កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា គ្មានភ័ស្តុតាងច្បាស់លាស់ថា អ្នកបាញ់កាំភ្លើងដែលបានសម្លាប់រង្គាលនៅក្នុងក្លឹបរាត្រីមួយ បានទទួលការណែនាំពីក្រុមភេរវជនណាមួយនៅក្រៅប្រទេសទេ។ ការសម្លាប់នោះគឺជាការសម្លាប់រង្គាលធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាមេរិកទៅលើពួកមនុស្សស្រឡាញ់មនុស្សមានភេទដូចគ្នាក្នុងក្រុង Orlando រដ្ឋ Florida។
លោក អូបាម៉ា បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅឯសេតវិមានថា វាហាក់ដូចជាអ្នកបាញ់កាំភ្លើងនេះបានទទួលព័ត៌មានបែបជ្រុលនិយមដែលបានត្រូវផ្សព្វផ្សាយតាមបណ្តាញអ៊ីនធឺណិត។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា ជនជាប់សង្ស័យជាអ្នកបាញ់កាំភ្លើងឈ្មោះ Omar Saddiqui Mateen ដែលជាពលរដ្ឋអាមេរិកាំងកាន់សាសនាឥស្លាម អាយុ២៩ឆ្នាំហើយមានឪពុកម្តាយជនជាតិអហ្វហ្គានីស្ថាននោះ «តំណាងឲ្យភាពជ្រុលនិយមមួយបែបកើតមានឡើងនៅក្នុងប្រទេសដែលយើងមានការខ្វល់ខ្វាយយូរមកហើយ»។ ក៏ប៉ុន្តែលោក អូបាម៉ា បានបន្តថា វាហាក់ដូចជាថា នៅនាទីចុងក្រោយបង្អស់គាត់បានប្រកាសភាពស្មោះត្រង់ដល់ពួករដ្ឋឥស្លាម នៅក្នុងការហៅទូរស័ព្ទទៅកាន់លេខទូរស័ព្ទគ្រាមានអាសន្ន៩១១ នៃក្រុង Orlando។
លោក អូបាម៉ា បានថ្លែងថា ពួកមន្ត្រីផ្នែកពង្រឹងច្បាប់កំពុងឋិតនៅក្នុងដំណាក់កាលដំបូងនៃការស៊ើបអង្កេតរបស់ពួកគេ ហើយថានៅមានការងារទៀតដែលយើងត្រូវដឹង។
លោក James Comey ប្រធានការិយាល័យស៊ើបអង្កេត FBI បានមានប្រសាសន៍ថា «យើងកំពុងស៊ើបអង្កេតអំពីជិវិតឃាតករនេះ»ដោយមានរួមបញ្ចូលទាំងការប្រើប្រាស់អ៊ីនធឺណិតរបស់គាត់ផងដែរ៕