ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទោះ​តានតឹង ចិន​ស្វាគមន៍​យ៉ាងកក់ក្តៅ​ដល់​លោក អូបាម៉ា

  • Luis Ramirez

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​បាន​ទទួល​ការ​ស្វា​គមន៍​ដ៏​កក់ក្តៅនៅ​ក្នុង​ប្រទេស​ចិន ថ្វីបើ ​មាន​ការ​តាន​តឹង​លើ​បញ្ហា​មួយ​ចំនួន​ដូចជា​ពាណិជ្ជកម្ម ​សិទ្ធិ​មនុស្ស និង​ការ​ទាម​ទារ​ទឹក​ដីរបស់​ចិន​ក្នុង​សមុទ្រចិនខាង​កើត​និង​ខាង​ត្បូង​ក៏ដោយ។

លោក​ប្រធានា​ធិបតី បារ៉ាក់ ​អូបាម៉ា ​បាន​ឲ្យ​ដឹង​ថា ​នេះ ​មិនមែន​ជាដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ស្រួល​ទេ។ ​ទំនាក់​ទំនងរវាង​ប្រទេស​ទាំង​២ ​មាន​ការ​តាន​តឹង ​មួយ​ផ្នែក​ធំ ​ពីព្រោះ​តែ​ការ​មន្ទិល​សង្ស័យ​របស់​ចិន​ថា ​សហរដ្ឋ​អាមេរិក​ ​ចង់​ខ្ទប់​ការរីក​លូតលាស់​របស់​ចិន។

ក៏ប៉ុន្តែ ​ប្រទេសទាំង២ ទំនង​ចង់ឃើញ​ឲ្យ​ច្បាស់​ចំណុច​វិជ្ជមាន​នៃ​ទំនាក់​ទំនង​របស់ប្រទេស​ទាំង​២។

ពួក​មេដឹកនាំ​ចិន ​បាន​ស្វាគមន៍​លោក​អូបាម៉ា​នៅ​ចំណត​អាកាស​យាន​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​មានឆ្មាំ​កិត្តិយស៌​និង​កម្រាល​ព្រំក្រហម។

​ក្រោយ​មក ​លោក​អូបាម៉ា ​បាន​ធ្វើ​សុន្ទរកថានៅ​សន្និសិទ​កំពូលកិច្ច​សហប្រតិបត្តិ​ការសេដ្ឋ​កិច្ច​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក​។​ការ​បំបាត់​ការ​មន្ទិល​សង្ស័យ​របស់​ចិន ​ស្ថិត​នៅ​ពី​លើ​គេ​ក្នុង​របៀប​វារៈ​របស់​លោក។

«សហរដ្ឋ​អាមេរិក ​ស្វាគមន៍ការងើប​ឡើង​របស់​ចិន​ប្រកប​ដោយ​ភាព​វិបុលភាព​ សន្តិភាពនិង​ស្ថិរភាព។ ​ខ្ញុំ ​ចង់និយាយ​ឡើង​វិញអំពី​បញ្ហា​នេះ។ ​ខ្ញុំ ​ចង់និយាយ​ឡើង​វិញអំពីបញ្ហា​នេះ។ ​យើង ​ស្វាគមន៍ការ​ងើប​ឡើងរបស់​ចិនប្រកប​ដោយ​វិបុល​ភាព សន្តិភាព​និង​ស្ថេរភាព។ ​តាម​ការពិត ក្នុង​ប៉ុន្មានទសវត្សរ៍​ថ្មី​ៗ​នេះ ​សហរដ្ឋ​អាមេរិក​ ​បាន​ធ្វើ​ការ​ដើម្បី​ជួយ​បញ្ចូល​ចិន​ក្នុង​សេដ្ឋ​កិច្ច​សាកលលោក។ ​មិនមែន​ពី​ព្រោះ​តែ​ ​វាជាផល​ប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​ចិន ​ក៏ប៉ុន្តែ ​ពី​ព្រោះវា ក៏​ជាផល​ប្រយោជន៍របស់​អាមេរិក​ហើយ​នឹង​ផល​ប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​ពិភពលោក​ដែរ។ ​យើង ចង់​ឲ្យ​ចិន​ធ្វើ​ឲ្យ​បាន​ល្អ»។

លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​ដ៏​ជ្រាល​ជ្រៅ​ជាមួយចិន មានន័យ​ថា ​មាន​ការ​ងារ​និងឱកាស​កាន់​តែ​ច្រើន​ឡើង​សម្រាប់ប្រជា​ពល​រដ្ឋ​អាមេរិក​និង​ចិន។ មេដឹកនាំ​សហរដ្ឋ​អាមេរិក​ ​បាន​ប្រកាស​ថា ​កិច្ច​ព្រម​ព្រៀង​ថ្មី​ដើម្បី​បន្ត​សុពល​ភាពទិដ្ឋាការ​ដល់​ពួក​និស្សិត ​ពាណិជ្ជករ​និង​ទេសចរណ៍។

