លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)មានប្រសាសន៍ថាប្រទេសរុស្សីនឹងនៅតែនៅឃ្លាតឆ្ងាយពីសហគមន៍អន្តរជាតិ ប្រសិនបើលោកប្រធានាធិបតីរុស្សី វ្ល៉ាដឹមៀរ ពូទីន (Vladimir Putin)នៅតែបន្តរំលោភច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានគោលដៅបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
លោកថ្លែងបែបនេះកាលពីថ្ងៃអាទិត្យនៅក្នុងក្រុង Brisbane ប្រទេសអូស្ត្រាលីនៅថ្ងៃបញ្ចប់នៃសន្និសីទកំពូលសេដ្ឋកិច្ចក្រុមប្រទេស G-20។ លោក អូបាម៉ា បន្ថែមថាការដាក់ទណ្ឌកម្មនៅពេលបច្ចុប្បន្ននេះប្រឆាំងនឹងប្រទេសរុស្សីមានប្រសិទ្ធិភាព។
លោក បារ៉ាក់ អូបាម៉ា៖ «យើងមានក្រុមការងារដែលពិនិត្យមើលដោយទៀងទាត់អំពីយន្តការដើម្បីដាក់គំនាបសង្កត់បន្ថែមបើជាការចាំបាច់។»
លោក ពូទីន បានធ្វើដំណើរចេញពីប្រទេសអូស្ត្រាលីកាលថ្ងៃអាទិត្យមុនពេលកំណត់ដោយនិយាយថាលោកត្រូវការសម្រាន្ត។ ក៏ប៉ុន្តែជំនួបជាច្រើនរបស់លោកជាមួយពួកមេដឹកនាំពិភពលោកឯទៀតៗមិនមានការស្រុះស្រួលគ្នាទេ។លោកនាយករដ្ឋមន្ត្រីកាណាដាលោក Stephen Harper បានថ្លែងត្រង់ៗទៅលោក ពូទីន ថាឲ្យរុស្សីចេញពីប្រទេសអ៊ុយក្រែនទៅ។
ទោះបីជាយ៉ាងណាក្តី លោក ពូទីនបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Ria Novosti ថាការចេញដំណើរមុនពេលកំណត់របស់លោកគ្មានទាក់ទិនជាមួយភាពតានតឹងក្នុងប្រទេសអ៊ុយក្រែនទេ។ ខណៈពេលដែល លោកប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បានចេញក្រឹត្យមួយចំនួនដើម្បីបិទស្ថាប័នរដ្ឋនៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនដែលលម្អៀងទៅខាងរុស្សី៕