូលអាស៊ាននៅប៉ុន្មានថ្ងៃខាងមុខទៀត»។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំរដ្ឋ មន្ត្រីការពារជាតិអាស៊ានបានស្វាគមន៍ចំពោះការអះអាងរបស់លោករដ្ឋមន្ត្រីការពារជាតិអាមេរិក។
«ច្បាស់ណាស់ថា យើងបាននិយាយជាទូទៅម្តងហើយម្តងទៀតគឺយើងត្រូវធ្វើសហប្រតិបត្តិការគ្រប់ភាគីទាំងអស់ពិសេសមហាអំណាចទាំងឡាយដែលមកមានតួនាទីកាន់តែខ្លាំងគឺជាការចាំបាច់កាន់ តែធំអំពីសហប្រតិបត្តិការដើម្បីឲ្យវាមានស្ថិរភាពដ៏ពិតប្រាកដ»។
លោករដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានបញ្ជាក់ដែរថា អាមេរិកបានចាត់ទុកប្រទេសអាស៊ានទាំងមូលគឺជាគ្រួសារហើយបានប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការការពារជាតិទាំងឡាយ ដែលអា ស៊ានកំពុងតែដឹកនាំក្នុងនោះរួមមានប្រតិបត្តិការមនុស្សធម៌ ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ បញ្ហាសន្តិសុខសមុទ្រ ការហាមឃាត់ការសាយភាយអាវុធ និងប្រតិបត្តិការប្រឆាំងភេរវកម្ម។ លោកបានបញ្ជាក់ទៀតថា ក្រៅពីនេះសហរដ្ឋអាមេរិកក៏នឹងគាំទ្រ និងការពារការគោរពសិទ្ធិមនុស្ស ការគ្រប់គ្រងផ្នែកស៊ីវិល និងយោធា និតិរដ្ឋនិងការចូលរួមដោយសេរី និងយុត្តិធម៌របស់ប្រជាពលរដ្ឋក្នុងប្រព័ន្ធនយោបាយនៅកម្ពុជា ក៏ដូចជាក្នុងប្រទេសដ៏ទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ៕