​ «នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​នៅ​ពេល​បច្ចុប្បន្ននេះ ទិដ្ឋាការរវាង​ប្រទេស​ទាំង​២​ ​មាន​រយៈ​ពេល​តែ​មួយ​ឆ្នាំ​គត់។ នៅ​ក្រោមកិច្ច​ព្រម​ព្រៀង​ថ្មី ​និស្សិត​ហើយនឹង​ទិដ្ឋាការផ្លាស់​ប្តូរនិស្សិត ​នឹង​ត្រូវបន្ត​ដល់​រយៈ​ពេល​៥​ឆ្នាំ។ ទិដ្ឋាការ​ពាណិជ្ជករ​និង​ទេសចរណ៍ ​នឹង​ត្រូវ​បន្ត​រហូត​ដល់​រយៈ​ពេល​១០​ឆ្នាំ»។

ក៏​ប៉ុន្តែ ​សហរដ្ឋ​អាមេរិក​និង​ចិន ​នៅ​ឃ្លាត​ឆ្ងាយ​ពី​ការ​ព្រម​ព្រៀងលើ​បញ្ហា​ស្មុគ្រ​ស្មាញដូចជា​សិទ្ធិ​មនុស្ស​ សន្តិសុខ Internet ​និង​ពាណិជ្ជកម្ម។

​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន​និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​កំពុង​ស្វះស្វែង​ធ្វើ​កិ​ច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មដែល​មាន​ការ​ប្រកួត​ប្រជែង​គ្នា។

សន្និសិទ​កំពូល​អង្គការAPECជាឱកាស​សម្រាប់​លោក​ប្រធានា​ធិបតី​អូបាម៉ាដើម្បី​ប្រមូលផ្តុំប្រទេស​នៅ​តំបន់​អាស៊ី​និង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ដើម្បី​ជំនះ​ឧបសគ្គ​ដើម្បី​យល់​ព្រម​កិច្ចលើ​ព្រមព្រៀងពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ដែល​បាន​អូសបន្លាយ​ជា​យូរ​យា​ណាស់​មក​ហើយ។លោកអូបាម៉ា​ ​បានជួប​ជាមួយ​ប្រមុខ​រដ្ឋ​ចំនួន​១១​ប្រទេស​នៅឯស្ថាន​ទូត​សហរដ្ឋ​អាមេរិកក្នុង​ទីក្រុង​ប៉េកាំងហើយ​បាន​ជំរុញ​មេដឹកនាំ​ទាំង​នោះ ​ឆ្លង​ឲ្យ​ផុត​អ្វី​ដែល​លោក បាន​និយាយ​ថា ឧបស័​គ្គ​ដែល​នៅ​សល់។

​ចំពោះបញ្ហា​សិទ្ធិ​មនុស្ស ​លោក​អូបាម៉ា ​បាន​ទប់​មិន​ថ្កោល​ទោសចិនចំពោះ​ឥរិយា​បទរបស់​ចិន​ក្នុង​ទីក្រុង​ហុងកុង​ដែល​នៅ​ទី​នោះ​ ​ពួក​បាតុករ ​បាន​ចោទប្រកាន់រដ្ឋាភិបាល​ទីក្រុង​ប៉េកាំងអស់​រយៈ​ពេល​ជា​ច្រើន​ខែ​ហើយថា ​បាន​រំលោភ​ការ​សន្យា​របស់​ខ្លួន​ថា មិន​ជ្រៀត​ជ្រែកក្នុង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យរបស់​តំបន់​ស្វ័យយត​នោះ​។ ​ទោះ​ជាយ៉ាង​ណាក៏ដោយ មេដឹកនាំ​សហរដ្ឋ​អាមេរិក​រូប​នេះ ​បាន​និយាយ​ថា ​លោក​ ​នៅ​តែ​ព្រួយ​កង្វល់​អំពី​អ្វី​ដែល​លោក ​បាន​ពណ៌​នា​ថា ជា​ស្ថានភាព​ដែល​មាន​ការ​ពាក់​ព័ន្ធយ៉ាង​ស្មុគ្រស្មាញនឹង​ប្រវត្តិ​សាស្រ្ត។

កាល​ពី​ថ្ងៃ​ច័ន្ទ ​ជា​ការ​ចាប់​ផ្តើមនៃ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ចរយៈ​ពេល​៣​ថ្ងៃ​របស់​លោក​អូបាម៉ា​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ដើម្បី​ចូលរួម​សន្និសិទ​កំពូល​អង្គការ APEC ​ហើយ​នឹង​ជួប​ជាមួយ​ប្រធានា​ធិបតី​ចិន ស៊ី ​ជីង​ពីង។ ​នៅ​ថ្ងៃ​ពុធ ​លោក​ប្រធានា​ធិបតី ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមាមុនពេលទៅ​ចូលរួម​សន្និសិទ​កំពូល G-20 ​ក្នុង​ប្រទេស​អូស្រ្តាលី៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG