លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារបានរិះគន់យ៉ាងខ្លាំងដល់លោក Donald Trump ដែលគេសន្មតថាជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋ ដោយលោកបានស្តីបន្ទោសដល់ការអំពាវនាវរបស់លោក Trump ដែលឱ្យរារាំងពួកអ្នកកាន់សាសនាឥស្លាមកុំឱ្យចូលមកក្នុងស.រ.អា.។
លោក អូបាម៉ា ដែលបានគាំទ្រគូប្រជែងរបស់លោក Trump ខាងគណបក្សប្រជាធិបតេយ្យគឺលោកស្រីអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា. Hillary Clinton នោះបានមានប្រសាសន៍ថា សំណើរបស់លោក Trump ក្បត់កេរដំណែលស.រ.អា.នៃពហុភាពខាងជាតិសាសន៍ ពូជសាសន៍ និងខាងសាសនា ហើយមិនមែនជា«ប្រទេសអាមេរិកដែលគេចង់បាននោះទេ»។
លោក Trump បានពណ៌នាច្រើនដងថា កិច្ចខិតខំប្រឹងប្រែងរបស់លោក អូបាម៉ាក្នុងការយកជ័យជម្នះលើពួកភេរវជនរដ្ឋឥស្លាម នៅក្នុងភូមិភាគមជ្ឈឹមបូព៌ាថាខ្សោយហើយលោកបាននិយាយថា ស.រ.អា.ត្រូវតែធ្វើសកម្មភាពយោធាតឹងរ៉ឹងជាងមុនប្រឆាំងនឹងពួកយុទ្ធជនរដ្ឋឥស្លាម ហើយកុំឱ្យពួកអ្នកកាន់សាសនាឥស្លាម ដែលកើតនៅប្រទេសក្រៅចូលមកក្នុងស.រ.អា.ដើម្បីបង្អាក់កុំឱ្យមានការវាយប្រហារថែមទៀតដោយពួកភេរវជន។
លោក Trump ដែលធ្លាប់ជាអ្នករៀបចំកម្មវិធីទូរទស្សន៍អំពីការពិតក្នុងជីវិត បាននិយាយកាលពីថ្ងៃចន្ទថា គោលនយោបាយរបស់លោក អូបាម៉ា ទំនងបានធ្វើឱ្យមានការវាយប្រហារកាលពីថ្ងៃអាទិត្យនៅក្នុងក្លឹបរាត្រីមួយរបស់ពួកមនុស្សស្រឡាញ់មនុស្សមានភេទដូចគ្នានៅក្នុងក្រុង Orlanda រដ្ឋ Florida ដែលបានបណ្តាលឱ្យមនុស្ស៤៩នាក់ស្លាប់និងធ្វើឱ្យមនុស្ស៥៣នាក់ទៀតត្រូវរបួស។
ការវាយប្រហារនេះបានត្រូវធ្វើឡើងដោយអ្នកកាន់សាសនាឥស្លាមម្នាក់ដែលបានកើតក្នុងស.រ.អា. ដែលអាជ្ញាធរស.រ.អា.មានជំនឿថា បានត្រូវធ្វើឱ្យទៅជាមនុស្សជ្រុលនិយមដោយការឃោសនារបស់ពួក jihadists ដែលគាត់បានឃើញតាមបណ្តាញអ៊ីនធឺណិត៕